​ភ្នំពេញៈ បន្ទាប់ពី​សិក្សា​ផ្នែក​បដិសណ្ឋារកិច្ច និង​ធ្វើការ​ ១០ ​ឆ្នាំ​ក្នុង​វិស័យនេះ លោក Xavier De Lauzanne បាន​ផ្លាស់ប្តូរ​អាជីព និង​ងាក​មក​មើល​ភាព​យន្ត​វិញ​។ ចាប់តាំងពី​ពេល​នោះមក​លោក​បាន​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​ជា​ចម្បង​សម្រាប់​វិស័យ​ភាពយន្ត​នៅ​ប្រទេស​​បារាំង និង​ក្រៅប្រទេស​។

«​ទេព​ហត្ថា​» ជា​ភាពយន្ត​ឯកសារ​ទី​២ ដែល​លោក​បាន​ថត​នៅ​កម្ពុជា​បន្ទាប់ពី​រឿង ​«Les Pepites /Little gems» ​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ PSE ទទួលជោគជ័យ​យ៉ាងខ្លាំង​នៅ​ប្រទេស​បារាំង​។ បន្ទាប់មក​លោក​ត្រូវ​បញ្ចប់​ភាពយន្ត​ឯកសារ​ទី ​៣ ដែល​ថត​រវាង​ស៊ី​រី​និង​អ៊ី​រ៉ា​ក់ ស្តីពី​ការកសាង​ឡើងវិញ​ក្រោយ​សង្គ្រាម​។ Lauzanne ក៏​កំពុង​សរសេរ​ស៊េរី​ឯកសារ​ស្តីពី​កំណើត​នៃ​សកម្មភាព​មនុស្ស​ធម៌​សម័យ​ទំនើប​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០​។

​ខណៈ​រឿង ​«​ទេព​ហត្ថា​»​ កំពុង​ចាក់​បញ្ចាំង​នៅតាម​រោងកុន និង​ត្រៀម​បញ្ចាំង​នៅ​ទូទាំងប្រទេស ផលិតករ​ជនជាតិ​បារាំង​និយាយ​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ភាព​យន្ត​ឯកសារ​ទី​ ២ ដែល​លោក​បាន​ផលិត​នៅ​កម្ពុជា​។​


​តើ​មាន​អ្វី​ជំរុញ​ទឹកចិត្ត​លោក​ឱ្យ​ផលិត​ភាពយន្ត​ឯកសារ​នេះ​?

​ខ្ញុំ​នឹក​ស្រមៃ​ដល់​ភាពយន្ត​អំពី​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ឆ្នាំ​​ ២០១៧ ពេល​ខ្ញុំ​បាន​ជួប​ព្រះអង្គម្ចាស់ តេ​សូ​ស៊ីសុវត្ថិ ជា​ព្រះហស្ដ​ស្តាំ​របស់​សម្ដេចព្រះរៀម ន​រោ​ត្ដម បុប្ផា​ទេវី​។ លោក​បាន​បើកទ្វារ​របាំ​ព្រះរាជ​ទ្រព្យ​ឱ្យ​ខ្ញុំ​ស្វែងយល់​។ បន្ទាប់មក​ខ្ញុំ​បានធ្វើការ​ជាមួយនឹង​លោក Pierre Kogan ដែល​រស់នៅ​ប្រទេស​កម្ពុជា​យូរ​ជាង​ខ្ញុំ និង​ជា​អ្នក​ដែល​ស្គាល់​សិល្បៈ​ក្នុងស្រុក​យ៉ាងច្បាស់​។


​យើង​បានធ្វើការ​ស្រាវជ្រាវ​មួយចំនួន ហើយ​បានដឹង​ពី​ភាព​សម្បូរបែប​នៃ​របាំ ក៏ដូចជា​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​។ ប៉ុន្តែ​វា​គឺជា​រឿង​រ៉ាវ​នៃ​ការជួបគ្នា​រវាង Auguste Rodin និង​អ្នករាំ​របាំ​ព្រះរាជ​ទ្រព្យ​របស់​រាជវង្ស​ក្នុង​ឆ្នាំ​ ១៩០៦​ នៅ​ទីក្រុង​ប៉ារីស​ដែល​ញ៉ាំង​ចិត្ត​ខ្ញុំ​ឱ្យ​ចាប់ផ្តើម​ដំណើរ​ផ្សងព្រេង​នេះ​។

ទំនាក់ទំនង​រវាងរ​បាំ​ព្រះរាជ​ទ្រព្យ និង​បារាំង​តែងតែមាន​ភាពជិតស្និទ្ធ ហើយ​ខ្ញុំ​ថែមទាំង​អាច​និយាយបានថា វា​ជាការ​​ទទួលស្គាល់​អ្នករាំ​របាំ​នៅ​បរទេស ដែល​បាន​ជួយ​ដល់​ការរស់រាន​នៃ​ទម្រង់​សិល្បៈ បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ​-អ្នកគ្រូ​របាំ ជាពិសេស​សម្ដេចព្រះរៀម បុប្ផា​ទេវី​។​

​តើ​សារៈសំខាន់​ក្នុង​ខ្សែ​ភាព​យន្ត​នេះ​ជា​អ្វី​?

​តាមរយៈ​ភាពស្រស់ស្អាត និង​ការរស់រានមានជីវិត​នៃ​សិល្បៈ​ដូនតា ខ្សែភាពយន្ត​នេះ​គឺជា​ការបង្ហាញ​នូវ​អត្តសញ្ញាណ​។ និមិត្តសញ្ញា ​២​ ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា គឺ​អង្គរវត្ត និង​អ្នករាំ​អប្សរា​។ សារៈសំខាន់​នៃ​វប្បធម៌​សម្រាប់​ឥទ្ធិពល​នៃ​ជាតិ​សាសន៍​មួយ​ត្រូវបាន​វាយតម្លៃ​ទាប​ពេក​ដោយ​អាជ្ញាធរ​សា​​ធារ​ណៈ​។ សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ និង​ព្រះមហាក្សត្រី​កុសុមៈ ទ្រង់​ជ្រាប​ច្បាស់​អំពី​រឿង​នេះហើយ​ទ្រង់​បានធ្វើ​ទំនើប​កម្ម​របាំ​ព្រះរាជ​ទ្រព្យ​ដើម្បី​លើក​តម្កើង​ឥទ្ធិពល​ពេល​កម្ពុជា​ត្រូវបាន​គេ​ហៅថា​ «​គជ់​នៃ​អាស៊ី​»​។

​សព្វថ្ងៃនេះ បន្ទាប់ពី​មាន​ភាពច្របូកច្របល់​ខ្លាំង​ពេលដែល​បញ្ហា​វិស័យ​សិល្បៈ​បានក្លាយ​ជា​រឿង​មិនសូវ​សំខាន់​ភាពយន្ត​រំឭក​យើង​ថា ដើម្បី​កសាង​ជាតិ​ឱ្យ​ធំ​ដែល​ប្រជាជនមាន​មោទន​ភាព​ចំពោះ​វា​វប្បធម៌​ត្រូវតែ​ក្លាយជា​អាទិភាព​ម្តងទៀត​។​

​តើ​លោក​បាន​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​ក្នុងពេល​ផលិតភាព​យន្ត​ឯកសារ​នេះ​?

​មាន​បញ្ហា​ប្រឈម​ធំ​ ២ ​ក្នុងការ​ផលិតភាព​យន្ត​នេះ​។ ទី​១​ គឺ​ហិរញ្ញវត្ថុ​។ អ្នកមាន​ហិរញ្ញវត្ថុ​វិនិយោគ​តិចតួច​ណាស់​នៅក្នុង​វប្បធម៌​។ វា​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ស្វែងរក​ដៃគូ​ដែល​ព្រម​មកជា​មួយ​យើង ហើយ​ខ្ញុំ​សូម​អរគុណ​ពួកគេ​ដោយស្មោះ​។

​ទី​២​ គឺ​សិល្បៈ​! តើ​ធ្វើ​ដូចម្តេច​ដើម្បី​ផលិតភាព​យន្ត​អំពី​សិល្បៈ​សម្រាប់​ប្រជាជន​ខ្មែរ ដែល​និយាយ​ភាសា​ខ្មែរ​ស្រាប់​? ខ្ញុំ​ចង់​ផ្តល់ឱ្យ​ភាពយន្ត​នូវ​ទិដ្ឋភាព​ជាស​កល ព្រោះ​សម្រាប់​ខ្ញុំ រឿងនេះ​ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការទទួល​បានការ​លើកតម្កើង​ឡើងវិញ បន្ទាប់ពី​បាត់បង់​អ្វីៗ​ទាំងអស់​។ គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​របស់ខ្លួន ប៉ុន្តែ​តែងតែមាន​ហានិភ័យ​នៃ​ការបាត់បង់ ដោយ​សារ​តែ​សម័យ​ទំនើប និង​សង្គ្រាម​។

​នៅក្នុង​លក្ខខណ្ឌ​នៃ​ទម្រង់​សិល្បៈ​ដើម្បីឱ្យ​ភាសា​មាន​លក្ខណៈ​ជា​សកល​ខ្ញុំ​បានចាត់ទុក​ខ្សែ​ភាព​យន្ត​នេះ​ជា​សហ​សញ្ញា​រវាង​វប្បធម៌ ដោយ​បច្ចេកទេស​ពី​រោង​កុន និង​គំនូរ​សិល្បៈ​របស់លោក Rodin ជាមួយនឹង​កាយវិការ​បច្ចុប្បន្ន​រប​ស់​អ្នករាំ និង​សមាស​ភាព​ផ្សេងៗ​។​ភាពយន្ត​ឯកសារ​ចាប់ផ្តើម​ចាក់​បញ្ចាំង​នៅ​ប៉ុន្មាន​ថ្ងៃមុន​។​

តើ​លោក​មើលឃើញ​មានការ​ចាប់អារម្មណ៍​ច្រើន​ឬទេ ជាពិសេស​យុវវ័យ​?

​ភាពយន្ត​នេះ ចាប់ផ្តើម​ចាក់​បញ្ចាំង​បានល្អ​ណាស់​នៅក្នុង​រោងកុន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នេះ និង​មានមតិ​ឆ្លើយតប​ដ៏​ច្រើន​ពី​ប្រជាជន​កម្ពុជា និង​បរទេស​គ្រប់​ជំនាន់​។ មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ព្រួយ​បារម្ភ​។ យើង​បាន​ជួប​យុវជន​នៅ​ពិធីបុណ្យ​ភូមិ និង​មហោស្រព​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ «​ទេពកោសល្យ​ស្នាដៃ​លើក​ទី​៥ (​មរតក​ទាំង​ ៥)»​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ពួកគេ​ទាំង​អស់​គ្នា​បាន​ប្រាប់​យើង​ថា ពួក​គេ​សប្បាយចិត្ត​ណាស់​ដែល​បាន​ទស្សនា​រឿង​មួយ​ដែល​ពួកគេ​ដឹង​តិចតួច ប៉ុន្តែ​វា​ជា​វប្បធម៌​របស់​ពួកគេ​។

​សំខាន់បំផុត​ពួកគេ​ទាំងអស់គ្នា​និយាយ​អំពី​មោទនភាព​នៃ​វប្បធម៌​បន្ទាប់ពី​បាន​ទស្សនា​ភាពយន្ត​។ ការ​ទស្សនា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​តាមរយៈ​សិល្បៈ​គឺជា​រឿង​ថ្មី​ដែល​ធ្វើឱ្យ​ពួកគេ​ទទួលបាន​ជាពិសេស​។ ម្យ៉ាងវិញទៀត​ពួកគេ​ភាគច្រើន​មិនដែល​ឃើញ​ភាពយន្ត​ឯកសារ​ក្នុង​រោងកុន​ទេ ហើយ​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​គេ​ចូលចិត្ត​!​គេ​មើលឃើញថា ភាពយន្ត​នេះ​ជា​ភាពយន្ត​ពិត​តាំងពីដើម​រហូតដល់​ចប់​។​

តើ​ការផលិត​ភាពយន្ត​ឯកសារ​នេះ​បានផ្ដល់​គុណ​តម្លៃ​អ្វីខ្លះ​?

​ការធ្វើការ​ដើម្បី​អនាគត និង​ដើម្បី​យុវជន​ធ្វើឱ្យ​ខ្ញុំ​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​។ ប៉ុន្តែ​ការផលិត​ភាពយន្ដ​នេះ​បាន​ផ្ដល់នូវ​គុណ​តម្លៃ​ជាច្រើន​ទៀត​។ ការទទួល​ស្គាល់​ពី​ព្រះករុណា​ជា​ម្ចាស់​តម្កល់​លើ​ត្បូង​ព្រះបាទ​បរមនាថ​​នរោត្តម សីហមុនី និង​ព្រះរាជបន្ទូល​នៃ​សេចក្តី​សប្បុរស​ដ៏​ក្រៃលែង​ដែល​ទ្រង់​មានបន្ទូល​ប្រាប់​ខ្ញុំ​អំពី​ភាពយន្ត​បន្ទាប់ពី​ការចាក់​បញ្ចាំង​នៅ​ចតុមុខ​បានធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។

​ឃើញ​ក្រុមគ្រួសារ​ទាំង​ជីតា​ឪពុកម្តាយ និង​ចៅៗ​ទៅ​រោងកុន​ទស្សនា​រឿងនេះ​ពិតជា​ធ្វើឱ្យ​ខ្ញុំ​រំភើប​ខ្លាំងណាស់​។ ព្រោះ​ការ​បង្កើត​ភាពយន្ត​នេះ​ក៏​ជា​ចំណងមិត្តភាព​ក្នុង​គ្រួសារ​។ ភាពយន្ត​ដែល​អាច​ប្រមូលផ្តុំ​គ្នា​បាន​ច្រើន​ជំនាន់ ហើយ​ដែល​អាច​និយាយ​ដោយ​សេរី​ជាមួយគ្នា​មាន​មិន​ច្រើន​ទេ​។ ខ្ញុំ​ក៏​រំជួលចិត្ត​ផងដែរ​ចំពោះ​សក្ខីកម្ម​របស់​ជនបរទេស​ដែល​រកឃើញ​នូវ​ទិដ្ឋភាព​ដ៏​ពេញចិត្ត​នៃ​ប្រទេស​កម្ពុជា​ដែល​ពួកគេ​បានដឹង​តិចតួច​ហើយ​ដែល​ធ្វើឱ្យ​ពួកគេ​កោតសរសើរ​។​

តើ​លោក​បាន​រៀន​អ្វីខ្លះ​ពី​របាំ​ព្រះរាជ​ទ្រព្យ​?

​ខ្ញុំ​បាន​រៀន​ពី​ការ​រាំ​របាំ​ព្រះរាជ​ទ្រព្យ ភាពសម្បូរ​បែប​ដ៏​អស្ចារ្យ​របស់​វា​លើសពី​ការចាប់អារម្មណ៍​តែ​ដំបូង​ដូច​ជនបរទេស​ទូទៅ​ដទៃ​។ កាយវិការ​បង្កប់​អត្ថន័យ និង​អារម្មណ៍ ពិតជា​ខុសប្លែក​ពីអ្វី​ដែល​យើង​មាននៅ​អឺរ៉ុប​។​Auguste Rodin នៅ​ប៉ារីស​និង Georges Groslier នៅ​ភ្នំពេញ​បាន​ពន្យល់​វា​យ៉ាង​ល្អ​នៅ​ដើម​សតវត្សរ៍​ទី​ ២១ នេះ​។​វា​ពិតជា​កម្រ​មាននៅ​បស្ចិម​ប្រទេស​សម្រាប់​របាំ​ដែល​ទាក់​​ទង​ទៅនឹង​ទេវ​ភាព​។ ខ្ញុំ​មាន​អារម្មណ៍​គោរព​យ៉ាងខ្លាំង ចំពោះ​ភាព​ពិសិដ្ឋ​នៃ​របាំ​នេះ​។ «​ទេព​ហត្ថា​» ដែល​មានន័យថា «​ដៃ​សួគ៌ា​» លើកតម្កើង​ភាព​​ពិសិដ្ឋ​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ច្រើនជាង​ចំណងជើង​ជា​ភាសា​អង់​គ្លេ​ស និង​បារាំង​៕