ភ្នំពេញ​: ក្នុង​ការ​ប្រារព្ធ​ពិធី​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​ផ្នែក​សិល្បៈ​និង​វប្បធម៌ សិល្បករ​ខ្មែរ​ ស្រ៊ុន​ រី​ដា ​បាន​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​លោក​នៅ​វិចិត្រ​សាល​អា​ស៊ាន​ក្រោម​ចំណង​ជើង​ថា ​«Image in Blue»​ នៅ​ថ្ងៃទី ១៩ ខែ​មិថុនា​។

​ក្នុង​នាម​ជា​សិល្បករ​និវាស​ន​ជន​ទី​៥​ សម្រាប់​កម្មវិធី​លំនៅ​ឋាន​សិល្បករ​អាស៊ាន ​(AARP) ស្នា​ដៃ​សិល្បៈ​របស់​លោក​ រី​ដា​ ត្រូវបា​ន​ទទួល​យ៉ាង​កក់​ក្តៅ​ពី​អគ្គ​លេខាធិ​ការ​អាស៊ាន​លោក ​កៅ​ គឹម​ហួន​ នៅ​លេ​ខាធិការ​ដ្ឋាន​អាស៊ាន​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូ​នេស៊ី​។​


​អនុប្រ​ធាន C ASEAN លោក ​ភី​សានូ​ ស៊ូ​វ៉ា​ណា​ចា​តា ក៏បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ប្រគល់​ស្នាដៃ​សិល្បៈ «Image in Blue»​ នេះ​ផង​ដែរ​។ ស្នាដៃ​សិល្បៈ​នេះ​ជា​ស្នាដៃ​ទី១១៨ ​ចំពោះ​ការ​ប្រមូល​ស្នាដៃ​សិល្ប​ករ​នៅ​វិចិត្រ​សាល​អាស៊ាន​ដ៏​មាន​កិត្យានុ​ភាព​។​

​លោក​ កៅ គឹម​ហួន ​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​៖«​មក​ទល់​ពេល​នេះ AARP បានប្រារឰ​កម្មវិធី​ចំនួន​ ៤ ​លើក​។ ក្នុង​ឆ្នាំ​ ២០១៩ ​យើង​មាន​សិល្ប​ករ​ស្រី​ថៃ​ម្នាក់​។ បន្ទាប់​ពី​រយៈ​ពេល ​២ ​ឆ្នាំ​នៃ​ការបិទ​ខ្ទប់​ដោយ​សារ​ជំងឺ​រាត​ត្បាត​សកល​កូ​វីដ ១៩​​ យើង​បាន​បន្ដ​បង្ហាញ​ស្នាដៃ​សិល្ប​ករ ​៣​ នាក់​ផ្សេង​ទៀត​ មកពី​ប្រទេស​ម៉ាឡេស៊ី​​ ហ្វីលីពីន​ និង​វៀត​ណាម​»​។​


​លោក​បាន​ថ្លែង​ថា​៖ «​ឆ្នាំនេះ AARP មាន​មោទន​ភាព​បង្ហាញ​សិល្បករ​វ័យ​ក្មេង​ដែល​មាន​ជោគ​ជ័យ​ម្នាក់​ទៀត​មកពី​ប្រទេស​កម្ពុជា​គឺ​លោក ​ស្រ៊ុន ​រី​ដា​»​។​

​ក្នុង​ឱកាស​នោះ​លោក​ គឹម​ហួន ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​ហ៊ុន​ ThaiBev សម្រាប់​ការគាំទ្រ​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​ទ្រទ្រង់​កម្ម​វិធី​ផ្សព្វ​ផ្សាយ​សិល្បៈ និង​វប្បធម៌​របស់ លេខាធិកា​រដ្ឋាន​អា​ស៊ាន​។​

​លោក​ ស៊ូ​វ៉ា​ណា​ចា​តា បាន​​ថ្លែង​ពី​អំណាច​នៃ​សិល្បៈ​ជា​ភា​សា​សកល​ដែល​បង្រួប​បង្រួម​មនុស្ស​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នាហើយ​បាន​សន្យា​គាំទ្រ​គាត់​ចំពោះ​ចក្ខុ​វិស័យ​របស់ ASEC ក្នុង​ការ​កសាង​សហ​គមន៍​តាម​រយៈ​សិល្បៈ​ និង​វប្បធម៌​។​

​លោក​បាន​បន្ដ​ថា​៖ «​វា​ជា​កិត្តិ​យស​និង​សេចក្តី​រីករាយ​ដ៏​អស្ចារ្យ​របស់ខ្ញុំ​ដែល​បាន​មក​ទីនេះ​ដើម្បី​គាំទ្រ​ចក្ខុ​វិស័យ​របស់ ​ASEC​ ឆ្ពោះ​ទៅ​រក​ការ​កសាង​សហ​គមន៍​តាម​រយៈ​សិល្បៈ​និង​វប្ប​ធម៌​»​។​

​ក្នុង​អំឡុង​ពេល​បង្ហាញ​និង​ប្រគល់​ស្នាដៃ​សិល្បៈ​នេះ​លោក​រី​ដា​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​គំនិត​ផ្តួច​ផ្តើម​ដូច​ជា AARP ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​សិល្ប​ករ​វ័យ​ក្មេង​ក្នុង​តំបន់​។​

​លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឱកាស​ដែល​បាន​ក្លាយ​ជា​សិល្បករ​ និង​បង្ហាញ​ការ​សាទរ​របស់​លោក​ក្នុង​ការ​តំណាង​សិល្បៈ​អាស៊ាន​ទៅកាន់​ពិភព​លោក​ថា​៖ ខ្ញុំ​សូម​អរគុណ AARP ដែល​បាន​ផ្តល់ឱកាស​ឱ្យ​ខ្ញុំ​នៅទីនេះ​នៅ​ថ្ងៃនេះ​។ ក្នុង​នាម​ជា​អ្នក​សិល្បៈ​ម្នាក់ ​នេះ​ជា​កិត្តិ​យស​ដ៏​ធំ​មួយ​ដែល​បាន​មក​ទីនេះ​។ នេះ​នាំ​ឱ្យ​ខ្ញុំ​កាន់តែ​ខិត​ជិត​ ១ ​ជំហាន​ទៀត​ ដើម្បី​បង្ហាញ​សិល្បៈ​របស់ខ្ញុំ​និង​សិល្បៈ​អាស៊ាន​ទៅកាន់​ពិភព​លោក​»​។​

​លោក ​រី​ដា​ ជា​សិល្បករ​មកពី​ប្រទេស​កម្ពុជាដែលត្រូវ​បាន​ជ្រើស​រើស​ឱ្យចូ​ល​រួម​ក្នុង​កម្មវិធី​លំនៅ​ឋាន​សិល្បករ​អាស៊ាន​លើក​ទី​៥ (AARP) ហើយ​បាន​ចំណាយ​ពេល​ពីថ្ងៃ​ទី​ ២៣ ​ខែឧសភា​ ដល់​ថ្ងៃទី​ ២០​ ខែមិថុនា ​ឆ្នាំ​ ២០២៣ ដើម្បី​បង្កើត​ស្នា​ដៃ​សិល្បៈ​មួយ​ដែល​ផ្តោត​លើ​ការរួប​រួម​ក្នុង​អាស៊ាន​នៅ​លេខាធិ​ការ​ដ្ឋាន​អា​ស៊ាន​។​

AARP មាន​គោល​បំណង​គាំទ្រ​និង​លើក​ស្ទួយ​សិល្បករ​វ័យ​ក្មេង​ក្នុង​តំបន់​អា​ស៊ាន​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​អាស៊ាន​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​វប្ប​ធម៌ និង​កម្ម​វិធី​អប់រំ​។​

​ប្រធាន​បទ​សិល្បៈ​របស់​លោក ​គឺ​ទាក់​ទង​នឹង​អន្តរ​កម្ម​រវាង​សង្គ​មមនុស្ស​ និង​បរិស្ថាន ​ទិដ្ឋ​ភាព​វិ​វត្ត​នៃ​ការ​អភិវឌ្ឍ​​សង្គម​និង​ភាព​ស្មុគ​ស្មាញ​នៃ​ការ​ផ្លាស់​ប្តូរ​។​

​កម្មវិធី​ស្នាក់​នៅ​របស់​សិល្បករ​អា​ស៊ាន​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អ្នក​មាន​ទេព​កោសល្យ​ដែល​កំពុង​រីក​ចម្រើន ស្រប​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ​អា​ស៊ាន​សម្រាប់​វប្ប​ធម៌​ឆ្នាំ ​២០១៦-​២០២៥​។​

​ជា​រៀង​រាល់​ឆ្នាំ វិចិត្រករ​ម្នាក់​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​ស្នាក់​នៅ​រយៈ​ពេល ​១ ​ខែ ដែល​ពួកគេ​ត្រូវ​បាន​ផ្តល់​ជូន​ស្ទូ​ឌី​យោ​ ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ប្លែក​ពី​គេ ​ដែល​ក្លាយ​ជា​ផ្នែក​អចិន្ត្រៃយ៍​នៃ​បណ្តុំ​វិចិត្រ​សាល​

អា​ស៊ាន​។​

​គំនិត​ផ្តួច​ផ្តើម​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​ចម្រុះ​នៅ​អាស៊ី​អាគ្នេយ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើឱ្យ​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ស៊ីជម្រៅ​និង​ពង្រឹង​អារ​ម្មណ៍​នៃ​សហ​គមន៍​អាស៊ាន​ផង​ដែរ​។​

​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​លេខាធិ​ការ​ដ្ឋាន​អាស៊ាន​នៅ​ទីក្រុង​ហ្សា​ការ​តា ​បាន​ឱ្យដឹង​ថា ​គោល​បំណង​ចម្បង​គឺ​សម្រាប់​សិល្បករ​ទាំង​នេះ​ដើម្បី​ស្វែង​យល់​អំពី​អត្ត​សញ្ញាណ​អា​ស៊ាន និង​ធ្វើឱ្យ​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ស៊ី​ជម្រៅ​លើ​វប្ប​ធម៌​ក្នុង​តំបន់​ផ្សេងៗ​គ្នា​។​តាម​រយៈ​កម្មវិធី​នេះ លេ​ខាធិ​ការ​អា​ស៊ាន សង្ឃឹម​ថា ​នឹង​អាច​ដើរតួ​នាទី​ក្នុង​ការ​អភិវឌ្ឍ​អាជីព​របស់​សិល្បករ​វ័យ​ក្មេង​មកពី​តំបន់​ទាំង​មូល​៕