រូបថតមន្ដ្រីកាន់កញ្ចក់ឆ្លុះបរិស្ថាន ក្លាយជាស្នាដៃរះត្រចង់នៅពិព័រណ៍អាមេរិក

ភ្នំពេញ: អ្នកថតរូបនិងសិល្បករជនជាតិព័រទុយហ្គាល់ លោក Miguel Jeronimo ដែលធ្វើការនៅរាជធានីភ្នំពេញ បានឆក់យកបេះដូងអ្នកស្រឡាញ់សិល្បៈ និងខ្វល់ខ្វាយពីបរិស្ថាន ជាមួយនឹងការយកស្នាដៃរូបថតរបស់លោកក្រោមចំណងជើងថា «ព្រៃក្នុងដួងចិត្ដខ្ញុំ» ឬ «Jungle on my Mind» ទៅបង្ហាញនៅលើទីកដីសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលពិព័រណ៍សិល្បៈឆត្រ «Umbrella Arts Center»រៀបចំការតាំងពិព័រណ៍ខ្នាតធំ «ចំណុចវិលត្រឡប់» ឬ «Points of Return» ដែលរៀបចំដោយ A La Luz ជាវេទិកាសិល្បៈ និងបង្ហាញស្នាដៃសិល្បៈ ដោយវិចិត្រករចំនួន ២៧ នាក់ នៅទីក្រុង Concord រដ្ឋ Massachusetts សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣។
ក្នុងចំណោមស្នាដៃលេចធ្លោជាងគេ «ព្រៃក្នុងដួងចិត្ដខ្ញុំ» របស់លោក Jeronimo ទាក់ទាញអ្នកទស្សនាជាមួយនឹងទស្សនវិស័យពិសេសរបស់ខ្លួនលើទំនាក់ទំនងស៊ីចង្វាក់គ្នារវាងមនុស្សជាតិ និងធម្មជាតិ។
លោក Jeronimo បាននិយាយថា៖ «ពិព័រណ៍នេះអាចជំរុញឱ្យមានការពិភាក្សាអំពីរបៀបនៃដំណោះស្រាយសហគមន៍ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល អំពីផលប៉ះពាល់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងការបាត់បង់ជីវចម្រុះ។ វាក៏ជាស្នាដៃចូលរួមចំណែកពីសំណាក់មន្ត្រីអនុរក្សព្រៃឈើ មកពីខេត្តកោះកុង ដែលឥឡូវនេះ ត្រូវបានដាក់តាំងបង្ហាញនៅលើម្ខាងទៀតនៃពិភពលោកនៅសហរដ្ឋអាមេរិក»។
បង្កើតនិងរៀបចំដោយសិល្បករ David Cass មានដើមកំណើតមកពីប្រទេសស្កុតឡែន ហើយបច្ចុប្បន្ន រស់នៅក្នុងទីក្រុងអាថែន និងលោក Gonzaga Gómez-Cortázarមកពីប្រទេសអេស្ប៉ាញហើយបច្ចុប្បន្នមានមូលដ្ឋាននៅទីក្រុងញូវយ៉កការតាំងពិព័រណ៍នេះផ្ដោតលើទិដ្ឋភាពផ្សេងៗនៃភាពនៃអាសន្នអាកាសធាតុនិងទំនាក់ទំនងរបស់មនុស្សជាតិជាមួយបរិស្ថាន។
ដោយចាប់ផ្ដើមពីពិព័រណ៍អនឡាញអំឡុងពេលរាតត្បាត«ចំណុចវិលត្រឡប់» ឥឡូវនេះត្រូវបានរៀបចំឱ្យមានការចូលទស្សនាផ្ទាល់ជាលើកដំបូងនៅមជ្ឈមណ្ឌលសិល្បៈឆត្រដោយបង្ហាញពីស្នាដៃដំឡើងចម្លាក់សំឡេងការថតរូបនិងសិល្បៈវីដេអូ។
ការតាំងពិព័រណ៌របស់សិល្បករព័រទុយហ្គាល់ បង្ហាញរូបភាពនៃអតីតអ្នកប្រមាញ់មកពីភូមិជីផាតក្នុងខេត្តកោះកុងដែលឥឡូវនេះបានប្រែក្លាយទៅជាអ្នកការពារព្រៃឈើ។
បុគ្គលទាំងនេះដែលធ្លាប់ពឹងផ្អែកលើការបរបាញ់ខុសច្បាប់សម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេបានទទួលយកការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការអភិរក្សនិងការអនុវត្តប្រកបដោយនិរន្តរភាព។
មន្ដ្រីអនុរក្សជីផាត់ ត្រូវបានដកស្រង់សម្តីនៅលើគេហទំព័រការតាំងពិព័រណ៍ Points of Return ដោយនិយាយថា៖«ខ្ញុំចូលចិត្តធ្វើជាអនុរក្សហើយចូលចិត្តការពារសត្វ និងធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។ ជួនកាលយើងមានបញ្ហាជាមួយអ្នកភូមិដែរ ពេលយើងចាប់អ្នកណាម្នាក់ពីភូមិយើង គ្រួសារពួកគេ មានការខឹងសម្បា។ខ្ញុំពន្យល់គេថាខ្ញុំធ្វើតាមច្បាប់នេះ ជាច្បាប់កម្ពុជា»។
កាលពីមុនលោកក៏ជាព្រានព្រៃ ដែលចូលព្រៃជាមួយឆ្កែស្វែងរកសត្វព្រៃនានា ដូចជាពង្រូល ខ្លាឃ្មុំ ក្តាន់ ឬជ្រូកព្រៃ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរទៅកាន់ទេសចរណ៍ធម្មជាតិ បានផ្តល់ឱកាសការងារដល់គាត់និងអតីតអ្នកប្រមាញ់ផ្សេងទៀតនៅក្នុងព្រៃ។
រូបថតទាំងនេះ បង្ហាញពីមន្ដ្រីអនុរក្សដែលកាន់បំណែកកញ្ចក់ឆ្លុះបញ្ចាំងទិដ្ឋភាពព្រៃឈើដ៏រស់រវើកជុំវិញ។រូបភាពនេះ ដើរតួជានិមិត្តរូបនៃការប្តេជ្ញាចិត្តដែលបានរកឃើញថ្មីរបស់ពួកគេចំពោះធម្មជាតិនិងតំណាងឱ្យការបំបែកទម្លាប់ចាស់ដើម្បីគាំទ្រដល់ជម្រើសប្រកបដោយការទទួលខុសត្រូវនិងត្រឹមត្រូវតាមប្រព័ន្ធអេកូឡូស៊ី។
លោកJeronimo បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «សម្រាប់ខ្ញុំវាមានសារៈសំខាន់ ដោយវាជាមធ្យោបាយមួយដើម្បីបង្ហាញពីការងារដែលបានផ្លាស់ប្តូរវិធីពីអ្នកប្រមាញ់ទៅជាមន្ដ្រីអនុរក្សនិងការងាររបស់អង្គការក្រៅរដ្ឋាភិបាល [សម្ព័ន្ធសត្វព្រៃ] ក្នុងការសហការជាមួយអ្នកស្រុកសម្រាប់ដំណោះស្រាយរយៈពេលវែងដែលរួមបញ្ចូលទាំងការផ្តល់ប្រភពជំនួសនៃប្រាក់ចំណូលមួយផ្នែក»។
លោកបានបន្ដថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការធ្វើការរួមគ្នាក្នុងវិធីសាស្ត្រពីក្រោមឡើងលើហើយខ្ញុំសង្ឃឹមថា ការតាំងពិព័រណ៍នេះបំភ្លឺដល់មនុស្សគ្រប់រូប និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការដើរដោះអន្ទាក់សត្វ»។
ការកាប់ឈើខុសច្បាប់នៅខេត្តកោះកុង គំរាមកំហែង ដល់សត្វព្រៃគ្រប់ប្រភេទ។អង្គការសម្ព័ន្ធសត្វព្រៃ Wildlife Alliance បានប្រែក្លាយស្ថានការណ៍តាមរយៈយុទ្ធនាការបណ្តុះបណ្តាល ដល់អ្នកភូមិជីផាត។ នេះបាននាំឱ្យមានការផ្លាស់ប្តូរទៅទេសចរណ៍ធម្មជាតិនិងការលេចឡើងនៃមន្ត្រីអនុរក្សព្រៃឈើដែលការពារព្រៃឈើដោះអន្ទាក់ប្រយុទ្ធប្រឆាំងនឹងការកាប់ឈើខុសច្បាប់និងចាប់អ្នកបរបាញ់ធានាការអភិរក្សធនធានធម្មជាតិ។
លោក Gómez-Cortázar បាននិយាយថា៖ «ការប្រើកញ្ចក់ឆ្លុះបញ្ចាំងមនុស្សដែលបានសម្ដែងនៅក្នុងគម្រោង Jungle on my Mind រលាយចូលទៅក្នុងបរិយាកាសនិងបាត់បង់អត្តសញ្ញាណរបស់ពួកគេ។ការងារនេះរំឭកយើងថាយើងទាំងអស់គ្នាគឺជាធម្មជាតិ។វាបង្ហាញពីថាយើងអាចស្តារតុល្យភាពបរិស្ថានបានលុះត្រាតែយើងផ្លាស់ប្តូរអាកប្បកិរិយារបស់យើង»។
ខណៈពេលការតាំងពិព័រណ៍នេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈឆត្រក្នុងទីក្រុង Concord រដ្ឋ Massachusetts មហាជនអាចមើលវាតាមអ៊ីនធឺណិតនៅ www.pointsofreturn.org ៕