ភ្នំពេញៈ សណ្តែក គឺជាអាហារពេញនិយមរបស់ប្រជាជននៅអាស៊ី តាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ ហើយសណ្តែកតែងត្រូវបានគេយកទៅច្នៃធ្វើជាអាហារ និងភេសជ្ជៈផ្សេងៗ ដោយសារវាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព។ នៅកម្ពុជា ទឹកសណ្ដែក ជាភេសជ្ជៈដែលប្រជាពលរដ្ឋ តែងនិយមធ្វើទទួលទាន និងពលរដ្ឋខ្លះទៀតធ្វើជាមុខរបរចិញ្ចឹមជីវិតបន្តិចបន្តួច។
ដោយឡែកយុវតីខ្មែរ ៣ រូប ដែលជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជំនាញវិស្វកម្មគីមី និងចំណីអាហារ បានចាប់ដៃគ្នាកែច្នៃសណ្តែកផលិតចេញជាភេសជ្ជៈដែលមានឈ្មោះថា «អូនសណ្តែក» ដោយបានដាក់លក់ក្នុងទូអគ្គិសនី និងលក់តាមអ៊ីនធឺណិត។
កញ្ញា អ៊ុង រង់ផលទេវី ជាសហស្ថាបនិក និងតំណាងឱ្យកូនអាជីវកម្ម ១ នេះ ឱ្យដឹងថា «អាជីវកម្មអូនសណ្តែក» ផ្តើមចេញពីកិច្ចការសាលាដែលអ្នកគ្រូបានដាក់ឱ្យគឺការដាក់ស្នើគំនិតកែច្នៃចំណីអាហារណាមួយ។ កញ្ញាថា៖ «ពេលនោះពួកខ្ញុំនឹកឃើញថា បើកែច្នៃសណ្ដែកប្រហែលជាល្អក៏សិក្សាយកទៅធ្វើបទបង្ហាញដល់អ្នកគ្រូគាត់ពេញចិត្ត គាត់ក៏បានជំរុញឱ្យពួកខ្ញុំធ្វើគម្រោងនេះបន្តរហូតទទួលបានជំនួយថវិកាពីធនាគារពិភពលោក សាលាផ្ទាល់និងក្រសួងអប់រំយុវជន និងកីឡា»។
រង់ផលទេវី រៀបរាប់ថា «អូនសណ្តែក» ត្រូវបានបង្កើតដោយនិស្សិតស្រីវ័យក្មេង ៣ រូប គឺកញ្ញាផ្ទាល់ និងមិត្តភក្តិឈ្មោះ វឿត សុខតី និង អូន វឌ្ឍនា ដែលសុទ្ធតែជានិស្សិតឆ្នាំទី៥ វិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជាដូចគ្នា និងរៀនជំនាញគីមីចំណីអាហារដូចគ្នា ហើយឈ្មោះ «អូនសណ្ដែក» នេះគឺជាពាក្យតំណាងឱ្យសហស្ថាបនិកស្ត្រីទាំង ៣ និងសណ្ដែកតំណាងឱ្យសណ្ដែកគ្រប់ប្រភេទ ដែលជារួមឈ្មោះនេះមានន័យថា ស្ត្រីដែលកែច្នៃសណ្ដែក។
រវល់សិក្សាផង និងធ្វើសារណាបញ្ចប់ឆ្នាំសិក្សាផងកញ្ញា ទេវី ឱ្យដឹងថា ខ្លួនបានដោះស្រាយបញ្ហាការលក់ ពីការប្រើទូធម្មតា មកប្រើទូអគ្គិសនី ដែលអតិថិជនអាចធ្វើការទិញដោយប្រើប្រាស់បច្ចេកវិទ្យា ដោយស្គែន QR ដើម្បីធ្វើការបង់ប្រាក់នោះទឹកសណ្តែកនឹងរមៀលចុះមកក្រោម និងការលក់តាមអនឡាញគឺតាមហ្វេសប៊ុក។
បើតាម ទេវី ការដាក់ក្នុងម៉ាស៊ីនអគ្គិសនី គឺជាការសហការគ្នារបស់ ក្រុមកញ្ញា និងក្រុមអគ្គិសនីរបស់សាលា ដោយសារម៉ាស៊ីននេះផលិតក្នុងសាលាផ្ទាល់។ ចំណែកទៅថ្ងៃមុខ កញ្ញាថា មានគម្រោងពង្រីកនៅតាមសាលារៀនដទៃ និងតាមមន្ទីរពេទ្យជាដើម។
កញ្ញា ទេវី បញ្ជាក់ថា៖ «មិនមែនរៀនចប់គឺចប់នោះទេបើទោះបីជារៀនចប់ទៅហើយក្ដី ក៏ពួកយើងមានគម្រោងបើកបន្តទៅជាអាជីវកម្មខ្នាតតូចមួយ ដោយបច្ចុប្បន្ននេះពួកខ្ញុំ កំពុងត្រៀមខ្លួនផងដែរ ដើម្បីអភិវឌ្ឍផលិតផលឱ្យកាន់តែមានគុណភាពជាងនេះដោយសមាជិករបស់ខ្ញុំម្នាក់កំពុងសិក្សាបន្ថែមថាធ្វើយ៉ាងណាដើម្បីឱ្យរក្សាទុកបានយូរជាងនេះ និងធានាថា វាគ្មានសារធាតុរក្សាទុកដែលប្រើគីមី ពោលគឺប្រើវិធីសាស្ត្រគីមីចំណីអាហារ ១ បែបផ្សេងទៀត»។
ជានិស្សិតចំណីអាហារ កញ្ញាបានរៀបរាប់ពីលក្ខណពិសេសនៃទឹកសណ្តែករបស់ខ្លួនថា៖ «បើយើងមើលពីក្រៅវាអត់ខុសគ្នាទេមនុស្សគ្រប់គ្នាក៏អាចធ្វើបានដែរ ប៉ុន្តែជាក់ស្ដែងវាខុសគ្នា ដោយសារក្រុមយើងជានិស្សិតគីមីចំណីអាហារផ្ទាល់ ដូច្នេះបច្ចេកទេសក្នុងការកែច្នៃផលិតផលមានលក្ខណៈប្លែកពីអ្នកផលិតទូទៅ ដែលវាស្តែងចេញតាមរយៈគុណភាព និងការមិនប្រើប្រាស់សារធាតុគីមី ក្នុងគ្រឿងផ្សំណាមួយ»។
ភេសជ្ជៈ «អូនសណ្តែក» មានតម្លៃក្នុង ១ ដប ៣ ពាន់រៀល ដោយមានចំណុះ ៣៣០ មិលី្លលីត្រ និងអាចលក់បានក្នុងបរិមាណចន្លោះពី ៤០០-២ ០០០ ដប ក្នុង ១ ខែ។
កញ្ញា ទេវី ថា៖ «សម្រាប់តម្រូវការគឺតាមខែ ឧទាហរណ៍ដូចជាខែនេះសាលាមានកម្មវិធីច្រើនយើងលក់ចេញបានខ្ទង់ពាន់ដបត្រឹមប៉ុន្មានថ្ងៃ ចំណែកខែខ្លះវិញដូចជាអំឡុងពេលស៊ីហ្គេមគឺអត់មានសិស្សសោះតែម្ដងហើយការកុម្ម៉ង់ពីខាងក្រៅក៏មិនសូវមានខ្លាំងដែរ»។
ទាក់ទិននឹងការផលិតទេវីឱ្យដឹងថា៖ «ដោយសារឥឡូវនេះមានការកុម្ម៉ង់ច្រើន យើងធ្វើ ៣ នាក់អត់ទាន់ទេណាមួយត្រូវរៀន និងធ្វើសារណាបញ្ចប់ឆ្នាំសិក្សាផងដូច្នេះហើយពួកខ្ញុំត្រូវការអ្នកជួយគឺសិស្សប្អូនដែលរៀនឆ្នាំទី៣ និងទី៤ មកជួយ សរុប ១៣ នាក់បូករួមទាំងពួកខ្ញុំគឺ ១៦ នាក់ជាកម្លាំងក្នុងការផលិត»៕