ភ្នំពេញៈ ស្ថានទូតបារាំងប្រចាំកម្ពុជាអបអរសាទរផលិតករ និងសមិទ្ធករភាពយន្តបារាំង-កម្ពុជា លោក ដាវី ជូ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីៗរបស់លោក ដែលលោកត្រូវបានជ្រើសរើសឱ្យស្នាក់នៅដើម្បីតែងនិពន្ធនៅវីឡា Albertine សម្រាប់ឆ្នាំ ២០២៤ នៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក។
វីឡា Albertine គឺជាស្ថាប័នវប្បធម៌ប្រភេទថ្មីដែលមានបេសកកម្មបង្កើតសហគមន៍សិល្បៈ និងគំនិត រវាងប្រទេសបារាំង និងសហរដ្ឋអាមេរិក។ វីឡា Albertine ផ្តល់នូវកន្លែងស្នាក់នៅសម្រាប់អ្នកបង្កើតគំនិតថ្មីៗនៅលើពិភពលោក អ្នកប្រាជ្ញ និងអ្នកជំនាញវប្បធម៌។
ស្ថានទូតបារាំងបញ្ជាក់លើហ្វេសប៊ុកនាថ្ងៃទី២ ខែមិថុនា ថា ការស្នាក់នៅនេះជាឱកាសសម្រាប់ លោក ដាវី ជូ ក្នុងការស្វែងយល់អំពីទីក្រុងនេះ។ ភាពយន្តរបស់លោកក្នុងពេលខាងមុខនឹងនិយាយអំពីរឿងរ៉ាវដែលកើតមានឡើងនៅទីក្រុងឈីកាហ្គោ។ ឱកាសដ៏មានតម្លៃនៃការស្នាក់នៅតែងនិពន្ធនេះនឹងអនុញ្ញាតឱ្យលោកបន្តចូលរួមចំណែកដ៏សំខាន់ក្នុងឧស្សាហកម្មភាពយន្តបារាំង-កម្ពុជា។
ស្ថានទូត លើកឡើងថា៖ «លោកដាវី ជូ ក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកគណៈមេប្រយោគពានរង្វាន់ «Un Certain Regard» ផងដែរ ក្នុងឱកាសមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវទេពកោសល្យ និងឥទ្ធិពលកាន់តែខ្លាំងឡើងរបស់លោកក្នុងពិភពភាពយន្ត»។
ស្ថានទូត បន្តថា សមិទ្ធកររូបនេះបណ្តុះនូវការចងចាំ និងកេរដំណែលវប្បធម៌តាមរយៈភាពយន្តរបស់ខ្លួន។ ភាពយន្តឯកសាររបស់លោក «Le Sommeil d''or» បង្ហាញអំពីការចែករំលែកបទពិសោធន៍របស់ប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់សម័យកាលមាសពីឆ្នាំ១៩៦០ដល់ឆ្នាំ១៩៧៥ មុនសម័យខ្មែរក្រហម ដែលក្នុងអំឡុងសម័យនោះភាពយន្តជាច្រើនត្រូវបានកម្ទេចចោល។
លោកក៏បានផលិតភាពយន្តមួយស្តីពីការស្វែងរកអត្តសញ្ញាណដែលមានចំណងជើងថា «ត្រលប់ទៅសេអ៊ូល» ផងដែរ។
ស្ថានទូត បន្ថែមថា៖ «ស្ថានទូតបារាំងមានមោទនភាពដែលបានគាំទ្រ និងអបអរទេពកោសល្យសិល្បករបារាំងកម្ពុជា ដូចជាលោកដាវី ជូ ដែលបានបង្កើតភាពសម្បូរបែបក្នុងពិភពវប្បធម៌បារាំង កម្ពុជា និងអន្តរជាតិ។ យើងសូមជូនពរលោកទទួលបានការស្នាក់នៅដ៏រីករាយនៅឈីកាហ្គោ និងសម្រេចបាននូវគម្រោងអនាគតនានារបស់លោក»៕