បាត់ដំបងៈ​មហោ​ស្រព​សិល្បៈ​ទីក្រុង «​ស្អាត​» បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ភ្ញៀវ​ជាតិ អន្តរ​ជាតិ​ និង​ប្រជា​ជន​ក្នុង​ខេត្ត​ក្រោយ​ពី​ការ​បញ្ចប់​ការតាំង​បង្ហាញ​ព្រឹត្តិ​ការណ៍​សិល្បៈ​ជាច្រើន​ក្នុង​រយៈ​ពេល​១សប្តាហ៍ ​ក្រោម​ការ​រៀប​ចំ​ដោយ​អង្គ​ការ​ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់​ដំបង​។

​លោក​ ឃួន ចន្ទ​រស្មី នាយក​គ្រប់​គ្រង​គម្រោង​របស់​ស​មា​គម​ហ្វារ​ពន្លឺ​សិល្បៈ ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​២០​ ខែមិថុនា ថា មហោ​ស្រព​សិល្បៈ​ទីក្រុង «​ស្អាត​»​ទទួល​បាន​ការគាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សាធា​រណ​ជន ​ដែល​មាន​អ្នកខ្លះ​ចង់​ឱ្យ​មាន​មហោ​ស្រព​បែប​នេះ​ធ្វើជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។​


​លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សង្កេត​ឃើញ​ថា ​មហោ​ស្រព​នេះ​មាន​ការ​គាំទ្រ​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ​ អន្តរ​ជាតិ ​និង​ប្រជា​ជន​ក្នុង​ស្រុក​ផ្ទាល់ដែល​ចូល​រួម​ក្នុង​ពិធី​នេះ​ដោយ​សារ​វា​មាន​សកម្ម​ភាព​កម្សាន្ត​ជា​ច្រើន​ដូច​ជា​​ សិក្ខា​សាលា​ផ្នែក​រាំ​ហ៊ី​ប​ហប់​, សិក្ខា​សាលា​ផ្នែក​គំនូរ​ផ្សេងៗ​,​ការ​បង្កើត​តុក្កតា​យក្ស​, សិល្បៈ​សហ​សម័យ​ខ្មែរ ការ​តាំង​ពិព័រ​ណ៍​ស្នា​ដៃ​សិល្បៈ​ផ្សេងៗ ការ​ដង្ហែ​ក្បួន​សិល្បៈ ​និង​ការ​ប្រគំ​តន្ត្រី​ជា​ដើម​»​។

​នាយក​គ្រប់​គ្រង​គម្រោង​របស់​ស​មា​គម​ហ្វារ​ពន្លឺ​សិល្បៈ​រូប​នេះ ​បាន​លើក​ឡើង​ដែរ​ថា មហោ​ស្រព​នេះ​ក៏បាន​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មានកា​រ​រី​កចម្រើន​លើ​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​ខេត្ត​បាត់​ដំបង​ដែរ ដែល​ខេត្ត​អាច​នឹង​ទទួល​បាន​កិត្តិ​សព្ទ​មកវិញ​ថា ​ជា​ខេត្ត​នៃ​សិល្បៈ និង​វប្ប​ធម៌ ព្រមទាំង​ចូល​រួមចំណែក​ធ្វើ​ឱ្យ​ក្រុង​បាត់​ដំបង​អាច​នឹង​ជាប់​ក្នុង​បណ្ដាញ​ទី​ក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​របស់​អង្គ​ការ​យូណេ​ស្កូ​ផងដែ​រ​។​


​លោក​បន្ថែម​ថា និយា​យ​ដោយ​ខ្លី មហោ​ស្រព​សិល្បៈ​ទីក្រុង «​ស្អាត​» ជា​ផ្នែក​មួយ​មាន​តួនាទី​​សំខាន់​ណាស់​ ដែល​មិន​អាច​អត់​បាន​ក្នុង​ការ​អភិ​វឌ្ឍ​ ពីព្រោះ​វា​បាន​លើក​កម្ពស់​ផ្នែក​សិល្បៈ និង​វប្បធម៌ ​ដែល​អាច​ធ្វើឱ្យ​ខេត្ត​បាត់​ដំបង ទទួល​បាន​កិត្តិ​នាម​ជា​ខេត្ត​សិល្បៈ និង​វប្បធ​ម៌ ដូច​ប្រវត្តិ​សាស្ត្រ​រប​ស់ខ្លួន​ ព្រម​ទាំង​ជំរុញ​ឱ្យ​ក្រុង​បាត់ដំ​បង​ក្លាយជា​​បណ្ដាញ​ទី​ក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ផង​ដែរ​។

​ក្រសួង​ទេស​ចរណ៍ ​ធ្លាប់បា​ន​លើក​ឡើងថា​ នៅ​ឆ្នាំនេះ​មហា​ស្រព​សិល្បៈ​ទីក្រុង​ស្អាត​ធ្វើឡើង​ក្នុង​គោល​បំណង​នៃ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​កាន់​តែច្រើ​ន​នូវ​បេតិកភ​ណ្ឌ​វប្បធម៌​រួម​ ក្នុង​តំបន់​ដែល​នឹង​ក្លាយ​ជា​ធាតុ​មួយ​ដ៏​សំខាន់​របស់​មហោ​ស្រព​។

​បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ មហោស្រព​ក៏មាន​គោល​បំណង​បង្កើន​សោ​ភ​ណ​ភាព​ដល់ទី​ក្រុង​ តា​មរយៈ ស្នា​ដៃ​សិល្បៈ ​ដែលមា​ន​តាំង​នៅ​បាន​យូរ​អង្វែង ​ដូចជា​គំនូរ​លើ​ជញ្ជាំង និង​ចម្លាក់​ជាដើ​ម​។ ស្នា​ដៃ និង​សកម្ម​ភាព​ទាំង​នេះ ​រួម​ជា​មួយ​នឹង​មហោ​ស្រព និង​ព្រឹត្តិ​ការណ៍​វប្បធម៌​ផ្សេង​ទៀត ​ជួយ​ឱ្យ​ខេត្ត​បាត់​ដំបង​ក្លាយ​ជា​ខេត្ត​ទាក់​ទាញ​ផ្នែក​វប្ប​ធម៌​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ឡាយ​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​ខេត្ត ​ហើយ​ក្នុង​ពេល​តែ​មួយ ចូល​រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​វប្ប​ធម៌ និង​សេដ្ឋ​កិច្ច​ក្នុង​តំបន់​។​

​ដោយ​ឡែក​ លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិ​បាល​រង​ខេត្ត​បាត់​ដំបង​ បាន​ឱ្យដឹង​ដែរ​ថា កម្មវិធី​មហា​ស្រព​សិល្បៈ​នេះ ជាការ​រៀបចំ​ឡើង​ដើម្បី​ធ្វើឱ្យ​ទីក្រុង​បាត់​ដំបង​មាន​ភាព​រ​ស់រ​វើ​ក​ឡើ​ង​វិញ​ បន្ទាប់​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ​ខណៈ​ដែល​នៅ​ក្នុង​ខេត្ត​មាន​ស​ភាព​ស្ងប់​ស្ងាត់​។

​លោក​ថា ​អង្គ​ការ​ហ្វារ​ពន្លឺ​សិល្បៈ ចង់​បង្កើត​ព្រឹត្តិ​ការណ៍​មួយ ដើ​ម្បីឱ្យ​ដំណើរ​ការ​វិស័យ​ទេស​ចរណ៍​ឡើង​វិញ​ និង​ព្រម​ទាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ដែល​មាន​អគារ​បុរា​ណ ​អគារ​សម័យ​អា​ណា​និគម​បារាំង​ជាង ​៨០០​ខ្នង​ផ្ទះ​ដែល​នឹង​បម្រុង​ដាក់​អគារ​ទាំង​នេះជា​អគារ​បេតិក​ភណ្ឌ​របស់​អង្គការ​យូណេ​ស្កូ​ផង​។​

​លោក ​សឿ​ម ប៊ុន​រិ​ទ្ធិ លើក​ឡើង​ថា​៖ «​អង្គ​ការ​ហ្វារ​ពន្លឺ​សិល្បៈ​តែង​តែ​បង្កើត​ព្រឹត្តិ​ការណ៍​ជា​ច្រើន​នៅក្នុង​ពិធី​បុណ្យ​ផ្សេងៗ​នៅ​ក្នុង​ខេត្ត ​បុណ្យចូល​ឆ្នាំថ្មី បុ​ណ្យចូ​លឆ្នាំ​សកល​ ឬ​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ក្នុង​ខេត្ត ​ដើម្បី​បង្ហាញ​ពី​សមត្ថ​ភាព​នៃ​ការ​សម្ដែង​ផង ​និង​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ​ផង​ដែរ​»​។​

​សូមប​ញ្ជាក់​ថា មហោ​ស្រព​សិល្បៈ​ទីក្រុង «​ស្អាត​» នេះ​ធ្វើឡើ​ង​រៀង​រាល់​២​ឆ្នាំ​ម្ដង​ ដែល​នេះ​ជា​លើក​ទី​៣​ហើយ ដែល​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ធ្វើ​មហោ​ស្រព​នេះ​នៅ​ក្នុង​ខេត្ត​បា​ត់ដំប​ង កាលពី​ថ្ងៃទី​១២-១​៧ ​ខែមិថុនា ​ឆ្នាំ​២០២៣​នេះ ​បន្ទាប់ពី​លើក​ទី​១ ​ធ្វើ​នៅ​ឆ្នាំ​២០១៨ ​និង​លើក​ទី​២ធ្វើ​​នៅក្នុង​​ឆ្នាំ​២០១៩​៕