កំពង់ចាមៈ ជាទូទៅ​សម្បក​កង់​រថយន្ត​ចាស់ៗដែល​ប្រើ​ប្រាស់​លែងកើត​​តែង​ត្រូវបាន​គេ​ចោល​ទៅជា​សំរាម​ឬ​ចាក់ដី​បំពេញ​ដាំ​បន្លែ​ជាដើម​ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ​សម្បក​កង់​រថយន្ត​ចាស់ៗ​ទាំងនោះ​មិនមែនជា​សំរាម​ទៀត​ឡើយ ​ដោយ​វា​ត្រូវ​បានស្ត្រី​ខ្មែរ​ម្នាក់​កែច្នៃ​ទៅជា​ធុង​សម្រាប់​ដាក់​សំរាម​ដ៏​ពេញ​និយម​ទៅវិញ​។​

​មាន​រាង​មូលៗ​ដូច​ក្អម​ទឹក ​រួមជា​មួយ​នឹង​គម្រប​បិទ​​ជិត ដែល​គេ​អាច​ឃើញ​នៅតាម​ទីសា​ធារណៈ​ នោះ​ហើយ​ជា​ធុងសំរាម​កែច្នៃ​ពី​សម្បក​កង់​រថយន្ត​ចាស់ៗ ដោយ​សិប្ប​កម្ម​របស់​អ្នក​ស្រី ​សឿង​ សុថា​រី​។ សិប្បក​ម្ម​កែច្នៃ​សម្បក​កង់​រថ​យន្ត​ចាស់ៗ ដែល​ស្ថិត​នៅ​ស្រុក​ព្រៃឈ​រ ​ខេត្តកំពង់​ចាម មិន​ត្រឹម​តែ​អាច​ជួយ​ទៅដ​ល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ប្រភព​ចំណូល​ក្រុម​អ្នក​ផលិត​ក្នុង​តំបន់​ផង​ដែរ​។​

​អ្នកស្រី ​សឿង សុថា​រី ជា​ម្ចាស់​សិប្បកម្ម​ធុង​បរិស្ថាន​ឬ​ជា​ភាសា​អង់គ្លេ​ស ​Eco-Bin ​បាន​រៀបរាប់​ឱ្យដឹង​ពី​មូល​ហេតុ​ក្នុង​ការ​បង្កើត​អាជីវ​កម្ម​មួយ​នេះនិ​ង​រៀបរាប់​ឱ្យដឹងពី​ហេតុ​ផល​ដែល​អ្នក​ស្រី​តស៊ូ​បន្តដំណើ​រ​ការ​ជាង ១០​ឆ្នាំ​មកនេះ​ដូច្នេះ​ថា​៖«​មូលហេ​តុ​ដែល​ខ្ញុំ​បង្កើត​សិប្ប​កម្មនេះ​ឡើង​គឺ​កើតចេ​ញពី​ក្តី​ស្រឡា​ញ់​ចេញពី​បេះដូង​ និង​បំណង​ចង់​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម​»​។​


​អ្នក​ស្រី សឿង សុថា​រី រៀបរា​ប់​បន្តថា​៖«​ម្យ៉ាង​គឺ​ដោយ​សារ​ឃើញ​កាក​សំណល់​វា​ប៉ះ​ពាល់​ដល់​បរិស្ថាន​ខ្លាំង ដូច្នេះហើ​យ​ទើប​ខ្ញុំ​យល់ថា​ ប្រសិន​បើ​យើង​អាច​កែច្នៃ​ជា​ធុងសំ​រាម​គឺ​ល្អ​ណាស់​ ហើយ​វា​ក៏បាន​ផ្ដល់​ឱកាស​ការងា​រ​ទៅ​ដល់​ប្រជា​ជន​ដែល​រស់នៅក្នុ​ង​តំប​ន់ស្រុកភូ​មិ​ខ្ញុំ​និង​លើស​ពីនេះ​វា​ក៏បាន​ជួយ​លើកស្ទួយ​ផលិត​ផល​ក្នុងស្រុក​ផង​ដែរ​»​។​

​សម្បក​រថយ​ន្ត​ដែល​ត្រូវបាន​គេបោះ​បង់​ចោល ឬ​ឈប់​ប្រើប្រាស់​ទាំងនេះ​ ត្រូវបាន​បុគ្គលិក​នៃ​សិប្បក​ម្ម​មួយ​នេះ​ដើរ​ប្រមូល​ទិញ​ពី​គ្រប់​ទិស​ទីពី​តាម​យាន​ដ្ឋាន​គ្រប់​ខេត្តដើ​ម្បី​កែច្នៃ​ឱ្យ​ទៅ​ផ​លិ​ផល​មាន​ប្រយោ​ជន៍​វិញ​។​


​អ្នកស្រី​ សឿង សុថា​រី បាន​ថ្លែង​បញ្ជាក់​ឱ្យដឹងពី​ដំណើរកា​រ​នៃ​ការផលិត​ថា​៖«​ជំហាន​ដំបូង​គឺ​យើង​មាន​កម្ម​ករ​ដែល​ពួក​គាត់​ដើរ​ប្រមូល​ទិញ​សម្បក​កង់​រ​ថយន្តពី​តាម​យាន​ដ្ឋាន​គ្រប់​ខេត្ត​ក្រុងដោ​យពេល​ខ្លះ​គាត់​ទៅ​ដើរ​ទិញ​អស់​រយៈ​ពេល១​អាទិត្យ​ទៅ​២​អាទិត្យ​អី​ឯ​ណោះ​ហើយ​នៅពេ​លដែ​ល​កង់​រថយន្ត​ប្រមូល​បាន​ហើយ​យើង​បាញ់​លាង​សម្អាត​រួច​ទើប​បន្ត​បញ្ជូន​ទៅ​ផ្នែក​ចៀរ​កង់​ឡាន​»​។​

​អ្នក​ស្រីប​ន្តថា ​បន្ទា​ប់ពី​ជំហាន​ទី​១បញ្ចប់​ទៅ​ដំណើរ​ការ​ក្នុងការ​កែច្នៃ​ដែល​លំបាក​បំផុត​គឺ​ការ​ចៀរ​សម្បក​កង់​រថ​យន្ត​។​

​អ្នកស្រី ​សុថា​រី បញ្ជាក់​ថា​៖«​ដោយ​សារ​ផលិត​ផល​របស់​យើង​គឺជា​ផលិត​ផល​ធ្វើ​ដោយ​ដៃ​សុទ្ធ​យើង​សាក​ស្រមៃ​មើល​ត្រឹម​យក​កាំបិត​ធម្មតា​ទៅ​ចិត​បន្លែ​វា​នៅ​ពិបាក​ចុះ​ទម្រាំ​តែ​យើង​យក​កាំបិត​ទៅ​ចៀរ​ក្រឡា​កង់​រថយន្ត​ដ៏​ក្រាស់ឃ្មឹក​ ដូចជា ​​កង់​រថយន្ត​កុង​តឺន័រ​ដែល​សូម្បី​បង្វិល​មិន​ចង់​រួច​ផង​ ចៀរ​ឱ្យទៅជា​ស្ដើងគឺ​វា​មាន​ការ​លំបាក​ណាស់​»​។

​ម្ចាស់​សិប្បក​ម្ម​ធុង​បរិស្ថាន​រូប​នេះ​បាន​បន្ត​ថា​៖«​បន្ទាប់​ពី​ដំណាក់​កាល​ដ៏​ពិបាក​នេះហើយ​ទើប​យើង​យក​វា​ទៅ​ឈូស​សម្អាត​ឱ្យទៅ​ជា​រលោង​បន្តម​កទៀត​ទើប​បញ្ជូន​ទៅ​ផ្នែក​ដំឡើង​ដែល​មាន​អ្នក​ដំឡើង​ជើង​និង​អ្នក​ដំឡើង​តួខ្លួនដល់​ពេល​រួចរាល់​ហើយ​វា​នឹង​ចេញ​ជា​រូបរាង​ធុង ​តែ​មិនទា​ន់​ទៅជា​ផលិត​ផល​សម្រេច​នៅ​ឡើយ​ទៀត​»​។

​រហូតដល់​ចង្វាក់​ផលិត​កម្ម​ចុងក្រោ​យ​នោះ​គឺ​ការ​លាង​សម្អាត ហា​លថ្ងៃ​​ឱ្យ​ស្ងួត​រួចរាល់​ហើយ ទើប​បញ្ជូន​ទៅ​ផ្នែក​បាញ់​ថ្នាំ ទៅជា​ពណ៌​តាម​ការ​កុម្ម៉ង់​របស់​អតិថិ​ជន និង​បាញ់​ឈ្មោះ​សិប្ប​កម្ម ​ក៏ដូច​ជា​លេខ​ទូរស័ព្ទ​សម្រាប់​ទំនាក់​ទំន​ង​។

​ឆ្លង​កាត់​ដំណាក់កា​ល​កែច្នៃ​ដ៏​វែង​អន្លាយ​ ធុង​បរិស្ថាន​នីមួយៗ​ទាមទា​រ​ពេល​យូរ​ខ្លាំង​ណាស់​ក្នុង​ការផលិត​ ហើយ​អាជីវកម្ម​មួយ​នេះ ធ្លាប់​ឆ្លង​កាត់​ផលប៉ះ​ពាល់​​ខ្លាំង​អំឡុង​ពេល​កូ​វីដ​១៩ តែ​ដោយ​ក្តី​ស្រឡាញ់ ​ការទទួល​ខុសត្រូវ​ចំពោះ​បុគ្គ​លិក និងបេសក​កម្ម​ចំពោះ​បរិ​ស្ថាន ​អ្នក​ស្រី សុថា​រី នៅតែ​ព្យាយា​ម​បន្ត​ដង្ហើម​អាជីវ​កម្ម​នេះ​ត​ទៅ​មុ​ខទៀត​។​

​អ្នកស្រី​ សឿង សុថា​រី បាន​ឱ្យ​ដឹង​ពី​ស្ថាន​ភាព​នៃ​ការ​លក់​នាពេល​នោះ​ថា​៖ «​តម្រូវការ​គឺ​វា​ទៅតាម​ទំនោរ ​ឬ​បរិបទ​សង្គ​ម ដូច​កាលពី​មុនពេ​ល​កូ​វីត​១៩​ ការលក់​របស់​យើង​គឺ​ផ្ទុះ​ខ្លាំង​មែន​ទែន​ យើង​ល​ក់បាន​ច្រើន ១​ខែ​អាច​បាន ១​ពាន់​ធុង​ឯណោះ តែ​ពេល​កូ​វីត​១៩​មក​ដល់​ក្នុង ១​ខែ​យើង​លក់​មិន​បាន​ ១០០​ធុង​ផង​»​។​

​អ្នកស្រី ​បន្តថា​៖ «​គ្រាន់តែ​ថា ប្រជា​ជន​យើង​ឥឡូវ​គាត់​ងាក​មក​ប្រើប្រា​ស់​ផលិត​ផល​កែច្នៃ​ច្រើន ​ជាង​ពីមុន​ដែល​គាត់​ប្រើតែ​ផលិត​ផល​នាំ​ចូល ​ប៉ុន្តែ​ឥឡូ​វនេះ​គាត់​យល់​ពី​គុណ​តម្លៃ​នៃ​ផលិត​ផល​កែច្នៃ​ក្នុង​ស្រុក ដូចជា​ឥឡូវ​នេះ​យើង​ផលិត​លក់​ដាច់​មិន​សូវ​សល់​ដែរ​»​។​

​សម្រាប់​ការ​លក់ ​អ្នក​ស្រី សុថា​រី បាន​ឱ្យដឹង​ថា​៖«​បច្ចុប្បន្ន​យើង​អាច​លក់​មាន​ប្រមាណ ​៥០០​ធុង ដែ​ល​នេះ​វា​គឺ​ស្រប​ទៅតា​ម​លទ្ធភាព​ក្នុងការ​ផលិត​របស់​យើង​ផង​ដែរ ​ប្រសិន​បើ​តម្រូវការ​ច្រើនជា​ង​នេះ​ក៏​យើង​ផលិត​អត់​ទាន់ និយាយ​ឱ្យ​ខ្លី​គឺ​យើង​ផលិត​លក់​អស់ៗ​មិន​ដែល​ចេះ​សល់​ទេ​»​។​

​ទោះយ៉ា​ងណា​​ក្តី តែ​អ្នកស្រី​ក៏​ចង់​សំណូ​មពរ​បន្ថែម​ដល់​អ្នក​ប្រើប្រាស់​ថា សូម​ព្យា​យាម​យល់​ពី​ផលវិ​បាក​នៃ​ច​ង្វាក់​អាជីវ​កម្ម ព្រោះថា​វា​មាន​ផល​វិបាក​ខ្លាំង​ក្នុង​ការ​កែច្នៃ ហើយ​អ្នកស្រី​​ចង់​សំណូម​ពរ​ឱ្យ​ពលរដ្ឋ​ពួតដៃ​គ្នា​ជួយ​អាជីវ​កម្ម​កែច្នៃ​ក្នុង​ស្រុក ព្រោះ​វា​ជា​ផ្លូវ​មួយ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ បង្កើន​ជីវភាព ​និង​បញ្ចៀស​ការ​ចំណាក​ស្រុក​ផង​ដែរ​។

​គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​សិប្ប​កម្ម​ធុង​បរិ​ស្ថាន​-Eco-Bin មាន​ធុង​បរិស្ថាន​ ២​ខ្នាត គឺ​ខ្នាតតូ​ច ១​តម្លៃ​ ៣៥​ដុល្លារ​អាមេ​រិក​ និង​ខ្នាត​ធំ​មួយ​តម្លៃ​ ៤៥​ដុល្លារ​។ លើស​ពីនេះ ​អាជីវ​កម្ម​របស់​លោក​ស្រី​ក៏មាន​ផលិត​ជា​ផលិត​ផល​ដទៃទៀត​ដូច​ជា ​សា​ឡុង​កង់​ឡាន​សម្រាប់​ដាក់​តាំង​លម្អ​ក្នុង​គេហ​ដ្ឋាន ​រូប​សត្វ​កែច្នៃ ​ផើង​ផ្កា ឧបករណ៍​ដាក់​ចំណី​សត្វ​ជា​ដើម ហើយ​ថែម​ទាំង​អាច​ផលិត​ជូន​តាម​ការ​កុម្ម៉ង់​ផ្សេងៗ​របស់​អតិថិ​ជន​បាន​ផង​ដែរ​៕