បុរសជនជាតិបែលហ្សុិកម្នាក់ ព្យាយាមបើកដំណើរការអាជីវកម្មនៅកម្ពុជាទាំងត្រដាបត្រដួសក្រោយកូវីដ ១៩ តែចាប់ផ្តើមឃើញភាពជោគជ័យ
ភ្នំពេញៈ បើត្រឡប់ទៅក្រោយបន្តិច ចន្លោះពីចុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ គ្រប់បណ្តាប្រទេសទាំងអស់ រួមទាំងកម្ពុជាផង សុទ្ធតែរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។ចំណែកឯអាជីវកម្មវិញ មិនថាខ្នាតតូច ឬខ្នាតកណ្តាល ឬខ្នាតធំនោះទេ សុទ្ធតែព្យាយាមបើកដំណើរការឡើងវិញទាំងត្រដរក្រោយកូវីដ ១៩ ស្រាកស្រាន្តបន្តិចទៅ ឯអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារ។
ប៉ុន្តែមានបុរសជនជាតិបែលហ្សុិកម្នាក់បែរជាផ្តើមបើកអាជីវកម្មថ្មីរបស់ខ្លួននៅក្រុងភ្នំពេញខណៈពេលស្ថានភាពកូវីដ១៩ ស្ថិតក្នុងភាពស្រពេចស្រពិល នោះគឺលោក Stephane Munsterដែលមានជំនាញផ្នែកចំណីអាហារ អាជីវកម្មបង្កើតថ្មី និងអាជីវកម្មនវានុវត្តន៍។
លោក Stephane Munster បានមករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៩ ពោលគឺមុនការមកដល់នៃជំងឺកូវីដ១៩ បន្តិច។
លោក Stephane បានថ្លែងថា នៅពេលដែលលោកមកដល់កម្ពុជាដំបូង លោកបានសិក្សាស្រាវជ្រាវបន្តិចពីវិស័យកសិ-ចំណីអាហារនៅក្នុងខេត្តកំពត ដោយសារតែលោកធ្លាប់ធ្វើការក្នុងវិស័យនេះ ក៏ដូចជាផ្នែកកែច្នៃចំណីអាហារផងដែរ។ ក្រោយមកលោកបានចូលបម្រើការងារបានរយៈពេល ៩ខែជាអ្នកប្រឹក្សាដល់សាកលវិទ្យាធិការ ព្រឹទ្ធបុរស និងនាយកដ្ឋានស្រាវជ្រាវ ដើម្បីបង្កើតកម្មវិធីឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា Techno។
បន្ទាប់មកទៀត កូវីដ១៩ក៏បានមកដល់ កម្មវិធីរបស់សាលាក៏ត្រូវបានផ្អាក លោកបានទៅបើកកម្មវិធីមួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មួយរយៈប៉ុន្តែដោយសារគ្មានថវិកាគាំទ្រ ទើបលោកសម្រេចបញ្ចប់កម្មវិធីនោះទៀត។
ក្រោយមក លោក Stephane Munster ដោយសម្លឹងឃើញឱកាសក្នុងវិស័យម្ហូបអាហារ និងកម្សាន្តនៅតែបន្តមាន ទើបលោកបានចាប់ផ្តើមបើកបារ៍មួយនៅលើផ្លូវ៣០៨ ឬតំបន់បាសាក់ឡែន ដែលជាតំបន់ពេញនិយមសម្រាប់អ្នកទេសចរបរទេស និងជនបរទេសដែលរស់នៅទីក្រុងភ្នំពេញ។
ធ្លាប់ធ្វើការលើវិស័យមួយចំនួនតូចនៅកម្ពុជា លោក Stephane បានរៀបរាប់ឱ្យដឹងពីមូលហេតុដែលលោកងាកទៅបើកអាជីវកម្មបារ៍ថា៖ «ពេលនេះ វិធីងាយស្រួលបំផុតដើម្បីបន្តដើរលើវិស័យម្ហូបអាហារគឺការបង្កើតបារ៍ដោយសារវាជាផ្លូវមួយដែលមានឱកាសជួបមនុស្ស»។
លោក បានឱ្យដឹងថា៖ «យើងមានបារ៍ វាជាវិធីដ៏ល្អដែលអនុញ្ញាតឱ្យខ្ញុំរក្សាទំនាក់ទំនងជាមួយអតិថិជនជាច្រើនរបស់ខ្ញុំឱ្យបានល្អ អតិថិជនដែលមកពីប្រភពផ្សេងទៀត អ្នកទេសចរកម្ពុជា និងអ្នកទេសចរអាជីវកម្មបរទេសជាដើម»។
ដោយឡែក គ្រាដែលដំណើរការអាជីវកម្មបារ៍ដែលមានឈ្មោះថា Pixel ដំបូងៗបន្ទាប់ពីជំងឺកូវីដ១៩ លោកបានបញ្ជាក់ថា លោកក៏មានក្តីបារម្ភខ្លះដែរនាពេលនោះ តែមកទល់បច្ចុប្បន្ននេះលោក Stephane បានឱ្យដឹងថា អាជីវកម្មរបស់លោកកំពុងរីកចម្រើន និងទាក់ទាញទេសចរបានច្រើនផងដែរ។
យ៉ាងណាមិញ លោកបានបញ្ជាក់ថា លោកមិនចង់ឱ្យតំបន់នេះក្លាយជាតំបន់សម្រាប់តែទេសចរទាំងស្រុងនោះទេ លោកចង់ឱ្យមានតុល្យភាពរវាងអ្នកទេសចរបរទេសដែលរស់នៅកម្ពុជា និងប្រជាជនខ្មែរផ្ទាល់ ដោយយល់ថា នៅកម្ពុជាភ្ញៀវទេសចរមិនទៀងទាត់ពេកនោះទេ បើពឹងផ្អែកលើអ្នកទេសចរទាំងស្រុងនោះអាជីវកម្មនឹងគ្មានលំនឹង។
លោក Stephane បញ្ជាក់ថា៖ «ទី១ យើងនៅកម្ពុជាស្រាប់ ដូច្នេះខ្ញុំចង់បានភ្ញៀវជាជនជាតិខ្មែរ ហើយវាប្រសើរបើភ្ញៀវ៣ប្រភេទនេះមានតុល្យភាពដូច ភ្ញៀវខ្មែរ ៣៣ភាគរយ ភ្ញៀវបរទេសនៅកម្ពុជា ៣៣ភាគរយ និងទេសចរបរទេស ៣៣ភាគរយ នោះអាជីវកម្មនឹងមានលំនឹងគ្រប់រដូវកាល»។
លើសពីនេះបុរសជនជាតិបែលហ្សុិករូបនេះក៏បានរំលេចពីគោលដៅសម្រាប់អាជីកម្មថ្មីរបស់លោកពោលគឺលោកចង់ឱ្យបារ៍របស់លោកជាបារ៍ចម្រុះជាតិសាសន៍ ជាបារ៍សកលដែលមានមនុស្សគ្រប់វ័យ គ្រប់ជាតិសាសន៍ និងវប្បធម៌ផ្សេងៗគ្នាផងដែរ៕