ភ្នំពេញៈ ​អង្គការ​សម្ពន្ធ​សិទ្ធិ​កុមារ​កម្ពុជា ប្រកាស​ផ្តល់​សៀវភៅ​ណែនាំ​កុមារ Child-Friendly Booklet ដោយ​ឥតគិតថ្លៃ​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី ​៣១ ខែសីហា ឆ្នាំ​ ២០២៣ ខណៈ​សៀវភៅ​នេះ ត្រូវបាន​បង្កើតឡើង​ឱ្យមាន​ភាពសាមញ្ញ ដើម្បី​ជួយ​កុមារ ឪពុកម្តាយ និង​សាធារណជន​ឱ្យ​យល់ដឹង​ពី​សិទ្ធិ​របស់​កុមារ​។​

​តាម​ការប្រកាស​អង្គការ​សម្ពន្ធ​សិទ្ធិ​កុមារ​កម្ពុជា បានឱ្យដឹងថា ក្រោម​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​ម្ចាស់ជំនួយ​ផ្សេងៗ សៀវភៅ​ណែនាំ​អំពី​កុមារ​ឆ្នាំ​២០២២ សម្រាប់​កម្ពុជា ត្រូវបាន​ផលិត និង​បោះ​ពុម្ព​ឡើង​ចំនួន​ជាង​១ ០០០ ឈុត នៅក្នុង​ឆ្នាំ​២០២៣​។

​អង្គការ​នេះ​បាន​បញ្ជាក់ថា​៖«​បើសិនជា​អង្គការ​សមាជិក អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន កុមារ យុវជន និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នានា មានបំណង និង​ចង់បាន​សៀវភៅ​នេះ សូម​មក​ទទួលយក​ដោយ​ឥតគិតថ្លៃ​នៅ​ការិយាល័យ អង្គការ​សម្ពន្ធ​សិទ្ធិ​កុមារ​កម្ពុជា រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២៣»​។​


​លោក នាង វិសាល នាយក​កម្មវិធី​នៃ​អង្គការ​សម្ពន្ធ​សិទ្ធិ​កុមារ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៨ ខែកក្កដា​ថា សៀវភៅ​នេះ គឺជា​សៀវភៅ​ណែនាំ​មួយ​ដែលមាន​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ផ្តល់ជូន​ដល់​រដ្ឋ​ភាគី ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។

​លោក បាន​បន្តថា សៀវភៅ​នេះបានបង្ហាញ​ពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​ដែល​កម្ពុជា​បាន​ទទួលយក​ចុងក្រោយ កាលពី​ឆ្នាំ​២០២២ ដើម្បី​ប្តេជ្ញា​អនុវត្ត​សិទ្ធិ​របស់​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យបាន​ល្អ​ដូច​ទៅនឹង​អ្វីដែល​មានចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​។​


​លោក បាន​បញ្ជាក់ថា​៖«​សៀវភៅ​នេះ នឹង​បង្ហាញ​អំពី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ ហើយ​សួរថា ហេតុអ្វី​បាន​យើង​បោះ​ពុ​ម្ព​កូនសៀវភៅ​បែបនេះ គឺ​ដើម្បីឱ្យ​ងាយ​យល់ និង​សមស្រប​សម្រាប់​កុមារ​។ បើ​យើង​ក្រឡេក​មក​មើល​អនុសាសន៍​របស់ UN ដែលជា​ភាសា​អង់គ្លេស ហើយ​បើ​យើង​ដកស្រង់​ទាំងស្រុង​យកទៅ​ចែកជូន​ពលរដ្ឋ​ទូទៅ​នោះ គឺ​ពួកគាត់​ពិបាក​យល់​ណាស់​»​។

​លោក នាង វិសាល ថ្លែងថា អនុសាសន៍​ដែលមាន​ក្នុង​សៀវភៅ​នេះ គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​បើ​ស្ថាប័នរដ្ឋ និង​អង្គការ​ពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ​ទូទៅ​មិនមាន​ការយល់ដឹង នោះ​នឹងមិន​អាចមាន​លទ្ធភាព​ដើម្បី​អនុវត្តតាម​គោលការណ៍​ទាំងនោះ​ឱ្យបាន​ជោគជ័យ​នោះទេ ខណៈ​សៀវភៅ​នេះត្រូវបាន​រចនា​ឡើង​ដោយ​បន្ថែម​រូបភាព​ដើម្បី​បញ្ជាក់​អំពីអត្ថន័យ​និង​ផ្ដល់ភាព​ងាយស្រួ​ល​ដល់​កុមារ​ផងដែរ។​

​លោក បញ្ជាក់ថា​៖«​មូលហេតុ​ដែល​យើង​ចែក​ជូនទៅ​សមាជិក ព្រោះ​យើង​ជា​អង្គការ​សម្ពន្ធ ហើយ​បើ​មាន​ឯកសារ ឬ​សៀវភៅ ដែល​បាន​បោះ​ពុ​ម្ព យើង​នឹង​ផ្តល់ជូន​ពួកគាត់ ដោយ​ឥតគិតថ្លៃ​ ហើយ​មិន​ត្រឹមតែ​សមាជិក​ទេ យើង​នឹង​ចែក​ជូនទៅ​ក្រុម​កុមារ​នានា​ទូទាំងប្រទេស​ដែល​ចង់បាន​ផងដែរ​»៕​