កំ​ពតៈ ប្រចៀវ​ជាស​ត្វ​ដែល​រស់នៅ​ជា​ហ្វូង​ទំ​លើ​ដើមឈើ ដោយ​វា​ចេញ​រកស៊ី​ចំណី​ពេល​យប់ និង​ដេក​នៅពេល​ថ្ងៃ​។ ប​ច្ចុ​ប្បន្ន​អ្នកស្រុក​បន្ទាយមាស​ក្នុង​ខេត្តកំពត​មួយចំនួន អាច​រកប្រាក់​ចំណូល​បាន ពី​សត្វ​ប្រចៀវ​តាមរយៈ​ការលក់​អាចម៍​ប្រចៀវ​ទៅឱ្យ​ឈ្មួញកណ្តាល ដែល​គេ​ទិញ​យកទៅលក់​បន្ត​ឱ្យ​កសិករ​ដើម្បី​ធ្វើជា​ជី​ដាំ​ដំណាំ​ផ្សេងៗ​។​

​ដើម្បី​អាច​កើប​ប្រមូល​អាចម៍​ប្រចៀវ​បាន​ស្រួល អ្នកភូមិ​បានរៀបចំ​កន្លែង​រស់នៅ​សម្រាប់​សត្វ​ប្រចៀវ​ដោយ​ចង​ស្លឹកត្នោត​ងាប់ៗ ត្រួត​លើ​គ្នា​ជា​រង្វង់ៗ​ព័ទ្ធជុំវិញ​នៅលើ​ដើមត្នោត​ឬ​ដើម​ដូង ឬក៏​បង្គោល​ឈើ​ឬ​ថ្ម​ដើម្បីឱ្យ​ប្រ​ចៀវ​ចូលទៅ​រស់នៅ​។​

​អ្នកស្រី​ ឈឹម ភឿន អាយុ​ ៤៧​ ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ថ្លុក ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទាយ​មាស និយាយថា អ្នកស្រី​មានកូន​ចំនួន​ ៣ ​នាក់ ​(​ស្រី ​២ ​នាក់​)​ កូន​ប្រុស​ច្បង​អាយុ​ ២០​ ឆ្នាំ​ហើយ​។​


​អ្នកស្រី​បាន​ប្រកប​របរ​ចិញ្ចឹមសត្វ​ប្រចៀវ​នេះ​រយៈពេល​ ៥ ​ឆ្នាំ​មកហើយ​។ បច្ចុប្បន្ន​អ្នកស្រី​បានធ្វើ​សម្បុក​ប្រចៀវ​ចំនួន​ ៤ នៅលើ​ដើមត្នោត​នៅក្នុង​បរិវេណ​ដី​ភូមិ សម្រាប់​ឱ្យ​សត្វ​ប្រចៀវ​ចូល​នៅ​។ រីឯ​សម្បុក​វិញ​ត្រូវបាន​ប្តី​របស់​អ្នកស្រី​ផ្សារ​ដែក​ជា​ទ្រនើរ​រាង​ ៤​ ជ្រុង ចង​ជុំវិញ​ដើមត្នោត​។ ដោយ​ក្នុង ​១ ​ជ្រុងៗ​ប្រវែង​ ១ ​ម៉ែត្រ​កន្លះ​រួច​យក​ស្លឹកត្នោត​ស្ងួត ​(​ងាប់​)​ ដែល​ជាប់​ធាងត្នោត​ទៅ​ចងភ្ជាប់​នឹង​ក្រឡា​ដែក​នោះ​ដោយ​ដាក់​សំយុង​ស្លឹក​ចុះក្រោម​។​

​អ្នកស្រី​ថា បន្ទាប់ពី​ធ្វើ​សម្បុក​រួចរាល់​ហើយ​រំលង​បាន​ ២ ​ទៅ​ ៣ ​ថ្ងៃ ក៏មាន​សត្វ​ប្រចៀវ​នាំគ្នា​ចូលមក​រស់នៅ​ពេញៗ ដោយមាន​មេហ្វូង​របស់​វា ​១ ​ក្បាល​ពណ៌​ស​នាំមក​។ ប៉ុន្តែ​អ្នកស្រី​ក៏​មិនដឹងថា សត្វ​ប្រចៀវ​ទាំងនោះ ហើរ​មកពី​ទីណា​ដែរ​ទេ គ្រាន់តែ​អ្នកស្រី​ដឹងថា នៅក្នុង​ភូមិ​ស្រែ​ថ្លុក​ដែល​អ្នក​ស្រី​កំពុង​រស់នៅ​នេះ​មាន​អ្នក​ចិញ្ចឹមសត្វ​ប្រចៀវ​ចំនួន ​១៦ ​គ្រួសារ​។ ការចិញ្ចឹម​នេះ​គឺ​ដើម្បី​យក​អាចម៍​របស់​វាល​ក់ ហើយ​ដើម្បី​បាន​អាចម៍​វា គេ​ត្រូវ​ក្រាល​ជា​សំឡាញ់​នៅលើ​ដី​ព័ទ្ធជុំវិញ​គល់ត្នោត ចម្ងាយ​ពី​គល់​ប្រវែង​ពី​ ២​ ទៅ ​២​ ម៉ែត្រ​កន្លះ ធ្វើ​របៀបនេះ​ស្រួល​ការពារ​កុំឱ្យ​អាចម៍​វា​លាយ​ដី​។​


​អ្នកស្រី​ពោលថា​៖ «​ខ្ញុំ​ចិញ្ចឹមសត្វ​ប្រចៀវ​នេះ ដើម្បី​យក​អាចម៍​វា​ទុក​លក់​។ ខ្ញុំ​ដឹងគុណ​វា​ដែរ ពីព្រោះ​បាន​វា​នេះហើយ ជួយ​ឱ្យ​ខ្ញុំ​បានកូន​រៀន​ក៏ដោយ​សារ​វា​ដែរ​។ លុយ​បុណ្យទាន​ការ​គេ​អីហ្នឹង ក៏​ចាយលុយ​ពី​សត្វ​ប្រចៀវ​»​។​

​បើតាម​អ្នកស្រី​ ឈឹម ភឿន បើទោះជា​អ្នក​ចិញ្ចឹមសត្វ​ប្រចៀវ មិនបាន​ឱ្យ​ចំណី​វា​ស៊ី​ក្តី​តែ​ក៏ត្រូវ​ឧស្សាហ៍​សម្អាត​សម្បុក​រស់នៅ​របស់​វា​ដែរ​។ ការសម្អាត​សម្បុក​នេះ អាចធ្វើ​ក្នុង ​១ ​សប្តាហ៍​ម្តង ឬ​ ៤ ​ថ្ងៃ​ម្តង មិន​ទៀងទាត់​ទេ តែបើ​ពេលដែល​អ្នកស្រី​រុះរើ​សម្បុក គឺ​សត្វ​ប្រចៀវ​នាំគ្នា​ហើរ​ចេញ​អស់​ទៅ​នៅ​សម្បុក​គេ​ផ្សេង​។ ការ​រើ​សម្បុក​ប្រចៀវ​នេះ​គ្រាន់តែ​យក​ស្លឹកត្នោត​ទៅ​លាង​សម្អាត​សត្វ​សង្កើច​ឱ្យអស់ ហើយ​ហាល​ស្លឹកត្នោត​ឱ្យ​ស្ងួត ទើប​ឡើង​យកទៅ​បំពាក់​វិញ​ជាការ​ស្រេច ព្រោះ​សត្វ​ប្រចៀវ​ខ្លាច​សង្កើច​បើ​មាន​សង្កើច​នៅ​ច្រើន គឺ​សត្វ​ប្រចៀវនឹង​ហើរ​ចេញ​អស់ហើយ​។​

​អ្នកស្រី​ឱ្យដឹងថា សត្វ​ប្រចៀវ​វា​ក៏​ខ្លាច​សត្វ​ពស់ និង​សត្វ​ខ្លែង​​ស្រាក​ផងដែរ ហើយ​ពេលណា​ដែលមាន​សត្វ​ទាំងនេះ​មក​អុក​ឡុ​កនៅ​សម្បុក​របស់​វា គឺ​វា​នាំគ្នា​ហើរ​ចេញ​លែង​រស់នៅ​បន្ត​ទៀតហើយ​។ លុះត្រាតែ​អ្នក​ចិញ្ចឹម​រុះរើ​សម្បុក​ចេញ​ហើយ​ផ្លាស់ប្តូរ​សម្បុក​ថ្មី​ទើប​ពួកវា​មក​រស់នៅ​ជាថ្មីទៀត​។ សម្រាប់​អ្នកស្រី​ដែលមាន​សត្វ​ប្រចៀវ​ ៤ ​សម្បុក​អាច​ប្រមូល​អាចម៍​ប្រចៀវ​បាន​ពី ២ ​ទៅ​ ៣​ ធុងប៉េ​ត្រូ​ក្នុង​ ១ ​ថ្ងៃ ហើយ​ក្នុង​ ១​ ធុង​អ្នក​​ស្រី​លក់​ឱ្យ​អ្នកដើរ​ទិញ​បាន​ថ្លៃ​ ២ ​ម៉ឺន​រៀល​។ ឈ្មួញកណ្តាល​យកទៅលក់​បន្ត​ឱ្យ​អ្នកធ្វើ​ចម្ការ​ទៀត ព្រោះ​អាចម៍​ប្រចៀវ​ជា​ជី​ល្អ​សម្រាប់​ដាក់​ដំណាំ​ហូប​ផ្លែ​។​

​បើតាម​អ្នកស្រី​ ឈឹម ភឿន ហ្វូង​សត្វ​ប្រចៀវ​តែងតែ​ហើរ​ចេញពី​សម្បុក​ពី​ក្បាល​ព្រលប់​ពោល​ម៉ោងជាង ​៦​ ល្ងាច​គឺ​វា​ហើរ​ចេញ​អស់ ហើយ​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក គឺ​វា​នាំគ្នា​ហើរ​ចូល​សម្បុក​វិញ​។

​ប៉ុន្តែ​អ្នកស្រី​មិនបាន​ដឹងថា វា​ចេញទៅ​ស៊ី​ចំណី​នៅ​កន្លែង​ណា​ដែរ​ទេ​។ «​ពេល​ហ្វូង​វា​ហើរ​ចេញទៅ​មើលទៅ​ឱ្យ​ឡើង​ខ្មៅ​ដាស ​១​ ជួរ មើលទៅ​ប្លែក​ម្យ៉ាងដែរ​។ ប៉ុ​ន្តែ​យើង​ថ្លង់​បន្តិច​ពេល​វា​ហើរ​ចេញ និង​ពេល​វា​នៅក្នុង​សម្បុក តែ​ពេល​ថ្ងៃ​វា​ដេក​អស់​រាង​ស្ងាត់​បន្តិច​»​។

​ដោយឡែក​លោក ព្រីង សារ៉ាត់ អាយុ​ ៣៧ ​ឆ្នាំ ជា​ឈ្មួញកណ្តាល​ដែល​ប្រមូល​ទិញ​អាចម៍​ប្រចៀវ​ឱ្យដឹងថា លោក​បាន​ដើរ​ទិញ​អាចម៍​ប្រចៀវ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​របរ​នេះ លោក​បាន​បន្ត​ពី​ឪពុកម្តាយ​របស់លោក​។ ចំ​ពោះ​អាចម៍​ប្រចៀវ​លោក​ទិញ​ពី​អ្នក​ចិញ្ចឹម​ក្នុង​ ១ ​ធុង ប៉េ​ត្រូ​តម្លៃ​ ២ ​ម៉ឺន​រៀល ហើយ​លោក​លក់​ទៅវិញ​លើស​តម្លៃ​ទិញ​បន្តិច​និង​គ្រាន់តែ​បាន​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ​។ អាចម៍​ប្រចៀវ​នេះ​គឺ​លោក​លក់​ទៅឱ្យ​អ្នកធ្វើ​ចម្ការ​ដំណាំ​ឈើ​ហូប​ផ្លែ​នៅក្នុង​ខេត្តកំពត​។ ទោះជា​លោក​មិនមែនជា​អ្នក​ចិញ្ចឹម​ក្តី តែបើ​តាម​អ្នក​ចិញ្ចឹម​និយាយប្រាប់​គឺ​ក្នុង ​១ ​យប់​ ១ ​ថ្ងៃ គេ​អាច​ប្រមូល​អាចម៍​វា​បាន​ពី​ ១ ​ធុង​កន្លះ ទៅ ​២ ​ធុង​ប៉េ​​ត្រូ​ក្នុង​ដើម​ត្នោ​ង​ ១ ​ដើម​។

​លោក​បន្តថា ដោយសារ​អាចម៍​ប្រចៀវ​មិនឆាប់​ខូច ហេតុដូច្នេះ ក្នុង​ ១​ សប្តាហ៍ លោក​បើករថយន្ត​ទៅ​ប្រមូល ទិញ​ម្តង​ដែល​ម្តងៗ​លោក​ទិញ​បាន​ចន្លោះ​ពី ១០០​ ទៅ​ ១២០ ​ធុង​ប៉េ​ត្រូ​។​ការចិញ្ចឹម​ដោយ​ធ្វើ​សម្បុក​ដាក់​សត្វ​ប្រចៀវ​នេះ ក៏​មិនចាំបាច់​តែ​ដើមត្នោត ទើប​អាច​ចិញ្ចឹម​បានទេ បើ​អត់​ដើម​ត្នោត គេ​អាច​ធ្វើជា​សសរឈើ​ឬ​សសរ​បេតុង​ក៏បាន​ដែរ​តែ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ងាយស្រួល​ឡើងទៅ​សម្អាត​សម្បុក​របស់​វា​។​

​លោក​ថា​៖ «​សត្វ​ប្រចៀវ​នេះ ជាទូទៅ​គេ​ហៅថា ប្រចៀវ​ស្លឹក​​ត្នោត​តែ​វា​ខុសពី​ប្រចៀវ​នៅតាម​ភ្នំ ហើយ​គេ​សម្គាល់​វា​ដោយសារ​លក្ខណៈ​របស់​វា​មាន​ទំហំ​ធំ​ជាង​ប្រចៀវ​ភ្នំ​បន្តិច​»​។​

​លោក ​កែវ ចាន់ធូ ជា​មេឃុំ បន្ទាយមាស​ខាងកើត បាន​ប្រាប់ថា នៅក្នុង​ឃុំ​បន្ទាយមាស​ខាងកើត មាន​ ៨ ​ភូមិ​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ ៦​ ភូមិ ប្រកប​របរ​ចិញ្ចឹមសត្វ​ប្រចៀវ​។ ចំពោះ​ភូមិ​ស្រែ​ថ្លុក​មាន​ចិញ្ចឹមសត្វ​ប្រចៀវ​ច្រើនជាងគេ​រហូតដល់​ ១៦ ​គ្រួ​សារ បន្ទាប់មក​ភូមិ​ពោធិ៍​មាន​ ១០ ​គ្រួសារ នៅ​ភូមិ​ពេ​ជ្ជ​នា មាន ​២​គ្រួសារ ភូមិ​ធ្នុង ​១​ គ្រួសារ ភូមិ​ត្រពាំង​ពោន​ ១​ គ្រួសារ និង​ភូមិ​ព្រៃ​ប​ន្ទាំ​ ២ ​គ្រួសារ​។​

​លោក​ថ្លែងថា​៖ «​អាចម៍​ប្រចៀវ​នេះ គាត់​លក់បាន​កម្រៃ​យកទៅ ដោះស្រាយ​ជីវភាព របស់គាត់​បាន​ធូរធារ​ដែរ រួមផ្សំ​នឹង​ការធ្វើ​​ស្រែ​ព្រោះ​អាហ្នឹង​គ្មាន​អស់​ដើម​ច្រើន​អី​ទេ​។ អ្នក​ចិញ្ចឹម​ក៏​ស្រួល​លក់​ដែរ ព្រោះ​មាន​ឈ្មួញកណ្តាល​គេ​ដើរ​ទិញ​»​។​

​ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​សត្វ​ប្រចៀវ​យក​អាចម៍​ធ្វើជា​ជី​នេះ​ត្រូវបាន​លោក ចាន់ រិ​ទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជារួម​ជី​ដែលជា​លាមក​សត្វ​ផ្ទាល់​គឺ​វា​ល្អ​ហើយ តែ​អ្វីដែល​សំខាន់​គឺ​ជីកំប៉ុស ដែល​ផលិត​ពី​លាមក​សត្វ​លាយ​ជាមួយ​រុក្ខជាតិ ទើប​ជា​ជី​ដែល​ឆ្អិន​ព្រោះថា ជីកំប៉ុស​មិនមាន​មេរោគ​។

​ដោយ​​ឡែក​ជី​លាមក​សត្វ​ផ្ទាល់ៗ​ពិសេស​ជី​អាចម៍​ប្រចៀវ បើ​គេ​យកទៅដាក់​ដំណាំ​ស្លឹក​[​បន្លែ​ឆៅ​]​គឺ​វា​អាចមាន​ហានិភ័យ​ដល់​អ្នក​ទទួលទាន​។ ចំណែកឯ​ជីកំប៉ុស​វិញ​វា​មាន​សី​តុ​ណ្ហ​ភាព​ខ្ពស់​មួយ ដែល​ធ្វើឱ្យ​មេរោគ​នៅក្នុង​ដី​វា​ងាប់​អស់​។ អ៊ីចឹង​ជី​ដែល​ពុកផុយ​ជាមួយ​លាមក​សត្វ​រួមផ្សំ​នឹង​ស្លឹក​រុក្ខជាតិ ឬក៏​បន្លែបង្ការ​នៅសល់​ពី​ផ្ទះបាយ​គឺ​វា​ល្អ​ជាង​។

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​យក​ជី​អាចម៍​ប្រចៀវ​ដាក់​ដំណាំ​ហូប​ឆៅ​គឺ​ភាគច្រើន​មិនល្អ​ព្រោះ​តាម​ការធ្វើ​បទ​បង្ហាញ​អី​ជាដើម​ហ្នឹង​បញ្ជាក់ថា ការប្រើ​ជីលា​មក​ស្រស់​ទៅ​ដាក់​ជាមួយ​បន្លែ​ហើយ​យើង​យក​បន្លែ​នោះ​ទៅពិនិត្យ ឃើញ​មាន​បញ្ហា​ដល់​អ្នក​ហូប​។ តែបើ​ជី​អាចម៍​ប្រចៀវ​ដាក់​ដំណាំ​ហូប​ផ្លែ​មិន​អី​ទេ​ដូចជា​ត្រប់​អី​ជាដើម​គឺ​អត់​អី​ទេ​»៕