ភ្នំពេញ: ភាព​យន្ដ​ឯកសារ​ ស្ដីពី​របាំ​ព្រះ​រាជ​ទ្រព្យរឿង «​ទេព​ហត្ថា» ឬ “The Perfect Motion” ត្រូវបាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​ក្រោម​ព្រះ​រាជ​វត្ដមាន​ព្រះ​មហាក្សត្រ​កម្ពុជា កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី ២៦ ខែ​មីនា នៅ​សាល​សន្និបាត​ចតុមុខ​ ក្នុង​ពិធី​សមោសរ​នៃ​មហោ​ស្រព​ភាព​យន្ដ​អន្ដរ​ជាតិ​កម្ពុជា​លើក​ទី១២​។


ភាពយន្ដ ​«​ទេព​ហត្ថា» រយៈ​ពេល​ ១ ម៉ោង ​២៦ ​នាទីផ្ដោត ​លើ​សាច់រឿង​សំខាន់​ចំនួន​ ២ ជា​ការ​បង្កើត​ក្បាច់​របាំ​​ «នាង​វឌ្ឍ​នា​ទេវី»ដោយ​ព្រះ​រៀម​នរោត្ដម​ បុប្ផា​ទេវី ជា​ស្នា​ព្រះ​ហស្ដចុង​ក្រោយ​របស់​ទ្រង់​ និង​ប្រវត្ដិ​របាំ​ព្រះ​រាជ​ទ្រព្យតាំងពី​ឆ្នាំ ​១៩០៦​។


លោក ជា សុភាព នាយក​ប្រតិបត្តិ​ នៃ​មជ្ឈ​មណ្ឌល​ធន​ធាន​សោត​ទស្សន៍​បុប្ផាណា បាន​ក្រាប​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​​ក្នុង​ពិធី​បើកសម្ពោធ​សមោសរ​ថា​៖ «​ពិធី​សមោសរ​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជារៀបចំឡើង​ដើម្បី​ចាប់ផ្តើម​រដូវ​កាល​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជាដោយ​បង្ហាញជូន​ភាពយន្ត​ដ៏​ពិសេស​មួយ​ក្រោម​ចំណងជើង​ថា​ «​ទេព​ហត្ថា​» ដឹកនាំ​រឿង​ដោយ​លោក Xavier Delauzane​»។​


លោក​បាន​បន្ដថា​ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) ជា​ព្រឹត្តិការណ៍​ភាពយន្ត​ដ៏​ធំ​និង​ល្បី​ជាងគេ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជានិង​នៅ​អាស៊ីអាគ្នេយ៍ដែល​បង្ហាញ​ខ្សែភាពយន្ត​យ៉ាងច្រើនហើយ​ទទួល​ស្វាគមន៍​សមិទ្ធ​ករ​ភាពយន្តនិង​ភ្ញៀវ​កិត្តិ​យស​​មកពី​ទូទាំង​ពិភព​លោក​។


មហោស្រព​ភាព​អន្តរជាតិ​កម្ពុជា គឺជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​ផលិតករ​ភាពយន្តសមិទ្ធ​ករ​ភាពយន្តអ្នកបច្ចេកទេស​ភាព​យ​ន្ត​សិល្បករ​និង​ទស្សនិក​ជន​ជាតិ​និង​បរ​ទេស​។

ជា​ផ្នែក​មួយ​នៃ​​ការ​ចាប់​ផ្ដើម​មហោស្រព​ភាព​អន្តរជាតិ​កម្ពុជា​ការ​ដាក់សម្ពោធភាពយន្ដរឿង «​ទេព​ហត្ថា​» ត្រូវបាន​ផលិត​ឡើង​ក្រោម​ព្រះ​រាជ​ស្នាព្រះហត្ថរបស់​សម្ដេច​ព្រះ​រៀម​ នរោត្ដមបុប្ផា​ទេវីកាលពី​ ៥ ឆ្នាំមុន ​​ដោយ​មាន​​ផលិត​ករ​ជន​ជាតិ​បារាំងលោក Delauzane និង​​លោក Pierre Kogan ជា​អ្នកស្រឡាញ់​វិស័យ​សិល្បៈ​បុរាណខ្មែរ​ និង​ជា​ផលិតករ​ភាពយន្ដ​ដែល​រស់​នៅ​ប្រទេស​កម្ពុជា​ ៨​ ឆ្នាំ។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ លោក Delauzane បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ថា​៖ «​៥ ​ឆ្នាំ​មុន​ក្នុង​សាល​ [ចតុមុខ​] តែ​មួយ​នេះ​សម្តេច​រាជ​បុត្រី​ព្រះរៀមនរោត្តមបុប្ផាទេវីបាន​បង្ហាញ​​ព្រះ​រាជ​ស្នា​ព្រះហត្ថ​ចុងក្រោយ​ «​នាង​វឌ្ឍ​នា​ទេវី» ដែល​ជា​ព្រះ​រាជ​កិច្ច​ដ៏​ជោគ​ជ័យ​ដែល​ត្រូវ​បាន​ចាត់​ផ្សាយ​នៅ​​ប្រទេស​បារាំង​ និង​ស្វ៊ីស»។

លោក​បាន​បន្ដ​ថា៖ «ដោយ​ឧទ្ទិស​ដល់​ព្រះ​រាជ​ស្នា​ព្រះ​ហត្ថ​របស់​ទ្រង់​ ព្រះ​អង្គ​បាន​រក្សា​កេរដំណែល​របាំ​ព្រះរាជ​ទ្រព្យ​ឱ្យ​ស្ថិត​ស្ថេរ​គង់​វង្ស​រាប់​ពាន់​ឆ្នាំ​។ ទាំងនេះ​ គឺជា​ផូស្ទើរ​​បើក​សម្ពោធ​នៃ​ភាពយន្ដ​ ដែល​ខ្ញុំ​ម្ចាស់​មាន​កិត្ដិយស​បាន​បង្ហាញ​ដល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​រួម​ទាំង​សម្ដេច​ទ្រង់​ ឯកឧត្ដម​នា​ថ្ងៃ​នេះ​»។

ផលិតករ​ជនជាតិ​បារាំងបាន​ឱ្យដឹង​ថា ​សិល្បៈ​មាន​តម្លៃ​សកល​ រឿង​ «​ទេព​ហត្ថា» ឬ“The Perfect Motion” មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេប៉ុន្ដែ​ថែម​ទាំងអំពី​ភាព​សារៈសំខាន់​រវាង​អត្ដសញ្ញាណ​មនុស្ស​ជាតិនិង​ភាព​ច្នៃ​ប្រឌិត​នៃ​សិល្បៈ​។

ដោយ​ដក​ស្រង់​សម្ដី​នាដកា​វ័យក្មេង​កញ្ញាសុខណាលីសជា​តួ​អង្គ​ ១ ​រូប ​នៅ​ក្នុង​ភាពយន្ត​ «ទេពហត្ថា» និង​ជាតួ​អង្គ​ឯក​ (តួប្រុស) ក្នុង​ទស្សនីយ​ភាព ​«​នាង​វឌ្ឍនាទេវី» ​និយាយ​ថាវប្បធម៌​រលត់ ជាតិ​រលាយវប្បធម៌​ពណ្ណរាយ​ ជាតិ​ថ្កើង​ថ្កាន។ លោកDelauzane បន្ថែម​ថារបាំ​ព្រះ​រាជ​ទ្រព្យត្រូវ​បាន​លើក​តម្កើង​ភាព​ថ្លៃ​ថ្នូរនិង​មោទនភាព​របស់​ខ្លួន​ឡើង​វិញ​ ក្រោយ​របប​ខ្មែរ​ក្រហម​ ដោយមាន​ជំនួយ​ពី​សម្ដេច​ព្រះ​រៀម​ នរោត្ដម​បុប្ផាទេវី​ ក៏ដូចជាគ្រូ​របាំ​បុរាណ​ជាច្រើន​ទៀត​។ភាព​យន្ដ​នេះ ​គឺជា​ឧទ្ទិស​ដល់​ពួកគេ​។

​ដើម្បី​ឱ្យ​ទស្សនិកជន​បាន​ស្គាល់​ទូលំទូលាយភាពយន្ដ​ឯកសារ​នេះត្រូវ​បាន​ដាក់​ចំណង​ជើង​ជា​ភាសា​ខ្មែរ​។ នៅ​ក្នុង​ការ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​បើក​សម្ពោធ​ជាផ្លូវការរាល់​បទ​សម្ភាសន៍ និង​រូបភាព​វីដេអូ​ត្រូវបាន​ប្រើ​ជាភាសា​អង់គ្លេសនិង​បារាំង។ ផលិតករ​បារាំងបាន​ឱ្យ​ដឹង​ថាវាជា​ភាពយន្ដឯកសារ​លើក​ដំបូង​នៅ​កម្ពុជាដែល​ត្រូវបាន​ចេញ​ផ្សាយ​ជា​សៀវភៅ​បែប​អប់រំ​ ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈសម្រាប់​គ្រូ​បង្រៀន​​។

វា​បាន​ផ្ដល់​នូវ​គោល​ការណ៍​ណែនាំ​ និង​សកម្មភាព​ផ្សេងៗ​សម្រាប់​សិស្ស​សាលា​តាម​ថ្នាក់​រៀន​នានា​។សៀវភៅ​រឿង​នេះត្រូវបាន​ផ្ដល់​អម​ជាមួយ​ការ​បញ្ចាំង​ភាពយន្ដ​ ដែល​ធ្វើ​ឱ្យ​សម្ភារ​ទាំង២ ​ក្លាយជា​ឧបករណ៍​អប់រំ​។វាមាន​ទាំងភា​សា​ខ្មែរ​អង់គ្លេស​និង​បារាំង​ និង​អាច​ដោនឡូត​​តាម​អ៊ីន​ធឺណិត​បាន​ដោយ​ឥត​គិត​ថ្លៃ​។

​ពាក្យ​ពេចន៍​ចុង​ក្រោយ​នៅ​ក្នុង​ភាពយន្ដ​​ត្រូវបាន​​អ្នក​គ្រូ​ សូភីលីនបាន​​លើក​ឡើង​ថា៖​ «​តើ​ទម្រង់​សិល្បៈ​ដ៏​យូរ​លង់​នេះ​អាច​បាត់​បង់​ឬទេ? វា​មិន​ត្រឹម​តែ​ជា​ការ​បាត់​បង់​សម្រាប់​ប្រជាជាតិ​កម្ពុជា​នោះទេតែ​ក៏​សម្រាប់​ពិភព​លោក​ទាំង​មូល​ផង​ដែរ​»។

រឿង «​ទេព​ហត្ថា» ឧទ្ទិស​ដល់​វីរភាព​ដ៏​វិសេស​របស់​សម្ដេច​ព្រះ​រៀមនរោត្ដមបុប្ផា​ទេវីដែល​ទ្រង់​បាន​ពលី​ព្រះ​កាយពល​ជា​ច្រើន​ចំពោះ​របាំ​ព្រះ​រាជទ្រព្យ​សម្រាប់​ជា​មរតក​វប្បធម៌​ដល់​កម្ពុជា។

​រឿង «​ទេព​ហត្ថា» នឹង​ចាប់​ផ្ដើម​ដាក់​បញ្ចាំងចាប់​ពី​ថ្ងៃទី ១ ខែ​មេសា ខាងមុខ​នេះ​ ​នៅ​តាម​រោង​ភាព​យន្ដ​​ទាំង​អស់​ទាំង​ក្នុង​រាជ​ធានីភ្នំពេញនិង​បណ្ដា​ខេត្ដ​នានា​ ជាមួយ​ភាសា​ខ្មែរសម្រាប់​ភ្ញៀវ​ជាតិនិង​ភាសា​អង់គ្លេស​ សម្រាប់​ភ្ញៀវ​អន្ដរជាតិ​៕