បុរសម្នាក់ប្រើជំនាញចម្លាក់ស្បែក ជួយកែប្រែវាសនាកុមារកំព្រាជាង ១០០ នាក់
សៀមរាបៈ បច្ចុប្បន្ននេះ ពុំសូវឃើញមានសិប្បកម្មសិល្បៈចម្លាក់ស្បែករបស់ខ្មែរ នៅសេសសល់ច្រើនឡើយ ពោលគឺមានចំនួនតិចតួចនៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប។ ភាគច្រើនសិប្បកម្មចម្លាក់ស្បែកទាំងនេះ មាននៅតាមផ្លូវចូលទៅប្រាសាទបាគង និងនៅខាងមុខប្រាសាទព្រះគោផ្ទាល់តែម្តង។
សិប្បកម្មចម្លាក់ស្បែកមួយកន្លែង នៅភូមិឪឡោក ឃុំ-ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០១ មិនត្រឹមតែជាអាជីវកម្មបង្កើតឡើង ដើម្បីប្រាក់ចំណូលនោះទេ ប៉ុន្តែជាផ្ទះដ៏កក់ក្តៅមួយ ដែលបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ ក្មេងកំព្រាស្នាក់នៅ រៀនចម្លាក់ស្បែកផង និងមានឱកាសបន្តការសិក្សានៅមហាវិទ្យាល័យទៀតផង។
លោក ញឹក សេរីរតនា ដែលជាម្ចាស់សិប្បកម្មចម្លាក់ស្បែកមួយនេះ ដែលធ្លាប់ឆ្លងកាត់ការលំបាកសព្វបែបយ៉ាងក្នុងឆាកជីវិត បានឱ្យដឹងពីប្រវត្តិរបស់ខ្លួនមុនមានសិប្បកម្មដែលអាចជួយកុមារកំព្រាក្រខ្សត់ រយៈពេលជាង ២០ ឆ្នាំមកនេះថា៖ «ដើមឡើយខ្ញុំមិនមែនជាអ្នកធូរធារអីទេ ខ្ញុំគ្រាន់តែជាក្មេងកំព្រាម្នាក់ នៅពេលអាយុ ៩ ឆ្នាំ ឪពុកម្តាយរបស់ខ្ញុំ បានស្លាប់ចោលអស់ទៅ ខ្ញុំដើររើសអេតចាយ ធ្វើនំខ្មែរទូលដើរលក់ ដល់ពេលមួយឃើញរោងស្បែក ក៏ចាប់អារម្មណ៍ចង់សុំគាត់ចូលរៀន»។
លោកបានបន្តថា៖ «ដល់ឆ្នាំ ២០០១ ខែ ១២ ខ្ញុំបានសុំខាងអង្គភាពមកបើកកន្លែងផ្ទាល់ខ្លួនឯង ព្រោះប្អូនខ្ញុំត្រូវរៀនដល់មហាវិទ្យាល័យ ហើយប្រាក់ខែនៅទីនោះផ្គត់ផ្គង់ប្អូនមិនគ្រាន់អ៊ីចឹងទៅ ខ្ញុំក៏ចាប់ផ្តើមអាជីវកម្មខ្លួនឯងតិកតក់ៗ ជួយប្អូនផង និងកុមារកំព្រាផង រហូតប្រែក្លាយកន្លែងលក់ដូរនេះ ពីអាជីវកម្មសម្រាប់គ្រួសារទៅជាកន្លែងមនុស្សធម៌ ជួយបង្ហាត់បង្រៀនដល់ក្មេងក្រីក្រ និងក្មេងកំព្រាឪពុកម្ដាយជាច្រើនទៀត» ។
លោក ញឹក សេរីរតនា បានឱ្យដឹងថា ចំនួនកុមារដែលសិប្បកម្មរបស់លោកបានជួយសរុបប្រមាណជាង ១០០ នាក់ និងបច្ចុប្បន្នមានកុមារសរុបដែលនៅទីនេះមានចំនួន ២៨ នាក់។
ម្ចាស់សិប្បកម្មចម្លាក់ស្បែក Khmer Art Leather Carving Little Angels បានឱ្យដឹងទៀតថា រយៈពេលជាង ២០ ឆ្នាំមកនេះ សិប្បកម្មចម្លាក់ស្បែករបស់លោក បានកែប្រែវាសនាក្មេងកំព្រាក្រខ្សត់ទៅជាមានការងារសមរម្យធ្វើដូចជា ក្រឡាបញ្ជី មគ្គុទេសក៍ទេសចរណ៍ បុគ្គលិកធនាគារ ខ្លះមានការងារផ្សេងធ្វើរៀងៗខ្លួន និងមានយុវជនប្រមាណ ៥០ នាក់ ចាប់អាជីពជាអ្នកចម្លាក់ស្បែក។
ម្ចាស់សិប្បកម្មវ័យ ៤៥ ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា កន្លែងរបស់លោកជួយតែក្មេងៗ កំព្រាក្រីក្រ ឪពុកម្តាយលែងលះគ្នា ដែលគាត់មានបំណងចង់រៀនបន្ត បញ្ចប់មហាវិទ្យាល័យប៉ុណ្ណោះ ហើយក្មេងៗដែលរស់នៅទីនេះលោកបែងចែកពេលវេលាច្បាស់លាស់ គឺទាល់តែពួកគេទំនេរពីការសិក្សា ទើបអនុញ្ញាតឱ្យជួយសិប្បកម្ម ប៉ុន្តែដល់ពេលរៀនត្រូវតែទៅរៀន បើមិនទៅរៀនលោកមិនឱ្យរស់នៅទីនេះទេ ព្រោះគោលដៅរបស់លោក គឺជួយតែអ្នកដែលចង់រៀន។
លោកសេរីរតនា បន្តថា៖ «ការរៀនជំនាញចម្លាក់នេះ វាគ្រាន់តែជាជំនាញបន្ថែមសម្រាប់ពួកគាត់ មិនមែនថា មិនចង់ឱ្យពួកគាត់ចេះទេ ប៉ុន្តែចង់ឱ្យពួកគាត់មានចំណេះដឹងទូទៅឱ្យបានច្រើន ប្រសិនបើគាត់ចាប់របរស្បែកនេះមិនបាន គាត់អាចធ្វើអ្វីផ្សេងបាន កុំឱ្យចេះតែមួយហ្នឹង»។
ដ្បិតថា មុខរបរលក់ចម្លាក់ស្បែកមិនបានចំណូលច្រើនដែលអាចឱ្យលោកក្លាយទៅជាអ្នកមានទេ ប៉ុន្តែលោកថា៖ «ខ្ញុំសប្បាយចិត្តដោយយើងធ្លាប់ក្រធ្លាប់លំបាក ចង់ឱ្យគេជួយ តែឥឡូវយើងមានកិត្តិយស គេហៅថា គ្រូ កូនសិស្សមានឡាន ម៉ូតូល្អៗជិះទៅ គេថា នេះជាឆ្នាំងបាយដែលខ្ញុំផ្តល់ឱ្យពួកគេខ្ញុំសប្បាយចិត្ត»។
បន្ថែមពីលើនេះ លោកក៏មានបំណងចង់បើកជាសារមន្ទីរស្បែកមួយ ដែលជាកន្លែងដាក់តាំងស្បែកគ្រប់ប្រភេទមានការពន្យល់ និងមានការអនុវត្តផ្ទាល់ ពោលគឺលោកចង់ឱ្យក្លាយជាកន្លែងពិរព័រណ៍សម្រាប់សិល្បៈតែម្តង។
សូមបញ្ជាក់ថា ល្ខោនស្រមោលស្បែកធំ ជាសិល្បៈខ្មែរមួយបែប មានកំណើតតាំងពី ស.វទី ១ និងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥៕