សៀមរាបៈ ស្លឹកគ្រៃជាដំណាំប្រពៃណី ១ ប្រភេទរបស់ប្រជាពលរដ្ឋខ្មែរ ហើយក្រៅពីផ្សំជាគ្រឿងសម្ល ដើមស្លឹកគ្រៃក៏ត្រូវបានគេប្រើជាឱសថផងដែរ។ ប៉ុន្តែបច្ចុប្បន្នកសិករខ្មែរមួយចំនួនក៏បានកែច្នៃដើមស្លឹកគ្រៃឱ្យទៅជាប្រេងក្រអូបប្រើសម្រាប់ម៉ាស្សាបានផងដែរ ជាពិសេស គឺអាចយកទៅធ្វើជាឱសថ ១ ប្រភេទដ៏សំខាន់ក្នុងការព្យាបាលអាការគ្រេច ថ្លោះ ចុកស្រពន់ ដៃជើងបានយ៉ាងមានប្រសិទ្ធភាពទៀតផង ។
បើក្រឡេកមើលពីចម្ងាយនៅទីតាំង ១ កន្លែងក្នុងភូមិទួសក្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបគេនឹងឃើញស្លឹកពណ៌ខៀវខ្ចី ហើយនៅពេលដែលត្រូវខ្យល់់បក់មកម្តងៗ កម្រាលពណ៌ខៀវខ្ចីនោះមានសភាពពត់ពេនប្រៀបដូចទឹករលកតាមជំនោរខ្យល់បក់លាតសន្ធឹងនៅលើដីស្រែដាច់កន្ទុយភ្នែកដែលទិដ្ឋភាពនោះហើយ គឺជាចម្ការស្លឹកគ្រៃដែលពលរដ្ឋបានដាំសម្រាប់បម្រើទៅតាមតម្រូវទីផ្សារនាពេលបច្ចុប្បុន្ន ។
នៅក្នុងសភាពផ្ទៃមុខបែបជ្រីវជ្រួញបន្ដិច និងហ៊ុមព័ទ្ធដោយពុកចង្កាពណ៌ស នោះហើយគឺជាលោក ខឹម សំរេច អាយុ ៦៥ ឆ្នាំ រស់នៅភូមិក្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាកសិករម្នាក់ដែលបាននិងកំពុងដាំដើមស្លឹកគ្រៃក្នុងចំណោម ១៩ នាក់ហើយលោកក៏ជាអនុប្រធានសមាគម[បន្ទាយក្រអូបឃុនរាម]ផងដែរ។
លោកបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សមាគមបន្ទាយក្រអូបឃុនរាម មានសមាជិកចំនួន ១៩ គ្រួសារ ដែលជាអ្នកដាំដំណាំស្លឹកគ្រៃហើយក៏ជាអ្នកចម្រាញ់ប្រេងចេញពីដើមស្លឹកគ្រៃផងដែរ ដោយបច្ចុប្បន្នក្នុងចំនួន១៩គ្រួសារនេះមានផ្ទៃដីសរុបចន្លោះពី ៤ ទៅ ៥ហិកតា។
លោកបានរៀបរាប់បនុ្តថា ដំណាំស្លឹកគ្រៃមិនពិបាកដាំដូចដំណាំផ្សេងៗឡើយ ដោយគ្រាន់ប្រើជីធ្វើពីអង្កាមនិងផេះប៉ុណ្ណោះ ហើយម្យ៉ាងទៀតដំណាំស្លឹកគ្រៃងាយស្រួលដាំដោយមិនសូវជារើសដីទេគឺកន្លែងណាក៏វាអាចដំាដុះដែរ។
ទាក់ទងនឹងការដាំដំណាំនេះ លោក ខឹម សំរេច បានឱ្យដឹងថា កាលពីមិនទាន់មានអ្នកផ្តល់យោបល់ និងណែនាំពីអង្គការក៏ដូចជាពីស្ថាប័នពាក់ព័ន្ធគឺលោកដាំស្លឹកគ្រៃគ្រាន់តែសម្រាប់លក់លើទីផ្សារដូចបន្លែធម្មតាប៉ុណ្ណោះ។ ប៉ុន្តែកសិផលដែលទទួលបាន លោកលក់មិនសូវដាច់ទេ។ លុះដល់ដើមឆ្នាំ ២០១៩ មានអង្គការមួយឈ្មោះ (AGRISUD INTERNATIONAL) បានផ្តល់ឆ្នាំងសម្រាប់ចម្រាញ់ប្រេងស្លឹកគ្រៃចំនួន ២ ដល់សមាគមរបស់លោកនិងបានជួយបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការចម្រាញ់យកប្រេងពីដើមស្លឹកគ្រៃ។
លោកបន្តទៀតថា ក្រៅពីផ្តល់ជាឆ្នាំងចម្រាញ់ប្រេងស្លឹកគ្រៃ អង្គការ AGRISUD INTERNATIONALក៏បានជួយសាងសង់ទីតាំងសម្រាប់លក់ប្រេងស្លឹកគ្រៃដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារទៀតផង។លោកបានប្រាប់ថា ឆ្នាំងសម្រាប់ចម្រាញ់ស្លឹកគ្រៃមានមាត់លើ ៨ តឹក និងមានជម្រៅ ១ ម៉ែត្រ ៨ តឹក ដោយក្នុងឆ្នាំង១អាចផ្ទុកស្លឹកគ្រៃបាន ២០០ គីឡូក្រាម និងអាចចម្រាញ់ប្រេងបាន ៣ ខាំ ហើយក្នុង ១ ថ្ងៃសមាគមអាចចម្រាញ់ប្រេងស្លឹកគ្រៃបាន ៤ ឆ្នាំង ដោយទទួលបានប្រេងទម្ងន់ ១,២គីឡូក្រាម ហើយវិធីនៃការចម្រាញ់យកប្រេងនេះ គឺគេយកទាំងស្លឹកទាំងគល់តែម្តង។
លោកប្រាប់ថា៖ «វិធីចម្រាញ់ដើមស្លឹកគ្រៃ ប្រៀបដូចចំហុយនំអាកោអ៊ីចឹង។ មុនដំបូងគេដាក់ទឹកក្នុងឆ្នាំងប្រហែល ១០០ លីត្រ និងដាក់ឡាំងស៊ឹង។ បន្ទាប់មកគេដាក់ស្លឹកគ្រៃនៅពីលើឡាំងស៊ឹងហើយគ្របឱ្យជិត និងមានបំពង់ ១ សម្រាប់ឱ្យប្រេងចេញពីចំហាយស្លឹកគ្រៃស្រក់ធ្វើដូចវិធីបិតស្រាដែរ។ បន្ទាប់ពីចម្រាញ់បាន យើងលក់ប្រេងស្លឹកគ្រៃឱ្យអង្គការ AGRISUD INTERNATIONAL ក្នុង ១ គីឡូក្រាមតម្លៃ ១៥០ ដុល្លារ។បើគិតលើថ្លៃចំណាយផ្សេងៗមិនសូវចំណេញប៉ុន្មានទេ តែយើងចេះតែជួយសមាជិកយើងទៅ»។
លោកបានបន្ថែមថា ចំពោះវត្ថុធាតុដើមស្លឹកគ្រៃវិញគឺសមាគមបានប្រមូលទិញពីសមាជិកក្នុងសមាគមដោយ១គីឡូក្រាមក្នុងតម្លៃ ៣០០ រៀល រីឯអ្នកក្រៅពីសមាជិកសមាគមក៏ទិញក្នុងតម្លៃដូចគ្នានេះដែរ។ សម្រាប់ប្រេងស្លឹកគ្រៃដែលលក់បាន គឺសមាគមសន្សំទុកសម្រាប់ឱ្យសមាជិកក្នុងសមាគមខ្ចីដោយមិនយកការប្រាក់នៅពេលគ្រួសារណាមានធុរៈចាំបាច់ តែមិនឱ្យលើសពី ១ ខែឡើយ។
ចំពោះដើមស្លឹកគ្រៃដែលចម្រាញ់យកប្រេងនេះ លោក ខឹម សំរេច បានប្រាប់ថា ជាពូជស្លឹកគ្រៃខ្មែរដាំនៅតាមភូមិធម្មតា ហើយដំណាំស្លឹកគ្រៃក៏មិនពិបាកដាំដូចដំណាំផ្សេងដែរ។ ដើមស្លឹកគ្រៃ បើគិតពីថ្ងៃដាំដំបូងដល់ចន្លោះ ៦ ទៅ ៨ ខែ កសិករអាចប្រមូលផលបានហើយ ពីព្រោះនៅក្នុងចន្លោះពេលនេះដើមស្លឹកគ្រៃអាចផ្ទុកប្រេងនៅក្នុងដើមរបស់វា ហើយបើគេទុកឱ្យវាចាស់ដើមទៅទៀតក៏កាន់តែល្អដែរ។
បើតាមលោក ខឹម សំរេច កាលពីប្រទេសនៅមិនទាន់ជួបវិបត្តិជំងឺកូវីដរាតត្បាត គឺមានអតិថិជនជាជនជាតិខ្មែរនិងបរទេសនៅប្រទេសបារាំងបានទិញប្រេងស្លឹកគ្រៃពីសមាគមយកទៅប្រើប្រាស់ ដែលអាចចូលរួមចំណែកជួយដល់ជីវភាពរបស់សមាជិកក្នុងសមាគមបានខ្លះៗដែរ។ ប៉ុន្តែក្នុងអំឡុងប្រទេសជួបវិបត្តិជំងឺកូវីដ និងក្រោយពីជំងឺកូវីដរហូតមកទល់បច្ចុប្បន្ន ស្ថានភាពទីផ្សារលក់ប្រេងស្លឹកគ្រៃគឺលក់បានតែនៅក្នុងស្រុកប៉ុណ្ណោះ។ ទោះជាយ៉ាងណាប្រេងស្លឹកគ្រៃមានគុណប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់លាបការឈឺចុករួយរាងកាយ សម្រាប់លាបថ្លោះគ្រេច គឺមានប្រសិទ្ធភាពខ្ពស់ឬក៏ដុតបំបាត់ក្លិន និងដេញមូសនៅក្នុងបន្ទប់គេងមានប្រសិទ្ធភាពបានទៀតផង។
មន្ត្រីអាជ្ញាធរមូលដ្ឋានលោក កាយ កុច ជាមេឃុំឃុនរាម បានឱ្យដឹងថា ការធ្វើកសិកម្មដាំដំណាំស្លឹកគ្រៃយកប្រេងនេះជាកត្តាល្អ ដោយសារនៅភូមិសាស្ត្រឃុំឃុនរាមមានដីច្រើនសម្រាប់ដាំស្លឹកគ្រៃ ហើយបើមានកន្លែងចម្រាញ់ប្រេងបានទៀតនោះ កាន់តែជំរុញឱ្យកសិករដាំស្លឹកគ្រៃបានកាន់តែច្រើន។ សម្រាប់ដំណាំស្លឹកគ្រៃនេះ សមាគមនេះក៏ទទួលទិញពីសមាជិកក្នុងសមាគមឬពីកសិករក្រៅសមាគមផងដែរ។
ពាក់ព័ន្ធនឹងការទទួលចំណេះដឹងផ្នែកកសិកម្មវិញ លោកបានថ្លែងថា ប្រជាកសិករនៅក្នុងឃុំទទួលការបណ្តុះបណ្តាលគ្រាន់បើជាងមុន។ លោកថា៖«ការងារកសិកម្មនេះកសិករមានកម្រិតយល់ដឹងច្រើនជាងមុន ហើយបើគាត់មានចំណេះជំនាញបច្ចេកទេសដាំ ក៏គាត់ទទួលផលបានប្រសើរជាងមុនដែរ»។
ករណីទាញផលពីដើមស្លឹកគ្រៃនេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដាំដំណាំស្លឹកគ្រៃ នៅខេត្តសៀមរាប គឺមានតិចតួចទេ តែចំពោះស្រុកបន្ទាយស្រីមានតំបន់ខ្លះនៅក្បែរប្រភពទឹកអាចដាំបានច្រើន។ រីឯតម្រូវការទីផ្សារវិញមិនខ្ពស់ពេកទេ។«ចំពោះការដាំកែច្នៃជាប្រេងសម្រាប់តែស៉្បាអីនោះ វាជារឿងមួយមិនប៉ះពាល់ជាមួយសេដ្ឋកិច្ចប៉ុន្មានទេ។ គ្រាន់តែនៅខេត្តសៀមរាបភ្ញៀវទេសចររាងថយចុះបន្តិច ហើយចំពោះការប្រើប្រាស់ប្រេងស្លឹកគ្រៃក៏ថមថយដែរ»៕