ក្រុមការងារ​អំ​ណាន​ចុង​សប្ដាហ៍ ដែល​ដឹកនាំ​ដោយ​លោក ធឿន សុធា ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក “​មនុស្ស​ខ្មៅ​” បានរៀបចំ​ផ្ដល់ជូន​សៀវភៅ​ចំនួន ២០០ ​ក្បាល ដែលជា​ស្នាដៃ​របស់​អ្នកនិពន្ធ​ខ្មែរ​ផ្ទាល់ មិនមែនជា​ស្នាដៃ​ចម្លង ​ឬ​ប្រែ​សម្រួល​ពី​បរទេស ផ្ដល់ជូន​សាលា​ចំណេះ​ទូទៅ​និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង សម្រាប់​ជា​ជំនួយ​ការអាន​បន្ថែម​ដល់​សិស្សានុសិស្ស​។


​ក្នុង​ពិធី​ប្រគល់​សៀវភៅ​កាលពី​ថ្ងៃទី​១៦ ខែមីនា លោក ផូ ប៊ុនធឿន នាយក​សាលា​ចំណេះ​ទូទៅ​និង​បច្ចេកទេស​តេ​ជោ​សែន​កោះកុង មានប្រសាសន៍ថា ខេត្តកោះកុង​ជា​ខេត្ត​មួយ​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ហើយ​កន្លងមក សៀវភៅ​ដែល​សិស្សានុសិស្ស​បាន​អាន គឺជា​សៀវភៅ​ដែល​ក្រសួង​បានផ្ដល់​ឱ្យ ដូច្នេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការសិក្សា​របស់​សិស្ស​នោះទេ​។ លោក​បន្តថា​៖«​មួយរយៈ​ពេល​ចុង​ក្រោយនេះ ដែល​យើង​មាន​បច្ចេកវិទ្យា បាន​បង្ក​ភាពងាយស្រួល​ដល់​ការសិក្សា​របស់​សិស្ស ប៉ុន្តែ​សិស្ស​ជាច្រើន​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទិញ​សៀវភៅ​ថ្មីៗ​មក​អាន​ដែរ​។ ចំណែក​សាលារៀន​ក៏​មិនទាន់​មានលទ្ធភាព​ក្នុង​ការទិញ​សៀវភៅ​ដាក់​ក្នុង​បណ្ណាល័យ​ឱ្យ​សិស្សានុសិស្ស​បាន​អាន​ច្រើន​ដែរ​»​។


​ពាក់ព័ន្ធ​នឹង​ការទទួលបាន​សៀវភៅ​ពី​អ្នកនិពន្ធ​នេះ លោក ផូ ប៊ុនធឿន មានប្រសាសន៍​ប្រកបដោយ​ស្នាមញញឹម​ថា “​ខ្ញុំ​ពិតជា​រីករាយ​ដែល​ទទួលបាន​សៀវភៅ​សម្រាប់​ដាក់​ក្នុង​បណ្ណាល័យ ដែល​ធ្វើឱ្យ​សាលា​មាន​សៀវភៅ​កាន់តែច្រើន​បន្ថែម​សម្រាប់​អាន​»​។


​លោក​សង្កេតឃើញថា មួយរយៈ​ចុងក្រោយ​នេះ​សិស្ស​ចូលចិត្ត​អាន​ច្រើន ពិសេស​ក្នុង​ប​ណ្ណា​ល័យ​សាលា​តែម្ដង ដែលមាន​សកម្មភាព​សិស្ស​ចូល​អាន​ច្រើនជាង​មុន​។ លោក​ថា​៖«​ដូច្នេះ ការទទួលបាន​សៀវភៅ​នេះ​ធ្វើឱ្យ​សាលា​កាន់​តែមាន​សៀវភៅ​ច្រើនជាង​មុន​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​មែនទែន​ដែល​ទទួលបាន​សៀវភៅ​ពី​អ្នកនិពន្ធ​បែបនេះ​។ ខ្ញុំ​សូម​អរគុណ​ផងដែរ ដែល​អាណាព្យាបាល​សិស្ស​បាន​ជួយ​លើកទឹកចិត្ត​និង​ជំរុញ​ការអាន​ដល់​សិស្សានុសិស្ស និង​ជួយ​ជ្រោមជ្រែង​សាលា​»​។


​លោក​បន្ថែមថា​៖«​ខ្ញុំ​ពិតជា​សប្បាយចិត្ត និង​អរគុណ​ខ្លាំងណាស់​ដែល​ក្រុមការងារ​អំ​ណាន​ចុង​សប្ដាហ៍​បានផ្ដល់​សៀវភៅ​មក ដំបូង​ខ្ញុំ​គិត​បានតែ​១០០​ក្បាល​ទេ ប៉ុន្តែ​ពេល​ក្រុមការងារ​មក​ផ្ទាល់ បាន​បន្ថែម​សៀវភៅ​ដល់ ១០០​ក្បាល​បន្ថែម ដូច្នេះ​សាលា​ខ្ញុំ​ទទួលបាន ២០០​ក្បាល​»​។​

​អ្នកនិពន្ធ លី តារា ដែល​បាន​ចូលរួម​ផ្ទាល់ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ការចែក​សៀវភៅ​ទៅដល់​វិទ្យាល័យ​ដោយផ្ទាល់​បែបនេះ គឺជា​សកម្មភាព​ថ្មី​សន្លាង​តែម្ដង​សម្រាប់​ខ្លួន​ផ្ទាល់​។ អ្នកនិពន្ធ​រូបនេះ​បន្តថា​៖«​ដំបូង​ឡើយ​ខ្ញុំ​គិតថា​យើង​ផ្ដល់ជូន​ក្រៅផ្លូវការ​បែប​ហ្នឹង តើ​នាយក​សាលា លោកគ្រូ អ្នកគ្រូ មានការ​គាំទ្រ​ដែរ​ឬ​អត់​។ នេះ​ជាការ​គិត​មុនពេល​ខ្ញុំ​ទៅដល់​។ ប៉ុន្តែ​ពេលទៅដល់ ឃើញ​មាន​ការទទួល​ស្វាគមន៍ និង​មតិយោបល់​ពី​សំណាក់​លោកគ្រូ​នាយក រួមទាំង​លោកគ្រូ អ្នកគ្រូ ហើយ​ចំណុច​សំខាន់​គឺ​កូនសិស្ស អ៊ីចឹង​ធ្វើឱ្យ​ខ្ញុំ​គិតថា​ការចែករំលែក​បែប​ហ្នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​»​។

​អ្នកនិពន្ធ​រូបនេះ បាន​បន្ត​ដោយ​ទឹកមុខ​ញញឹម​ថា បើ​យើង​រួមគ្នា​ធ្វើបែបនេះ​នៅក្នុង​ស្រុក​ឱ្យបាន​ច្រើន វា​ជា​ប្រយោជន៍​ដល់​សិស្ស ព្រោះថា​សៀវភៅ និង​ឯកសារ​ថ្មីៗ​ដែល​យើង​ទើបនឹង​បោះពុម្ព ជា​សៀវភៅ​ដែល​ត្រូវ​ជាមួយ​បច្ចុប្បន្នភាព​ផង និង​មិនមែនជា​ឯកសារ​ដែល​ចម្លង​ពី​គេ​ផង​។

​សូមជម្រាបថា កម្មវិធី​អំ​ណាន​ចុង​សប្ដាហ៍ រៀបចំឡើង​ក្នុង​គោលបំណង​ផ្ដល់​សៀវភៅ​ដែលជា​ស្នាដៃ​និពន្ធ​ថ្មី និង​មិនមែនជា​សៀវភៅ​ចម្លង​ពី​បទេស​សម្រាប់​សិស្សានុសិស្ស​ដែល​ខ្វះខាត​លទ្ធភាព និង​មានលទ្ធភាព​តិចតួច​បាន​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​មេរៀន​ដែលមាន​ស្រាប់​។

​កម្មវិធី​អំ​ណាន​ចុង​សប្ដាហ៍​នេះ ក៏បាន​រៀបចំ​ជា​ស្តង់​លក់​សៀវភៅ​បញ្ចុះតម្លៃ​១០ ទៅ​៤០​ភាគរយ​ដល់ទី​កន្លែង​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ទូទាំងប្រទេស​ផងដែរ​៕