ភ្នំពេញៈ ជាទូទៅ​ផលិតផល​ធ្យូង​តែង​បានមកពី​ការកាប់​ឈើ​ព្រៃ​ធម្មជាតិ​យកមក​ដុត​ស្រប​ពេលដែល​និន្នាការ​នៃ​ការប្រើ​ធ្យូង​នៅតែមាន​តម្រូវការ​សម្រាប់​ពលរ​ដ្ឋ​ខ្មែរ​មួយចំនួន​។ ប៉ុន្តែ​មាន​សហ​គ្រាស​ ១ ​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​បាន​យក​ត្រឡោក​ដូង​មក​កែច្នៃ​ជា​ធ្យូង​បរិស្ថាន​ហើយ​បាន​ជួយផ្តល់​ការងារ​ដល់​អតីត​អ្នក​រើស​សំរាម​ជាង​ ៤០​ នាក់ ​និង​អ្នកញៀន​ថ្នាំ​ទៀតផង​។​

​គំនរ​សម្បកបាវ​ចាស់ៗ​ត្រូវបាន​គេ​ដាក់​គរ​តម្រៀប​គ្នា​ជា​ជួរៗ រីឯ​ទិដ្ឋភាព​នៅក្នុង​បរិវេណ​សហគ្រាស​នោះ​ក៏​មិន​ស្អាត​ប្រណីត​អី​ដែរ​។ ប៉ុន្តែ​ជាទី​កន្លែង​ផ្តល់​ផា​សុកភាព​ផ្លូវចិត្ត​សម្រាប់​បុរស​អតីត​អ្នកញៀន​គ្រឿងញៀន​ម្នាក់​ក្នុងចំណោម​អតីត​អ្នក​រើស​សំរាម​ជាង ​៤០​ នាក់​ទៀត​ដែល​កំពុងធ្វើការ​ក្នុង​សហគ្រាស Khmer Green Charcoal–KGC ជា​កន្លែង​កែច្នៃ​ធ្យូង​អនាម័យ​ចេញពី​ត្រឡោក​ដូង​។​

លោក Vichet Chom ម្ចាស់​សហគ្រាស Khmer Green Charcoal–KGC បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា នៅមុន​ឆ្នាំ​ ២០១២ កាលពី​មិនទាន់​កកើត​ជា​សហគ្រាស ​[KGC] គឺលោក​អនុវត្ត​គម្រោង​មួយ​ពាក់ព័ន្ធ​នឹង​ការកែច្នៃ​កាកសំណល់​ដែលមាន​អ្នកជំនាញ​ពី​ប្រទេស​អ៊ី​តា​លី​។​ការ​ផ្តួចផ្តើម​គំនិត​ក្នុង​ការកែច្នៃ​កាកសំណល់​នេះ​ក៏​ដោយសារ​លោកស្រី​យល់ថា នៅ​កម្ពុ​ជាមាន​សំណល់​ជាច្រើន​ត្រូវគេ​បោះ​​ចោល ហើយ​បង្ក​ជា​បញ្ហា​ដល់​បរិស្ថាន​។​ម្យ៉ាងលោករី​មើលឃើញថា កាកសំណល់​ទាំងនោះ​ក៏​នៅ​អាច​ទាញយក​ផល​ប្រ​យោជន៍​ពី​វា​បាន​។​


លោកបាន​បន្តថា ការកែច្នៃ​ពី​កាក​​សំណល់​សំរាម​ឱ្យ​កើត​ទៅជា​របស់​មាន​ប្រយោជន៍​គឺជា​រឿង​សំខាន់ ជាពិសេស​បាន​ជួយ​ដល់​បរិស្ថាន​តែម្តង​។ បន្ទាប់មក​នៅ​អំឡុង​ឆ្នាំ​ ២០១២​ លោក​បាន​ចាប់​ផ្តើម​កែច្នៃ​ធ្យូង​អនាម័យ​ពី​ត្រឡោក​ដូង​ជំនួស​ឱ្យ​ការផលិត​ធ្យូង​ដែល​បាន​ពី​ការ​​កាប់​ព្រៃឈើ​វិញ ព្រោះថា ការដុត​ចម្អិន​អាហារ​ដោយ​ប្រើ​ធ្យូង​បានមកពី​ការកាប់​ព្រៃឈើ​ធម្មជាតិ​គឺជា​ទម្លាប់​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​ទៅហើយ​។

មួយវិញទៀត លោកបានគិត​ថា ប្រសិនបើ​ប្រជា​​ជន​ខ្មែរ​មួយចំនួន​នៅតែ​បន្ត​ប្រើ​ធ្យូង​តាមបែប​ប្រពៃណី​គឺអាច​ដល់​ជំនាន់​កូន​ក្រោយៗ​នឹងត្រូវ​បាត់បង់​ព្រៃឈើ​អស់ ដោយសារ​មិនអាច​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​តទៅទៀត​។​


លោក​ថ្លែងថា​៖ «​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋ​គឺមាន​តែ​ជួយ​លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​បន្ត​ផលិត​បន្ថែមទៀត​។​បញ្ជ្រាប​ព័ត៌មាន​ទៅកាន់​អ្នកប្រើប្រាស់​ឱ្យ​គាត់​ប្តូរ​ផ្នត់គំនិត​បែប​ប្រពៃណី​ដុត​ធ្យូង​ព្រៃ​ធម្មជាតិ​មក​ប្រើ​ប្រាស់​ធ្យូង​កែច្នៃ​ពី​ត្រឡោក​ដូង​នេះ​វិញ​»​។​

លោក​បន្តទៀតថា​៖ «​ព្រោះ​ដោយ​សារ​វា​ចំណេញ​ហើយ​ជួយ​បាន​មួយផ្នែក​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ហើយ​ណាមួយ​ជួយ​ដល់​បរិស្ថាន​យើង​ផង អ្វីដែល​យើង​អាចជួយ​បាន គឺ​យើង​មាន​មោទនភាព​ដែល​យើង​មានឱកាស​ជួយ​»​។​

​បើតាមលោក Vichet ចំពោះ​វត្ថុ​ធាតុ​​ដើម​ត្រឡោក​ដូង​វិញ​ គឺ​សហគ្រាស​របស់​អ្នកស្រី​ប្រមូល​ឬ​ទទួល​ទិញ​មិន​ថា នៅក្នុង​រាជធានី​ភ្នំពេញ​ឬ​នៅតាម​បណ្តា​ខេត្ត​ទេ​ហើយ​អ្នក​ដែលមាន​ត្រឡោក​ដូង​លក់​អាច​ដឹកយក​មកឱ្យ​អ្នកស្រី​ដល់​ទីតាំង​ផ្ទាល់ ក៏បាន​ឬក៏​ឱ្យ​ក្រុមការងារ​របស់​លោក​ទៅ​ដឹក​ដល់​កន្លែង​អ្នកលក់​ត្រឡោក​ដូង​ក៏បាន​ដែរ​។​

​ទាក់ទង​នឹង​គុណភាព​ធ្យូង​អនាម័យ​វិញ លោក​បាន​អះអាងថា បាន​យកទៅ​ធ្វើ​ពិសោធ​នៅ​ប្រទេស​អាល្លឺម៉ង់ ​ដែលមាន​វិញ្ញាបនបត្រ​បញ្ជាក់​ទៀតផង​។​ ចំពោះ​ស្ថាប័ន​ក្នុងប្រទេស​ក៏​មិនមាន​បញ្ហា​អ្វី​ដែរ​ផ្ទុយទៅវិញ​មានតែ​ជួយ​លើកទឹកចិត្ត​ដល់​អ្នកស្រី​ឱ្យ​បន្ត​ផលិត​ទៀតផង​។​

លោកបានឱ្យដឹងថា បច្ចុប្បន្ន​អតិថិ​ជន​ប្រើប្រាស់​ធ្យូង​ត្រឡោក​ដូង​របស់​លោក​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​ហើយ​ធ្យូង​លោកមាន​កែច្នៃ​ពី​ត្រឡោក​ដូង​សុទ្ធ ​(​ធ្យូង​លេខ​ ១)​ និង​ពី​កាកសំណល់​កម្ទេច​ឈើ កម្ទេច​ធ្យូង កាក​អំពៅ​ដែល​ប្រើប្រាស់​រួច ​(​ធ្យូង​លេខ​២)​។​ចំពោះ​ធ្យូង​លេខ​ ១ ​ដុត​ប្រើ​បាន​រយៈពេល​ ៥ ​ទៅ ​៦ ​ម៉ោង​ដែល​យូរ​លើសពី​ធ្យូង​ផលិត​ពី​ឈើ​ព្រៃ​ពី​ ៤ ​ទៅ​ ៥​ ដង ឯ​ធ្យូង​លេខ​ ២ ​ដុត​បាន ​៣ ​ម៉ោង​។ ចំណែក​ការផលិត​វិញ​គឺ​សហគ្រាស​អាច​ផលិត​ធ្យូង​បាន​ចន្លោះ​ពី​ ៩០ ​ទៅ​ ១២០ ​តោន​ក្នុង ​១ ​ខែ​។​

លោក Vichet បាន​បន្ថែមថា ផលិត​ផល​ធ្យូង​របស់លោករី​ត្រូវបាន​អតិថិជន​ទទួលស្គាល់​ច្រើន​តាមរយៈ​ការតាំង​បង្ហាញ​នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​ផ្សេងៗ​ពិសេស​នៅតាម​ស្ថានទូត​អាមេរិក ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ឬ​តាមរយៈ​ស្ថាប័ន​អង្គការ​មួយចំនួន​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ឱ្យ​លោកផងដែរ​។​

​ដោយឡែក​ចំពោះ​កម្លាំង​ពលកម្ម​វិញ លោក​បានឱ្យដឹងថា បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​សហគ្រាស​ធ្យូង​អនាម័យ​របស់លោក​សរុប​មាន​ជាង​ ៤០​ នាក់​ ដោយ​ជ្រើសរើស​ចេញពី​អ្នក​រើស​សំរាម​និង​អ្នកញៀន​គ្រឿងញៀន​។ ចំពោះ​បុគ្គលិក​ជា​អតីត​អ្នកញៀន​គ្រឿងញៀន គឺ​លោកបាន​ជួយ​អប់រំ​ណែនាំ​ឱ្យបាន​យល់ដឹង​ពី​គ្រោះថ្នាក់​គ្រឿងញៀន​រហូត​អាច​ផ្ដាច់​និង​អាច​បម្រើ​ការងារ​ក្នុង​សហគ្រាស​បាន​។ ក្រៅពីនេះ​ លោក​បាន​សហការ​ជាមួយ​អង្គការ​ភាព​ញញឹម​ជួយ​ដល់​ក្មេងៗ​ដែលជា​កូន​បុគ្គលិក​និង​ក្មេង​នៅ​ខាងក្រៅ​ឱ្យបាន​ចូលរៀន​ក្នុង​អង្គការ​នេះ សរុប​បាន​ប្រមាណ​ជា ១២០​ នាក់​ផងដែរ​។

លោក Vichet Chom ប្រាប់ទៀតថា ធ្យូង​អនាម័យ​នេះ ពេល​ដុត​មិន​ផ្ទុះ​បែក​ផ្កាភ្លើង មិនមាន​ផ្សែង​និង​មិន​ធ្វើឱ្យ​ខ្មៅ​ជញ្ជាំង​ឡើយ​។ រីឯ​ការលក់​វិញ​គិត​ជា​មធ្យម​គឺ​ក្នុង ​១ ​ខែលោក​អាច​លក់បាន​ចន្លោះ​ពី​ ៨០​ ទៅ ​១០០ តោន​ឬ​ខែ​ខ្លះ​លក់បាន​ជាង ​១២០​ តោន​ដោយសារ​អតិថិជន​មាន​តម្រូវការ​ច្រើន​ជាពិសេស​នៅ​ផ្សារ​ទំនើប​ម៉ាក្រូ​និង​នៅតាម​ស​ណ្ឋា​គារ តាម​ភោជនីយដ្ឋាន និង​នៅតាម​ហាង​លក់​សាច់​អាំង​ក្នុង​រាជធានី​ភ្នំពេញ​មាន​តម្រូវការ​ច្រើនជាងគេ​។​ក្រៅពីនេះ​ក៏មាន​ដឹក​ទៅ​លក់​នៅ​ប្រទេស​ចិនតៃវ៉ាន់ ជប៉ុន និង​ប្រទេស​អាល្លឺម៉ង់​ផងដែរ​។​ប្រទេស​ទាំង​ ៣​ នេះ​យកទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ដុត​អាំង​សាច់​ទូទៅ និង​ជា​លក្ខណៈ​គ្រួសារ​។​

​បើតាមលោក Vichet សម្រាប់​ធ្យូង​កែច្នៃ​ពី​ត្រឡោក​ដូង​គឺ​លក់​ក្នុង​ ១​ គីឡូ​ក្រាម​ថ្លៃ​ ៤​ ពាន់​រៀល ឬ​ ១​ តោន​ថ្លៃ​ ១ ​ពាន់​ដុល្លារ ​ដោយ​តម្លៃ​នៅក្នុង​ប្រទេស​ក៏​ដូច​លក់​ចេញ​ក្រៅប្រទេស​ដែរ​។ រីឯ​ធ្យូង​លេខ​ ២​ លក់​ ១ ​គីឡូក្រាម​លក់​ថ្លៃ​ ១ ៦០០ រៀល​បើ​អតិថិជន​ទិញ​ចាប់ពី ​៣០០​ គីឡូ​ក្រាម​ឡើងទៅ ​[​គិត​ទាំង​ថ្លៃ​ដឹក​] តែបើ​អតិថិជន​មកដល់​ទីតាំង​ផ្ទាល់​លក់​ថ្លៃ​ ១ ៥០០ ​រៀល ក៏ប៉ុន្តែ​បើ​អតិថិជន​ទិញ​ចាប់ពី ​៣០០ ​គីឡូក្រាម​ចុះ​គឺ​លក់​ថ្លៃ ​១ ៩០០ ​រៀល​ក្នុង ​១​ គីឡូក្រាម​ដោយ​សហគ្រាស​ជា​អ្នក​ដឹក​ជូន​។​

លោក Vichet បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់ឱ្យ​អ្នក​ប្រើ​ធ្យូង​ប្តូរ​ផ្នត់គំនិត​ពី​ការប្រើ​ធ្យូងឈើ​ព្រៃ​មក​ប្រើ​ធ្យូង​បរិស្ថាន​វិញ​។ ទី១​ ចំណេញ​មិន​កាប់បំផ្លាញ និង​ជួយ​រក្សា​ព្រៃឈើ​ដែលជា​ជម្រក​សត្វព្រៃ​ហើយ​គាត់​ក៏​ជួយ​គាំទ្រ​ដល់​បរិស្ថាន​។ បើ​គាត់​គាំទ្រ​ដល់​ធ្យូង​ខ្ញុំ​ក៏ដូចជា​គាំទ្រ​ដល់​បងប្អូន​រើស​សំរាម និង​អ្នកញៀន​គ្រឿងញៀន​ដែរ ព្រោះ​សព្វថ្ងៃ​ពួក​ខ្ញុំ​ក៏​ជា​ជំហរ​សម្រាប់​ក្រុមការងារ​ទាំងអស់​ដែរ​»​។​

​ជុំវិញ​ការចូល​បម្រើការ​នៅក្នុង​សហ​​គ្រាស​នេះ​វិញ លោក​ដុក ខាក់ អាយុ​ ២៩​ ឆ្នាំ ជា​បុគ្គលិក​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​សហគ្រាស​ខាងលើ​បានឱ្យដឹងថា លោក​រស់នៅ​ជាមួយ​ឪពុកម្តាយ​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ តែ​លោក​រៀន​មិនបាន​ចប់​ថ្នាក់​ ​១២​ ទេ​។ កាលពី​នៅ​អាយុ​ ២០​ ឆ្នាំ លោក​ត្រូវបាន​មិត្តភក្តិ​អូសទាញ​ឱ្យ​សេព​គ្រឿងញៀន​រហូត​ក្លាយជា​អ្នកញៀន​ថ្នាំញៀន​។​

​លោក​បាន​បន្តថា កាលពី​ពេលដែល​លោក​កំពុង​ញៀន​ថ្នាំញៀន​ខ្លាំង​លោក​បាន​ដើរ​សុំ​ការងារ​គេ​ធ្វើ​នៅតាម​ក្រុមហ៊ុន ​ឬ​នៅតាម​រោងចក្រ​សហគ្រាស ​ដើម្បី​បាន​លុយ​យកមក​ទិញ​ថ្នាំញៀន​ជក់ តែ​ម្ចាស់​ក្រុមហ៊ុន​ឬ​ម្ចាស់​រោងចក្រ​បដិសេធ​ទទួល​លោក​ជា​បុគ្គលិក​របស់គេ​។ ក្នុងពេលនោះ​វិបត្តិ​ក្នុង​ខ្លួន​របស់លោក​ពី​ ១​ ខែ​ទៅ​ ១ ​ខែ ចេះតែ​រួមរឹត​ចិត្តខ្លាំង​ឡើង​ដោយសារ​បញ្ហា​ញៀន​ថ្នាំ តែ​លោក​ក៏​មិន​ចង់​សុំ​លុយ​ម្តា​យមក​ចាយ​ដែរ ព្រោះ​គាត់​គ្រាន់តែ​ជា​អ្នក​ដាំ​ស្ល​ឱ្យ​អង្គការ​មួយ​ដែល​ទទួលបាន​ប្រាក់ខែ​មិន​ដល់ ​១ ​លាន​រៀល​ប៉ុណ្ណោះ​។​

​លោក​បាន​និយាយថា​៖ «​ពេលនោះ​ខ្ញុំ​ដើរ​សុំ​ការងារ​គេ​ធ្វើ​មិនដែល​បានទេ ព្រោះ​នៅ​អំឡុង​ពេលនោះ​ខ្ញុំ​កំពុង​ញៀន​ថ្នាំខ្លាំង​។ ខ្ញុំ​បានត្រឹមតែ​ធ្វើការ​ជាមួយ​បងប្អូន​ដូចជា លក់​បាយ​ឆា​អ៊ីចឹងទៅ ហើយ​បានតែ​បងប្អូន​ដែល​ធ្លាប់​ស្គាល់គ្នា​ប៉ុណ្ណោះ ដែល​គេ​ឱ្យនៅ​ជាមួយ តែ​រស់​នៅបាន​ត្រឹម​មួយរយៈ​គេ​ក៏​ដេញ​ខ្ញុំ​ចេញ​វិញ​»​។​

​លោក​បន្តថា នៅ​ថ្ងៃមួយ​លោក​អស់ជម្រើស​រក​កន្លែង​នៅ​គ្មាន ក៏​ត្រឡប់មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​នៅក្នុង​ភូមិ​ឫស្សី​វិញ​។ ​ចៃដន្យ​ពេលនោះ​មាន​ពូ​សន្តិ​សុខ​ម្នាក់​ដែល​យាម​នៅ​សហគ្រាស​ផលិត​ធ្យូង​កែច្នៃ​ពី​ត្រឡោក​ដូង​បាន​​ណែនាំ​ឱ្យបាន​ចូលធ្វើការ​នៅក្នុង​សហ​គ្រាស​។

នៅពេលនោះ​ទោះបីជា​ម្ចាស់​សហគ្រាស​ គឺលោក Vichet Chom បានដឹងថា​ លោក​ជា​មនុស្ស​ញៀន​ថ្នាំ​ក្តី តែលោក​បាន​អប់​រំលោក​ឱ្យ​រៀន​អាន​សៀវភៅ ហើយ​ឧស្សាហ៍​អប់រំ​លោក​ពី​ផល​ប៉ះ​ពាល់​នៃ​ការប្រើប្រាស​គ្រឿងញៀន​ផងដែរ​។​ លោក​ធ្វើការ​នៅក្នុង​សហ​​គ្រាស​ផលិត​ធ្យូង​រយៈពេល ​៨ ​ឆ្នាំ​មកហើយ ហើយ​រហូត មកទល់ ពេលនេះ​លោក​ក៏​ផ្តាច់​គ្រឿងញៀន​បាន​ទាំងស្រុង​ហើយ​ដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អរគុណ​ដល់​មេ​ខ្ញុំ​បើទោះជា​គាត់​មិនអាច​បង្ខំ​ខ្ញុំ​ឱ្យ​ឈប់​ប្រើ​ថ្នាំញៀន​បាន​ភ្លាមៗ​ក្តី​តែ​គាត់​ចេះតែ​ណែនាំ​ខ្ញុំ​និង​អប់រំ​ផ្លូវចិត្ត​ដល់​ខ្ញុំ​ពី​ការប្រើ​ថ្នាំញៀន​។​ គ្មាន​ម្ចាស់​ក្រុមហ៊ុន​ណា​ផ្តល់​ការងារ​ឱ្យធ្វើ​ហើយ​អប់រំ​យើង​ឱ្យ​ឈប់​ជក់​ថ្នាំញៀន​ដូច​គាត់​ទេ​»៕