ភ្នំពេញៈ លោក ទីវ តារារិទ្ធិ បន្តដំណើរដោយការជិះកង់ផ្សងព្រេងក្នុងរយៈចម្ងាយ ៩ ០០០ គីឡូម៉ែត្រ ក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយអំពាវនាវដល់សាធារណជន ឱ្យមានការចូលរួម ស្របពេលដែលមន្ទីរពេទ្យកុមារអង្គរ បានបន្តជួយព្យាបាលកុមារជាង ៤០០ នាក់ ក្នុង ១ ថ្ងៃៗ ។
ទីវ តារារិទ្ធិ គឺយុវជនស្ម័គ្រចិត្តម្នាក់ ដែលកំពុងជិះកង់ជាលក្ខណៈផ្សងព្រេង ក្នុងរយៈចម្ងាយជាង ៩ ០០០ គីឡូម៉ែត្រ ឆ្លងកាត់បណ្តាប្រទេសអាស៊ានមួយចំនួន ដូចជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីរៃអង្គាសប្រាក់រួមចំណែកជួយកុមារកម្ពុជា ដែលមានជំងឺមហារីក និងជំងឺផ្សេងៗនៅមន្ទីរពេទ្យកុមារអង្គរ។
ឆ្លើយតបតាមប្រព័ន្ធតេឡេក្រាម ស្របពេលកំពុងធ្វើដំណើរនៅក្នុងទឹកដីនៃប្រទេសថៃ ឆ្ពោះទៅប្រទេសម៉ាឡេស៊ី លោក ទីវ តារារិទ្ធិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ កក្កដាថា តាំងពីចាប់ផ្តើមបេសកកម្មពីក្រុងភ្នំពេញប្រទេសកម្ពុជា កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន លោកបានធ្វើដំណើរបានប្រមាណ ៥ ០០០ គីឡូម៉ែត្រ ឬស្មើនឹង ៦០ ភាគរយហើយ។
ជាយុវជនកម្ពុជារូបនេះ ចូលចិត្តការធ្វើដំណើរផ្សងព្រេង ដើរព្រៃ និងឡើងភ្នំ ជាពិសេស គឺការជិះកង់ ហើយធ្លាប់មានបទពិសោធន៍ធ្វើដំណើរផ្សងព្រេងគ្រប់ទីកន្លែង នៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា និងធ្លាប់បានសាកល្បងជិះកង់ទៅកាន់ប្រទេសថៃ កាលពី ៤ ឆ្នាំមុនម្តងរួចមកហើយ។ យ៉ាងណាចំពោះបេសកកម្មក្នុងពេលនេះ លោក រិទ្ធ បាននិយាយថា គឺបេសកកម្មដ៏លំបាក និងមិនធ្លាប់ជួបពីមុនមក។
លោក បានបញ្ជាក់ថា៖«ជិះកង់ ៥ពាន់គីឡូម៉ែត្រ ប្តូរពោះវៀនកង់ ៥ដងហើយ ប្តូរស្បែកហ្រ្វាំង ២ គូ បាក់កាំកង់ ៧ និងស៊ីសម្បកកង់ ១ គូទៀត។ នៅពេលនេះ ខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ី គ្រាន់តែមិនទាន់ដល់ទេ គឺអាចនឹង៣ ទៅ៤ថ្ងៃទៀត បានដល់ព្រំប្រទល់។ ខ្ញុំបានជួបបញ្ហាច្រើនមែនទែន។ ប៉ុន្តែយ៉ាងណាខ្ញុំសប្បាយចិត្ត នៅពេលឃើញបងប្អូន បន្តបរិច្ចាគប្រាក់មកមន្ទីរពេទ្យ។
ទីវ តារារិទ្ធិ ដែលបានដាក់ឈ្មោះលើបណ្តាញសង្គមហ្វេសប៊ុកថា ធ្វើដំណើរជាមួយរិទ្ធិ បាននិយាយថា ខ្លួនមិនរួញរាទេ បើទោះជាធ្វើដំណើរនៅតាមផ្លូវ បានជួបប្រទះការលំបាក និងឧបសគ្គនានា ហើយមានពេលខ្លះធ្លាក់ខ្លួនឈឺក៏មាន ក៏ខ្លួននៅតែប្រកាន់ជំហរក្នុងការបន្តដំណើរដោយជិះកង់ ដើម្បីសម្រេចឱ្យបានតាមគោលដៅដែលខ្លួនបានកំណត់។
លោកបញ្ជាក់ថា៖ «ឡូវនេះ ខ្ញុំកំពុងដោះស្រាយបញ្ហាជាច្រើន ដែលកំពុងជួបនៅតាមផ្លូវ ដូចជាការខូចកង់ ហើយខ្ញុំ កំពុងតែឈឺ។ ប៉ុន្តែខ្ញុំ នឹងបន្តដំណើរទៅមុខទៀត ព្រោះខ្ញុំសប្បាយចិត្តនៅពេលមានសាធារណជនចាប់អារម្មណ៍ និងចូលរួមបរិច្ចាគបន្តបន្ទាប់។ ខ្ញុំគ្រាន់តែសង្ឃឹមថា បងប្អូននឹងបន្តចូលរួមជាមួយខ្ញុំ ដើម្បីចែករំលែកថវិកាបន្តិចបន្តួចទៅកាន់មន្ទីរពេទ្យកុមារអង្គរ»។
លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានបង្ហាញការកោតសរសើរចំពោះសកម្មភាពរបស់លោក ទីវ តារារិទ្ធ ដែលបានចំណាយពេលវេលា និងការតស៊ូដើម្បីកៀរគរថវិកា បន្ទាប់ពីបានដឹងពីទុក្ខលំបាក និងតម្រូវការរបស់មន្ទីរពេទ្យក្នុងការសង្រ្គោះជីវិតកុមារកម្ពុជា។ ការជួយរបស់អ្នកគ្រប់គ្នា គឺជាការគាំទ្របន្ថែមដល់មន្ទីរពេទ្យ ដើម្បីអាចមានថវិកាបម្រុងកាន់តែច្រើន សម្រាប់បន្តនិរន្តរភាពក្នុងការសង្រ្គោះកុមារ ស្របពេលបច្ចុប្បន្ន ចំនួនកុមារដែលមកទទួលការព្យាបាលមានការកើនឡើង។
លោកស្រីបានបញ្ជាក់ថា៖ «គាត់មានការខិតខំប្រឹងប្រែងណាស់ តាំងពីពេលចាប់ផ្តើមរហូតដល់ពេលនេះ តែសម្ទុះនៃការចូលរួមរបស់សាធារណជន នៅមិនទាន់មានច្រើននៅឡើយ ហើយការចូលរួមមានសម្ទុះយឺត។ គាត់ឆ្លងកាត់គ្រប់ឧបសគ្គច្រើន ព្រោះគាត់ធ្វើដំណើរបែបផ្សងព្រេង មិនមែនឆ្លងកាត់ផ្លូវងាយស្រួលទេ ការជិះកង់របស់គាត់ គឺធ្វើម្នាក់ឯង។ មកដល់ពេលនេះ ថវិកាដែលយើងទទួល ដូចជាលើស ៥ ០០០ ដុល្លាបន្តិច មិនទាន់បាន ១ ម៉ឺនដុល្លាផង ហើយតាមអ្វីដែលគាត់ចង់បាន គឺ ៥ ម៉ឺនដុល្លាជូនដល់មន្ទីរពេទ្យយើង»។
លោកស្រី ស៊ិនកេត អរុណ បានឱ្យដឹងថា គិតជាមធ្យម គឺមន្ទីរពេទ្យកុមារអង្គរ បានទទួលព្យាបាលកុមារប្រមាណជាង ៤០០ នាក់ ក្នុង ១ ថ្ងៃៗ ហើយការផ្តោតការព្យាបាលកុមាររបស់មន្ទីរពេទ្យ ភាគច្រើន គឺទៅលើប្រភេទជំងឺធ្ងន់ធ្ងរ និងចំណាយពេលវេលាព្យាបាលយូរ ដូចជាជំងឺមហារីក ជំងឺតម្រង់នោម និងជំងឺប្រព័ន្ធខួរក្បាល។
មន្ទីរពេទ្យកុមារអង្គរ (AHC) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកផលកម្រៃ ដោយមានបេសកកម្មចូលរួមធ្វើឱ្យមានភាពប្រសើរឡើងដល់ប្រព័ន្ធសុខាភិបាលសម្រាប់កុមារកម្ពុជា។ AHC បានផ្តល់សេវាថែទាំសុខភាពដោយក្តីមេត្តាករុណាដល់កុមារកម្ពុជាទូទាំងប្រទេសអស់រយៈពេល២០ឆ្នាំមកហើយ ដើម្បីផ្តល់ឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានសេវាថែទាំសុខភាព ប្រកបដោយសេចក្តីមេត្តាករុណា និងគុណភាពខ្ពស់ ទោះបីជាពួកគេរស់នៅទីកន្លែងណា និងមិន មាន លទ្ធភាពបង់ថ្លៃសេវាក៏ដោយ។
តាមគម្រោងនៃការជិះកង់របស់ តារារិទ្ធិ ក្រោយពីឆ្លងកាត់ប្រទេសគោលដៅទាំងអស់ហើយ រិទ្ធិ នឹងស្វែងរកផ្លូវជិះកង់ត្រឡប់មកកាន់ខេត្តសៀមរាប ដើម្បីបញ្ចប់បេសកកម្មរបស់ខ្លួន និងយកថវិកាដែលប្រមូលបានតាមដងផ្លូវ និងតាមធ្យោបាយនានា ប្រគល់ជូនគណៈគ្រប់គ្រងនៅមុខមន្ទីរពេទ្យកុមារអង្គរតែម្តង៕