កណ្ដាលៈ សម្ភារ​កាបូបដៃ កាបូបយួរ កែច្នៃ​ពី​សំពត់សូត្រ ពី​ហូល កាបូប​ចចូត ក្រមា​បង់ក ក្រមា​សម្រាប់​ពានា ប្រើ​ក្នុង​ពិធី​បុណ្យទាន គ្រឿងអលង្ការ​ច្នៃ​ពី​សូត្រ រួមទាំង​វត្ថុ​ប្រើប្រាស់​សម្រាប់​សុភាព​ស្ត្រី​ទាំង​ម៉ូដ​បែប​ខ្មែរ និង​បរទេស​មួយចំនួន​គឺជា​ស្នាដៃ​របស់​ស្ត្រី​ជនពិការ​។ សម្ភារ​ធ្វើ​ដោយ​ដៃ​ទាំងនេះ ក្រៅពី​លក់​ក្នុងស្រុក ក៏បាន​នាំទៅ​លក់​នៅ​បរទេស​ផងដែរ ដូចជា ប្រទេស​ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​ជាដើម​។​

​ក្នុង​សម្តី​រួសរាយ​រាក់ទាក់​ដែល​ខុសពី​សភាព​ដំណើរ​ម្តង​ផ្អៀងខ្លួន ម្តង​ត្រង់ ព្រោះតែ​ពិការ​ជើង​ស្តាំ​ម្ខាង នោះ​គឺ​កញ្ញា កុយ គឹម​ស្រ៊ាង អាយុ​ ២៧ ​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​កោ ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ​ស្ត្រី​ស្វិតជើង​ម្ខាង​ពី​កំណើត​រូបនេះ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​ក៏ដូចជា​ជនពិការ​ផ្សេងទៀត​ដែរ ត្រូវបាន​ម្ចាស់​សិប្ប​កម្ម​មួយ​ឈ្មោះ​មេត្រី គឺ​អ្នកស្រី ញាន ចាន់​វាសនា ជ្រើសរើស​ឱ្យចូល​បម្រើការ​ដេរ​កាបូប និង​សម្ភារ​ផ្សេងៗ​ទៀត​។ រីឯ​ទីតាំង​សិប្បកម្ម​នោះ ​គឺ​ស្ថិតនៅ​ជិត​ពន្ធនាគារ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​គិត​មកទល់ពេលនេះ​គឺ​នាង​បាន​បម្រើការ​ជាង​ ១៥ ​ឆ្នាំ​មកហើយ​។​

​កុយ គឹម​ស្រ៊ាង បាន​រៀបរាប់ថា កាលពី​ចាប់ផ្តើម​ការងារ​ដំបូងៗ គឺ​នាង​មិនទាន់​ចេះ​ដេរ​អ្វី​ទាំងអស់ ហើយ​ក្នុង​សភាព​ជា​ជនពិការ​ដូច​រូបនាង​ទៀត ប្រសិនបើ​ក្រុមហ៊ុន​ផ្សេង​ពីនេះ​ប្រាកដជា​នាង​មិន​បានធ្វើ​ទេ​។​ ក៏ប៉ុន្តែ​ដោយ​ក្តី​អាណិត ម្ចាស់​សិប្បកម្ម​ដែល​ឃើញ​នាង​ជា​ស្ត្រី​ហើយ​ពិការ​ទៀត​នោះ​ក៏បានផ្តល់​ការងារ​ឱ្យ​នាង​ធ្វើ​រហូតមកទល់​សព្វថ្ងៃ​។ បច្ចុប្បន្ននេះ​នាង​អាច​ដេរ​សម្ភារ​ផ្សេងៗ​បាន​គ្រប់​ទម្រង់​ម៉ូដ​ទៅតាម​អតិថិជន​បញ្ជា​ទិញ ហើយ​ដោយសារតែ​អាជីព​មួយ​នេះ ទើប​នាង​អាច​ចិញ្ចឹម​ខ្លួន​បាន​ដល់​សព្វថ្ងៃនេះ​។​


​ស្ត្រី គឹម​ស្រ៊ាង បាន​ប្រាប់ទៀតថា​៖ «​អាច​ថា​គ្រាន់បើ​ជាង​ទៅ​ដើរ​សុំទាន​គេ ហើយ​ពួក​ខ្ញុំ​ធ្វើការ​រកស៊ី​ចិញ្ចឹម​ខ្លួនឯងបាន​។​ចំពោះ​ការផ្តល់​ក្តី​អាណិតអាសូរ​ដល់​ពួក​ខ្ញុំ​គឺ​មានតែ​ភ្ញៀវ​ជួយ​ទិញ​សម្ភារ​ដេរ​របស់​ពួក​ខ្ញុំ​ទេ​»​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ក្នុង​សិប្ប​កម្ម​មេត្រី​នេះ អ្នកស្រី ញាន ចាន់​វាសនា ជា​ម្ចាស់​សិប្បកម្ម​មេត្រី​បាន​រៀបរាប់​ប្រាប់ថា ដំបូង​ឡើយ​អ្នកស្រី​បានធ្វើ​ការងារ​ក្នុង​អង្គការ​មួយ​ឈ្មោះ Women for Women Foundation ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០០៥​។​


​ក្នុង​អង្គការ​មួយ​នេះ មាន​បងប្អូន​ស្ត្រី​ជា​ជនពិការ​មួយចំនួន​ដែល​ពួកគាត់​ជា​អ្នក​ផលិត និង​ដេរ​សម្ភារ​ប្រើប្រាស់​ដូចជា កាបូប​ជាដើម​។ លុះដល់​អំឡុង​ឆ្នាំ​ដែលមាន​ស្ថានភាព​ជំងឺ​កូ​វីដ​រាតត្បាត​ខ្លាំង​នៅ​កម្ពុជា​បានធ្វើឱ្យ​អង្គ​ការ​នេះ​បន្ថយ​សកម្មភាព​ការងារ​របស់ខ្លួន ហើយ​ត្រូវ​កាត់បន្ថយ​បុគ្គលិក​ខ្លះ​ធ្វើឱ្យ​ស្ត្រី​ពិការ​មួយចំនួនរ​ត់ទៅ​ប្រកប​របរ​ផ្សេង​និង​ធ្វើស្រែ​ចម្ការ​នៅតាម​ស្រុក​កំណើត​រៀងៗ​ខ្លួន​វិញ​។

​អ្នកស្រី​បន្តថា នៅពេលនោះ​អ្នកស្រី​បាន​បង្កើតជា​ហាង​មួយ​ឈ្មោះ​មេត្រី​ដើម្បី​ដាក់លក់​ផលិតផល​សម្ភារ​តាម​អន​ឡាញ​។ បន្ទាប់មក អ្នកស្រី​ក៏​ទទួលបាន​ជំនួយ​ពី​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ ​[​សហគ្រិន​ខ្មែរ​] និង​លក់​ផលិតផល​បាន​ពី​ការ​ដេរ​តាម​អន​ឡាញ​ដែល​សិប្បកម្ម​មេត្រី​នេះ​បង្កើតឡើង​នៅ​ចុងឆ្នាំ​ ២០២០​។​

​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ជារឿយៗ​មក​ក៏​មានការ​ស្គាល់ និង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន និង​ពេលខ្លះ​គាត់​មកដល់​ទីតាំង​សិប្ប​កម្ម​ផ្ទាល់​តែម្តង​។​អ្នកស្រី​បាន​ពោលថា​៖ «​មុននឹង​ដំណើរការ​សិប្បកម្ម​នេះ​ខ្ញុំ​គិតថា​ប្រហែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​គាំទ្រ មិន​ប្រើ​របស់​ដែល​ខ្មែរ​ធ្វើ​ទេ តែ​ពេល​គាត់​គាំទ្រ​កាន់តែច្រើន​បែបនេះ​ខ្ញុំ​សប្បាយចិត្ត​»​។​

​បើតាម​អ្នកស្រី ចាន់​វាសនា សិប្បកម្ម​មេត្រី​មាន​ដេរ​ជា​កាបូប​គ្រប់​ប្រភេទ​ដែល​កែច្នៃ​ពី​ហូល ពី​សំពត់សូត្រ ពី​កន្ទេលចចូត ពី​កក់ និង​ពី​ក្រណាត់​ផលិត​ចេញពី​កប្បាស​ឱ្យទៅជា​ផលិត​ផល​ប្រើប្រាស់​ទាំងអស់​។ ក្រៅពីនេះ​អ្នកស្រី​បាន​យក​សំពត់​សូត្រ​កែច្នៃ​ជា​គ្រឿង​លម្អ​ខ្លួន​ប្រាណ​ដូចជា ខ្សែក ខ្សែដៃ ក្រវិល ពោលគឺ​បើ​អតិថិជន​ចង់បាន​អ្វី​គឺ​សិប្បកម្ម​មេត្រី​ធ្វើបាន​ទាំងអស់ ព្រោះថា សម្ភារ​ប្រើប្រាស់ គឺ​សុទ្ធតែ​ធ្វើ​ដោយ​ដៃ​ទាំងអស់​។​

​ចំពោះ​ការលក់​វិញ គឺ​ក្នុង​អំ​ឡុង​ពេល​ប្រទេស​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​ខ្លាំង​អ្នកស្រី​បាន​ព្យាយាម​ផ្សព្វផ្សាយ​លក់​តាម​អន​ឡាញ​ច្រើន ហើយដោយ​សារ​ការ​​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នេះហើយ​ទើប​ធ្វើឱ្យ​ផលិតផល​របស់​អ្នកស្រី​ទទួល​ការគាំទ្រ​ច្រើន​។​

​អ្នកស្រី​បន្តទៀតថា មាន​ផលិត​ផល​ខ្លះ​ក៏​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ ដូចជា កាបូប និង​គ្រឿងអលង្ការ ទៅ​ប្រទេស​អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និង​ទៅ​សហភាព​អឺ​រុ​ប​ជាដើម​។ រីឯ​អតិថិជន​នៅក្រៅ​ប្រទេស​ទាំងនោះ​គឺជា​ជនបរទេស​ទាំងអស់ ហើយដោយ​សារ​ធ្វើ​ដោយ​ដៃ​បែបនេះ​ជួនកាល​គាត់​កុម្ម៉ង​ច្រើន​រហូត​ធ្វើ​មិនទាន់​ឱ្យ​គាត់​ផង​។​

​ចំពោះ​ម៉ូដ​វិញ ដោយសារតែ​អ្នកស្រី​មាន​ជំនាញ​ខាង​ឌី​ហ្សា​ញ​ស្រាប់ ដូច្នេះ​ការ​រចនា​ច្នៃ​ម៉ូដ​គឺ​អ្នកស្រី​ជា​អ្នក​ច្នៃ​ដោយ​ខ្លួនឯង​ទាំងអស់ ប៉ុន្តែ​ក៏មាន​អ្នកជំនាញ​ឌី​ហ្សា​ញ​ពី​ក្រៅប្រទេស​មក​បង្រៀន​ផងដែរ​។​អ្នកស្រី​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ស្ត្រី​ជា​ជនពិការ​ស្វិតជើង​ចំនួន ​១៥ ​នាក់ កំពុងស្នាក់នៅ​ធ្វើការ​ក្នុង​សិប្បកម្ម និង​មាន​ស្ត្រី​ពិការ​ស្វិតជើង​ដូចគ្នា​ប្រមាណ ២០ ​នាក់​ទៀត​កំពុងធ្វើការ​នៅតាម​ផ្ទះ​។ ពេលណា​ពួកគាត់​ដេរ​បានសម្រេច​ជា​ផលិត​ផល​រួចហើយ គឺ​ពួកគាត់​ផ្ញើ​មកកាន់​សិប្បកម្ម​។​

​អ្នកស្រី ចាន់​វាសនា បាន​បន្ថែមថា​៖ «​ដោយសារ​ខ្ញុំ​ចង់​ជួយ​ប្រជាជន​នៅក្នុង​ស្រុក​ផង ម្ល៉ោះ​ហើយ​វត្ថុធាតុដើម​ដែល​ខ្ញុំ​យកមក​ច្នៃ គឺ​សុទ្ធតែ​របស់​ក្នុងស្រុក​ទាំងអស់ ពីព្រោះ​មិនមែន​បាន​ផល​តែ​អ្នក​ផលិត​ទេ តែ​អ្នក​ត្បាញ​ក៏​គាត់​មាន​ការងារ​ធ្វើ រីឯ​អ្នក​ប្រើ​ក៏បាន​ប្រើ​ផលិតផល​ខ្មែរ​សុទ្ធ​ទៀត​»​។​

​បើតាម​អ្នកស្រី ចាន់​វាសនា រាល់​អតិថិជន​ដែល​បានមក​ដល់ទី​តាំង​សិប្បកម្ម ហើយ​បាន​មើលឃើញ​ស្ត្រី​ជា​ជនពិការ​ផ្ទាល់​ភ្នែក គឺ​ពួកគាត់​បាន​សម្តែង​ក្តី​អាណិត និង​មានតែ​ជួយ​លើកទឹកចិត្ត​ដល់​ជនពិការ​ឱ្យ​ខំតស៊ូ​។​ចំណែកឯ​ផលិតផល​វិញ​ក៏​គាត់​មិន​តថ្លៃ​អី​ដែរ ព្រោះថា រាល់​ផលិតផល​នីមួយៗ គឺ​អ្នកស្រី​បានដាក់​តម្លៃ​ល្មម​សមរម្យ​ដែល​អាចឱ្យ​អតិថិជន​ទទួល​យកបាន​។​

​ទាក់ទង​នឹង​សកម្មភាព​ការ​​ងារ​របស់​ស្ត្រីជន​ពិការ​នេះ លោក​ឆេង ឆៃ ចៅសង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ បានឱ្យដឹងថា សិប្បកម្ម​មេត្រី​នេះ​ស្ថិតនៅក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ឫស្សី ហើយ​អ្នកធ្វើការ​ភាគច្រើន​នៅក្នុង​សិប្បកម្ម​នេះ​គឺជា​ស្ត្រី​ពិការ​ដែល​ពួកគាត់​មាន​អាជីព​ជា​អ្នក​ដេរ​កាបូប និង​សម្ភារ​ផ្សេងៗ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគាត់​។​

​លោក​បាន​បន្តទៀតថា កាល​ពី​ប្រទេស​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​រា​ត​​ត្បា​ត​ខ្លាំង​បានធ្វើឱ្យ​ស្ត្រី​ពិការ​ទាំងនោះ​ជួប​ការខ្វះខាត​ស្បៀង​អាហារ​ហូបចុក​។ តែ​ទោះ​យ៉ាង​ណា លោក​ក៏បានផ្តល់​គ្រឿង​ឧបភោគ បរិភោគ​មួយចំនួន​ដល់​ពួកគាត់​ដែរ​ដើម្បី​ជួយ​សម្រាល​ដល់​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក​បាន​ថ្លែងថា​៖ «​ចំពោះ​របរ​ដេរ​កាបូប និង​កែច្នៃ​គ្រឿង​​អលង្ការ​របស់​ពួកគាត់​គឺ​ខ្ញុំ​គាំទ្រ ព្រោះ​ថ្វីបើ​ពួកគាត់​មាន​ភាព​ពិការ​ក៏ពិតមែន តែ​គាត់​មាន​សមត្ថភាព និង​មាន​ជំនាញ​អាជីព​សម្រាប់​ទ្រទ្រង់​ជីវិត​របស់គាត់​បាន​»៕