ភ្នំពេញៈ ​បើទោះជា​រូបគំនូរ​បង្ហាញ​ពី​ថ្វីដៃ​មិន​ស្រស់ស្អាត​និង​គ្មាន​ភាពរស់រវើក​ដូច​រូបគំនូរ​បច្ចុ​ប្បន្ន​ក្តី​ ប៉ុន្តែ​តាមរយៈ​គំនូរ​នីមួយៗ​បាន​រៀបរាប់​ពី​ពុទ្ធប្រវត្តិ​និង​រឿង​ជាតក​ ហើយ​តាមរយៈ​គំនូរ​នេះ​បាន​ដាស់​អារម្មណ៍​យុវជន​ឱ្យ​នឹក​ដល់​អតីតកាល​នៃ​ជំនាន់​នីមួយៗ​ដែរ​។​ នោះ​គឺជា​ព្រះវិហារ​ចំណាស់​មួយ​មាន​អាយុកាល​ ៥៨ ​ឆ្នាំ នៃ​វត្ត​បឹង​កោះ​ស្រែប្រាំង​ ស្ថិតនៅ​ភូមិ​ដំណាក់​ត្របែក​ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។

បើ​គេ​សម្លឹងមើល​ព្រះវិហារ​វត្ត​ស្រែប្រាំង​ពី​ចម្ងាយ​មុននឹង​ចូលដល់​បរិវេណ​វត្ត​ គេ​នឹង​ឃើញ​កំពូល​ព្រះវិហារ​មាន​ទម្រង់​ក្បាច់​បុស្បុក នៅលើ​កំពូល​ព្រះវិហារ​មាន​រូបព្រហ្ម​មុខ​ ៤ ​និង​ឆត្រ​រួត​ ៥ ​ថ្នាក់​។​ ព្រះវិហារ​នេះ​មាន​ហោ ជាង​ចំនួន​៣ គឺ​នៅ​ខាង​មុន​មាន​សរសេរ​ព្រះនាម​ចៅអធិការ​វត្ត​ព្រះនាម​អ៊ួ​ច មូល ខាងក្រោយ​និង​នៅ​ទិស​ខាងជើង​ដែល​ហោ​ជាង​នីមួយៗ​រំលេច​ដោយ​ក្បាច់ចម្លាក់​និង​ក្បាច់​ផ្កា​ផ្ញី​។​ចំណែក​នៅ​ផ្នែក​ខាងក្នុង​វិញ​គេ​ឃើញ​នៅលើ​ជញ្ជាំង មាន​គំនូរ​ជាង​៥០​ផ្ទាំង​ដែលជា​រូបគំនូរ​និទាន​ពី​ពុទ្ធប្រវត្តិ​និង​គំនូរ​ប្រហែល​ ៤០ ​ផ្ទាំង​ផ្សេងទៀត​និយាយ​ពី​រឿង​ជាតក ជាមួយ​រូបគំនូរ​សាសនា​ផ្សេងៗ​ផង​។


ព្រះចៅអធិការ​វត្ត​បឹង​កោះ​ស្រែប្រាំង ព្រះនាម កៅ ខេមរា ព្រះជន្ម ៤១ ​វស្សា​បាន​មាន​ថេរ​ដីកា​ប្រាប់ភ្នំពេញ​ប៉ុស្តិ៍ឱ្យ​ដឹង​ថា វត្ត​បឹង​កោះ​ស្រែប្រាំង មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​៦​អង្គ ​ហើយ​នៅក្នុង​វត្ត​ក៏មាន​ព្រះវិហារ​ចំណាស់​១​ដែរ​ដែល​បាន​កសាងឡើង​អំឡុង​ឆ្នាំ​១៩៦៥​ ដែលនៅពេលនោះ​ប្រទេស​កម្ពុជា​កំពុងមាន​សង្គ្រាម​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​។​ ចៃដន្យ​ពេល​កំពុង​កសាង​ស្រាប់តែ​សង្គ្រាម​ខ្មែរក្រហម​មកដល់ ​ហើយ​ត្រូវ​ផ្អាក​កសាង​ចាប់តាំងពី​ពេល​នោះមក​។​


ព្រះអង្គ​មាន​ថេរ​ដីកា​បន្តថា​៖«​ព្រះវិហារ​ហ្នឹង​ធ្វើ​មិនទាន់​ហើយ​ទេ​ ធ្វើបាន​ប្រហែលជា​៨០​ភាគរយ​ប៉ុ​ណ្នឹ​ង​ទេ​ ព្រោះ​សម័យ​សង្គ្រាម​មកព្រឹប​ទៅ​រត់ចោល​ទាំង​ជាង​ទាំង​លោក​អស់​ទៅ​។​អ៊ីចឹង​វិហារ​ទុកចោល​ធ្វើ​អត់​ទាន់​រួចរាល់​ទេ​»​។​

ព្រះអង្គ​មាន​ថេរ​ដីកា​បន្តទៀតថា ពេលមុន​សង្គ្រាម​មកដល់​ក្រុម​ជាង​បាន​ឆ្លាក់​ក្បាច់​នៅ​ផ្នែក​ដំបូល រួចរាល់​អស់​ហើយ​។​ ចំណែក ស៊ុមទ្វារ​និង​ស៊ុមបង្អួច​នៅ​ទិស​ខាងលិច​កាលនោះ​ជាង​បាន​ឆ្លាក់​រួច​ដែរ​តែ​នៅ​ទិស​ពី​ខាងជើង​ និង​ទិស​ខាងត្បូង​នៅ​មិនទាន់​ឆ្លាក់​រួចរាល់​។​ចូល​មកដល់​ឆ្នាំ​១៩៧៩​ដែល​ប្រទេស​ត្រូវបាន​រំដោះ​ទាំងស្រុង​ពី​របប​ខ្មែរក្រហម​មក​ព្រះវិហារ​នេះ​ត្រូវ​ទុកចោល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

ព្រះអង្គ​កៅ ខេមរា​មាន​ថេរ​ដីកា បញ្ជាក់ថា​ ចំពោះ​ព្រះវិហារ​១នេះ​មាន​បណ្តោយ​ប្រហែល​១៨​ម៉ែត្រ​និង​ទទឹង​៩​ម៉ែត្រ​ដែលមាន​ទាំង​គំនូរ​និង​ក្បាច់ចម្លាក់​ផ្សេងៗ​គឺ​នៅ​រក្សា​ទម្រង់​ដើម​ទាំងអស់​។​ប៉ុន្តែ​ព្រះអង្គ​ធំ​ដែល​បាន​តម្កល់​នៅក្នុង​ព្រះវិហារ​ត្រូវបាន​ពួក​ខ្មែរក្រហម​យកទៅ​វាយចោល​ទម្លាក់​ក្នុង​ទឹកស្រះ​អស់ហើយ​ដោយសារ​នៅ​ជំនាន់​នោះ​ខ្មែរក្រហម​បាន​យក​ធ្វើជា​រោង​ម៉ាស៊ីនកិនស្រូវ​។​រីឯ​រូបគំនូរ​ខ្លះ​ពួកវា​បាន​យក​កំបោរ​ស​ទៅ​លាប​ពីលើ​តែ​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​បាន​លាង​ដុស​អាច​មើលឃើញ​រូបគំនូរ​ប្រហែលជា​៩០​ភាគរយ​វិញ​ ​តែ​យ៉ាងណា​ក៏​មិន​ដូចដើម​ដែរ​។​

បើតាម ថេរ​ដីកា ព្រះចៅអធិការ កៅ ខេមរា​ ថា ព្រះវិហារ​ចំណាស់​នេះ​មាន​ចម្ងាយ​ប្រហែលជា​៥​គីឡូម៉ែត្រតែប៉ុណ្ណោះ​ពី​ព្រំដែន​វៀតណាម ​ហើយ​ពេល​មាន​ពិធីបុណ្យ​ទាន​ម្តងៗ​ដូចជា​បុណ្យកឋិន​ បុណ្យចូលឆ្នាំ​ ឬ​បុណ្យ​ផ្សេងៗ​ក៏មាន​ប្រជាពលរដ្ឋ​វៀតណាម​ឆ្លង​មក​ធ្វើបុណ្យ​ដែរ​។​ ព្រះវិហារ​ចំណាស់​នេះ​ទៀតសោត​ ជញ្ជាំង​របស់​វា​ចាក់​បេតុង​មិន​រៀប​ឥដ្ឋ​ទេ ​ហើយ​មកដល់​បច្ចុប្បន្ននេះ​ក៏​នៅតែមាន​សភាព​រឹងមាំ​ដដែល​ទេ ​ពោលគឺ​ពុទ្ធ​បរិ​ស័ព្ទ​អាច​ចូលធ្វើ​បុណ្យទាន​បាន​។​ប៉ុន្តែ​ទោះជា​នៅ​ប្រើប្រាស់​បាន​ក្តី​ក៏​ព្រះអង្គ​ក៏ដូចជា​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត ​រក្សាទុក​ជាស​ម្ប​ត្តិ​បេ​តិ​ភណ្ឌសម្រាប់​ទុកឱ្យ​យុវជន​ជំនាន់​ក្រោយ​មើល​។​

ព្រះអង្គ កៅ ខេមរា​ មានថេរ​ដីកា បន្ថែមថា ​ដោយសារ​វត្ត​ត្រូវ​រក្សា​ព្រះវិហារ​ចាស់​ទុក​ដូច្នេះ​ព្រះអង្គ​បាននិងកំពុង​ឱ្យ​ជាង​សាងសង់​ព្រះវិហារ​ព្រះ​១​ទៀត​ដែលមាន​កម្ពស់​២​ជាន់​ហើយ​ត្រូវ​ចំណាយ​ថវិកា​ប្រហែល​៥០​ម៉ឺន​ដុល្លារ​ឯណោះ​ទើប​សង់​រួច​។​ ដូច្នេះហើយ​ព្រះអង្គ​ក៏​អំពាវនាវ​ដល់​ពុទ្ធ​បរិ​ស័ទដែលមាន​ការជឿ​បុណ្យ​អាច​ចូល​ជា​ប្បច្ច័យ​ទៅតាម​សទ្ធា​ដើម្បី​បាន​ភ្ជាប់​និស្ស័យ​បុណ្យ​ក្នុង​ព្រះពុទ្ធសាសនា​។

​ពាក់ព័ន្ធ​សំណង់​ព្រះវិហារ​ចំណាស់​នេះដែរ​ត្រូវបាន​លោក ពៅ រតនៈ អនុប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​សម្រាប់​ព្រះវិហារ​ដែលមាន​ស្លាកស្នាម​គំនូរ​បុ​រា​ណដូចនេះ​ត្រូវ​ចាត់ទុកជា​បេតិកភណ្ឌ ​ហើយ​។​អ្វីដែល​ចាស់ៗ​ឱ្យតែ​ស្លាកស្នាម​ដែលមាន​អាយុកាល​យូរ​ឆ្នាំ​គឺ​ខាង​មន្ទីរ​ចាត់ទុកជា​បេតិកភណ្ឌ ​ហើយ​ខាង​មន្ទីរ​ក៏មាន​កាតព្វកិច្ច​ការពា​រ​នូវ​វត្ត​បុ​រា​ណ្យ​ចាស់ៗ​ទាំងអស់​នៅក្នុង​ខេត្តកំពត​។​

​លោក​ថ្លែងថា​៖«​ខាង​មន្ទីរ​ធម្មការ ខាង​ក្រសួង​ធម្មការ ខាង​ក្រសួង​វប្ប​ធ​ម៌ និង​ខាង​ក្រសួងមហាផ្ទៃ​ មាន​សេចក្តី​ជូន​ដំណឹង​ដើម្បី​ការពារ​នូវ​វត្ត​ដែលមាន​អាយុកាល​ចំណាស់​មិនឱ្យ​នរណាម្នាក់​អាច​បំពាន​បានទេ​»៕