សហគមន៍ចាប៉ីអមតៈ ចុះផ្សព្វផ្សាយ បង្រៀនដោយផ្ទាល់ និងដោយចល័តពីចាប៉ីដងវែង
ភ្នំពេញៈ លោក ពេជ្រ សារ៉ាត ជាមនុស្សតែម្នាក់ក្នុងចំណោមសិស្សទាំង ៥ នាក់ របស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលបានក្លាយជាគ្រូបន្តវេននេះ ដោយលោកបានបង្កើតសហគមន៍ចាប៉ីអមតៈ សម្រាប់បង្រៀនដល់យុវជន ១ ក្រុមដែលស្រឡាញ់ចាប៉ីដងវែង។
សហគមន៍ចាប៉ីអមតៈ បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយមុនពេលចាប់ផ្ដើមបង្កើតសហគមន៍នេះឡើង ក្នុងឆ្នាំ២០០៣ លោក ពេជ្រ សារ៉ាត គឺជាសិស្សរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១២។
មូលហេតុដែលបង្កឱ្យកើតមានជាសហគមន៍នេះឡើង លោកពេជ្រ សារ៉ាត ដែលជាស្ថាបនិក និងជាប្រធានរបស់សហគមន៍ចាប៉ីអមតៈនេះ បានប្រាប់ថា ៖ «ខ្ញុំនិងសិស្សផ្សេងទៀត នឹកឃើញថា ចាប៉ីយើងមិនទាន់មានក្រុម មិនទាន់មានព័ត៌មានអ្វីដែលផ្ដល់ជូនអ្នកចូលចិត្តចាប៉ី ហើយក៏មិនទាន់បានពង្រឹងសិល្បករ ក៏ដូចជាអ្នកស្នេហ៍វិស័យចាប៉ីដងវែងនេះដែរ»។
លោកបន្តថា ៖ «ដូច្នេះខ្ញុំក៏មានគំនិតផ្ដូចផ្ដើមដោយខ្លួនខ្ញុំផ្ទាល់ ហើយក៏ទទួលបានការជ្រោមជ្រែងពីអង្គការសិល្បៈខ្មែរអមតៈ យើងក៏បានបង្កើតក្រុមមួយដែលមានឈ្មោះថា សហគមន៍ចាប៉ីអមតៈនេះឡើងតែម្តង»។
លោក ពេជ្រ សារ៉ាត បានបន្តឱ្យដឹងថា សហគមន៍នេះមានបេសកកម្មដូចជា ការចុះផ្សព្វផ្សាយ ការបង្រៀនដោយផ្ទាល់ និងដោយចល័ត។ ក្រៅពីនេះក៏មានការចូលរួមសម្ដែង ការធ្វើបទបង្ហាញនៅតាមសាលាផ្សេងៗផងដែរ។
លោកថា៖ «គោលបំណងរបស់សហគមន៍ គឺចង់ឱ្យប្រជាពលរដ្ឋខ្មែរឈប់យល់ច្រឡំបន្តទៀតលើទស្សនៈមួយចំនួនដែលលើកឡើងថា ការរៀនចាប៉ីគឺធ្វើឱ្យខ្វាក់ភ្នែក»។
ចាប៉ឺដងវែងមានអត្ថន័យសំខាន់សម្រាប់ជនជាតិខ្មែរតាំងពីដើមរៀងមក ហើយបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ចាប់តាំងពីពេលបង្កើតសហគមន៍មកដល់បច្ចុប្បន្ន សហគមន៍ចាប៉ីអមតៈបានទទួលសិស្សចំនួន១៩២នាក់ ដែលមានទាំងសិស្សបរទេសផងដែរ។ ក្រៅពីជនបរទេស សហគមន៍ចាប៉ីអមតៈក៏ទទួលបានសិស្សជាកុមារ និងជានារីផងដែរ ដែលកុមារទាំងនោះមានអាយុក្រោម១៥ឆ្នាំ។
ទាក់ទិននឹងវិភាគទានសម្រាប់ថ្លៃសិក្សានេះ លោក ពេជ្រ សារ៉ាត បានឱ្យដឹងដែរថា ៖ «ដោយសារតែយើងជួលទីតាំង សហគមន៍តម្រូវឱ្យមានវិភាគទានខ្លះដើម្បីចូលរួមទ្រទ្រង់សកម្មភាពបន្ត ប៉ុន្តែចំពោះអ្នកខ្វះលទ្ធភាពសម្រាប់បង់វិភាគទាន ក៏អាចចូលរៀនបានដែរ។ ចំពោះអ្នកមានលទ្ធភាព ខ្លះបង់ ៤០ដុល្លារ ៤៥ដុល្លារ ៦០ដុល្លារហើយខ្លះក៏បង់តែ២០ដុល្លារក៏មានសម្រាប់ការសិក្សារបស់ពួកគេ។
លោក ពេជ្រ សារ៉ាត បានបញ្ជាក់ថា ៖ «មិនមែនទាល់តែមានប្រាក់បង់ទើបអាចចូលរៀនបានទេ ទោះបីមិនមានប្រាក់បង់ក៏អាចចូលរៀនបានដែរ ហើយវិភាគទានដែលទទួលបានមកនេះ យើងយកទៅទិញទឹក ទិញនំសម្រាប់ក្មេងតាមសាលាដែលយើងចុះទៅបង្រៀន ព្រោះថា បើយើងចុះទៅ បង្រៀនតែម្ដងនោះក៏មិនសូវល្អដែរ ព្រោះថា ក្មេងៗបើយើងមិនមានអ្វីឱ្យ ក៏មិនចង់រៀនដែរ»។
លោក សារ៉ាត បានថ្លែង ដោយថ្លែងអំណរគុណ ដល់ពលរដ្ឋខ្មែរដែលតែងតែស្វែងយល់ពីចាប៉ីដងវែង និងបានណែនាំកូនចៅឱ្យសិក្សារៀនសូត្រ ឱ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិដែលមានតាំងពីបុរាណកាលមក និងបន្តតាមរយៈបុព្វបុរសតាំងពីយូរលង់ណាស់មកហើយ។
សូមរំឭកដែរថា អំឡុងឆ្នាំ២០១៩ លោកពេជ្រ សារ៉ាត ក៏បានបង្រៀនចាប៉ីមូលដ្ឋានដល់និស្សិតសរសេរនិក្ខេបបទថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ ខនគែន ក្នុងប្រទេសថៃ ជំនាញតូរ្យតន្ត្រីលើប្រធានបទ «ចាប៉ីដងវែងខ្មែរ»ផងដែរ៕