សៀមរាបៈ ចម្លាក់​ស្រទបចេក​ ឬ​ឆ្លាក់​ស្រទបចេក​ជា​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​ជា​សិល្បៈ​កេរដំណែល​របស់​ដូនតា​ខ្មែរ និង​ចាត់ទុកថា​ជា​ជំនាញ​ប្រពៃណី​បន្ត​ពី​ ១ ​ជំនាន់​ទៅ​ ១ ​ជំនាន់ ពិសេស​អ្នក​ភូមិ​ពាម​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។​


​សិល្បៈ​ឆ្លាក់​ស្រទបចេក​មួយ​នេះ គេ​តែង​និយម​ធ្វើ​នៅពេល​មាន​ពិធី​បុណ្យទាន​ផ្សេងៗ​សម្រាប់​ជា​គ្រឿង​តុបតែង​លម្អ​អាសនៈ តម្កល់​ព្រះ​ពុទ្ធរូប ពិធី​ចម្រើន​ព្រះជន្ម និង​សម្រាប់​លម្អ​មឈូស​តម្កល់សព​ជាដើម​។​

​ជា​កូន​កសិករ​ដែលមាន​មាឌធំ​ក្រអាញ និង​មាន​សម្បុរ​ខ្មៅ​កម្ពស់​ ១ ​ម៉ែត្រ ​៦៥ បុរស​ម្នាក់នេះ​គឺជា​ជាង​ឆ្លាក់​ស្រទបចេក​ឈ្មោះ ​ជា វុ​ធ អាយុ ​៤៤ ​ឆ្នាំ រស់នៅ​ភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្ត​សៀម​រាប​។ លោក​បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ធ្វើ​ជាជាង​​សិល្បៈ​ឆ្លាក់​ស្រទបចេក​នេះ​អស់​រយៈពេល​ជាង ​២០ ឆ្នាំ មកហើយ​ដែល​ការចេះ​នេះ​គឺ​បន្ត​ពី​គ្រូ​ជា​ដូនតា​ម្ចាស់​ស្រុក​រស់នៅ​ក្នុងភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក​។​


​លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​ការរៀន​សិល្បៈ​ចម្លាក់​ស្រទបចេក​ឬ​ចាក់​ចេក​នេះ​ទៀតសោត​បើតាម​ទំនៀមទម្លាប់​ប្រពៃណី​បុរាណ​រៀងមក គឺ​មានជំនឿថា ចំពោះ​អ្នក​ដែល​ចង់​រៀន​ត្រូវតែ​រៀបចំ​បាយសី​ ១ ​គូ ស្លាធម៌​ ១ ​គូ មាន​ម្លូ​ ៤​ សន្លឹក តំណាងឱ្យ ៤​ ទិស និង​ក្បាលជ្រូក ១ ​ផង​។​


​លោក​បាន​និយាយថា​៖ «​សិល្បៈ​ចាក់​ចេក​នេះ​យើង​មិន​ចេះតែធ្វើៗ​ទេ ពីព្រោះ​វា​បង្កប់​នូវ​ជំនឿ​ទៀតផង តែបើ​បុគ្គល​ណា​ម្នា​ក់រៀន​គ្មាន​គ្រូ និង​មិន​រៀបចំ​សែន​ថ្វាយ​គ្រូ​ទេ​ក៏ត្រូវ​ជួប​គ្រោះ​ចង្រៃ​ឬ​បើ​ដូច្នេះ​ក៏​ចាក់​ឆ្លាក់​មិន​ស្អាត​ដែរ​»​។​


​លោក​បាន​បន្តថា សិល្បៈ​ធ្វើ​ចម្លាក់​ពី​ស្រទបចេក​មាន​ទម្រង់​ក្បាច់​ច្រើនបែប​ដូចជា​បើ​ធ្វើ​សសរ​គឺ​លោក​ត្រូវ​ឆ្លាក់​ក្បាច់​ភ្ញី​វ​ល្លិ៍ ក្បាច់​កិន្នរ និង​ក្បាច់​ភ្ញី​ហក់​។ បើ​ប្រើ​សម្រាប់​ធ្នឹម​វិញ គេ​ឆ្លាក់​ក្បាច់​ក្លាំពូ ក្បាច់​ដក​ចន្ទ ផ្កា​ចន្ទ និង​ក្បាច់​ភ្ញីទេស​ឬ​ភ្ញី​វ​ល្លិ៍​ជាដើម​។​ចម្លាក់​ស្រទបចេក​នេះ​គឺ​គេ​ប្រើ​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ទាន ផ្សេងៗ​ក៏ដូចជា បុណ្យសព​ក៏​គេ​ប្រើ​ចម្លាក់​ស្រទបចេក​បានដែរ សម្រាប់​តែង​លម្អ​មឈូស​។​

​បើតាម​លោក​ជា វុ​ធ ទោះជា​បច្ចុប្បន្ន​មាន​ការវិវឌ្ឍ​ជឿនលឿន​ផ្នែក​ដេ​គ័​រ​តុបតែង​តាមបែប​ស៊ី​វិ​ល័យ​យ៉ាងណាក្តី តែ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ពួក​ភាគច្រើន​នៅតែ​និយម​ចូលចិត្ត​សិល្បៈ​ចម្លាក់​ស្រទបចេក​នេះ​ណាស់​។​ជាទូទៅ​ឱ្យតែ​ធ្វើ​ពិធីបុណ្យ​អ្វីមួយ​មិន​ថា​ជា​ពិធីបុណ្យ​តូច​ឬ​បុណ្យ​ធំ​នោះទេ​គឺ​ប្រជាពលរដ្ឋ​តែងតែ​ប្រើ​ចម្លាក់​ស្រទបចេក​ដាក់តាំង​នៅក្នុង​ពិធី​ស្ទើរតែ​គ្រប់កន្លែង​។​

​ចំពោះ​សម្ភារ​សម្រាប់​ឆ្លាក់​ស្រទបចេក​លោក​ជា វុ​ធ ប្រាប់ថា មានកាំបិត​ចិតបន្លែ​មុខស្រួច​ ១ និង​មាន​ដើម​ឫស្សី​ដែល​ទើបនឹង​បែក​ស្លឹក​ដើម្បី​យ​កវាម​កមូរ​សម្រាប់​ដោត​ធ្វើជា​ឆ្អឹង​។ រីឯ​ដើម​ចេក​វិញ គឺ​គេ​រក​ដើម​ចេក​ណា​ថ្លោសៗ​ដែល​ដុះ​ត្រង់​ល្អ​ហើយ​គេ​យក​បានតែ​ចេកជ្វា​ប៉ុណ្ណោះ​ពីព្រោះ​ដើម​ចេក​ប្រភេទ​នេះ​សម្បក​វា​ធន់​នឹង​កម្ដៅថ្ងៃ ហើយ​វា​មាន​សម្បក​ស​ស្អាត ប៉ុន្តែ​មិន​កំណត់ថា​ត្រូវយក​ប៉ុន្មាន​ម៉ែត្រ​ជា​គោល​ទេ ព្រោះ​អាស្រ័យ​ទៅតាម​រាន​ប្រារព្ធ​ពិធី តែបើ​រាន​វែង​ក៏ត្រូវ​ការ​ដើម​ចេក​វែង​ដែរ​។​

​លោក ជា វុ​ធ បាន​បញ្ជាក់ថា ស្រទបចេក​ដែល​ឆ្លាក់​រួចហើយ​ទុក​បានយូរ​ឬ​មិន​បានយូរ​គឺ​អាស្រ័យ​ទៅតាម​រដូវ​កាល​ដូចជា​រដូវក្តៅ គឺ​ទុក​មិនបាន​យូរ​ទេ តែបើ​ខែកត្តិក​ឬ​រដូវ​ត្រជាក់​វិញ អាច​ទុក​បាន​៣​ថ្ងៃ​។​ដោយសារតែ​គេ​ដឹងថា​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ចេះ​ឆ្លាក់​ស្រទបចេក ហើយដោយ​ភាពល្បីល្បាញ​តៗ​ផង​នោះ​លោក​ក៏​ត្រូវបាន​គេ​ហៅ​ទៅ​ឆ្លាក់​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​មាន​ទាំង​ខេត្ត​ជិត​និង​ខេត្ត​ឆ្ងាយ​ក៏​គេ​ហៅ​លោក​ទៅ​ដែរ​។

​ចំពោះ​ខេត្ត​ណា​ឆ្ងាយ​គឺ​លោក​យក​តម្លៃ​ពលកម្ម​ ១៥០០​ ដុល្លារ ព្រោះ​លោក​មាន​ក្រុមការងារ​រហូតដល់ ​១៥​ នាក់​សុទ្ធតែ​ចេះ​ជំនាញ​ឆ្លាក់​ទៅតាម​ផ្នែក​នីមួយៗ តែបើ​នៅក្នុង​ស្រុក​ក្នុង​មូលដ្ឋាន​វិញ​លោក​យក​ថ្លៃ ​៥០០​ ដុល្លារ​ប៉ុណ្ណោះ​។​ចំពោះ​ដើម​ចេក​វិញ​បើ​ចេញទៅ​ឆ្លាក់​នៅតាម​ខេត្ត​ឆ្ងាយៗ​គឺ​លោក​មាន​រថយន្ត​សម្រាប់​ដឹក​ចន្លោះ​ពី​ ២០​ ទៅ​ ៣០​ ដើម​ដើម្បី​ធ្វើ​ចម្លាក់​ទៅតាម​ទំហំ​ដែល​ម្ចាស់​កម្មវិធី​ត្រូវការ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​ខ្ញុំ​ទទួលស្គាល់ថា ប្រទេស​យើង​សព្វថ្ងៃ​រីកចម្រើន​ច្រើន ហើយ​ចំពោះ​អ្នក​នៅ​តំបន់​ផ្សេងៗ​ខ្ញុំ​មិនដឹងថា​យ៉ាងម៉េច​ទេ តែ​ប្រជាជន​នៅ​តំបន់​ខ្ញុំ​មាន​ជំនឿ​លើ​ចម្លាក់​ស្រទបចេក​នេះ​ណាស់​។ ដោយ​សារ​ពួកគេ​មានជំនឿថា ជា​កេរ​ដំណែល​ប្រពៃណី​បុរាណ​ផង ហើយ​ពួកគាត់​ចង់​អភិរក្ស​វា​ដូច​ខ្ញុំ​ដែរ ម្យ៉ាង​កាលណា​ចាក់ចេញ​ជា​ក្បាច់​ទៅ​វា​តុបតែង​មើលទៅ​ស្រស់​ណាស់​»​។​

​លោក​បាន​បញ្ជាក់ទៀតថា កន្លងមក​លោក​ក៏​ធ្លាប់​ត្រូវបាន​សព​សម្តេច​ជា ស៊ីម ហៅ​លោក​ឆ្លាក់​ក្នុង​ពិធីបុណ្យ​ធំៗ​ដែរ បន្ទាប់​សម្តេចព្រះ​ឧ​ត្ត​ម​បញ្ញា ដូង ផង់ និង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាដើម​។ របរ​មួយ​នេះ​មិន​រើស​ពេលវេលា​ទេ ពោល​គឺអាច​រកបាន​គ្រប់​រដូវ​កាល​ទាំង​រដូវវស្សា ទាំង​រដូវប្រាំង ហើយ​ក្នុង​ ១​ ខែៗ​លោក​អាច​ទទួល​ឆ្លាក់​បាន​ពី​ ២ ​ទៅ​ ៣ រោង​ដែរ​។ ទោះ​យ៉ាង​ណា​លោក​ក៏មាន​បង្រៀន​ដល់​យុវជន​ជំនាន់​ក្រោយៗ​ដែរ​ដើម្បី​ថែរក្សា​សិល្បៈ​ចម្លាក់​បុរាណ​នេះ​ឱ្យបាន​នៅ​គង់វង្ស​។​

​ពាក់ព័ន្ធ​មុខរបរ​នេះ លោកស្រី ជា សំនៀង ជា​មេឃុំ​ដូន​កែវ បាន​ថ្លែងថា ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ដូន​កែវ​ទាំងអស់​ក្រៅពី​របរ​ធ្វើស្រែ​ពួកគាត់​មាន​របរ​ចម្លាក់​ស្រទបចេក​មួយទៀត​ដែលជា​សិល្បៈ​តំណ​តាំងពី​ដូនតា​មក​។​អ្នកភូមិ​ពី​ ១​ ជំនាន់​ទៅ​ ១​ ជំនាន់​តែងតែ​រក្សា​ជំនាញ​នេះ​បាន​រហូតមក​ហើយដោយ​សារ​របរ​នេះហើយ​បានធ្វើឱ្យ​គ្រួសារ​របស់​ពលរដ្ឋ​ភាគច្រើន​មាន​ជីវ​​ភាព​ធូរធារ​។​

​លោកស្រី​បានឱ្យដឹងថា​៖ «​ក្នុង​ឃុំ​ដូន​កែវ​ប្រមាណ​ជា​៤០០​គ្រួសារ​ឯណោះ​។​ហេតុដែល​ពួក​គាត់​នៅតែ​ប្រកប​ជំនាញ​នេះ​ដោយសារ​ពួកគាត់​នៅមាន​ជំនឿ​ដែល​មិន​ត្រឹមតែ​ជា​ចម្លាក់​មើលទៅ​ល្អមើល​ទេ តែ​វា​បាន​បង្កប់​នូវ​ជំនឿ​យ៉ាង​មុតមាំ​ពី​ដូនតា​របស់​ពួកគាត់​ទៀត​»​។​

​លោក ស៊ី​យ៉ុ​ន សុភា​រិ​ទ្ធ អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា អ្វីដែល​បានបង្ហាញ​កន្លងមក​នូវ​ចម្លាក់​ស្រទបចេក ហើយ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ដូន​កែវ​កំពុងតែ​ធ្វើ​នោះ​គឺ​ក្នុងន័យ​ចង់ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង​ទូទៅ និង​ឱ្យ​ស្គាល់​អំពី​ក្បាច់ចម្លាក់​នេះ​។​បើជា​ទ្រឹស្តី​ក្នុងន័យ​ជា​អ្នក​ស្រាវជ្រាវ​វិញ​គេ​ហៅថា​ជា​សំ​ណង់​មិន​អចិ​ន្រៃ្ត​យ៍​ដែល​ចម្លាក់​នេះ​ល្អ​ប្រណីត​ណាស់​។​

​លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ​មនុស្ស​មិនសូវ​ចាប់អារម្មណ៍​ទេ សូម្បីតែ​សាដក​ក៏​លែង​ធ្វើ​ខ្លួនឯង​អស់ហើយ​ដែរ តែបើ​ពី​ដើម​គេ​ធ្វើ​ខ្លួនឯង​សម្រិតសម្រាំង​ណាស់ ព្រោះ​គេ​យល់ថា គេ​គិតថា អា​​ហ្នឹង ​(​សាដក​)​ បាន​កុសលផល​បុណ្យ​ខ្លាំងណាស់​ទៅ​ជាតិ​មុខ​។​ចំពោះ​ចម្លាក់​ស្រទបចេក​នេះ​បើ​បងប្អូន​ណា​ចាប់អារម្មណ៍​ក៏​គួរតែ​អភិរក្ស​ទៅ​»៕