សិប្បកម្ម ១ ក្នុងខេត្តបាត់ដំបង កែច្នៃកសិផលសហគមន៍ទៅជាស្រានាំចេញទៅជប៉ុន
បាត់ដំបងៈផលកសិកម្មរបស់ប្រជាកសិករខ្មែរជាទូទៅមានដូចជា ចេក ស្វាយ និងខ្នុរ ដែលក្រោយពេលលក់ទៅឱ្យឈ្មួញភាគច្រើនតែងត្រូវបានគេកែច្នៃទៅជាអាហារសម្រន់ផ្សេងៗ ប៉ុន្តែនៅឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានសិប្បកម្មមួយអាចកែច្នៃទិន្នផលទាំងនេះទៅជាស្រា និងអាចនាំចេញទៅក្រៅប្រទេសទៀតផង។
លោក សុខ មាន តំណាងសិប្បកម្មកែច្នៃទិន្នផលទាំងនេះបានឱ្យដឹងពីដើមកំណើតនៃសិប្បកម្មមួយនេះថា សិប្បកម្មនេះ កើតមកពីគម្រោងដោះមីន ក្រោមការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលជប៉ុន សហការជាមួយអង្គការ ស៊ីម៉ាក់។
ប្រភពដដែលបន្តថា បន្ទាប់ពីគម្រោងប្រតិបត្តិការដោះមីនបានជោគជ័យទៅ ផ្ទៃដីមានសុវត្ថិភាព អនុញ្ញាតឱ្យប្រជាសហគមន៍ក្នុងឃុំទាំងមូលអាចផ្តើមធ្វើរបរកសិកម្ម និងដាំដុះដំណាំផ្សេងៗទៅតាមចំណង់ចំណូលចិត្ត។ ទន្ទឹមនឹងការធ្វើកសិកម្មទទួលបានជោគជ័យបញ្ហាគ្មានទីផ្សារលក់ក៏បានលេចឡើងធ្វើឱ្យទិន្នផលប្រែជាគ្មានតម្លៃ និងត្រូវបានបោះបង់ចោលស្អុយរលួយពេញចម្ការ។
លោក សុខ មាន បានប្រាប់ថា៖ «បញ្ហានេះបានធ្វើឱ្យលោកTayakama ដែលជាប្រធានក្រុមបច្ចេកទេសដោះមីនជនជាតិជប៉ុននាគ្រានោះផ្តួចផ្តើមគំនិតកែច្នៃទិន្នផលក្នុងសហគមន៍ទៅជាស្រាដោយលោកផ្តើមពីការសាកល្បងកែច្នៃទិន្ឋផលដំឡូងទៅជាស្រាដំបូងក៏ទទួលបានជោគជ័យ និងផ្តើមបង្កើតក្រុមហ៊ុនតែម្តង»។
អ្នកតំណាងសិប្បកម្មរូបនេះបានបន្តថា ដំបូងឡើយការស្រាវជ្រាវសាកល្បងពឹងផ្នែកលើអ្នកភូមិឱ្យពួកគាត់ជួយបិតស្រាដើម្បីយកទៅធ្វើតេស្តគុណភាពនៅប្រទេសជប៉ុន។ លោកបន្តថា បន្ទាប់ពីអ្វីៗទាំងអស់ត្រូវបានស្វែងយល់ដោះស្រាយមកហើយផលិតផលល្អហើយ សិប្បកម្មក៏បានចុះបញ្ចីជាក្រុមហ៊ុនស្របច្បាប់ក្នុងឆ្នាំ២០១៣ តែម្តង។
បច្ចុប្បន្ន សិប្បកម្មឈ្មោះថា «សុរាខ្មែរ»និងស្ថិតនៅក្រោមក្រុមហ៊ុន Khmer Jyoryu Co., LTDនេះបានកែច្នៃ និងកំពុងដាក់លក់ស្រាកែច្នៃរបស់ខ្លួនមួយចំនួនមកហើយ ដែលមានដូចជា ស្រាចេក ស្រាស្វាយ ស្រាដំឡូង ស្រាខ្នុរ ស្រាកាហ្វេ និងស្រាអង្ករជាដើម។
លោកសុខ មាន បានឱ្យដឹងទៀតថា ទីផ្សារចម្បងរបស់សិប្បកម្មនៅពេលនេះគឺទីផ្សារប្រទេសជប៉ុន ហើយស្រាខ្មែរបានគ្រោងពង្រីកទីផ្សារទីទៅកាន់អឺរ៉ុបផងដែរ ដោយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ សិប្បកម្មមួយនេះបាននាំយកស្រារបស់ខ្លួនចំនួន៥មុខទៅចូលរួមពិរព័រណ៍មួយឈ្មោះថា ស៊ីរ៉ា នៅទីក្រុងលីយ៉ុង ប្រទេសបារាំង។
ចំណែកទីផ្សារក្នុងស្រុកវិញលោក សុខ មាន បានបញ្ជាក់ថា៖ «យើងបានដាក់លក់ផលិតផលនៅតាមផ្សារទំនើប ព្រលានយន្តហោះ ផ្សារទំនើបអ៊ីអន និងហាងជប៉ុន ព្រមទាំងតាមភោជនីយដ្ឋានមួយចំនួនក្នុងក្រុងសៀមរាប»។
អ្នកតំណាងសិប្បកម្មកែច្នៃកសិផលក្នុងសហគមន៍រូបនេះក៏បានឱ្យដឹងពីចង្វាក់ផលិតកម្ម និងថែមទាំងបានបញ្ជាក់ពីគោលការណ៍ពិសេសមួយ គឺការផ្តល់អាទិភាពដល់បុគ្គលិកជាស្ត្រីដែលរស់នៅក្នុងសហគមន៍ផ្ទាល់។
លោក សុខ មាន បានឱ្យដឹងថា៖ «បើគិតជាបរិមាណកន្លងមកក្នុង ១ ឆ្នាំយើងអាចផលិតបាន ៥ ម៉ឺនលីត្រ ប៉ុន្តែឥឡូវយើងធ្វើបានតែ៣ម៉ឺន ទៅ ៣ ម៉ឺន ៥ ពាន់ លីត្រទេ ដោយសារចំនួនបុគ្គលិកយើងមានកម្រិត»។
លោកបានបញ្ជាក់ថា៖«បុគ្គលិករបស់យើងមាន ៦ នាក់ និងកម្មករតាមពេល៥នាក់ទៀត ហើយភាគច្រើនសុទ្ធតែជាអ្នកនៅទីនេះទាំងអស់ហើយគោលការណ៍របស់យើងយកស្ត្រីឱ្យបានលើសពី ៦០ ភាគរយ»។
លើសពីនេះ លោក សុខ មាន ក៏បានឱ្យដឹងដែរថា ក្រៅតែពីស្រាទៅ ក៏មានជាការកែច្នៃ ស្វាយ ស្វាយសម្ងួត ចេកសម្ងួត តែ និងប្រេងស្លឹកគ្រៃផងដែរ ដែលសិប្បកម្មមួយនេះ បាននិងកំពុងព្យាយាមពង្រីកខ្លួនឱ្យកាន់តែធំ ដើម្បីបន្ថែមទំហំនៃការជួយទៅដល់សហគមន៍ឱ្យកាន់តែប្រសើរ៕