អ្នកគាំទ្រនៅកម្ពុជា បានជួបតារាថៃក្នុងដួងចិត្ដនៅកម្មវិធី Meet & Greet

ភ្នំពេញ: ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ ៥ និងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 7HD ថៃ បានរៀបចំកម្មវិធី Meet & Greet ដោយមានការចូលរួមពីសំណាក់តារាសម្ដែង ៤ ដួង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាកាលពីថ្ងៃទី ២២ ឧសភា។
តារាសម្ដែងថៃប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 7HD ដែលមានវត្ដមានក្នុងភាពយន្ដភាគត្រូវបានដាក់បញ្ចាំងនៅទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ ៥ គឺ Pattaradet Sa-nguankwamdee (Mike), Usamanee Waitayanon (Kwan), Varitthisa Limthammahisorn (Thisa) និង Jinn Jinna (Jin)។
នៅក្នុងកម្មវិធី Meet & Greet នេះ លោក Supachai Verapuchong ជាស្ថាបនិកទូរទស្សន៍កងយោធពលខេមរភូមិន្ទ បានថ្លែងថា៖ «ពិតជាឱកាសដ៏ល្អនាថ្ងៃនេះ ដែលយើងបានបើកសម្ពោធកម្មវិធីបញ្ចាំងភាពយន្ដភាគថៃនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ហើយតើលោកអ្នកដឹងទេថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤-១៩៩៥»។
ដោយមានការចូលរួមពីក្រុមអ្នកគាំទ្ររាប់រយនាក់ តារាសម្ដែងទាំង ៤ ដួង ក៏បានផ្ដល់បទសម្ភាសន៍អំពីបទពិសោធន៍ការងារ ការថតភាពយន្ដ និងចែករំលែកការកម្សាន្ដសប្បាយតាមរយៈការរៀននិយាយភាសាខ្មែរ។
កម្មវិធី Meet & Greet មានការចូលរួមជាអធិបតីពីឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ទាំង២ ក៏ដូចជាវត្តមានភ្ញៀវកិត្ដិយស និងអ្នកគាំទ្រជាច្រើនរូបទៀត។
លោក Cherdkait Atthakor ជាឯកអគ្គរាជទូតថៃ បានថ្លែងថា៖ «ជម្រាបសួលោក លោកស្រី អ្នកនាង កញ្ញាទាំងអស់គ្នាក្នុងបន្ទប់នេះ ខ្ញុំមានក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្ដិការដ៏ជោគជ័យរវាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ និងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 7HD»។
លោកបានបន្ដថា៖ «ខ្ញុំសង្ឃឹមថា វិស័យកម្សាន្ដរវាងប្រទេសយើងទាំង២កាន់តែរីកចម្រើនរួមគ្នាចាប់ពីពេលនេះតទៅ»។
លោក Pongrith Chantraporn សហស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនសម្ព័ន្ធ VCAN បានឱ្យដឹងថា ចំនួនអ្នកទស្សនាភាពយន្ដភាគថៃមានការកើនឡើងជាលំដាប់។
លោកបាននិយាយថា៖ «យើងមានកិច្ចសហការជាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ មិនមែនដោយសារតែស្ថានីយទូរទស្សន៍នេះមានសេវាគ្របដណ្ដប់លើផ្ទៃប្រទេសតែមួយមុខប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានវ័យចំណាស់ផងដែរ។ លើសពីនេះ លោក Supachai គឺជាស្ពានទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងថៃ។ យើងនឹងនាំភាពយន្ដភាគថៃល្អៗមកកាន់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ជាបន្ដទៀត»។
នៅក្នុងឱកាសនោះ ភាពយន្ដភាគថៃចំនួន ២៧ រឿង ដោយខ្លះកំពុងតែមានវត្ដមាននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ និងខ្លះទៀត ត្រៀមដាក់បញ្ចាំងនាពេលខាងមុខ ត្រូវបានបង្ហាញឈុតខ្លីៗសម្រាប់ក្រុមអ្នកគាំទ្រ ដែលមានបំណងចង់តាមដានរឿងភាគថ្មីៗ។
នៅចុងបញ្ចប់កម្មវិធីក្រុមអ្នកគាំទ្រនៅកម្ពុជាក៏បានថតរូបជាអនុស្សាវរីយ៍ជាតារាក្នុងដួងចិត្ដរបស់ខ្លួន ដោយបង្ហាញនូវស្នាមញញឹម និងផ្ដល់ភាពកក់ក្ដៅផងដែរ។
កញ្ញា វ៉ែន សៀងលី ជាសមាជិកក្រុមអ្នកគាំទ្រម្នាក់ ដែលបានត្រៀមខ្លួន១សប្ដាហ៍មុន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ក្រោយបានថតជាមួយតារា Kwan ថា៖ «ខ្ញុំពិតជារំភើបខ្លាំងមែនទែនដែលបានជួប និងថតរូបជាមួយពួកគាត់ផ្ទាល់។ ខ្ញុំថតជាមួយពួកគាត់ទាំង ៤ នាក់»៕