ភ្នំពេញៈ​ អង្គការ​មូល​និធិ​កុមារ​កម្ពុជា​ដឹក​នាំ​អ្នក​ភូមិ ​និង​ក្មេងៗ​កែប្រែ​ដី​ ១​ កន្លែង​ដែល​បោះ​បង់​ចោល​ពោរ​ពេញ​ដោយ​សំរាម​ស្ថិត​នៅខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​ ទៅជា​សួន​បន្លែ​ដោយ​ក្នុង ​១ ​ឆ្នាំ ​បន្លែ​ចម្រុះ​មុខ​ប្រមាណ​ជិត​ ១​ តោន ត្រូវ​បាន​ប្រមូល​ផល​។​

លោក​ Scott Neeson ស្ថាប​និក​នៃ​អង្គ​ការ​មូល​និធិ​កុមារ​កម្ពុជា​បាន​ចាប់​អារម្មណ៍​នឹង​គម្រោង​នេះ​ជា​យូរ​មក​ហើយ​ បន្ទាប់​ពី​លោក​បាន​ដើរ​ឆ្លង​កាត់​លើដី​ដ៏​សែន​កខ្វក់​ ១​ កន្លែង​នេះ​ស្ថិត​ក្នុង​ភូមិ​ឫ​ស្សី ​សង្កាត់​ស្ទឹង​មាន​ជ័យ ជា​មួយ​កុមារ​តូច​ឈ្មោះ​សុខ​លី​កាល​ពី​១៨​ខែ​មុន​។​

លោក​បាន​រៀប​រាប់​ថា​៖ «​ប្រហែល​ជា ​១៨​ ខែ​មុន​នេះ​ ខ្ញុំ​ដឹង​ថា ​វា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​តាម​គំនិត​របស់​ខ្លួន​ឯង​ហើយ​។​ ប្រសិន​បើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​គិត​ខុស ​និង​ប្រសិន​បើ​ខ្ញុំ​មាន​សមត្ថ​ភាព​ផង​ដែរ​ នោះ​វា​គឺជា​ការ​ទទួល​ខុសត្រូវ​របស់​ខ្ញុំ​ក្នុង​ការ​កែខៃ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ទាំង​នោះ​។ ខ្ញុំ​បាន​ត្រៀម​ដី​នៅ​ទីនេះ​ ហើយ​ដោយ​មាន​ការ​ចូល​រួម​ជួយ​ពី​អ្នក​ភូមិ​យើង​ខ្លះៗ ​និង​អ្នក​ជំនាញ​ខាង​រុក្ខ​ជាតិ និង​ដី​ដ៏​អស្ចារ្យ​របស់​យើង​»​។​


​លោក​ Scott Neeson បាន​និយាយ​ថា ​ការ​ផ្លាស់​ប្តូរ​ដី​នេះ​ទៅជា​ដី​ដែល​មាន​លក្ខណពិ​សេស​បំផុត ​ដូច​ជា​បាន​ផ្តល់​ឱ្យ​នូវ​សួន​បន្លែ​សម្រាប់​សហ​គមន៍ស​ម្រាក​លម្ហែ​កាយ​ ជាមួ​យ​ផើង​ដី​ដាក់​ជា​រោង​តូចៗ​សម្រាប់​ដាំ​ដំណាំ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​។ លោក​ក៏បាន​អនុញ្ញាត​ឱ្យ​អ្នក​ភូមិ​អាច​ដាំ​ដំណាំ​គ្រប់​ប្រភេទ​ មិន​ថា​ជា​ដំណាំ​អ្វី​ក៏ដោយ​ដែល​អ្នក​ភូមិ​អាច​ដាំ​បាន ហើយ​ពួក​គេ​អាច​យក​មក​បរិ​ភោគ​ឬ​លក់​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​ផ្ទាល់​ខ្លួន​ទៀត​ផង​។​

​បន្ទាប់​ពី​សម្រេច​ក្តី​ស្រ​មៃនេះ​លោក​ បាន​ថ្លែង​ថា​៖«​អ្នក​ភូមិ​យើង​ជាច្រើន​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ចំណាក​ស្រុក​ពី​ជន​បទ​មក​រស់​នៅ​ទីនេះ​ហើយ​សមា​ជិក​គ្រួសារ​វ័យ​ចំណាស់​របស់​ពួក​គាត់​អាច​មាន​ឱកាស​នាំ​មក​វិញ​នូវ​ការ​រស់នៅ​​បែប​ធម្ម​ជាតិ ​ដោយ​ប្រើ​ដៃ​ប្រឡូក​ជា​មួយ​ដី​ជាថ្មី ធ្វើ​ការដាំ​ដំណាំ​ក្នុង​រោង​រប​ស់ខ្លួន​ដោយ​ផ្ទាល់​»​។​


​បន្ថែម​ពីនេះ លោ​ក Scott ដែល​មិន​ធ្លាប់​នឹក​ស្មាន​ដល់​ថា ​ក្មេងៗ​នៅ​ក្នុង​ភូមិ​ចូល​ចិត្ត​ដាំ​រុក្ខ​ជាតិ​ និង​ថែ​ដំណាំ​ដែល​មាន​នៅ​ក្នុង​សួន​នេះ ​បែរ​ជា​ពួក​គេបង្ហាញ​ការ​ចូល​រួម និង​ចូល​ចិត្ត​ដែល​ខុស​ឆ្ងាយ​ពី​ពេលមុ​នពួ​កគេ​កាន់តែ​ទូរស័ព្ទ ដើម្បី​លេង​ Tik Tok និង​ថត​រូប​ខ្លួន​ឯង​។​

​លោក​ Fraser Brown អ្នក​សម្រប​សម្រួល​ផ្នែក​កសិ​កម្ម​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៃ​អង្គ​ការ​មូល​និធិ​កុមារ​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៩​ ខែមិថុនា​ថា ដំបូង​ឡើយ​ដី​នេះ​ គឺជា​ដី​ទំនេរ​ ហើយ​ជា​ដី​គំនរ​សំរាម​ដែល​គេ​បោះ​បង់​ចោល​ពោរ​ពេញ​ដោយ​ការ​ដុត​សំរាម​ជា​ញឹក​ញាប់​។​

​លោក​បាន​រៀប​រាប់​ថា​៖«​ទីតាំង​ចាក់​សំរាម​នេះ ​មាន​ផ្ទៃដី​សរុប​ជាង​៦០០​ម៉ែត្រ​ការ៉េ ដែល​យើង​បាន​ពង្រាយ​ដី ដើម្បី​ដាំ​ដុះ​ប្រមាណ​៣៥០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​។ យើង​បាន​ជីក​ក​កាយ​ដី​ដែល​​កខ្វក់​នោះ​ នៅ​ខែឧ​សភា ​ឆ្នាំ​២០២១ ហើយ​ការ​ប្រមូល​ផល​ដំបូង​គឺ​នៅ​ខែ​កញ្ញា ក្នុ​ង​ឆ្នាំ​ដដែល​។ បន្ទាប់​មក​យើង​ចាប់​ជីក​កកាយ​ដី​ដែល​កខ្វក់​នោះ​១​កន្លែង​ទៀត ​ដើម្បី​ពង្រីក​ការ​ដាំដុះ​​របស់​យើង​ ហើយ​នៅ​ខែធ្នូ ឆ្នាំ​២០២២ ​យើង​បាន​សម្អាត​ផ្ទៃដី​ដាំ​ដុះ​ប្រហែល​២៣០​ម៉ែត្រ​ការ៉េ​»​។​

​លោក ​Fraser បាន​ឱ្យដឹង​ថា ក្នុង​​១​ឆ្នាំឬ​កាលពី​ឆ្នាំ​២០២២ ​ដំណាំ​ដែល​បាន​ដាំ​ដុះ​លើដី​នេះ គឺ​ប្រមូល​ផល​បាន​ជាង​៨៣០​គីឡូ​ក្រាម​ ដើម្បី​ផ្តល់​ជូន​អតិថិ​ជន​ទាំង​ក្នុង​ស្រុក ​ជនប​រទេស និង​ភោជ​នីយ​ដ្ឋាន​នៅ​ជុំវិញ​ទីក្រុង​។ ក្រៅ​ពីនោះ​លោក​អះអាង​ថា ដំ​ណាំ​ទាំង​នោះ​មួយ​ចំនួន​ ក៏ត្រូវ​បាន​លក់​នៅ​តំបន់​ក្បែរ​នោះ​ដល់​សមាជិ​ក​សហគ​មន៍​ និង​អ្នក​ស្រុក​ ព្រម​ទាំង​ចែក​ចាយ​ដល់​គ្រួសារ​ដែល​មាន​ការ​លំបាក​បំផុត​នៅ​ក្នុង ​CCF​ ។​

​តាម​ការអះ​អា​ង សួន​បន្លែ​នៅលើ​ដី​ចាក់​សំរាម​នេះ គឺ​បាន​ផលិត​ផល​ដំណាំ​ប្រហែល​២០​ប្រភេ​ទ ខ​ណៈ​សួន​នេះ គឺជា​ផ្ទះ​របស់​រុក្ខជា​តិ​ជាង​៦០​ប្រភេទ​ដែល​ភាគច្រើ​ន​អាច​បរិភោ​គបាន​ឬ​ជា​ឱសថ​ដោយមា​ន​អ្នក​ជួយ​ថែ អ្នក​ជំនាញ​ផ្នែក​កសិ​កម្ម និង​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ២​០​នាក់ ​ហើយ​មាន​ការ​សហ​ការ​ជាមួយ​ប្រជា​ពលរ​ដ្ឋ​ជុំវិញ​ជាង​៥០​គ្រួសារ​។​

​លោក Fraser​ បាន​បន្ថែ​មថា​៖«​យើង​ក៏មាន​សិស្ស​នៅ​ជុំវិញ​តំបន់​នេះ​ចន្លោះ​ពី​១៥០​ ទៅ​២០០​នាក់​ មក​ចូលរួម​ក្នុង​ការ​តុប​តែង​សួន​ដាំ​ដំណាំ ​ច្រូត​កាត់ ​នៅពេលដែល​ពួកគេ​ទំនេរ​ពី​ការ​សិក្សា​ផងដែរ​។ខ្ញុំ​រីករាយ​ដែល​បាន​ក្លាយ​ជា​ផ្នែក​១​នៃ​គម្រោង​ដែល​ផ្តល់​កន្លែង​បៃត​ង និង​ផលិត​ផល​សរីរាង្គ​សម្រាប់​កុមារ ​និង​សមា​ជិក​សហ​គមន៍ ​ដើម្បី​រីករាយ​ក្នុង​បរិយា​កាស​ដ៏​អាប់​អួ​នេះ​»​។

​លោក Fraser បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​ថា​គម្រោង​នេះ​អាច​យ​កទៅ​ធ្វើជា​គំរូ​សម្រាប់​យុវជន​កម្ពុជា​ណា​ក៏ដោ​យដែ​ល​ចាប់អា​រម្មណ៍​លើ​វិស័យ​កសិកម្មហើ​យ​បង្ហាញ​ថា​វា​អាច​ទៅរួច​ក្នុងការ​បង្កើត​ប្រាក់ចំ​ណូល​ចិញ្ចឹម​ជីវិត​ប្រកប​ដោយ​និរន្តរ​ភាព​។គម្រោង​ស្រដៀង​គ្នា​នេះ​អាច​ដំណើរ​ការ​បាន​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង ឬ​ទី​ប្រជុំ​ជន​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​»៕