សិស្សតូចៗចាប់ផ្តើមអនុវត្តផ្ទាល់ពីវិធីជ្រលក់ពណ៌ក្នុងវិស័យវាយនភណ្ឌខ្មែរ
សៀមរាបៈ វាយនភណ្ឌប្រពៃណីកម្ពុជាគឺជាប្រភពនៃមោទនភាពសម្រាប់ប្រជាជនកម្ពុជា ហើយការខិតខំប្រឹងប្រែងអភិរក្សកំពុងត្រូវបានធ្វើឡើង ដើម្បីថែរក្សាសិប្បកម្មដ៏ពិសេសនេះ។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានសហការជាមួយសាលានានាដើម្បីផ្តល់ឱ្យសិស្សនូវបទពិសោធន៍ផ្ទាល់ក្នុងការរៀនជ្រលក់ពណ៌ដែលជាបច្ចេកទេសសំខាន់មួយក្នុងការផលិតវាយនភណ្ឌ។ តាមរយៈភាពជាដៃគូនេះសិស្សានុសិស្សទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីវិស័យវាយនភណ្ឌរបស់កម្ពុជា និងបង្កើតការចងចាំចំពោះសិប្បកម្មបុរាណនេះ។
លោក គឹម មុនីរតនៈ ជាប្រធានកម្មវិធីសិក្សាភាសាខ្មែរនៃសាលារៀនអន្ដរជាតិ GO-GLOBAL School ស្ថិតក្នុងខេត្ដសៀមរាប បានឱ្យដឹងថា៖ «ជាកម្មវិធីមួយនៃកម្មសិក្សាដែលសិស្សានុសិស្សត្រូវចុះកម្មសិក្សានៅតាមទីតាំងផ្សេងៗ។ យើងចង់ឱ្យពួកគាត់ស្វែងយល់បន្ថែមពីវាយនភណ្ឌខ្មែរមានលក្ខណៈខុសប្លែកពីវាយនភណ្ឌប្រទេសផ្សេងៗ»។
លោកបានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ ក៏ដូចជាលោកគ្រូ អ្នកគ្រូចុះកម្មសិក្សា និងស្វែងយល់អំពីវិស័យវាយនភណ្ឌបុរាណរបស់ប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីកាលពីថ្ងៃទី ១៥ ខែឧសភាកន្លងទៅ។ តាមរយៈការសិក្សាដ៏គួរឱ្យទាក់ទាញនេះបានអនុញ្ញាតឱ្យសិស្សានុសិស្សបានជ្រួតជ្រាបចូលទៅក្នុងមរតកវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា និងទទួលបានចំណេះដឹងដ៏មានតម្លៃអំពីសិល្បៈនៃការផលិតវាយនភណ្ឌ។
លោក គឹម មុនីរតនៈ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ការអនុវត្ដផ្ទាល់នេះបានផ្ដល់នូវចំណេះដឹងកាន់តែច្បាស់ និងមានការចងចាំជាងការទស្សនកិច្ចស្វែងយល់តាមរយៈការធ្វើបទបង្ហាញ និងលើសពីការរៀនតែទ្រឹស្ដីនៅក្នុងថ្នាក់រៀន។ វាជាកម្មសិក្សាសម្រាប់សិស្សានុសិស្សតូចៗ តែយើងចង់បណ្ដុះគំនិតពួកគាត់ដើម្បីជាបទពិសោធន៍នៅពេលពួកគាត់បានឡើងទៅថ្នាក់ធំ។ កិច្ចសហការរវាងសាលា និងសារមន្ទីរត្រូវបានសម្របសម្រួលដោយបុគ្គលិករបស់សារមន្ទីរដែលដើរតួជាគ្រូបង្ហាត់សម្រាប់កម្មវិធីនេះ។
យោងតាមលោក សែន គឹមស៊ុន នាយករងស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ការជ្រើសរើសការអនុវត្ដជ្រលក់ពណ៌នេះ ដោយសារវាជាកិច្ចការងាយស្រួលជាងគេក្នុងចំណោមចង្វាក់ផលិតកម្មវាយនភណ្ឌ ដែលកុមារអាចធ្វើបាន។ លោកបាននិយាយថា៖ «ក្រណាត់ ដែលអនុវត្ដជ្រលក់ពណ៌រួចពួកគាត់យកទុកជាអនុស្សាវរីយ៍បាន។ ការជ្រលក់ពណ៌ជាបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសផ្សេងៗក្នុងការផលិតជាវាយនភណ្ឌ»។
អ្នកតម្បាញអាចធ្វើការជ្រលក់ពណ៌មុនពេលត្បាញ ឬក៏ត្បាញរួចទើបជ្រលក់តាមក្រោយក៏បានដែរ។ មិនថាតែកុមារ និងមនុស្សពេញវ័យទេ អ្នកខ្លះមិនបានដឹងច្បាស់អំពីនីតិវិធីក្នុងវិស័យវាយនភណ្ឌនេះទេ។
បន្ថែមពីគម្រោងទស្សនកិច្ចសិក្សានេះលោក គឹមស៊ុន បានឱ្យដឹងថា សារមន្ទីរក៏មានគម្រោងបង្កើតរោងជ្រលក់មួយដែលទទួលការឧបត្ថម្ភពីអង្គការ GIZ របស់អាល្លឺមង់ ដែលទំនងជាអាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៣ ខាងមុខនេះ។ វាសម្រាប់ទទួលភ្ញៀវដែលមានបំណងចង់អនុវត្ដការជ្រលក់ពណ៌លើសរសៃអំបោះ។ ពួកគេអាចមានលទ្ធភាពអនុវត្ដជំនាញខ្លះៗក្នុងវិស័យវាយនភណ្ឌដើម្បីស្វែងយល់ពីចង្វាក់ផលិតកម្ម។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ដំណាក់ដំបូងនេះ យើងបង្រៀនកូនក្មេងសិន ក្រោយមកក្រុមការងារយើងទទួលបានការបណ្ដុះបណ្ដាល។ ពេលយើងមានរោងជ្រលក់ពណ៌ យើងចាប់ផ្ដើមទទួលនិស្សិត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ»។
លោកបន្ដថា ការសិក្សាស្វែងយល់តាមរយៈទ្រឹស្ដី ជាពិសេសការអនុវត្ដផ្ទាល់នេះ សិស្សានុសិស្សទទួលបានការបណ្ដុះគំនិតឱ្យយល់ដឹងអំពីអ្វីជាវាយនភណ្ឌ។ ជាទូទៅ ពួកគេគ្រាន់តែដឹងអំពីការស្លៀកពាក់ ដោយមិនបានដឹងច្បាស់អំពីនីតិវិធីនៃការផលិត។
ការជ្រលក់ពណ៌នេះពិតជាសំខាន់ណាស់ក្នុងការរំលេចនូវសម្រស់សម្លៀកបំពាក់។ លោកនិយាយថា៖ «នៅប្រទេសកម្ពុជាយើង វិស័យវាយនភណ្ឌក៏មានប្រវត្ដិយូរលង់ណាស់ដែរ។ យើងចង់លើកតម្លៃនៃការងារតម្បាញ ជាពិសេស វិស័យសូត្រនៅកម្ពុជាដល់ប្រជាពលរដ្ឋបានយល់ដឹងច្បាស់ពីព្រោះវាយនភណ្ឌមិនសូវមានការផុសផុល និងពេញនិយមពីស្រទាប់យុវជនទេ។
លោកលើកឡើងថា ចំពោះប្រពៃណីខ្មែរ ការចងគៀនពិតជាមានភាពល្បីល្បាញណាស់ ដោយការចងគៀននេះជាផ្នែកមួយនៃការជ្រលក់ ពីព្រោះមុនពេលត្បាញចេញជាសំពត់ ឬហូល ឬពិតាន អ្នកតម្បាញត្រូវការចងគៀនលម្អិតដើម្បីរំលេចឱ្យចេញទៅតាមការចង់បាន។
លោក គឹមស៊ុន បានឱ្យដឹងថា សារមន្ទីរដើរតួនាទីជាអ្នកប្រមូលព័ត៌មាន និងបញ្ជូនព័ត៌មានទៅអ្នកទស្សនាអំពីនីតិវិធីនៃការផលិត ព្រមទាំងប្រវត្ដិវាយនភណ្ឌថាតើហេតុអ្វីត្រូវយកវាយនភណ្ឌមកតាំងនៅសារមន្ទីរ ដោយការចែករំលែកនៃការផលិតក៏ដូចជាវត្ថុធាតុដើម ដែលអាចនាំយកវិធីសាស្ដ្រអតីតកាលមកប្រើប្រាស់នៅបច្ចុប្បន្នកាល។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សតូចៗទាំង ៤០ នាក់ត្រូវបានណែនាំឱ្យស្គាល់ពីពិភពវាយនភណ្ឌដោយផ្ដោតសំខាន់លើការជ្រលក់ពណ៌ជាចម្បង។ លោកមុនីរតនាបាននិយាយថា៖ «វាជាបទពិសោធន៍ដ៏គួរចងចាំសម្រាប់អ្នកសិក្សាជាកុមារតូច ហើយយើងរំពឹងថា វានឹងក្លាយជាចំណេះដឹងមូលដ្ឋានគ្រឹះមួយនៅពេលពួកគេឈានដល់ថ្នាក់ឧត្ដមសិក្សា»។
សិស្សានុសិស្សទាំងនោះក៏ត្រូវបានណែនាំឱ្យស្គាល់ផលិតផលសមុច្ច័យទាំង ១១ មុខដូចជាកន្សែងសូត្រចំនួន ៤ និងសំពត់ហូលចំនួន ៥ និងហូលពិតានចំនួន ២ ដែលបានចម្លងចេញពីគោមបុរាណខ្មែរទាំងនេះក្នុងបំណងអភិរក្សថែរក្សាសិល្បៈតម្បាញខ្មែរ ជាពិសេសហូលពិតាន ដែលកំពុងថយចុះគួរឱ្យព្រួយបារម្ភ។ កេរដំណែលក្បាច់រចនានៅលើផលិតផលតម្បាញបែបបុរាណត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងក្នុងរបបខ្មែរក្រហម។
សិស្ស-និស្សិតភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅស្វែងយល់ពីកេរដំណែល និងស្នាដៃរបស់បុព្វបុរសខ្មែរដែលសិប្បករខ្មែរបច្ចុប្បន្នបន្ដអភិរក្ស និងផលិតឡើងជាថ្មី៕