វិចិត្រករគំនូរតាមចិញ្ចើមផ្លូវ ព្យាយាមយកស្នាដៃទៅតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍

ភ្នំពេញ: លោក លាវ គឹមឈត អាយុ ៥៥ ឆ្នាំ ជាវិចិត្រករពិការដៃម្ខាង មកពីខេត្តបាត់ដំបង បានក្លាយជាបុគ្គលគួរឱ្យចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរនៅផ្លូវមាត់ទន្លេ។
លោកជួបការលំបាកផ្នែកហិរញ្ញវត្ថុនិងមិនទាន់មានឱកាសបង្ហាញការងារនៅក្នុងវិចិត្រសាលនៅឡើយរយៈពេលជាង៣០ឆ្នាំមកនេះ។ ទោះជាយ៉ាងនេះក្តី ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅក្នុងសិល្បៈនិងការតាំងចិត្តដើម្បីជោគជ័យ ដោយលោកគឹមឈត ប្រាថ្នាចង់បង្ហាញស្នាដៃរបស់ខ្លួននៅក្នុងពិព័រណ៍វិចិត្រសាល។
នៅពេលសួរថា តើលោកនឹងធ្វើការតាំងពិព័រណ៍ឬអត់ប្រសិនបើមានអ្នកឧបត្ថម្ភ ឬអ្នកសហការនោះលោកគឹមឈត បាននិយាយថា លោកសប្បាយចិត្តជាពន់ពេក ក្នុងការធ្វើគម្រោងនេះឱ្យកើតឡើង។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខ្ញុំពិតជានឹងបង្ហាញស្នាដៃរបស់ខ្ញុំនៅក្នុងវិចិត្រសាល ខ្ញុំជាវិចិត្រករអាជីព ហើយខ្ញុំមានបទពិសោធន៍ក្នុងការបង្កើតស្នាដៃខ្នាតធំ ដោយបានចូលរួមក្នុងការផលិតផ្ទាំងរូបភាពសម្រាប់ពិធីសម្ពោធជាផ្លូវការ របស់ណាហ្គារួមទាំងគំនូរពាក្យ «សូមអរគុណ» រួមទាំងកាំជ្រួចនិងបដាស្រាបៀរក្នុងទសវត្សរ៍ឆ្នាំ១៩៩០»។
លោកគីមឈតដែលមានសញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមិនមានឱកាសបង្ហាញស្នាដៃក្នុងការតាំងពិព័រណ៍ទេ ដោយសារបញ្ហាហិរញ្ញវត្ថុ។
វិចិត្រកររូបនេះ តែងតែលក់គំនូររបស់ខ្លួន នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យសាធារណៈ នៅជិតផ្សាររាត្រីក្បែរមាត់ទន្លេក្នុងរាជធានីភ្នំពេញ។
លោកបានច្នៃកង់ដោយបានបន្ថែមរង្វង់មួយទៀត និងដាក់រូបកៀបព្យួរដោយតង្កៀបហាលខោអាវ ដៃម្ខាងកាន់តែចង្កូតនិងជើងទាំងគូធាក់ចេញពីផ្ទះសំដៅមាត់ទន្លេក្បែរផ្សារជារាត្រី ជាទីសំចតរបស់វិចិត្រករចិញ្ចើមផ្លូវវរូបនេះធ្វើការគូរក៏ដូចជាលក់គំនូរតូចៗពីស្នាដៃរបស់លោក។
យ៉ាងណាមិញ ការលក់គំនូរគ្រាន់តែជាការថែរក្សាជំនាញរបស់ខ្លួនប៉ុណ្ណោះ ដោយលោក គឹមឈតបាននិយាយថា ការលក់ស្នាដៃសិល្បៈ មិនអាចធ្វើឱ្យលោកចិញ្ចឹមជីវិតបាននោះទេ។ ប៉ុន្ដែវាក្ដីស្រឡាញ់ចំពោះសិល្បៈនិងថែរក្សាជំនាញរបស់ខ្លួនដែលបានរៀនចេះដឹងកន្លងមក។
លោកបានឱ្យដឹងថា៖ «ក្រៅការគូរគំនូរ ខ្ញុំនៅផ្ទះចិញ្ចឹមមាន់ ចិញ្ចឹមទានៅលើដំបូលផ្ទះ និងដាំដំណាំខ្លះដូចជាចកបាយទានិងស្លឹកបះ»។
លោកគឹមឈតបានឱ្យដឹងថា លោកជាវិចិត្រករគំនូរសេរី ដែលគូរទៅតាមមើលឃើញទិដ្ឋភាពជុំវិញខ្លួន តាមរូបភាព និងការស្រមើស្រមៃ ដោយមិនគូរតាមការកុម្ម៉ង់នោះទេ។
មូលហេតុដែលវិចិត្រករជិះកង់កែច្នៃរូបនេះគូរគំនូរតូចៗ លោកបាននិយាយថា វាជាការតម្រូវទៅតាមភ្ញៀវទេសចរដែលងាយស្រួលទុកដាក់តាមខ្លួន។
លោកបានប្រាប់ថា ដោយសារតែគំនូររបស់លោកលក់ក្នុងតម្លៃថោកពី១ទៅ២ដុល្លារ ការប្រើប្រាស់ពណ៌មិនត្រូវបានធ្វើទៅតាមក្បួនខ្នាតវិចិត្រករនោះទេ។
វិចិត្រករដែលមានដើមកំណើតមកពីខេត្ដបាត់ដំបងបាននិយាយថា៖ «បើតាមជំនាញវិជ្ជាជីវៈខ្ញុំត្រូវប្រិតប្រៀងទាំងថ្នាំពណ៌និងបច្ចេកទេសនៃការគូរដែលធ្វើឱ្យរូបភាពគំនូរមើលពីចម្ងាយកាន់តែច្បាស់ត្រដែតឡើង។ ប៉ុន្ដែដោយសារទីផ្សារគំនូររបស់ខ្ញុំលក់ក្នុងតម្លៃថោក ខ្ញុំមិនសូវបានផ្ចិតផ្ចង់ខ្លាំងនោះទេ»។
លោកគឹមឈតបានធ្លាក់ខ្លួនមានពិការដៃម្ខាងតាំងពីវ័យកុមារ នៅពេលលោកត្រូវបំបែកគ្រាប់បែកក្នុងឆ្នាំ១៩៧៩ ជាវេលាដែលតំបន់ជាច្រើន នៅក្នុងប្រទេសកម្ពុជាមិនទាន់មានសន្ដិភាព។
ក្នុងឆ្នាំ១៩៨១ លោកគឹមឈតបានចាប់ផ្ដើមកាន់ជក់គូរគំនូរ១សន្លឹក សម្រាប់លម្អថ្នាក់រៀន។ ដោយសារដុងដែលលោកទទួលបានពីឪពុក ជាវិចិត្រករ១រូប ស្នាដៃរបស់លោក មានអតិថិជនទទួលទិញ ដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើល ចំពោះការរកចំណូលពីការគូរគំនូរនេះ។
លោកបានរំឭកថា៖ «ខ្ញុំគ្រាន់តែគូរ១សន្លឹកលេង សម្រាប់ដាក់តាំងក្នុងថ្នាក់រៀន ស្រាប់តែមានកូនសិស្សផ្សេងទៀតទិញយក ដែលមានតម្លៃប្រមាណ ៥កាក់»។
សម្រាប់នៅឆ្នាំបន្ទាប់លោកត្រៀមទិញក្រដាស និងខ្មៅដៃគូរតាមគំនូរក្នុងសៀវភៅដោយការព្រាងជាច្រើនលើកច្រើនសារហូតដល់លោកគិតថា វាស័ក្ដិសម ទើបលោកផាត់ពណ៌។
នេះជាវេលាដែលលោកគឹមឈតចាប់ផ្ដើមស្រឡាញ់វិស័យគំនូរ និងបានបន្ដការសិក្សានៅសាកលវិទ្យាល័យវិចិត្រសិល្បៈនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។
លោកបានលើកឡើងថា ទាំងភ្ញៀវជាតិនិងអន្ដរជាតិចូលចិត្ដប្រភេទគំនូររបស់លោកដូចគ្នាឱ្យតែលោកបង្ហាញស្នាដៃដល់ភ្ញៀវ។
យ៉ាងណាមិញលោកទទួលស្គាល់ថា រាល់គំនូររបស់លោកទាំងអស់មិនសុទ្ធតែល្អពេញភ្នែកភ្ញៀវនោះទេ ដោយមានគំនូរខ្លះ ហាក់ដូចភ្លាវសម្រាប់ក្រសែភ្នែកអ្នកជំនាញ។ ប៉ុន្ដែលោកនិយាយថា មិនប្រាកដថា គំនូរមិនល្អមិនអាចរកម្ចាស់បាននោះទេ ដោយសារមនុស្សម្នាក់ស្រឡាញ់ចូលចិត្ដខុសៗគ្នា។
ជាទូទៅលោក គឹមឈតបង្ហាញស្នាដៃគំនូរបែបទេសភាពស្រុកស្រែច្រើនជាងការផ្ដិតយកទិដ្ឋភាពអគារច្រូងច្រាងនៅទីក្រុង។
លោកបានឱ្យដឹងថា៖ «ខ្ញុំមិនសូវគូរគំនូរដែលមានទិដ្ឋភាពអគារទីក្រុងនោះទេលើកលែងវាជាអគារបែបវប្បធម៌និងរំលេចនូវភាពអស្ចារ្យ ហើយណាមួយការគូររូបភាពអគារ ត្រូវការចំណាយពេលយូរ»។
ចំពោះភាពស្រស់ស្អាតនៃគំនូរ លោកបានឱ្យដឹងថា ពេលខ្លះវាមិនសំខាន់លើរូបភាពគំនូរប៉ុន្មានទេតែវាជាពន្លឺថ្លៃ ដែលមានការប្រែប្រួល និងអាចជះឥទ្ធិពលលើសម្រស់នៃគំនូរថែមទៀត។
អ្នកនាងឆន ឌីណា ជាម្ចាស់វិចិត្រសាល សហគមន៍សិល្បៈឆនឌីណា និងជាសិល្បករស្រី១រូបក្នុងវិស័យសិល្បៈសហសម័យរបស់កម្ពុជាមានឱ្យដឹងថា វាជារឿងសំខាន់សម្រាប់សិល្បករដែលត្រូវខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តក្នុងការងាររបស់ពួកគេដើម្បីធានាថា សិល្បៈរបស់ពួកគេមានគុណភាពនិងល្អបំផុត។
ឌីណាប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងតែងតែគាំទ្រសិល្បករក្នុងស្រុកទាំងអាជីពនិងវ័យក្មេងប៉ុន្តែពួកគេត្រូវតែបង្ហាញថា ស្នាដៃសិល្បៈរបស់ពួកគេ មានគុណភាពល្អ»។
ឌីណាដែលស្នាដៃសិល្បៈរបស់អ្នកនាង លើផ្ទាំងក្រណាត់ដោយប្រើប្រាស់ថ្នាំលាបប្រេងមានតម្លៃចាប់ពី៩០០ដុល្លារទៅ២ ០០០ដុល្លារក្នុង១ផ្ទាំង បាននិយាយថា សិល្បករទាំងអស់ ចេះបង្កើតវិធីសាស្ដ្រ និងគំនិតច្នៃប្រឌិតដោយខ្លួនឯង និងមានការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដោយសារមនុស្សជាច្រើនធ្វើសិល្បៈគ្រាន់តែជាចំណូលចិត្ដប៉ុណ្ណោះ។
សិល្បករសហសម័យ ដែលកាលពីខែមេសាកន្លងទៅនេះ បានបង្ហាញសិល្បៈរបស់អ្នកនាងដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប្លាស្ទិកឡើងវិញ និងការបញ្ចូលនិមិត្តសញ្ញានៃបរិស្ថានធម្មជាតិបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សិល្បករដែលជឿជាក់លើខ្លួនឯង១០០ភាគរយ និងខិតខំប្រឹងប្រែង១០០ភាគរយ ទៅក្នុងសិល្បៈរបស់ពួកគេ។
ថ្វីដ្បិតតែរស់នៅក្នុងភាពក្រីក្រនិងពិការដៃឆ្វេងក្នុងរបបប៉ុលពតក៏ដោយក៏លោកគឹមឈត បានបញ្ជាក់ថា លោកជឿថាស្នាដៃសិល្បៈរបស់លោកគួរតែមានតម្លៃដោយផ្អែកលើទេពកោសល្យជាជាងការអាណិតអាសូររបស់ប្រជាជន។
លើសពីនេះលោកគឹមឈត មិនបណ្ដែតបណ្ដោយឲ្យពិការភាពរបស់លោក និងជីវភាពលំបាកប៉ះពាល់ដល់ចំណង់ចំណូលចិត្តគំនូរឡើយ។
ថ្វីដ្បិតតែលោកជួបបញ្ហាប្រឈមក្នុងអាជីពជាអ្នកសិល្បៈតាមដងផ្លូវក៏ដោយក៏លោកគឹមឈតនៅតែប្តេជ្ញាចិត្តក្នុងសិល្បៈរបស់ខ្លួនដដែល។ចំណង់ចំណូលចិត្តរបស់លោកសម្រាប់ការគូរគំនូរនិងបំណងប្រាថ្នាក្នុងបង្ហាញស្នាដៃរបស់លោកនៅក្នុងការតាំងពិព័រណ៍គឺជាសក្ខីភាពនៃទេពកោសល្យនិងការប្តេជ្ញាចិត្តរបស់លោក។
វិចិត្រករគំនូរសេរី លាវគឹមឈតបាននិយាយថាលោកសង្ឃឹមថា ថ្ងៃណាមួយដោយមានការគាំទ្រពីអ្នកឧបត្ថម្ភឬអ្នកសហការ លោកនឹងអាចបង្ហាញស្នាដៃនៅក្នុងវិចិត្រសាលនិងចែករំលែកទស្សនៈល្អៗរបស់ខ្លួនទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ៕