​សិល្បៈ​គំនូរ ដែល​ទូទៅ​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​សិល្បៈ​មួយ​ប្រភេទ​បង្កើតឡើង​ពី​ការ​គូរ​ដោយ​ខ្មៅ​ដៃ ឬ​ទឹក​ថ្នាំ ប៉ុន្តែ​ការវិវឌ្ឍ​ន៍​នៃ​សម័យកាល ការកែច្នៃ​ប្រភេទ​គំនូរ​ក៏​ចេះតែ​កើត​ឡើងជា​ហូរហែ​ទៅតាម​គំនិត​ច្នៃប្រឌិត​របស់​វិចិត្រករ​នីមួយៗ​។​


​ជាក់ស្តែង គំនូរ​កែច្នៃ​ថ្មី​ជាច្រើន​ដូចជា គំនូរ​ស្រមោល គំនូរ​ខ្សាច់ និង​គំនូរប្រេង​ជាដើម​សុទ្ធតែ​ប្រភេទ​គំនូរ​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់ អ្នកសិល្បៈ និង​អ្នកគាំទ្រ​សិល្បៈ​កែច្នៃ​ថ្មី​។ ជាមួយគ្នានេះដែរ យុវតី​មួយរូប​មាន​ឈ្មោះថា ព្រំ គឹម អៀង ជា​វិចិត្រករ​ម្នាក់​ដែល​បាន​បង្កើត​គំនូរ​កែច្នៃ​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ​គំនូរ​គ្រាប់​អង្ករ​។​


​កញ្ញា ព្រំ គឹម អៀង ដែល​ផ្តើម​ពី​អ្នកលក់​បាយ​ក្រៀប និង​មានចិត្ត​ស្រលាញ់​ចង់​លើកកម្ពស់​អង្ករ​ខ្មែរ បាន​ខិតខំ អត់ធ្មត់ តស៊ូ រៀន​ដោយ​ខ្លួនឯង​អស់​រយៈពេល​ប្រមាណ ៥​ឆ្នាំ​កែប្រែ​ខ្លួន​ទៅជា​សិល្បៈករ​គំនូរ​មួយ​ប្លែក​ថ្មី​គឺ​ការ​ការ​តម្រៀប​គ្រាប់​អង្ករ​ចូលគ្នា​ទៅជា​រូបគំនូរ​ផ្សេងៗ​យ៉ាង​ស្រស់ស្អាត​។​


​កញ្ញា គឹម អៀង បាន​ឱ្យដឹងពី​មូលហេតុ​នៃ​ការយក​គ្រាប់​អង្ករ​មក​បង្កើតជា​គំនូរ​ថា «​ខ្ញុំ​យល់ថា​វា​អាចរួមចំណែក​ដល់​សេដ្ឋកិច្ច​ផង និង​ជួយ​លើកកម្ពស់​ដល់​វិស័យ​អង្ករ​ខ្មែរ​ផង ទើប​ខ្ញុំ​សម្រេចចិត្ត​ផ្តើម​កែច្នៃ​របស់​ដែល​គេ​មិនសូវ​ឱ្យ​តម្លៃ​មកជា​របស់​ដែលមាន​តម្លៃ​ជាង​មុន ហើយ​ភាគច្រើន​ខ្ញុំ​យកតែ​អង្ករ​ដែល​ហួស​កាលបរិច្ឆេទ ពិសេស​ចុងអង្ករ​មក​កែច្នៃ​ឱ្យទៅជា​គំនូរ​ដែលមាន​តម្លៃ​ថ្លៃ​វិញ​»​។​


​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០១៥ និង​លក់បាន​មួយ​ផ្ទាំង​ដំបូង​នៅក្នុង​ឆ្នាំ ២០១៧ រហូតមកទល់​ពេលនេះ​អាជីវកម្ម​របស់​កញ្ញា​ប​ន្ត​ដំណើរការបាន​រយៈ ៧​ឆ្នាំ​ហើយ និង​មាន​សាខា​ដល់​ទៅ ២​ទីតាំង គឺ​ទី​១ នៅ​ខេត្តសៀមរាប និង​ទី​២ នៅ​ក្រុងភ្នំពេញ​។ បច្ចុប្បន្ន​អាជីវកម្ម​គំនូរ​គ្រាប់​អង្ករ​របស់​កញ្ញា​ដែលមាន​ឈ្មោះថា Cambodia Rice Art នេះ​អាច​រកចំណូលបាន​ប្រមាណ​ចន្លោះ​ពី ១៥០០ ទៅ​២០០០ ដុល្លារ​ក្នុង​មួយខែ​។


​កញ្ញា គឹម អៀង បានបញ្ជាក់​ពី​ចំណូល​នៃ​អាជីវកម្ម​ខ្លួន​ថា «​បើ​ឱ្យ​ជាក់លាក់​មិនជា​ក់លាក់​ទេ សម្រាប់​មួយខែ​យើង​អាច​និយាយបានថា វា​អាច​បាន ១៥០០ ទៅ​២​ពាន់​ដុល្លារ នេះ​បើ​មិនទាន់​កាត់​ចំណាយ តែបើ​សិន​កាត់​ចំណាយ​ផ្សេងៗ​ទៅ យើង​អាច​សល់​តិចតួច​ដែរ ប្រហែល​ពាក់កណ្តាល​»​។​

​ដ្បិតថា​អាច​រកចំណូលបាន​គួរ​សមតែ កញ្ញា គឹម អៀង បានឱ្យដឹងថា​ការបង្កើត​គំនូរ​ប្រភេទ​នេះ​មិន​ងាយស្រួល​ប៉ុន្មាន​នោះទេ ព្រោះ​ត្រឹម​គំនូរ​មួយ​ផ្ទាំង​តូច​មួយ ទំហំ A4 អាច​ប្រើពេល​ចន្លោះ​ពី ៣​ថ្ងៃ​ទៅមួយ​សប្តាហ៍​ឯណោះ ហើយ​បើសិនជា​ធ្វើ​បែបបថ​រចនា​ទៀត​នោះ​គឺ​កាន់តែ​ចំណាយពេល​យូរ​។​

​ឈរជើង​ក្នុង​ទីផ្សារ​កែច្នៃ​ជិត​មួយ​ទសវត្សរ៍ កញ្ញា គឹម អៀង បានឱ្យដឹងថា​អាជីវកម្ម​ដែលមាន​ឈ្មោះថា Cambodia Rice Art របស់ខ្លួន​នៅតែ​បន្ត​មានការ​ចាប់អារម្មណ៍​ខ្ពស់ ក៏ប៉ុន្តែ​ចំណែក​ការបញ្ជាទិញ​វិញ​ហាក់​នៅមានកម្រិត ពោលគឺ​សម្បូរ​តែ​អតិថិជន​ដែល​គាត់​ចូលចិត្ត​សិល្បៈ​ច្នៃប្រឌិត​ប្លែកៗ និង​ជនបរទេស​ដែល​គាត់​រស់នៅ​កម្ពុជា​។​

​កញ្ញា​បាន​បញ្ជាក់ថា​៖«​សម្រាប់​អ្នកគាំទ្រ​មាន​ចំនួន​ច្រើន ប៉ុន្តែ​អ្នកទិញ​ទូទៅ​មិនមាន​ច្រើន​ប៉ុន្មាន​ទេ លើកលែងតែ​មានកម្ម​វិធី​អ្វីមួយ​ទើប​គេ​ទិញ និង​ម្យ៉ាង​ខ្ញុំ​យល់ថា​ដោយសារ​វា​ពុំជា​របស់​ចាំបាច់​ខ្លាំង ហើយ​បើ​ទិញ​ម្តង​គេ​អាច​រក្សាទុក​បានយូរ​»៕