ស្រ្ដីអ្នកចារសាស្ត្រាស្លឹករឹត តពីឪពុក ចង់ឱ្យមានការអភិរក្សជំនាញនេះដល់អ្នកជំនាន់ក្រោយ

សៀមរាបៈដូនតាខ្មែរពីដើមរៀងមក បានចងក្រងក្បួនច្បាប់តម្រាផ្សេងៗដោយការចារក្នុងគម្ពីរដែលខ្មែរយើងហៅថាសាស្ត្រាស្លឹករឹតសម្រាប់រក្សាទុកដល់កូនចៅជំនាន់ក្រោយគ្រាន់បានសិក្សារៀនសូត្រ។ដោយឡែកមានស្ត្រីម្នាក់នៅខេត្តសៀមរាបកំពុងបន្តវិជ្ជានេះហើយក៏ត្រូវបានមន្ត្រីនៃក្រសួងធម្មការនិងសាសនាសាទរផងដែរ ដែលបានអភិរក្ស និងដើម្បីបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយកុំឱ្យបាត់បង់ផង។
ជាកូនអ្នកស្រុកពួក ខេត្តសៀមរាប ស្ត្រីដែលមានមាឌស្តើងសម្បុរស្រអែមរូបនេះឈ្មោះភឿន ផាវី ដែលអ្នកស្រីមានសែស្រឡាយឈាមជ័រចេះចារសាស្ត្រាតមកពីឪពុក ។ អ្នកស្រីផាវី ដែលមានវ័យ៣៦ឆ្នាំ បានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីជាកូនទី៤ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់(ប្រុស៤នាក់) ហើយបច្ចុប្បន្ននាងរស់នៅជាមួយម្តាយចាស់ជរាក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
អ្នកស្រី ផាវី បានរំឭកថា ដើមឡើយឪពុករបស់អ្នកស្រី ជាអ្នកបួស ហើយកាលពីគាត់នៅជាសង្ឃបានហាត់រៀនចេះជំនាញចារសាស្ត្រាស្លឹករឹតនេះយ៉ាងស្ទាត់។បន្ទាប់ពីសាងផ្នួសបានជាង១០ឆ្នាំមកឪពុករបស់អ្នកស្រីបានសឹកហើយយកជំនាញនេះធ្វើជារបរអាជីពដើម្បីរកប្រាក់ចិញ្ចឹមកូនៗរហូតគាត់ទទួលមរណភាព។ប៉ុន្តែក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់គឺមានតែនាងម្នាក់ប៉ុណ្ណោះដែលចាប់បានជំនាញចារសាស្ត្រាស្លឹករឹតនេះតពីឪពុក។
អ្នកស្រី ផាវី បានបន្តថា កាលនោះបើទោះជាអ្នកស្រីនៅក្មេងទើបអាយុ១៣ឆ្នាំក្ដី តែគួបផ្សំនឹងទទួលបានការអប់រំលើកទឹកចិត្តពីឪពុកបណ្តើរៗនិងដោយសារទឹកចិត្តស្រឡាញ់ជំនាញមួយនេះផងនោះអ្នកស្រីតែងតែព្យាយាមសង្កេតដោយយកចិត្តទុកដាក់និងស្តាប់ការពន្យល់ពីឪពុករហូតចេះចាំយ៉ាងស្ទាត់ជំនាញ។លុះដល់វ័យ១៨ឆ្នាំអ្នកស្រី ក៏ចេញប្រកបរបរចារសាស្ត្រាស្លឹករឹតដោយខ្លួនឯងនិងមានអ្នកជាវសាស្ត្រាស្លឹករឹតជាបន្តបន្ទាប់ ពិសេសព្រះសង្ឃនៅតាមវត្តនានានៅក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនទៀត។
អ្នកស្រីបានឱ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១២ អ្នកស្រីបានរៀបការ តែដោយសារស្វាមីអ្នកស្រីមើលឃើញថារបរចារសាស្ត្រាស្លឹករឹតនេះ១ថ្ងៃៗអង្គុយតែ១កន្លែងនិងចំណាយពេលចារយូរខែផងទើបស្វាមីឱ្យអ្នកស្រីឈប់។ប៉ុន្តែពេលស្វាមីអ្នកស្រីទៅធ្វើការបាត់ អ្នកស្រីបានលួចចារបន្តទៀត ហើយពេលណាស្វាមីមកដល់ផ្ទះក៏សម្រាកសិន តែជាអកុសលស្វាមីរបស់អ្នកស្រីបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ធ្វើឱ្យអ្នកស្រីរស់នៅតែលតោលគ្មានប្រាក់ចិញ្ចឹមកូនស្រីម្នាក់ដែលទើបមានអាយុ១០ឆ្នាំ។
អ្នកស្រីផាវី បានរៀបរាប់ថា៖«ក្រោយស្វាមីស្លាប់ចោល ខ្ញុំរស់នៅតែលតោលគ្មានលុយចិញ្ចឹមកូន ហើយខ្ញុំដើររកការងារធ្វើបាន តែខ្ញុំរត់នឹងការងារមិនរួចក៏ត្រឡប់មកផ្ទះវិញពេលនោះខ្ញុំមិនដឹងជាធ្វើការអី ខ្ញុំក៏ចាប់ផ្តើមអាជីពចារសាស្ត្រាស្លឹករឹតរបស់ខ្ញុំឡើងវិញ»។
អ្នកស្រី ផាវី បានបន្តទៀតថា បន្ទាប់ពីអ្នកស្រីបន្តអាជីពបានមួយរយៈ ស្រាប់តែមានបណ្តាញសង្គមហ្វេសប៊ុកថតបង្ហោះរហូតមានសារព័ត៌មានផ្សេងៗចុះផ្សាយអំពីថ្វីដៃរបស់អ្នកស្រីឮដល់សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ជាព្រះចៅអធិការវត្តព្រែកប្រាំង ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ពេលនោះសម្តេចបានឱ្យអ្នកស្រីមកស្នាក់នៅវត្តដើម្បីចារសាស្ត្រាស្លឹករឹតប្រគេនសម្តេចរយៈពេលជិត២ឆ្នាំទើបត្រឡប់ទៅស្រុកកំណើតវិញ។
បើតាមអ្នកស្រីផាវី សន្លឹករឹតសម្រាប់ចារគឺគេយកស្លឹកពីដើមទ្រាំង តែសម្រាប់បច្ចុប្បន្នអ្នកស្រីជួបការលំបាកខ្លាំងក្នុងការដើររកស្លឹកទ្រាំងព្រោះកន្លែងដែលធ្លាប់មានដើមទ្រាំងត្រូវបានគេកាប់ចោលដើម្បីយកដីទៅអភិវឌ្ឍផ្សេងៗស្ទើរតែអស់ហើយ។
ចំពោះដើមទ្រាំងត្រូវខ្នាតដែលគេអាចយកស្លឹកមកប្រើការបានជាដើមធំៗនិងមានអាយុកាលចន្លោះពី៥០ឆ្នាំទៅ៧០ឆ្នាំ ហើយក្នុង១ដើមគឺអាចកាប់យកបានតែបណ្តូលស្លឹក១ទេ ហើយគេយកតែ[បណ្តូលស្លឹក]ទៀត តែបើបណ្តូលស្លឹកនោះមានសត្វស៊ីក៏គេមិនអាចយកបានដែរ។ម្យ៉ាងក្នុង១ឆ្នាំគេកាប់ស្លឹកទ្រាំងបានតែម្តងទេ គឺនៅរដូវកាលដែលមានសន្សើមធ្លាក់ តែមិនមែនជារដូវភ្លៀងទៀត។
អ្នកស្រី ឱ្យដឹងទៀតថា ក្នុង១បណ្តូលស្លឹក គឺអ្នកស្រីអាចយកបានតែពី១០ទៅ២០សន្លឹកប៉ុណ្ណោះហើយសម្រាប់ស្លឹកដើមទ្រាំងបច្ចុប្បន្ន អ្នកស្រីត្រូវទៅរកកាប់នៅក្នុងព្រៃលើភ្នំដងរែកទើបរកបាន។ពេលកាប់ពីដើមមកត្រូវហាលថ្ងៃឱ្យស្ងួតនិងត្រូវហាលសន្សើមនៅពេលយប់ទៀតដើម្បីឱ្យស្លឹកទ្រាំងរលាត្រង់។ បន្ទាប់មកគេចៀរយកទ្រនង់វាចេញហើយជូតសម្អាតរួចដាក់ស្លឹកទ្រាំងចូលទៅក្នុងឃ្នាបឈើដើម្បីគាបវាឱ្យត្រង់សាច់និងរឹងសាច់រយៈពេល២ទៅ៣ខែទើបគេជូតសម្អាតវាម្តងទៀត។បន្ទាប់មកគេច្រៀកដើម្បីឱ្យស្លឹកវាមានទំហំស្មើគ្នាដែលកំណត់យកខ្នាតបណ្តោយ៥តឹក៦ហ៊ុននិងទទឹង៤ធ្នាប់ដៃ រួចហើយគេយកទៅវ៉ៃបន្ទាត់និងចោះប្រហោងទើបចាប់ផ្តើមចារអក្សរតែម្តង។
ស្ត្រីកូនអ្នកសៀមរាបរូបនេះបាននិយាយថា ក្នុងការវ៉ៃបន្ទាត់នេះ គេយកម្រែងភ្លើងលាយជាមួយនឹងប្រេងកាតដែលការធ្វើបែបនេះដើម្បីឱ្យវាដិតជាប់នៅលើស្លឹកដើម្បីងាយស្រួលចារអក្សរហើយងាយនឹងលុបវិញផងដែរ។សម្រាប់ការចារជាសាស្ត្រាស្លឹករឹតវិញ អ្នកស្រីប្រាប់ថា វាអាស្រ័យទៅតាមសាច់រឿងដែលរឿងខ្លះ១ចប់អាច១០០ស្លឹក រហូតដល់៤០០សន្លឹក វាយោងទៅតាមសាច់រឿងដែលអតិថិជនកុម្ម៉ង់ឱ្យចារ។សម្រាប់ស្លឹករឹត១សន្លឹកអាចចារបានទាំងសងខាងហើយម្ខាងៗមានអក្សរ១០ជួរ។
ចំពោះវិធីចារវិញគឺអ្នកចារអក្សរត្រូវការយកចិត្តទុកដាក់ផ្ចិតផ្ចង់ទាំងកម្លាំងចិត្ត កម្លាំងកាយនិងសង្រួមស្មារតីឱ្យមូលបើមិនអ៊ីចឹងទេនឹងចារខុសទម្រង់អក្សរហើយត្រូវប្តូរសន្លឹកចារសាជាថ្មីម្តងទៀត។ រីឯរយៈពេលវែង ឬយូរនៃការចារអក្សរគឺអាស្រ័យតាមសាច់រឿងចាប់ពី១ខែ រហូតដល់ជិត១ឆ្នាំ ហើយការចារអក្សរនេះ គឺគិតក្នុង១សន្លឹកតម្លៃ១៥ ០០០រៀល។
អ្នកស្រីប្រាប់ថា៖«សម្រាប់ខ្ញុំបច្ចុប្បន្ននេះប្រាក់ដែលរកបានពីការចារសាស្ត្រាស្លឹករឹតគឺខ្ញុំគ្រាន់តែអាចចិញ្ចឹមកូនជាងដែលរួមសហការចំនួន១០នាក់និងអាចចិញ្ចឹមខ្លួនឯងជាមួយកូនស្រីខ្ញុំម្នាក់បានប៉ុណ្ណោះ។ចំណូលនេះខ្ញុំបានពីសម្តេចហ៊ុន សែន លោកជួយតែបើគ្មានសម្តេចជួយទេប្រហែលជាពួកខ្ញុំពិបាកមែនទែនហើយ ព្រោះការងារនេះមិនទូលំទូលាយដូចការងារលក់អីរាល់ថ្ងៃទេ យូរៗទើបមានគេជាវ១។យើងចារទម្រាំបាន១ច្បាប់ៗគឺរាប់ខែដែលច្បាប់ខ្លះចារ១ចប់៧ខែឯណោះ»។
យ៉ាងណាក្ដី អ្នកស្រីផាវី បានបញ្ជាក់ថា អ្នកស្រីបើកចិត្តទូលាយក្នុងការបង្ហាត់បង្រៀនសិស្សដោយមិនយកកម្រៃអ្វីឡើយ ព្រោះអ្នកស្រីចង់អភិរក្សជំនាញដែលជាកេរដំណែលពីដូនតាឱ្យនៅគង់វង្សតទៅទៀតតាមរយៈការគាំទ្រពីថ្នាក់រដ្ឋ។
ម្យ៉ាងវិជ្ជាមួយនេះជាស្នាដៃរបស់ដូនតាខ្មែរដោយអ្នកស្រីមិនចង់ឱ្យបាត់បង់ឡើយ ហើយអ្នកស្រីមានការព្រួយបារម្ភទៅថ្ងៃអនាគតគ្មានអ្នកស្នង គ្មានអ្នកចេះវិជ្ជានេះ។
អ្នកស្រីផាវី ថ្លែងថា៖«វិជ្ជាមួយនេះខ្ញុំចង់ឱ្យមានការបូកបញ្ចូលទៅក្នុងកម្មវិធីសិក្សាណាមួយរបស់សិស្សដែរ តែនេះជាបំណងខ្ញុំទេប៉ុន្តែបើមិនបានអីក៏មានជាមណ្ឌលមួយសម្រាប់បង្រៀនសិស្សបន្តទៀតក៏បានដែរ»។
ជុំវិញសាស្ត្រាស្លឹករឹតនេះដែរ លោក សេងសុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានឱ្យភ្នំពេញដឹងថាសាស្ត្រានេះប្រៀបដូចជាសៀវភៅក្នុងសម័យកាលមុនដែលដូនតារបស់ខ្មែរបានច្នៃប្រឌិតឡើងទុកសម្រាប់កត់ត្រាតម្រាក្បួនច្បាប់ផ្សេងៗ។បើនិយាយអំពីតម្លៃវប្បធម៌វិញជាការបង្ហាញតឹកតាងប្រវត្តិសាស្ត្ររបស់សម័យកាលរបស់ខ្មែរដែលដូនតាបានរកឃើញពីវិធីបណ្តុះបណ្តាលធនធានមនុស្សកាលពីសម័យដើម។
លោកបានបន្តថា នៅក្នុងសាស្ត្រាមានឯកសារពាក់ព័ន្ធជាច្រើនដែលបានរៀបរាប់អំពីប្រពៃណីទំនៀមទម្លាប់រាប់តាំងពីព្រះពុទ្ធសាសនាទំនៀមទម្លាប់ខ្មែរបុរាណឬក៏វិធីអប់រំផ្សេងៗដែលបច្ចុប្បន្ននេះមួយចំនួនណានោះក៏មាននៅក្នុងសាស្ត្រាបុរាណនេះដែរ។ដូច្នេះបានន័យថាសាស្ត្រាស្លឹករឹតនៅតែបន្តរក្សាអក្សរសាស្ត្រជាតិរក្សារឿងរ៉ាវប្រវត្តិសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែររហូតដល់បច្ចុប្បន្ន។
លោកថា៖«ក្រោយរបបខ្មែរក្រហមគឺសាស្ត្រាស្លឹករឹតបានបាត់បង់អស់ទៅហើយ ហើយនៅមានការខ្វះខាតការថែរក្សាការពាររបស់ហ្នឹង។អ៊ីចឹងក៏ជាបញ្ហាមួយដែរដែលធ្វើឱ្យសាស្ត្រារបស់យើងជួបហានិភ័យក្នុងការរក្សាឱ្យបានស្ថិតស្ថេរនោះ»៕