មហោស្រពភាពយន្ដជួយផ្សព្វផ្សាយពីវិស័យភាពយន្ដនឹងទាក់ទាញផលិតករបរទេស

ភ្នំពេញ: មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ (CIFF) ដែលគ្រោងរៀបចំពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ នឹងទាក់ទាញទស្សនិកជន និងអ្នកផលិតភាពយន្តជាមួយនឹងការជ្រើសរើសចម្រុះនៃភាពយន្តចំនួន ១៤៤ មកពី ៣៤ ប្រទេស។
ព្រឹត្តិការណ៍ដែលរំពឹងទុកយ៉ាងខ្ពស់នេះមិនត្រឹមតែអបអរសាទរសិល្បៈនៃការផលិតភាពយន្តប៉ុណ្ណោះទេថែមទាំងដើរតួជាវេទិកាផ្សព្វផ្សាយឧស្សាហកម្មភាពយន្តនៅកម្ពុជានិងទាក់ទាញផលិតករបរទេសមកផលិតភាពយន្ដនៅប្រទេសដ៏សម្បូរប្រពៃណីវប្បធម៌ផងដែរ។
លោកCedric Eloy នាយក CIFF បានថ្លែងនៅក្នុងសន្និសីទកាសែតនៅ Rosewood កាលពីថ្ងៃពុធទី២៤ ឧសភាថាវាបានបង្ហាញពីចម្រុះភាពនៃភាពយន្ដក្នុងព្រឹត្ដិការណ៍មហោស្រពភាពយន្ដឆ្នាំនេះ ចាប់ពីការដាក់បញ្ចាំងខ្សែភាពយន្តក្នុងស្រុកនៃយុគសម័យមាស ភាពយន្ដមកពីប្រទេសអ៊ីរ៉ង់និងអាហ្វ្រិក រហូតដល់ផលិតករឆ្នើម និងវ័យក្មេង ក៏ដូចជាតារាភាពយន្ដជើងចាស់ជាដើម។
លោកបាននិយាយថា៖«យើងនឹងចាក់បញ្ចាំងខ្សែភាពយន្តក្នុងស្រុកដូចជារឿង «Little by Little» របស់ Samuel Diaz Fernandez រឿង«ទេពហត្ថា»របស់ Xavier de Lauzanne «Wishing Lollipop» របស់ Un Bunthouernនិង«The Guardian» របស់ Jimmy Henderson និងភាពយន្តពិសេសរបស់ Matt Dillon ផងដែរ «ទីក្រុងខ្មោច»សម្រាប់ពិធីបិទនេះ»។
លោកថាមានភាពយន្តដែលផលិតនិងសហការផលិតឬថតក្នុងប្រទេសកម្ពុជារួមមានរឿង «បងប្អូន៣នាក់»របស់ចាន់រ៉ាដូសុខរឿង «រសជាតិអាថ៌កំបាំង»របស់ហ្គីឡាមសួននិងភាពយន្តមួយចំនួនដែលល្បីដល់ពិភពលោករួមមានរឿង «វិលវិញសេអ៊ូល»របស់ដេវីតជូ និងរឿង «The Innocent» របស់ Louis Garrelជាដើម។
រាត្រីភ័យរន្ធត់គ្រោងនឹងប្រព្រឹត្តទៅនៅ Eden Garden ដែលស្វាគមន៍អ្នកនិយមខ្សែភាពយន្តដ៏គួរឱ្យខ្លាចពេញមួយយប់ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង ៤ ព្រឹកទៀបភ្លឺ។
CIFFនៅឆ្នាំនេះសន្យានូវកម្មវិធីដ៏រំភើបជាច្រើន។ចំណុចលេចធ្លោមួយគឺភូមិភាពយន្ដទើបបង្កើតថ្មី ជាបទពិសោធន៍តែមួយគត់ដែលប្រមូលផ្តុំអ្នកជំនាញឧស្សាហកម្មអ្នកចូលចិត្តភាពយន្តនិងសាធារណជនទូទៅ។ នេះបើយោងតាមលោកប៉ុកបូរក្សប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈនៃក្រសួងវប្បធម៌។
លោកបានថ្លែងក្នុងសន្និសីទកាសែតថា លោក Matt Dillon ជាប្រធានកិត្ដិយសនៃមហោស្រពភាពយន្ដCIFF ជារឿងមួយដ៏អស្ចារ្យដែលកម្ពុជាបានរៀបចំមហោស្រពភាពយន្ដនៅឆ្នាំនេះ។
លោកបានរំឭកអំពីការថតភាពយន្ដរបស់លោក Dillon ក្នុងឆ្នាំ ២០០១ និងឆ្នាំ២០០២ ដែលកាលនោះ លោកបានស្នើសុំថតភាពយន្ដមួយក្រោមចំណងជើងថា «Beyond the Tree» ឬ «ក្រោមម្លប់ពោធិ៍»។
ប៉ុន្ដែពេលដាក់បញ្ចាំងភាពយន្ដនេះក៏ត្រូវបានប្ដូរចំណងជើងទៅជា «City of Ghost» ឬ ទីក្រុងខ្មោច ដែលមានការមិនពេញចិត្ដពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានលើកឡើងថា៖«ក្រោយការពន្យល់ពីតំណាងផលិតករបានពន្យល់ផ្ទាល់ដល់សម្ដេចនាយករដ្ឋមន្ដ្រីអំពីការផ្លាស់ប្ដូរចំណងជើងនិងអត្ថប្រយោជន៍នៃភាពយន្ដនេះចំពោះកម្ពុជា។ភាពយន្ដនេះទទួលបានការឯកភាព។ នៅពេលមនុស្សមួយចំនួនយល់ថា ចំណងជើងនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា វាគ្រាន់តែជាភាពយន្ដជាសិល្បៈ ហើយផ្ទុយទៅវិញវាបានជួយផ្សព្វផ្សាយពីកម្ពុជាកាន់តែមានការទទួលស្គាល់ឱ្យកាន់តែច្រើន»។
លោក Eloy សង្កត់ធ្ងន់លើសារៈសំខាន់នៃភូមិភាពយន្ដ នៅផ្សារទំនើបOlympia Mall ដែលជាវេទិកាសម្រាប់ការពិភាក្សាទាក់ទងនឹងភាពយន្តពីសំណាក់អ្នកដឹកនាំតួសម្តែងនិងផលិតករ។
បន្ថែមពីលើការផ្លាស់ប្តូរដ៏គួរឱ្យរំភើបទាំងនេះភូមិភាពយន្ដក៏មានសេវាកម្មម្ហូបអាហារ បង្កើតបរិយាកាសដ៏រស់រវើកនៃការទទួលទានអាហារចម្រុះ។
ភាពពិសេសមួយទៀតសម្រាប់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ នេះ គឺលោក Matt Dillon ជាប្រធានកិត្ដិយសសម្រាប់រដូវកាលនេះ។
លោកEloy បាននិយាយថា៖ «ការគាំទ្រមហោស្រពពីសំណាក់លោក Matt Dillon ជាការទទួលស្គាល់ពីសក្តានុពលច្នៃប្រឌិតដែលកម្ពុជាមាននិងជាការលើកទឹកចិត្តសម្រាប់CIFF ក្នុងការអភិវឌ្ឍតួនាទីសំខាន់របស់ខ្លួនក្នុងការផ្សព្វផ្សាយ ក៏ដូចជាគាំទ្រភាពយន្តកម្ពុជានិងការសហការអន្តរជាតិ»។
លោក Dillon ជាផលិតករនិងជាតួសម្តែងរឿង «ទីក្រុងខ្មោច» បាននិយាយថា CIFF មានសារៈសំខាន់មិនគួរឱ្យជឿសម្រាប់អ្នកផលិតភាពយន្តនិងផលិតករភាពយន្តខ្មែរទូទាំងពិភពលោក។ លោករំភើបចិត្តក្នុងនាមជាផ្នែកមួយនៃមហោស្រពភាពយន្តដ៏អស្ចារ្យនេះ។
លោក Dillon ត្រូវបានគេដកស្រង់សម្តីថា៖ «ការបង្កើតភាពយន្ដ ទីក្រុងខ្មោច នៅក្នុងប្រទេសកម្ពុជាគឺជាចំណុចសំខាន់មួយក្នុងជីវិតរបស់ខ្ញុំ។ប្រទេសកម្ពុជាគឺជាកន្លែងពិសេសសម្រាប់ខ្ញុំ។វាជាដីដ៏មានជីជាតិសម្រាប់ការច្នៃប្រឌិត។ វាពិតជាអស្ចារ្យណាស់ដែលឃើញថា កម្ពុជាពិតជាមានអភិវឌ្ឍទៅជាឧស្សាហកម្មភាពយន្តដ៏រីកចម្រើន។ខ្ញុំពិតជាទន្ទឹងរង់ចាំមើលថាតើផលិតករភាពយន្តវ័យក្មេងទាំងនេះមានអ្វីថ្មីបន្ដទៀតនៅពេលអនាគត?»។
នាឱកាសនោះ អ្នកស្រី ឌី សាវ៉េត ជាតារាភាពយន្ដជើងចាស់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ បានចែករំលែកបទពិសោធន៍សម្ដែងជាលើកដំបូងក្នុងឆាកជីវិត ក៏ដូចជា ការពុះពារសម្ដែងជាមួយសត្វ និងស្នេហ៍ស្និទ្ធជាមួយតួអង្គប្រុសខណៈខ្លួននៅវ័យជំទង់កំពុងពេញខ្មាស។
ដោយសម្ដែងភាពយន្ដដំបូងក្នុងឆាកជីវិតនៃរឿង «ក្បូនជីវិត» អ្នកស្រី សាវ៉េត បានដាក់តម្លៃនៃការសម្ដែងដាក់អារម្មណ៍ឱ្យបានស៊ីជម្រៅ ទើបលទ្ធផលចេញមកដូចជាដំណើររឿងពិតៗ។
អ្នកស្រី បាននិយាយថា៖ «ទោះខ្ញុំជានារីខ្មែរដែលខ្មាសអៀន និងប្រតិបត្ដិតាមគន្លងស្ដ្រីខ្មែរយ៉ាងណាក៏ដោយ ក៏នៅពេលនិយាយអំពីការសម្ដែង ខ្ញុំត្រូវតាំងចិត្ដ និងដាក់អារម្មណ៍សម្ដែង ដូចជា តួអង្គប្រុសជាគូស្នេហ៍ពិតប្រាកដ និងហ៊ានឱបស្និទ្ធស្នាល»។
អ្នកស្រីបានបន្ដថា៖ «ចំពោះការសម្ដែងជាមួយសត្វ ជាពិសេស ពស់ និងក្រពើ ក្នុងរឿងនាងសក់ពស់ រឿង ពស់កេងកង និងរឿង ក្រៃថោងក្រពើឆារ៉ាវ៉ាន់ ខ្ញុំត្រូវដាក់ភាពភ័យខ្លាចមួយអន្លើ និងហ៊ានបណ្ដោយឱ្យសត្វពស់រមិចរមួលលើក្បាល ក៏ដូចជាឱបកាន់ក្រពើ»។
លោក Mark Bochslerអ្នកដឹកនាំរឿងនៃវីដេអូឯកសារ «គុនល្បុក្កតោរស់ឡើងវិញ» បាននិយាយថា លោកសប្បាយរីករាយដែលភាពយន្ដឯកសារនេះនឹងត្រូវបានដាក់បញ្ចាំង២លើកអំឡុងពេលមហោស្រពភាពយន្ដនេះ។
ភាពយន្ដឯកសារល្បុក្កតោ ដែលត្រូវបានផលិតឡើងក្នុងឆ្នាំ២០១០ និងចំណាយពេល ៧ ឆ្នាំក្នុងការថត និងចំណាយពេល ៣ ឆ្នាំក្នុងកាត់តពីរយៈពេល ៤០០ ម៉ោងមកត្រឹមជាង ៩០ នាទី បានជាប់ចំណាត់លេខ ២ អំឡុងពេលប្រកួតប្រជែងនៅប្រទេសកូរ៉េខាងត្បូង។
សាច់រឿងបានបង្ហាញពីឧបសគ្គ និងដំណើរតស៊ូរបស់ព្រឹទ្ធាចារ្យ លោក សាន គីមស៊ាន ដែលរស់រានមានជីវិតពីសម័យខ្មែរក្រហមនិងបានបន្ដសិល្បៈការពារខ្លួនដូនតានេះដល់យុវជនជំនាន់ក្រោយ។
លោកបាននិយាយថា៖«អ្វីដែលខ្ញុំចាប់អារម្មណ៍នោះ គឺក្បាច់គុនជាកីឡាមួយមុខប៉ុណ្ណោះ តែគុនល្បុក្កតោជាកីឡាផងនិងជាវប្បធម៌ផងដែរ»។
នោះបានជំរុញទឹកចិត្ដឱ្យផលិតភាពយន្ដឯកសារ«គុនល្បុក្កតោរស់ឡើងវិញ»នេះឡើង ហើយភាពយន្ដឯកសាររបស់លោកជាការចូលរួមចំណែកជំរុញឱ្យគុនល្បុក្កតោជាបេតិកភណ្ឌពិភពលោក។
លោក ប៉ុក បូរក្ស បានបន្ដថា ក្នុងសម័យថតភាពយន្ដរឿង ទីក្រុងខ្មោច ឆ្នាំ២០០២ កម្ពុជាស្ទើរតែគ្មានធនធានក្នុងការសម្របសម្រួលដល់ការផលិតភាពយន្ដនោះទេ មានន័យថា អ្វីៗត្រូវជួលគេទាំងអស់ រួមទាំងសម្ភារបច្ចេកទេស ធនធានមនុស្ស ដែលជាការខាតបង់យ៉ាងច្រើន។
នៅអំឡុងឆ្នាំ២០១០ កម្ពុជាចាប់ផ្ដើមបណ្ដុះបណ្ដាលធនធានមនុស្ស និងមានលទ្ធភាពផ្សេងៗក្នុងការសម្របសម្រួលផលិតភាពយន្ដ។ ទាំងនេះជាការទាក់ទាញផលិតករភាពយន្ដបរទេសចូលមកកម្ពុជាកាន់តែច្រើន។
លោកបានបញ្ជាក់ថា៖«វាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីមុខមាត់កម្ពុជា ប្រជាជនរបស់យើង វប្បធម៌របស់យើងនិងជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចនិងបង្កើតការងារដល់អ្នកបច្ចេកទេសរបស់យើង»៕