បុរសម្នាក់ប្រមូលក្រដាសប្រាក់ និងកាក់ចាស់ជាច្រើនជំនាន់រក្សាទុកក្នុងផ្ទះ
ភ្នំពេញៈ លោក លី ប៉េងហេង អាយុ ៥៧ ឆ្នាំ មានជីវភាពគ្រួសារមធ្យម រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប នៅឆ្នាំ ១៩៩៨ បានចាប់ផ្ដើមប្រមូលក្រដាសប្រាក់ និងកាក់ ដែលត្រូវបានផុតសុពលភាពក្នុងការប្រើប្រាស់ មករក្សាទុកនៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់លោក ក្នុងគោលបំណងបង្ហាញសាធារណជនឱ្យបានស្គាល់ក្រដាសប្រាក់ ចាស់ៗពី ១ ជំនាន់ទៅ ១ ជំនាន់ ដែលបានប្រើនៅក្នុងប្រទេសជាង ២០០ ប្រទេសក្នុងតំបន់ និងពិភពលោក។
ដោយមានគំនិតអភិរក្ស និងចូលចិត្តរក្សាទុកគ្រឿងសំណល់និងវត្ថុប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៃការរស់នៅរបស់មនុស្សពីជំនាន់ ១ ទៅជំនាន់ ១ ភាគច្រើនមិនត្រូវបានគេរក្សាទុកនោះ លោក ប៉េងហេង បានចំណាយពេលប្រមាណជា ២៥ ឆ្នាំរហូតមកដល់បច្ចុប្បន្នដើម្បីប្រមូលវត្ថុចាស់ទុកសម្រាប់រំឭកពីស្នាដៃមនុស្សនៅក្នុងប្រទេសជំនាន់នីមួយៗ។
លោក ប៉េងហេង ថ្លែងថា៖ «ខ្ញុំបានចាប់ផ្ដើមដើរសន្សំវត្ថុប្រើប្រាស់ចាស់ៗសាមញ្ញៗដែលគ្មានតម្លៃរាប់រយប្រភេទរួមទាំងលុយបរទេស និងលុយខ្មែរផង មកដាក់តាំងបង្ហាញ ដោយត្រូវចំណាយថវិកាផ្ទាល់រាប់ម៉ឺនដុល្លារសម្រាប់ទិញពីមនុស្សនៅក្នុងស្រុកមួយចំនួន»។
លោកថ្លែងថា៖ «ទម្រាំតែខ្ញុំដើរប្រមូលផ្សែផ្សំរបស់ចាស់ៗទាំងអស់នេះបានគឺវាលើសពីពិបាកណាស់ទៅហើយ។ ខ្ញុំចំណាយទាំងពេលវេលាចំណាយទាំងលុយកាក់ដើម្បីចងក្រងវាទុកឱ្យកូនខ្មែរបានស្គាល់»។
លោក លី ប៉េងហេង បានរៀបរាប់ថា លោកបានបើកជាសារមន្ទីរមួយក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលសារមន្ទីរនេះ លោកដាក់តាំងតែលុយពីសម័យកាលមុនៗរហូតដល់បច្ចុប្បន្នប៉ុណ្ណោះ ដែលមានដាក់ជាស៊ុមកញ្ចក់ និងមានក្រដាសលុយបរទេសជិត ២០០ ប្រទេសផង។ ពិសេសគឺក្រដាសលុយខ្មែរពីសម័យកាល ១៦៦ ឆ្នាំមុនផង ហើយក្នុងលុយ ១ សន្លឹកមានអក្សរតំណាងឱ្យ ៣ ប្រទេស គឺអក្សរកម្ពុជា អក្សរឡាវ និងវៀតណាមហើយក្រដាសលុយ ១ សន្លឹកគេអាចយកទៅចាយក្នុងប្រទេសណាមួយក៏បានក្នុងចំណោម ៣ ប្រទេសខាងលើ និងសុទ្ធតែមានតម្លៃស្មើៗគ្នាទាំងអស់។
លោក ប៉េងហេង បញ្ជាក់ពីមូលហេតុថា កាលសម័យនោះប្រទេសទាំង ៣ នេះស្ថិតនៅក្រោមអាណានិគមបារាំងជាអ្នកគ្រប់គ្រង។ ចំពោះក្រដាសលុយនេះលោកឃើញបោះពុម្ភនៅឆ្នាំ ១៨៦៣ តែលោកមិនបានដឹងច្បាស់ថា ប្រទេសណាជាអ្នកបោះពុម្ពទេ តែកន្លងមកមានភ្ញៀវជាជនជាតិចិនហុងកុងបានចូលទស្សនាសារមន្ទីររបស់លោក។ ពេលនោះភ្ញៀវឃើញអក្សរចិននៅលើក្រដាសលុយហើយគេក៏ប្រាប់លោកថា ក្រដាសលុយនេះបានបោះពុម្ពនៅទីក្រុងហុងកុង។ ប៉ុន្តែលោកបានឃើញឆ្នាំបោះពុម្ពនៅលើក្រដាសលុយក្នុងឆ្នាំ ១៨៦៣ ហើយត្រូវបានគេចាយដល់ឆ្នាំ ១៩៥៣ ដែលលុយនេះគេហៅថាលុយឥណ្ឌូចិន។
លោកបញ្ជាក់ថា៖ «ក្រដាសលុយមានជិត ២០០ ប្រទេសតែដោយសារទីតាំងតូចខ្ញុំគ្រាន់តែដាក់តាំងលុយនៃប្រទេសមួយចំនួនប៉ុណ្ណោះ។ ខ្ញុំគ្រោងនឹងកសាងសារមន្ទីរ១ទៀតសម្រាប់ដាក់តាំងបង្ហាញដើម្បីឱ្យកូនខ្មែរបានដឹងបានស្គាល់ថា តើប្រទេសនីមួយៗនោះគេចាយលុយអី?»។
បើតាមលោក ប៉េងហេង ក្រដាសលុយនេះមាន៤ប្រភេទគឺប្រភេទ ១ រៀល បើឡាវហៅថា ១ គីប បើវៀតណាមហៅថា ១ ដុង។ ក្រដាសប្រភេទ ៥ រៀលប្រភេទ ២០ រៀល និងប្រភេទក្រដាស ១០០ រៀល។ ប្រជាជនទាំង៣ប្រទេសនេះអាចយកទៅចាយក្នុងប្រទេសណាមួយក៏បាន ព្រោះវាមានតម្លៃស្មើគ្នា ក្រៅពីនេះលោកក៏មានប្រភេទលុយជាកាក់ដែរ ក៏ប៉ុន្តែដោយសារវាច្រើនពេកលោកចាំមិនអស់ប្រទេសទេ។
លោកបន្តទៀតថា ដោយឡែកក្រដាសលុយខ្មែរវិញក៏លោកមានដាក់តាំងបង្ហាញនៅក្នុងសាលពិព័រណ៍ដែរ ពោលគឺនៅគ្រប់ជំនាន់។ ពិសេសគឺនៅពេលបច្ចុប្បន្នដែលត្រូវបានលោកទាញចំណាប់អារម្មណ៍ថា លុយ ១៥ ០០០ រៀលនេះមានន័យថាគឺមានលេខ ១ និងលេខ ៥ គឺតំណាងឱ្យខួប ១៥ ឆ្នាំនៃថ្ងៃគ្រងរាជសម្បត្តិរបស់សម្តេចព្រះនរោត្តម សីហមុនីក្រៅពីលុយនេះ គឺលោកនៅមានគ្រឿងវត្ថុប្រើប្រាស់សាមញ្ញៗខ្លះទៀតដែលជារបស់ចាស់ៗសម្រាប់ទុកបង្ហាញដល់យុវជនជំនាន់ក្រោយឱ្យចេះសម្គាល់អំពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់មនុស្សពីជំនាន់ ១ ទៅជំនាន់ ១ ទៀត។
លោក ប៉េងហេង ឱ្យដឹងថា ការដាក់តាំងគ្រឿងវត្ថុប្រើប្រាស់ជាវិទ្យុ ជាកាមេរ៉ា ទូរស័ព្ទចាស់ៗ ឬជាកង់ ជាម៉ូតូជាដើមនោះគឺគេមើលទៅជារបស់សាមញ្ញទេតែនៅពេលដែលគេបានឃើញវាផ្ទាល់នឹងភ្នែកនោះគឺវាបានដាស់អារម្មណ៍ឱ្យគេនឹកគិតដល់សម័យកាលនៃរបស់នោះកាលពីអតីតកាលហាក់បាននាំខ្លួនយើងកំពុងស្ថិតនៅក្នុងសម័យកាលនោះអ៊ីចឹងដែរ។ ប៉ុន្តែការប្រមូលរបស់របរដែលជាសម្ភារប្រើប្រាស់របស់មនុស្សសម័យមុនៗនេះក៏លោកត្រូវចំណាយលុយដើម្បីទិញពីគេដែរ ដែលគិតទៅអាចចូលខ្ទង់ម៉ឺនដុល្លារដែរហើយពេលខ្លះក៏មានការឈ្លោះគ្នាជាមួយប្រពន្ធដែរ។
លោកពោលថា៖ «អ្វីៗវាកើតឡើងពីការស្រឡាញ់ ការចូលចិត្ត រហូតពេលខ្លះគេថាខ្ញុំជាមនុស្សឆ្កួតផង។ ការងារនេះបើគេមានលុយហើយគេមិនស្រឡាញ់ក៏គេមិនចំណាយលុយដែរ»។
លោកបន្ថែមថា សារមន្ទីរលុយរបស់លោកចាប់ផ្តើមបើកដំណើរការនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ ហើយមានភ្ញៀវជាជនជាតិខ្មែរ និងបរទេសចូលទស្សនាច្រើនដែរ។ប៉ុន្តែចូលដល់សម័យកាលប្រទេសមានជំងឺកូវីដក៏បិទលែងបើកឱ្យភ្ញៀវចូលទស្សនា។ សារមន្ទីរនេះលោកទើបតែបើកឡើងវិញប្រហែល ៧ ខែប៉ុណ្ណោះហើយក៏មិនសូវមានភ្ញៀវចូលមើលដែរ ខណៈលោកលក់សំបុត្រសម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់ថ្លៃ ៥ ពាន់រៀល រីឯភ្ញៀវបរទេសម្នាក់យក ២ ម៉ឺនរៀល។ស្របពេលនេះដែរ លោកក៏សូមសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឬក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យជួយផ្សព្វផ្សាយពីសារមន្ទីររបស់លោកផង។
លោក ប្រាក់ សុវណ្ណារ៉ា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការតាំងបង្ហាញវត្ថុ ឬរបស់ប្រើប្រាស់ចាស់ៗនោះគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរីករាយដែលគាត់មានគំនិតបែបនេះ។ ក្រសួងមាននាយកដ្ឋានសារមន្ទីរដែលគ្រប់គ្រងសារមន្ទីរទូទាំងប្រទេសទាំងសារមន្ទីររដ្ឋ និងឯកជន តែបើសារមន្ទីរឯកជនណាមិនបានសុំច្បាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេនោះ ខាងក្រសួងក៏មិនដឹងដែរ។
លោកថ្លែងថា៖ «ជាគោលការណ៍យើងលើកទឹកចិត្តឱ្យមានសារមន្ទីរឯកជនអ៊ីចឹង។ ប៉ុន្តែទី ១ គាត់ត្រូវសុំច្បាប់យើង ហើយទី ២ យើងត្រូវបញ្ជូនអ្នកជំនាញយើងឱ្យទៅមើល ថាតើរបស់ដែលគាត់តាំងនោះជារបស់អី?ហើយអ្នកជំនាញយើងនឹងជួយរៀបចំចាត់ចែងឱ្យ»។
លោកថា ករណីមួយទៀតជួនកាលគាត់មាននៅសល់របស់ពីជីដូនជីតារបស់គាត់ខ្លះហើយគាត់ដាក់តាំងនៅក្នុងបន្ទប់របស់គាត់ទេនោះ វាគឺជារឿងតូចតាចទេ ហើយបែបនេះមិនចំជាសារមន្ទីរទេ។ ដូច្នេះមិនមែនឱ្យតែបើកដាក់របស់តាំងបង្ហាញហើយហៅថាសារមន្ទីរទេដែលជួនកាលជាវិចិត្រសាលតែប៉ុណ្ណោះ តែគាត់អត់យល់ក៏ហៅថាសារមន្ទីរទៅ៕