កំណើតអរូប ភាពយន្ដខ្នាតអន្ដរជាតិផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍ខ្មែរ
ភ្នំពេញ: ការទស្សនាវីដេអូឈុតខ្លីៗ ឬ Trailer មហាជនប្រាកដជាយល់ថា វាជាភាពយន្ដបែបបស្ចិមប្រទេសដែលបង្ហាញពីឈុតឆាករន្ធត់ព្រឺព្រួច។ ប៉ុន្ដែបើក្រឡេកមើលពីតថភាពសាច់រឿង និងតួអង្គមួយចំនួន វាជាភាពយន្ដខ្មែរបែបថ្មីមួយឆ្លុះបញ្ចាំងពីខ្លឹមសារ វប្បធម៌ អត្ដសញ្ញាណ ជំនឿអរូបី រួមទាំងទេសចរណ៍នៅកម្ពុជា។
លោក សែម វិសាល អ្នកនិពន្ធ និងដឹកនាំរឿង បាននិយាយថា៖ «រឿង កំណើតអរូប នេះជាភាពយន្ដមួយដែលអាចផ្លាស់ប្ដូរទស្សនៈរបស់ទស្សនិកជនមកគាំទ្រភាពយន្ដខ្មែរកាន់តែច្រើន។ ជាមួយរយៈពេលនៃការផលិត៨ខែ យើងបានគិតគូរ និងសម្រិតសម្រាំងគុណភាព ខ្លឹមសារ បច្ចេកទេស រូបភាព សំឡេង ហើយវាជាសមិទ្ធផលស្នាដៃកូនខ្មែរសុទ្ធសាធ»។
ភាពយន្ដធំ «កំណើតអរូប|The RITUAL: BLACK NUN» ដែលផលិតកម្ម Wonder Film Entertainment គ្រោងចាក់បញ្ចាំងនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខ ត្រូវជឿដោយភាពឆ្លាតវៃ អមដោយហេតុផលនិងមានភ័ស្តុតាងច្បាស់លាស់ ឆ្លុះបញ្ចាំងពីភក្ដីភាពគ្រួសារដែលមិនបោះបង់គ្នាក្នុងគ្រាអាសន្នដល់ជីវិត និងបង្ហាញពីអារម្មណ៍របស់ជនបរទេសដែលស្រឡាញ់ប្រទេសកម្ពុជា សម្បូរដោយវប្បធម៌ និងប្រពៃណី។
ក្រោមកិច្ចសហការជាមួយ លោក ស្រ៊ុន គីមហួរ ជាអ្នកគ្រប់គ្រងការផលិត លោក វិសាល បានឱ្យដឹងថា កំណើតអរូបបានបង្កប់នូវអត្ថប្រយោជន៍ច្រើនក្នុងភាពយន្ត ដែលគោលបំណងចង់ឱ្យភាពយន្តមិនត្រឹមតែកម្សាន្ត ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឯកសារកត់ត្រាយ៉ាងសំខាន់តាមយុគសម័យកាល។
រឿងខ្នាតអន្ដរជាតិនេះ គឺជាមានការចូលរួមសម្តែងដោយតារាល្បីៗជនជាតិខ្មែរនិងតារាបរទេសដែលថតនៅទីតាំងសំខាន់ៗ និងទាក់ទាញដូចជា ប្រាសាទអង្គរវត្ត វត្តបាកានខេត្តពោធិ៍សាត់ដែលមានបដិមាបែរព្រះភក្ត្រទៅទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន។ នេះបើតាមអ្នកដឹកនាំរឿង និងអ្នកនិពន្ធលោក វិសាល។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «យើងបានបញ្ចូលបង្ហាញពីមូលហេតុដែលប្រទេសកម្ពុជាកសាងពុទ្ធបដិមាបែរព្រះភក្ដ្រទៅទិសខាងលិច រួមមានប្រាសាទអង្គរវត្ត វត្តបាកាននៅខេត្តពោធិ៍សាត់ដែល១វិហារមានពុទ្ធបដិមាបែរព្រះភក្ដ្រទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន»។
លោកបន្ដថា ភាពយន្ដបែបរន្ធត់នេះនៅមានការបង្ហាញពីពិធីសាសនារវាងព្រះពុទ្ធ ព្រហ្មញ្ញ និងគ្រិស្ដ រួមទាំងការតុបតែងខ្លួនបែបប្រពៃណីខ្មែរនូវរបៀបស្លៀកពាក់ក្បិននិងក្រណាត់ប៉ាក់ មន្តអាគមចម្លែកដែលយកសាកសពផ្កាប់មុខគ្រប់យ៉ាងជាទម្រង់ខ្មែរ ជាការបញ្ចូលពិសេសដោយមិនចម្លងទម្រង់ណាមួយពីបរទេស។
ផ្ដើមពីបុរសស្បែកស សក់ស ឈរមើលស្រមោលមនុស្សពណ៌ខ្មៅតាមមាត់បង្អួច ខណៈស្បៃរាត្រីគ្របដណ្ដប់ដោយសំឡេងផ្គរ និងភ្លៀង កូនស្រីបុរសចំណាស់រូបនេះ បានហៅឪពុកចូលសម្រាក ដោយប្រាប់ថា ស្រមោលមនុស្សខ្មៅនោះគ្រាន់តែជាអ្នកសុំទានម្នាក់ប៉ុណ្ណោះ។
រឿងរ៉ាវអាថ៌កំបាំងកើតឡើងជាហូរហែ ដែលគ្រួសារមួយនេះព្យាយាមតាមស្រាយចំណងដោយមិនបោះបង់ចោលគ្នា បើទោះបីជាមានរឿងអ្វីក៏ដោយ។
ភាពយន្ដដ៏អាថ៌កំបាំងដែលនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៦ ខែមេសាក៏បានបកស្រាយនូវអបិយជំនឿជាច្រើនរួមទាំងការកសាងព្រះបដិមាបែរព្រះភក្ដ្រទៅទិសខាងលិចនិងអាគមទៅតាមសាសនាផ្សេងៗទៀត។
លោក វិសាល អាយុ ៤៤ ឆ្នាំ ដែលបានបញ្ចប់ថ្នាក់បណ្ឌិតវេជ្ជសាស្ត្រ(វេជ្ជបណ្ឌិត) និងប្រឡូកក្នុងវិស័យសិល្បៈតាំងពីនៅរៀនសាកលវិទ្យាល័យចាប់ផ្ដើមនៅឆ្នាំ ១៩៩៩ តួនាទីជាអ្នកនិពន្ធនិងជាអ្នកដឹកនាំបាននិយាយថា ភាពយន្ដរឿង «កំណើតអរូប» រយៈពេល ១ ម៉ោង ៤៥ នាទី ដែលប្រើពេលថតចន្លោះពាក់កណ្ដាលឆ្នាំ ២០២២ ជាភាពយន្ដខ្នាតអន្ដរជាតិ រួមទាំងកម្រិតរូបភាព សំឡេង ដោយមានតួសម្ដែងទាំងខ្មែរ និងបរទេស។
លោក វិសាល ដែលបញ្ចប់ការសិក្សាផ្នែកដឹកនាំភាពយន្តវគ្គខ្លីៗនៅវៀតណាម ថៃ ហុងកុង បានឱ្យដឹងថា៖ «ទស្សនិកជនបានទស្សនាភាពយន្តពេញ នឹងមានការភ្ញាក់ផ្អើលពីព្រោះវាពោរពេញដោយខ្លឹមសារដែលបង្ហាញពី អត្តសញ្ញាណ វប្បធម៌របស់កម្ពុជា។ វាជាផ្នែកមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌ និងវិស័យទេសចរណ៍របស់កម្ពុជាប្រកបដោយប្រសិទ្ធភាពមួយ»។
«កំណើតអរូប»ជាវណ្ណកម្មទី៥របស់លោក វិសាល បន្ទាប់ពីរឿង «ប្រាសាទកំបាំងមុខ» រឿង «ផ្ទះចិញ្ចឹមខ្មោច» រឿង «ស្នូរជើងអ្នកណា?» និងរឿង «អន្ទងវិញ្ញាណ»។
លោក វិសាល បានលើកឡើងថា លោករំពឹងថា ភាពយន្តនេះជាភាពយន្តមួយដែលអាចផ្លាស់ប្ដូរទស្សនៈរបស់ទស្សនិកជនឱ្យងាកមកគាំទ្រខ្មែរវិញដោយសារទាំងផលិតករនិងអ្នកដឹកនាំរឿងក្នុងស្រុកបាននិងកំពុងព្យាយាមផលិតរឿងប្រកបដោយគុណភាព។
លោកបានបញ្ជាក់ថា៖ «យើងរួមគ្នាគាំទ្រវិស័យភាពយន្តខ្មែរយើងឱ្យដូចវិស័យផ្សេងៗដើម្បីយើងឆាប់ដល់គោលដៅដូចបណ្ដាប្រទេសជិតខាង។ យើងខ្ញុំនឹងខំប្រឹងប្រែងបន្តឱ្យអស់ពីលទ្ឋភាពសម្រាប់គុណភាព មិនឱ្យអាប់ឱនមុខមាត់ជនជាតិយើងឡើយ»៕