សិប្បកម្មមួយកែច្នៃបំពង់បឺតពីស្មៅចចូត រួមចំណែកដល់បរិស្ថាន និងលើកកម្ពស់ជីវភាពស្ត្រីក្នុងសហគមន៍

ភ្នំពេញៈ ទុយោ ឬបំពង់បឺតដែលគេនិយមប្រើប្រាស់ទៅលើភេសជ្ជៈគ្រប់ប្រភេទ គឺទុយោប្លាស្ទិកដោយសារតែវា សាមញ្ញ ងាយស្រួលប្រើប្រាស់ តម្លៃថោក និងរហ័ស ក៏ប៉ុន្តែទុយោប្លាស្ទិកទំហំតូចៗទាំងនេះបានបង្កទៅជាផលវិបាកធំធេងសម្រាប់បរិស្ថាន។
ទុយោប្លាស្ទិក ដែលគេតែងយល់ថា គ្មានអ្វីធំដុំនោះ បានក្លាយទៅជាសំណល់ ៨,៣ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ National Geographic តាំងពីចុងឆ្នាំ២០១៩។ លើសពីនេះ ភាពស្រាល តូច និងទន់របស់វានេះ បានធ្វើឱ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។
ទោះយ៉ាងណា នាប៉ុន្មានឆ្នាំចុងក្រោយនេះផលប៉ះពាល់នៃទុយោប្លាស្ទិកនេះកំពុងទទួលបានការចាប់អារម្មណ៍ និងកត់សម្គាល់ច្រើនគួរសមទាំងនៅបរទេស និងនៅកម្ពុជា ដោយភោជនីយដ្ឋាន ឬហាងកាហ្វេមួយចំនួនបានផ្លាស់ប្តូរពីទម្លាប់ប្រើប្រាស់ទុយោប្លាស្ទិកមកជាទុយោដែលមានការច្នៃពីក្រដាស ឬធនធានធម្មជាតិនានា ខណៈសិប្បកម្មកែច្នៃទុយោបរិស្ថានក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង សិប្បកម្មមួយឈ្មោះថា អាទិករ បានផលិតបំពង់បឺតមេត្រីបរិស្ថាន ផលិតពីស្មៅចចូតដែលជាវត្ថុធាតុដើមធម្មជាតិ នៅក្នុងស្រុកដែលរកបានមកពីតាមបណ្តាខេត្តមួយចំនួនដូចជា ក្រុងព្រះសីហនុ កោះកុង ជាដើម។
កញ្ញា ហៃ សុជាតិ វឌ្ឍនា ដែលជាម្ចាស់អាជីវកម្មអាទិករ នេះបានប្រាប់ឱ្យដឹងថា សិប្បកម្មខ្នាតតូចរបស់កញ្ញា ចាប់ផ្តើមដំណើរការក្នុងខែមេសា ២០២២ និងមានគោលដៅចម្បងមួយគឺ ចង់ឃើញប្រជាជនខ្មែរចូលរួមចំណែកការពារបរិស្ថាន ទីក្រុង រមណីយដ្ឋានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។
កញ្ញា បានឱ្យដឹងពីចង្វាក់ផលិតកម្មរបស់នាងថា៖ «ទម្រាំបានបំពង់បឺតមួយៗ គឺត្រូវឆ្លងកាត់ការលាងសម្អាតទាំងផ្នែកក្រៅ ទាំងក្នុងឱ្យបានស្អាត រួចកាត់ទៅតាមទំហំតម្រូវការ រួចសម្ងួតដោយម៉ាស៊ីនស្វ័យប្រវត្តិ រយៈពេល ៣ ទៅ៤ម៉ោង បន្ទាប់មកសម្លាប់មេរោគដោយម៉ាស៊ីនស្វ័យប្រវត្តិ UVC Sterilization និងចុងក្រោយគឺការត្រួតពិនិត្យគុណភាពឡើងវិញ និងវេចខ្ចប់ទៅតាមស្តង់ដា»។
កញ្ញា ហៃ សុជាតិ វឌ្ឍនា បានបញ្ជាក់ទៀតថា ផលិតផលរបស់នាងជាផលិតផលផលិតដោយដៃស្ត្រីខ្មែរក្នុងស្រុក និងប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិនៅក្នុងស្រុក ពោលគឺដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាធានានូវសុខុមាលភាពអ្នកប្រើប្រាស់ និងមិនប៉ះពាល់ដល់បរិស្ថាន។
បច្ចុប្បន្នសិប្បកម្មដែលទើបបើកជាង ១ឆ្នាំនេះ អាចផលិតបាននូវបរិមាណតិចនៅឡើយ និងមានដាក់លក់ខ្លះៗនៅតាម សណ្ឋាគារ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលជាដៃគូក្នុងតម្លៃចន្លោះពី ១០០ ទៅ ១៤០រៀល ក្នុង១ដើម។
ជាមួយគ្នានេះដែរ ម្ចាស់អាជីវកម្មអាទិករ មួយនេះចង់សំណូមពរដល់រាជរដ្ឋាភិបាល បន្តគាំទ្រដល់អាជីវកម្មខ្នាតតូច និងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈវិទ្យុ ទូរទស្សន៍ ស្លាកប៉ាណូ នូវផលិតផលបរិស្ថានជំនួសឱ្យការប្រើប្រាស់ប្លាស្ទិក ព្រមទាំងអនុវត្តគោលការណ៍គ្រប់គ្រងកាកសំណល់ តាមទីសាធារណៈឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព៕