ការបង្ហាញរូបភាពសម័យនគរភ្នំនាំឱ្យមានការរំជួលចិត្ដពីអ្នកទស្សនា
ភ្នំពេញ: ជាមួយអារម្មណ៍រំភើបរីករាយក្នុងព្រឹត្ដិការណ៍បើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ អ្នកនាង ចាន់ ស្រីល័ក្ខ ជាអ្នករាំរបាំប្រពៃណីខ្មែរ បានគ្រងតំណែងជាតួអង្គនាងនាគ ដ៏គួរឱ្យគោរព ដែលធ្លាប់គ្រប់គ្រងពិភពនាគនៅបាតសមុទ្រ និងនគរគោកធ្លក ឬនគរភ្នំ។
ការសម្តែងរបស់ ស្រីល័ក្ខ ដែលហោះហើរខ្ពស់លើវេហាស៍នៃផ្ទៃសមុទ្រនៅពហុកីឡដ្ឋានមរតកតេជោ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល រំជួលចិត្ដ និងស្រៀវខ្លួន។ អ្នកនាង ស្រីល័ក្ខ បាននិយាយថា៖ «នៅពេលដែលខ្ញុំនៅលើអាកាស ហ៊ុមព័ទ្ធដោយមនុស្សរាប់ម៉ឺននាក់ អបអរសាទរការសម្តែងរបស់យើង ការឈឺចាប់ និងការភ័យខ្លាចបានរលាយបាត់ទៅ។ ជំនួសមកវិញ ខ្ញុំមានអារម្មណ៍រំភើបរីករាយ និងមោទនភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ»។
តាមដំណើររឿង នាងនាគ មានអំណាចវេទមន្ត ដែលបានផុសចេញពីមហាសមុទ្រ។ នាងបានប្រែខ្លួនទៅជាសត្វនាគ និងហោះហើរលើមហាសមុទ្រ។ ក្នុងពេលជាមួយគ្នានោះ ព្រះថោង ជានាវិកដ៏ក្លាហាន បានធ្វើដំណើរឆ្ពោះទៅកាន់នគរដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។
នាងនាគប្រទះឃើញទូកព្រះថោង ហើយចាប់ចិត្តដោយសារវីរភាពក៏ក្លាហាន និងចិត្តបរិសុទ្ធ។ នាងបានចុះលើទូកដោយបញ្ចេញពន្លឺដ៏អស្ចារ្យ។ ដោយទទួលព្រះរាជអន្តរាគមន៍ ព្រះថោងយល់ថា វត្តមានរបស់នាងនាគជាសញ្ញានៃសេចក្តីសង្ឃឹម និងការប្រោសប្រទានពីទេវៈ។
ដោយមានការណែនាំ និងពរជ័យពីនាងនាគ ព្រះថោងបានបន្តដំណើរដោយភាពក្លៀវក្លា។ ការជួបគ្នារវាងនាងនាគ និងព្រះថោង គឺជាពេលវេលាដ៏សំខាន់មួយក្នុងកំណើតនៃព្រះរាជាណាចក្រខ្មែរ ជានិមិត្តរូបនៃការរួបរួមសុខដុមរមនានៃពិភពអាថ៌កំបាំង និងមនុស្សជាតិ ក៏ដូចជាការចាប់ផ្ដើមនៃអនាគតរុងរឿងសម្រាប់នគរ។
ជាទូទៅ ស្រីល័ក្ខ ហៅ ស្រីបូ ត្រូវបានគេស្គាល់ថាជាអ្នករបាំដ៏មានប្រជាប្រិយមួយរូប ជាមួយទេពកោសល្យសម្ដែងលើដី។ យ៉ាងណាមិញ ការសម្ដែងជា នាងនាគ បានធ្វើឱ្យនាដការូបនេះកាន់តែលេចធ្លោតាមរយៈការហោះបណ្ដែតខ្លួនលើវេហាស៍នៅកណ្ដាលពហុកីឡដ្ឋានជាតិមរតកតេជោ អមដោយវត្ដមានទស្សនិកជនរាប់ម៉ឺននាក់។
ទស្សនីយភាពដ៏រំភើបបំផុតសម្រាប់កូនខ្មែរនេះ ត្រូវបានបង្ហាញនៅលើវេទិកាកីឡាស៊ីហ្គេមលើកទី៣២ ដែលលើកកម្ពស់សារៈសំខាន់នៃតួនាទីរបស់អ្នកនាង។ ស្រីល័ក្ខ បាននិយាយថា ពេលដឹងថា អ្នកនាងត្រូវបានគ្រូ និងថ្នាក់ដឹកនាំជ្រើសរើសឱ្យសម្តែងជាតួនាងនាគ ក្នុងព្រឹត្ដិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ អ្នកនាងពិតជារំភើបចិត្ត និងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមនៅក្នុងកម្មវិធីនោះ។
ស្រីល័ក្ខ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង និងពិតជាសំណាងណាស់ ដែលពួកគេទទួលស្គាល់សមត្ថភាពរបស់ខ្ញុំ និងមានជំនឿជឿជាក់លើខ្ញុំ»។
ស្រីល័ក្ខ បានចាប់ផ្តើមការហាត់សមជាមួយក្រុមកាលពីខែកុម្ភៈ ដោយផ្តោតលើការហ្វឹកហាត់របាំ និងស៊ាំជាមួយនឹងខ្សែរ៉កដែលលើកអ្នកនាងដល់កម្ពស់ផ្ទះល្វែង ៣ ជាន់។
ការសម្ដែងរបស់ស្រីល័ក្ខ ជានាងនាគ គឺបានមកពីការហាត់សមយ៉ាងហ្មត់ចត់ និងការតាំងចិត្តយ៉ាងមុតមាំ ធ្វើឱ្យចលនា និងការសម្ដែងរបស់អ្នកនាងកាន់តែឥតខ្ចោះ ជាមួយកញ្ញា សុខា គឹមលាង ដែលសម្ដែងជាតួអង្គព្រះថោង។
ចំពោះដំណើរការហាត់សមស្រីល័ក្ខ ទទួលស្គាល់ថា ដំបូងឡើយ អ្នកនាងមានការភ័យខ្លាចនិងបារម្ភនៅពេលត្រូវបានចងព្យួរលើខ្សែកាបដ៏ខ្ពស់។
ទោះជាយ៉ាងណា អ្នកនាងមិនដែលមានគំនិតរារែក ឬបោះបង់ឡើយ។ ផ្ទុយទៅវិញ នាដការូបនេះនៅតែប្រកាន់ខ្ជាប់នូវការតាំងចិត្តដោយខិតខំសម្ដែងឱ្យអស់ពីលទ្ធភាព។នាងនាគទម្ងន់ ៥៧ គីឡូក្រាម និងកម្ពស់ ១,៦៦ ម៉ែត្រ បានចែករំលែកបទពិសោធន៍ថា ចាប់ពីពេលហាត់សមរហូតដល់ថ្ងៃសម្តែង អ្នកនាងមិនបានជួបបញ្ហាប្រឈមអ្វីធំដុំឡើយ។
អ្នកនាងបានថ្លែងថា ក្រុមការងារទាំងអស់ ត្រូវអត់ធ្មត់នឹងការហាត់សមជាច្រើនម៉ោងក្រោមកម្ដៅដ៏ក្ដៅខ្លាំងដោយពេលខ្លះដល់យប់ជ្រៅដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ស្រីល័ក្ខ បានសារភាពថា ពេលហាត់សម អ្នកនាងអាចជ្រើសរើសស្លៀកពាក់ស្រួលៗដូចជាអាវ និងខោខូវប៊យ។ យ៉ាងណាមិញ នៅថ្ងៃសម្តែង អ្នកនាងត្រូវស្លៀកសម្លៀកបំពាក់ប្រពៃណី។ នេះបានបង្កជាបញ្ហាប្រឈមខណៈអ្នកនាងត្រូវពាក់ឧបករណ៍សុវត្ថិភាពខ្សែកាបពីក្នុងសម្លៀកបំពាក់ប្រពៃណី។
ស្រីល័ក្ខ បានបង្ហើបថា៖ «ដូចបានដឹងស្រាប់ហើយ ឈុតបុរាណគឺរឹបតឹងណែននឹងរាងកាយរបស់ខ្ញុំ។ ពេលខ្ញុំពាក់ខ្សែកាបពីក្នុង វាមិនត្រឹមតែធ្វើឱ្យរាងកាយខ្ញុំធំជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កបញ្ហាមិនស្រួល និងឈឺចាប់ទៀតផង»។
ថ្វីដ្បិតតែជួបឧបសគ្គលើរាងកាយក៏ដោយ ក៏ស្រីល័ក្ខ នៅតែព្យាយាម បង្ហាញការតាំងចិត្ត និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសម្តែងដ៏ពិសេសនេះ។
បញ្ហាដែល ស្រីល័ក្ខ ប្រឈមមុខគឺការពាក់ខ្សែកាបពីក្នុងសម្លៀកបំពាក់ប្រពៃណីរយៈពេលជាច្រើនម៉ោង ដោយចាប់ផ្តើមពីម៉ោង ៤ ល្ងាច រហូតដល់ពេលសម្ដែង។
ស្រីល័ក្ខ ពន្យល់ថា៖ «ពេលដែលខ្សែកាបរឹបជាប់នឹងស្បែករបស់ខ្ញុំ ខណៈពេលដែលខ្ញុំបែកញើស វារឹបកាន់តែខ្លាំង និងពិបាកដកដង្ហើម។ ទោះជាយ៉ាងនេះក្តី ដល់ពេលសម្តែង ខ្ញុំហាក់លែងមានអារម្មណ៍តឹងណែននិងផ្តោតលើការរាំរបស់ខ្ញុំ»។
អ្នកនាងចាន់ ស្រីល័ក្ខ ជាអ្នកនៅទីក្រុងភ្នំពេញ បានចាប់ផ្តើមដំណើរសិល្បៈដោយចុះឈ្មោះចូលរៀននៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈក្នុងឆ្នាំ ២០០៦ ជាកន្លែងអ្នកនាងសិក្សារបាំបុរាណ។នៅក្នុងឆ្នាំ ២០១៤ ស្រីល័ក្ខ បានបញ្ចប់ការសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ជាមួយចំណេះដឹងមូលដ្ឋានគ្រឹះដ៏រឹងមាំខាងរបាំបុរាណ។ ក្នុងឆ្នាំ ២០១៦ ស្រីល័ក្ខ បានប្រឡងជាប់ជាមន្ត្រីរាជការដោយទទួលបានការងារនៅនាយកដ្ឋានសិល្បៈដែលដំណើរការក្រោមឱវាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
២ឆ្នាំក្រោយមកក្នុងឆ្នាំ ២០១៨ ស្រីល័ក្ខ បានសម្រេចចិត្តផ្ទេរការងារទៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈដែលជាស្ថាប័នដ៏ល្បីមួយនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ប្រវត្តិអប់រំរបស់ស្រីល័ក្ខ គួបផ្សំនឹងបទពិសោធន៍របស់អ្នកនាងជាមន្ត្រីរាជការ និងជាគ្រូបង្រៀនរបាំបានផ្តល់ឱ្យអ្នកនាងនូវទស្សនវិស័យដ៏ទូលំទូលាយនៃសិល្បៈសម្តែងរបស់កម្ពុជា។
ការសម្ដែងរបាំប្រពៃណីស្ដីពីកំណើតនៃព្រះរាជាណាចក្រខ្មែរ គឺជាការអបអរសាទរដ៏ត្រចះត្រចង់នៃប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ប្រទេសកម្ពុជានិងឥទ្ធិពលដ៏យូរអង្វែងនៃប្រពៃណី។តាមរយៈការសម្តែងដ៏គួរឱ្យកត់សម្គាល់របស់ស្រីល័ក្ខ ជានាងនាគ ហាក់បានបង្វែរអារម្មណ៍ទស្សនិកជនឱ្យនឹកគិតទៅកាន់អាណាចក្រក្នុងរឿងព្រេងនិទានខ្មែរ។ របាំនេះមិនត្រឹមតែបានលើកតម្កើងប្រពៃណីបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំភ្លឺទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាងអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រជាជនខ្មែរទៀតផង។
ព្រះថោង និងនាងនាគ មានអត្ថន័យចំពោះវប្បធម៌យ៉ាងធំធេងក្នុងទំនៀមទម្លាប់ខ្មែរ ព្រោះគេគោរពបូជាថា ជាអ្នកបង្កើតរដ្ឋហ្វូណនមុនសម័យអង្គរ។ ព្រះថោង និងនាងនាគបង្កើតជាមូលដ្ឋានគ្រឹះនៃទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ខ្មែរដែលព្រះថោង បានតោងស្បៃនាងនាគ ចុះទៅឋានភុជង្គនាគរហូតមកទល់សព្វថ្ងៃនេះ៕