ចង្កឹះច្នៃពីដើមឫស្សី មិនមែនសុទ្ធតែនាំចូលពីបរទេសទេ តែនៅតាកែវក៏មានខ្មែរផលិតដែរ
តាកែវៈ ផលិតផលសិប្បកម្មចង្កឹះដែលធ្វើពីដើមឫស្សីត្រូវគេដឹងថា ភាគច្រើនជាផលិតផលនាំចូលពីបរទេសដើម្បីយកមកប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងការនាំចូលនេះ ក៏មានសិប្បកម្មមួយដែលផលិតដោយកូនខ្មែរបានកែច្នៃដើមឫស្សីព្រៃផលិតចេញជាចង្កឹះមិនចាញ់ចង្កឹះនាំចូលពីបរទេស និងមិនប្រើគីមីផង។
យូរៗម្តងសំឡេងរោទ៍របស់ម៉ាស៊ីនហាក់លុបបាត់សំឡេងនិយាយក្នុងទូរស័ព្ទដែលនោះជាសំឡេងរោទ៍ចេញពីសិប្បកម្មផលិតចង្កឹះ ១ កន្លែង របស់លោក ស៊ឹម សុទ្ធី អាយុ ៤១ ឆ្នាំ ជាម្ចាស់សិប្បកម្ម ស្ថិតនៅក្នុងភូមិសំណខ្មៅ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
លោក ស៊ឹម សុទ្ធី បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សិប្បកម្មផលិតចង្កឹះរបស់លោកឈ្មោះ [សិប្បកម្មផលិតចង្កឹះឫស្សីខ្មែរ]។ មូលហេតុដែលនាំឱ្យលោកចំណាយទុនបង្កើតសិប្បកម្មនេះឡើងដោយសារលោកចង់បង្កើតឱកាសការងារ ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍មានការងារធ្វើ។
ម្យ៉ាងវិញទៀត លោកចង់បណ្តុះគំនិតដល់ប្រជាពលរដ្ឋខ្មែរ ឱ្យចេះកែច្នៃដូចគេនូវរបស់អ្វីដែលមានស្រាប់នៅក្នុងប្រទេស ព្រោះកន្លងមក លោកសង្កេតឃើញថា មានធនធានធម្មជាតិខ្លះ និងរុក្ខជាតិមួយចំនួនដែលអាចកែច្នៃជារបស់ប្រើប្រាស់មានប្រយោជន៍ច្រើន តែនៅមិនទាន់ទាញយកប្រយោជន៍ពីវាបាន។
លោកបន្តថា ចំពោះលោកការផលិតចង្កឹះនេះក៏ចង់ឱ្យប្រជាពលរដ្ឋកាត់បន្ថយពីការប្រើប្រាស់របស់នាំចូល ហើយងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកវិញ ពីព្រោះថា បច្ចុប្បន្ននេះកូនខ្មែរបានសិក្សារៀនសូត្រទាំងនៅក្នុងប្រទេសរហូតដល់បរទេស ហើយចេះជំនាញអាចផលិតកែច្នៃផ្លែឈើដូចជា ចេកណាំវ៉ា ដំឡូងមី ជាដើមមកកែច្នៃទៅជាស្រាឬជាអាហារកែច្នៃផ្សេងៗទៀត និងមានគុណភាពមិនចាញ់បរទេសឡើយ។ គំនិតច្នៃប្រឌិតទាំងអស់នេះបានបង្ហាញថា កូនខ្មែរបច្ចុប្បន្នមានចំណេះដឹងខ្ពង់ខ្ពស់គ្រប់ផ្នែក គ្រប់វិស័យទាំងអស់។
បើតាមលោកសុទ្ធី សិប្បកម្មផលិតចង្កឹះរបស់លោកគិតរហូតមកទល់ពេលនេះបានដំណើរការរយៈពេលប្រហែល ៥ ខែមកហើយ ហើយក៏មានទីផ្សារជាបណ្តើរៗដែរ។ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ទីផ្សារនៅមិនទាន់បានទូលំទូលាយដែរ ពោលគឺផលិតផលចង្កឹះរបស់លោកគ្រាន់តែបានលក់ក្នុងតំបន់នៅក្នុងខេត្តតាកែវតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយក៏លោកមានការពេញចិត្តដែរព្រោះថា ពលរដ្ឋខ្មែរកំពុងចាប់អារម្មណ៍ប្រើផលិតផលដែលផលិតក្នុងស្រុកជាបណ្តើរៗហើយ។
លោកនិយាយថា៖ «ខ្ញុំសប្បាយចិត្តដោយឃើញប្រជាពលរដ្ឋយើងគាំទ្រផលិតផលក្នុងស្រុក។ចំពោះចង្កឹះខ្ញុំមិនមានប្រើសារធាតុគីមីអ្វីទាំងអស់ ខ្ញុំផលិតគិតដល់ផលប៉ះពាល់សុខភាពច្រើនជាងចង់បានលុយ»។
ពាក់ព័ន្ធវត្ថុធាតុដើមឫស្សីវិញ លោក ស៊ឹម សុទ្ធី បានឱ្យដឹងថា ដើមឫស្សីគឺលោកបានទទួលទិញពីម៉ូយពីខេត្តកំពង់ស្ពឺនិងពីខេត្តក្រចេះដែលជាប្រភេទឫស្សីព្រៃ។ប៉ុន្តែឫស្សីស្រុកក៏អាចធ្វើចង្កឹះបានដែរគ្រាន់តែឫស្សីស្រុកមានសាច់ខ្មៅហើយពោះរបស់វាសម្បូរសម្បុកស្រមោចច្រើនតែបើឫស្សីព្រៃវិញវាមានសាច់ពណ៌សស្អាត។
រីឯដំណើរការផលិតវិញលោកស៊ឹម សុទ្ធី បានប្រាប់ថា ដើម្បីឱ្យកើតចេញជាផលិតផលចង្កឹះគឺដំបូងឡើយគេយកដើមឫស្សីចូលក្នុងម៉ាស៊ីនពុះច្រៀក រួចហើយយកទៅហាលថ្ងៃឱ្យស្ងួតរយៈពេល ៤ ទៅ ៥ ថ្ងៃ បន្ទាប់មកគេកាត់ឱ្យខ្លីៗហើយបញ្ចូលទៅក្នុងម៉ាស៊ីនប៉ូលា ដើម្បីធ្វើឱ្យសាច់ចង្កឹះរលោងរហូតចេញជាផលិតផលសម្រេច។
លោកបន្តទៀតថា ទាំងម៉ាស៊ីន ទាំងសម្បកប្លាស្ទិកសម្រាប់វេចខ្ចប់ចង្កឹះគឺសុទ្ធតែនាំចូលពីប្រទេសចិនទាំងអស់។សិប្បកម្មរបស់លោកក្នុង ១ ថ្ងៃ មានសមត្ថភាពអាចផលិតចង្កឹះបានចំនួន ៣០ បេ ដោយ ក្នុង ១ បេមាន ៤០ កញ្ចប់ ហើយក្នុង ១ កញ្ចប់មាន ២៤ គូអាចប្រើដាក់នៅតាមតុការបាន ២ តុ។ ចំពោះតម្លៃលក់នៅលើទីផ្សារវិញគឺក្នុង ១ បេ តម្លៃ ២៦ ០០០ រៀល ហើយក៏មានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ឡើងផងដែរ ព្រោះថា ចង្កឹះនៅសិប្បកម្មរបស់លោកគ្មានផ្ទុកសារធាតុគីមីឡើយ។
លោកបញ្ជាក់ថា៖ «យើងផលិតបែបធម្មជាតិទៅ គឺយើងផលិតមិនបានលឿនទេ ដោយសារតែយើងហាលឫស្សីឱ្យវាស្ងួតតាមធម្មជាតិ យើងមិនប្រើម៉ាស៊ីនស្ងួតទេ តែបើប្រើម៉ាស៊ីនសម្ងួតអាចផលិតបានច្រើន។បងប្អូនខ្មែរយើងឥឡូវក៏គាត់ឆ្លាតដែរ មុននឹងគាត់ប្រើរបស់អ្វីមួយ គឺគាត់គិតពីសុខភាពជាមុន»។
លោក សុទ្ធី បានបន្ថែមទៀតថា បច្ចុប្បន្នសិប្បកម្មរបស់លោកមានបុគ្គលិកប្រមាណជា ១០ នាក់ តែចំនួននេះនៅតិចនៅឡើយទេ ហើយអ្វីដែលធ្វើឱ្យលោកមានមោទនភាពនោះគឺបានជួយដល់ពលរដ្ឋនៅក្នុងសហគមន៍ឱ្យមានការងារធ្វើនៅក្នុងស្រុក។មួយវិញទៀតក៏បានរួមចំណែកទប់ស្កាត់ការធ្វើចំណាកស្រុកបានខ្លះៗដែរ។
ជុំវិញការច្នៃវត្ថុធាតុដើមក្នុងស្រុកធ្វើរបស់ប្រើប្រាស់នេះ លោក សោម ចាន់ថុល ជាមេឃុំធ្លកស្រុកទ្រាំងបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នេះជាការបង្កើតឱកាសឱ្យប្រជាសហគមន៍មានការងារធ្វើ និងបានកម្រៃជាប្រាក់ខែ ទោះតិចឬច្រើនក៏លោកត្រេកអរដែរ ព្រោះពលរដ្ឋមិនធ្វើចំណាកស្រុក ព្រោះអីមានពលរដ្ឋខ្លះបានចេញពីផ្ទះទៅធ្វើការនៅទីឆ្ងាយដោយដើរចោលផ្ទះ។ការចេញចោលផ្ទះទៅធ្វើការងារឆ្ងាយនេះក៏វាមិនងាយស្រួលដែរ ដូច្នេះវាប្រសើរដែលមានការងារធ្វើនៅក្បែរផ្ទះ។
លោកបន្តថា៖ «វាមាននៅជិតផ្ទះគឺវាងាយស្រួលហើយគ្រាន់តែចេញពីផ្ទះចូលដល់តែម្តង។ ពេលយើងចេញពីធ្វើការបានមើលកូនមើលចៅ ហើយគាត់ធ្វើស្រែធ្វើភ្លឺអីបានខ្លះទៀត»៕