ភ្នំពេញៈ ទូល​ក់ដោយ​ស្វ័យ​ប្រវត្តិ ឬ Vending Machine គឺជា​ទូ​លក់ទំនិញ​ដ៏​ពេញនិយម​នៅតាម​បណ្តា​ប្រទេស​ជឿនលឿន ដូចជា​នៅ​ប្រទេស​ជប៉ុន និង​អឺរ៉ុប​ជាដើម​។ ទូ ទាំងនោះ​ភាគច្រើន​ជា​ទូ​លក់​ភេសជ្ជៈ ឬ​ទំនិញ​មួយចំនួន ដែល​អ្នកទិញ​ត្រូវតែ​ប្រើ​ក្រដាសប្រាក់ ឬ​កាក់​ដើម្បី​ទិញ​ផលិតផល​ដែល​ខ្លួន​ចង់បាន​។​

​បច្ចុប្បន្ននេះ​នៅ​កម្ពុជា មាន​និស្សិត ១ ​ក្រុម បាន​អភិវឌ្ឍ​ទូល​ក់ដោយ​ស្វ័យប្រវត្តិ​នេះ​ឱ្យ​កាន់តែ​ទំនើប​មួយកម្រិត​ថែមទៀត​។ ទូ​លក់​ស្វ័យប្រវត្តិ​ដែល​និស្សិត​កម្ពុជា​បង្កើតឡើង​នោះ​ស្របតាម​បរិបទ​សង្គម​ដោយ​អតិថិជន​អាច​ទិញ​ផលិតផល និង​ទូទាត់​ប្រាក់​ដោយ​ការ​ស្គេ​ន QR Code​។​

​យុវជន ជា ផេង​អ៊ូ ជា​និស្សិត​ឆ្នាំ​ទី​៥ ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​ជាតិ​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​ជា​អ្នក​តំណាងឱ្យ​ក្រុម​របស់ខ្លួន​បានឱ្យដឹងថា ក្រុម Techno Vending Machine ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០២២ តាមរយៈ​កិច្ចការ​សាលា និង​បាន​វិ​វ​ឌ្ឍ​ទៅជា​អាជីវកម្ម​ប្រចាំ​ដេ​ប៉ា​តឺ​ម៉​ង់​នាពេលនេះ​។


យុវជន ជា ផេង​អ៊ូ រៀបរាប់ថា​៖ «​ពេល​-​នោះ​ពួក​ខ្ញុំ​រៀន​ឆ្នាំ​ទី​៤ វា​កើតចេញ ពី​គម្រោង​ក្នុង​ថ្នាក់​ ១ ដែល​គ្រូ បានដាក់​ឱ្យ​។ ខ្ញុំ​ក៏​យល់ថា បើ​ធ្វើ​អ្វី​ដែលជា​គំនិត​ច្នៃប្រឌិត​ហើយ​អាច​វិ​វ​ឌ្ឍ​ទៅជា​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​បាន​នោះ វា​ល្អ ដូច្នេះហើយ​ពួក​ខ្ញុំ​ក៏​នឹង​ឃើញ​ដល់ Vending Machine»​។​

​ការបង្កើត​ដំបូង​ឡើយ ក្រុម​និស្សិត​នេះ​មិនទាន់​យល់ថា វា​អាច​ក្លាយទៅជា​គំនិត​អាជីវកម្ម​នៅឡើយ​ទេ តែ​ក្រោយ​ការ​អភិ​​វ​ឌ្ឍ​ផលិតផល​នេះ​ជា​បន្តបន្ទាប់ វា​ត្រូវបាន​លោកគ្រូ​បន្ទុក​របស់​ពួកគេ​ជួយ​ស្វែងរក​អ្នក​ឧបត្ថម្ភ​ថវិកា រួមជាមួយ​នឹង​ខាង​ដេ​ប៉ា​តឺ​ម៉​ង់​ផ្ទាល់​គាំទ្រ ហើយ​កែប្រែ​វា​ទៅជា​អាជីវកម្ម​សម្រាប់​ដេ​ប៉ា​តឺ​​ម៉​ង់​តែម្ដង​។


​និស្សិត​ឆ្នាំ​ទី​៥ ជា ផេង​អ៊ូ​ បាន​ឱ្យដឹងពី​គំនិត​ច្នៃប្រឌិត ធ្វើឱ្យ​ទូល​ក់​ស្វ័យប្រវត្តិ​នេះ​អាច​ទូទាត់​ប្រាក់​តាម​ការ​ស្គេ​ន​ថា​៖ «​ដំបូង​ពួក​ខ្ញុំ​ស្វែងយល់​ពី ចំ​ណុ​ច​ខ្សោយ​នៃ​ប្រភេទ​ទូ​អគ្គិ​ស​​នី​ដទៃ និង​ដោយ​ឃើញ​ការ​ប្រើប្រាស់​កាក់ និង​លុយ​សុទ្ធ​មាន​បញ្ហា​ច្រើន ហើយ​ណាមួយ​ពួក​ខ្ញុំ​មាន​សក្ដានុពល​ផ្នែក​ហ្នឹង​ផង អ៊ីចឹង​ហើយ​ទើប​យើង​ប្រើ QR Code ដែល​កំពុង​ពេញនិយម​នៅ​ខ្មែរ​យើង​តែម្ដង​»​។​

​យុវជន ជា ផេង​អ៊ូ បានឱ្យដឹង​ទៀតថា កូន​អាជីវកម្ម​តូច​នេះ​កំពុង​សហការ​ជាមួយនឹង​ដេ​ប៉ា​តឺ​ម៉​ង់​គីមី​ចំណីអាហារ និង​ដៃគូ​នៅ​ប្រទេស​តៃវ៉ាន់ ដោយ​ការ​​សហការ​នេះ គឺជា​ការផ្តោះប្តូរ​បច្ចេក​វិទ្យា និង​សម្ភារ​។ ខាង​ដៃគូ​ជា​អ្នកផ្ដល់​ទូ​មក ចំណែក​ក្រុម Techno Vending Machine នឹង​បំពាក់​បច្ចេកវិទ្យា​ជូន​ដល់​ពួកគេ​ដើម្បី​យកទៅដាក់​លក់​ទឹក និង​លក់​ភេសជ្ជៈ​ផ្សេងៗ​។​

​ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០២៤ ខាងមុខ​យុវជន ១ ​ក្រុម​នេះ បានធ្វើ​ផែនការ​ថ្មី ដោយ​គ្រោង​នឹង​បើកទទួល​ការ​កុម្ម៉ង់​សម្រាប់​អតិថិជន​ទូទៅ​។ យុវជន​ជា ផេង​អ៊ូ ឱ្យដឹងថា​៖ «​ពួក​ខ្ញុំ​នឹង​បើក​ការ​កុម្ម៉ង់ ២​ ជម្រើស សម្រាប់​ឆ្នាំ​ ២០២៤ ទី​ ១​ គឺ​ខ្នាត​ស្តង់ដា ដែលមាន​តូច មធ្យម និង​ធំ​។ ចំណែក​មួយ​ប្រភេទ​ទៀត គឺ​ធ្វើតាម​បែបបទ​ដែល​អតិថិជន​កុម្ម៉ង់ ទាំង​រូបរាង ទំហំ និង​សូម្បី​សម្រាប់​ប្រភេទ​ផលិតផល​ផ្សេង​ក្រៅពី​ភេសជ្ជៈ​»​។​

​យុវជន ជា ផេង​អ៊ូ បន្ថែមថា​៖ «​គោលដៅ​របស់​យើង​មាន​ ២ គឺ​ទី​ ១ លក់​ឱ្យ​អតិថិជន​គោលដៅ និង​ទី​ ២ គឺ​លក់​ជា​កញ្ចប់​ដោយ​ការដាក់​ជួល​ម៉ាស៊ីន និង​សេវា​កម្ម​ផ្សេងៗ​របស់​ពួក​ខ្ញុំ​។ សម្រាប់​តម្លៃ​វិញ ដោយសារតែ​ឥឡូវនេះ​ពួក​ខ្ញុំ​ធ្វើការ​តែ​ជាមួយនឹង​ដៃគូ ដូច្នេះហើយ យើង​មិនទាន់​បានកំណត់​តម្លៃ​ទូ​អគ្គិសនី​នៅឡើយ​»​។​

​មកទល់ពេលនេះ ក្រុម Techno Vending Machine បាន​អភិវឌ្ឍ​ទូ​របស់ខ្លួន​បាន​ដល់ ២​ ជំនាន់​ហើយ​។ យុវជន ជា ផេង​​អ៊ូ បញ្ជាក់ថា កាល​ជំនា​ន់ទី​ ១ គឺជា​ការទិញ​ប្រើ QR Code ដែរ តែ​ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​លេខ​កូដ តាមរយៈ​សារ SMS ដែល​ទទួលបាន​ពី​ខាង​ធនាគារ​មុន​ឱ្យ​ទូ​អគ្គិសនី​ដំណើរការ ដោយ​វា​ត្រូវ​ប្រើពេល ៦ ​វិនាទី​។ ចំណែក​ជំនា​ន់ទី​ ២ គឺ​លឿន​ជាង​មុន ៣ ដង ដែល​ប្រើ​ប្រព័ន្ធ​ទូទាត់​ប្រាក់​របស់​បាគង ប្រើ​អ៊ីន​ធឺ​ណិ​ត​ដោយ​មិនចាំបាច់​ផ្ទៀងផ្ទាត់​លេខ​កូដ​ទៀត​នោះទេ ពោលគឺ​គ្រាន់តែ​ស្គេ​ន នោះ​ភេសជ្ជៈ​នឹង​ធ្លាក់​ពី​ទូ​អគ្គិសនី​មក​តែម្តង​។

​បច្ចុប្បន្ន ក្រុមនិស្សិត​ផ្នែក​អគ្គិសនី​ឆ្នាំ​ទី​៥ ឈ្មោះ ​Techno Vending Machine ដែលមាន​សមាជិក​ចំនួន ៥ ​នាក់​នេះ បាន​ផលិត​ទូ​អគ្គិសនី​ទំនើប​នេះ​ចំនួន​ ៦ ​គ្រឿង​ហើយ​។​

​លើសពីនេះ​យុវជន ជា ផេង​អ៊ូ ចង់ឃើញ​ប្រជាពលរដ្ឋ​គាំទ្រ​ស្នា​ដៃ​បច្ចេកវិទ្យា​ថ្មីៗ​របស់​យុវជន​ឱ្យ​កាន់តែច្រើន ព្រោះ​វា​រួមចំណែក​ដល់​សង្គម​ផង និង​លើកកម្ពស់​បច្ចេកវិទ្យា​ខ្មែរ​ផង​។

និស្សិត ជា ផេង​អ៊ូ និយាយថា​៖ «​ទោះបីជា​នៅ​កម្ពុជា​យើង មានការ​ប្រកួត​​ប្រជែង​ជាមួយ​ទូ​អគ្គិសនី​បរទេស​ច្រើន​ក៏ដោយ តែ​ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ​ក្នុងស្រុក​នឹងមាន​ការគាំទ្រ​ច្រើន ដោយសារ​វា​ជា​ផលិតផល​ក្នុងស្រុក​ផលិត​ដោយ​ដៃ​កូន​ខ្មែរ ម្យ៉ាង​តម្លៃ​វិញ​គឺ​ថោក​ជាង​ម៉ាស៊ីន​បរទេស​ទៅទៀត​»​។​

​យុវជន​រូបនេះ​បន្តថា ការប្រើ​​ប្រាស់​ទូ​អគ្គិសនី​នេះ​មាន​ប្រ​យោ​ជន៍​ច្រើន វា​មិន​ត្រឹមតែ​ចំណេញ​មនុស្ស​ក្នុង​ការលក់ តែ​អតិថិជន​អាច​កុម្ម៉ង់​ទូ​អគ្គិសនី​នេះ​ដើម្បី​ដាក់លក់​ផលិតផល​ផ្សេងទៀត​បាន​ដូចជា​គ្រឿងសម្អាង និង​ផលិត​ផល​ផ្សេងៗ​បាន​ផងដែរ​៕