​ភ្នំពេញៈ កាកសំណល់​សំរាម​ផ្សេងៗ ជាពិសេស​សំណល់​ពី​ផ្លែឈើ និង​បន្លែ​ស្អុយៗ ដែល​ត្រូវបាន​គេ​បោះចោល បង្កឱ្យមាន​ក្លិនស្អុយ​បំពុល​ដល់​បរិស្ថាន ត្រូវបាន​បុរស​ម្នាក់​ប្រមូល​យកទៅ​កែច្នៃ​ធ្វើជា​ជីកំប៉ុស សម្រាប់​ដាក់​ដំណាំ​គ្រប់​​ប្រភេទ​ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​ក្នុង​សភាព​ទឹក​ខាប់​ពណ៌​ក្រហម កំពុង​បង្ហូរ​ចេញពី​បំពង់​ចូលទៅក្នុង​ធុង​ប៉េ​ត្រូ នោះ​គឺជា​ការកែច្នៃ​ជីកំប៉ុស​របស់លោក ប៊ុន ចាន់តូ​នី ម្ចាស់​សិប្បកម្ម​កែច្នៃ​ជីកំប៉ុស រស់នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​លោក តូ​នី ឱ្យដឹងថា តាមពិតទៅ​មនុស្ស​យើង​មាន​និស្ស័យ​ស្រឡាញ់​ចូលចិត្ត​អ្វីមួយ​គឺ​ក្នុង​ចិត្ត​នៅតែ​ដក់​ជាប់​លើ​កិច្ចការ​នោះ​រហូត​។ ជាក់ស្តែង​លោក​ផ្ទាល់​មុននឹង​ក្លាយជា​អ្នក​កែច្នៃ​ជីធម្មជាតិ គឺ​លោក​ធ្លាប់​កែច្នៃ​ជីធម្មជាតិ​ជាមួយ​​ក្រុមហ៊ុន​ជប៉ុន​មួយ​នៅ​កម្ពុជា​។ ក្រោយពី​ក្រុមហ៊ុន​នោះ​ផ្អាក​ដំណើរការ​ទៅ លោក​ក៏​យកចំណេះ​ជំនាញ​នេះ​មក​ធ្វើជា​លក្ខណៈ​គ្រួសារ​ទ្រង់ទ្រាយ​តូច​ដើម្បី​លក់ដូរ​គ្រាន់​ដោះស្រាយ​ជីវភាព​។​


​លោក​បន្តថា ដើម្បី​កែច្នៃ​ជា​ជីកំប៉ុស​បាន​លោក​ត្រូវ​ដើរ​ប្រមូល​ផ្លែឈើ​និង​បន្លែ​ខូចគុណភាព​ដែល​ត្រូវបាន​គេ​បោះចោល​នៅតាម​ផ្សារ​នាគ​មាស និង​ផ្សារ​ដើម​គ ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់​ មក​លោក​បានដាក់​ផ្លែឈើ និង​បន្លែ​កិន​ចូលគ្នា ហើយ​ត្រងទឹក​ផ្លែឈើ​និង​បន្លែ​ដាក់ចូល​ក្នុង​ធុង​ជ័រ​ពណ៌ ដែលមាន​ចំណុះ​ ៥ ​ម៉ែត្រគុប​ទឹក​។ ពេល​បញ្ចូល​ក្នុង​ធុង​នោះ​ហើយ​លោក​ត្រូវ​ផ្អាប់​ទុក​រយៈ​​ពេល​ ៦ ​ខែ ដើម្បីឱ្យ​វារ​លាយ​ចូលគ្នា​ទៅជា​សារធាតុ​បំប៉ន​មួយ​ដែល​អាច​ចិញ្ចឹម​ដំណាំ​បានល្អ​។​

​លោក​ពោលថា​៖ «​ជាទូទៅ​គេ​គិតថា ផ្លែឈើ ឬ​បន្លែ​រលួយ​ស្អុយ​ខូច គឺ​គេ​បោះចោល​ហើយ​។ តែ​សម្រាប់​យើង​ជា​អ្នកជំនាញ យើង​ដឹងថា វា​មាន​ប្រ​យោ​ជន៍​ខ្លាំង ព្រោះ​យើង​កែច្នៃ​វា​ជា​ជីកំប៉ុស​ល្អ​ណាស់​ជីកំប៉ុស​ចិញ្ចឹម​ដំណាំ​ឱ្យមាន​ជីវិត​ល្អ​»​។


បើតាម​លោក​តូ​នី ចំពោះ​ផ្លែ​​ឈើ​ខូចៗ​ស្អុយរលួយ និង​បន្លែ​ដែល​លោក​បាន​ប្រមូល​ពី​ផ្សារ​ដើម​គ និង ផ្សារ​នាគ​មាស​នោះ មិនមាន​ចំនួន​ដល់​រាប់សិប​គីឡូក្រាម​ទេ តែ​លោក​ប្រមូលបាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​។ ចំពោះ​ជីកំប៉ុស​ដែល​ផ្សំ​ពី​ផ្លែឈើ ជាមួយ​បន្លែ គឺ​វា​មាន​អា​ហ្សូ​ត​ច្រើន សម្រាប់​ប្រើប្រាស់​លើ​ដំណាំ​ស្លឹក​តែបើ​ជីកំប៉ុស​ដែលមាន​ផ្លែឈើ​ផ្សំ​ជាមួយ​ឆ្អឹង​គឺ​វា​មាន​ប្រសិទ្ធ​ភាព​បំប៉ន​ពិសេស​សម្រាប់​ជំរុញ​ទៅលើ​ផ្លែឈើ​។ ការប្រើប្រាស់​ជីកំប៉ុស​ធ​ម្ម​ជាតិ​នេះ​មិន​ត្រឹមតែ​ជួយ​បំប៉ន​ឱ្យ​ដំណាំ​លូត​លាស់​និង​ផ្លែ​បានល្អ​ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​ជួយ​ដល់​សុខភាព​របស់​អ្នក​ហូប​ទៀត​។

​លោក​ប្រាប់ថា​៖ «​បើ​និយាយថា ១ ​ខែ​ប្រមូល​ផ្លែឈើ និង​បន្លែ​បាន​ប៉ុន្មាន ? ខ្ញុំ​មិនអាច​កំណត់​ទេ​ព្រោះ​អតិថិជន​បញ្ជា​ទិញ​មិន​ទៀង​។ បើ​រដូវ​ណា​គាត់​បញ្ជា​ទិញ​ច្រើន​គឺ​ខ្ញុំ​ប្រាប់​ទៅ​អ្នកបើក​ឡាន​ដឹក​សំរាម​ឱ្យគេ​ប្រមូល​ឱ្យ​អាច​ ១​ ខែ​បាន​ពី ​៤ ​ទៅ​ ៥ ​តោន​ដែរ​»​។​

​បើតាម​លោក តូ​នី បច្ចុប្បន្ន​លោក​មាន​ធុង​ជ័រ​ចំណុះ​ ៦ ​ម៉ែត្រគុប​ទឹក​ចំនួន​ ៥​ ធុង​និង​ធុង​ចំណុះ​ ២​ ពាន់​លីត្រ​ចំនួន​ ១៦ ​ធុង​សម្រាប់​ប្រើប្រាស់​ក្នុងការ​ផលិត​ជីកំប៉ុស​។ ចំពោះ​ការលក់ដូរ​វិញ គឺ​លោក​មាន​អតិថិជន​នៅ​គ្រប់​ខេត្ត​ទូទាំងប្រទេស ដែល​ភ្ញៀវ​បាន​បញ្ជា​ទិញ​ជីកំប៉ុស​របស់លោក​។ បើតាម​លោក​ដឹង​ពី​អតិថិជន​មកវិញ គឺ​ពួកគេ​ទិញ​យកទៅ​សម្រាប់​ដាក់​ដំណាំ​ហូប​ផ្លែ និង​ដំណាំ​ហូប​ស្លឹក រួមទាំង​ដំណាំ​មើម​ផងដែរ​។​

​លោក​ប្រាប់​បន្តថា ក្រៅពី​លោក​កែ​ច្នៃ​ជីកំប៉ុស​លក់​ហើយ​នោះ លោក​ក៏​ជា​គ្រូបង្រៀន​ពី​បច្ចេកទេស​ផលិត​ជីកំប៉ុស​នៅ​ទូទាំង​ខេត្តកណ្តាល និង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំងប្រទេស​។ ដូច​ជា​លោក​ត្រូវបាន​អង្គការ ASPIRE-AT ឱ្យ​បង្រៀន​ដល់​កសិករ​ឱ្យ​ស្គាល់​អំពី​គុណប្រយោជន៍​ជីកំប៉ុស​និង​ពី​របៀប​ផលិត​ជីកំប៉ុស​។ ការប្រើប្រាស់​ជីគីមី​ធ្វើឱ្យ​ដី​រឹង​និង​គ្មាន​ជីជាតិ​ [​ដី​ខូច​]​ តែបើ​ប្រើ​ជីកំប៉ុស​វិញ​គឺ​វា​ជួយ​បំប៉ន​ដី​ដែល​ធ្លាប់​គ្មាន​ជីវជាតិ​បង្កើតឱ្យមាន​ជីវជាតិ​ឡើងវិញ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​ធ្វើ​ពិសោធន៍​ស្រូវ​អស់​ ១០០ ​ហិកតា ខ្ញុំ​ឱ្យ​កសិករ​ប្រើ​ជីគីមី ហើយ​គាត់​ទិញ​ជី​អស់​ជាង ​៤​ លាន​រៀល​។ តែ​ពេល​គាត់​ប្រើ​ជីកំប៉ុស​ធម្មជាតិ ចំណាយ​ទិញ​ជី​អស់​ជាង​ ២​ លាន​រៀល​ទេ ដូច្នេះ​គាត់​ចំណេញ​ជាង​ពាក់កណ្តាល ហើយ​អង្ករ​ឆ្ងាញ់​ក្រអូប មាន​រសជាតិ​ជាង​ប្រើ​ជីគីមី​និង​ជួយ​កែ​ប្រែ​ដី​ទៀត​»​។

​បើតាម​លោក តូ​នី ការ​ប្រើប្រាស់​ជីកំប៉ុស​នេះ​វា​បាន​បង្កើតឱ្យមាន​សារធាតុចិញ្ចឹម កាលណា​គេ​ស្រោច​ទៅលើ​ដី​វា​បង្កើតឱ្យមាន​ជា​អាចម៍​ជន្លេន ធ្វើឱ្យ​ដី​មាន​អុក​ស៊ី​ហ្ស៊ែន វា​ធ្វើឱ្យ​ដី​ធូរ និង​មាន​ជីវជាតិ​។ សិប្បកម្ម​កែច្នៃ​ជីកំប៉ុស​របស់លោក​មាន​ឈ្មោះថា [​ជី​ធម្ម​ជាតិ​តូ​នូ FM] ស្ថិតនៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​លោក​មិនសូវ​ជាល​ក់​ជី​ដើម្បី​ប្រាក់​ទេ តែ​លោក​ខិត​​ខំ​បង្រៀន​ដល់​កសិករ​ច្រើនជាង ព្រោះ​លោក​ចង់ឱ្យ​ពួកគាត់​ចេះ​ផលិត​ជីកំប៉ុស​ដោយ​ខ្លួនឯង​។ សូម្បីតែ​អតិថិជន​មក​ទិញ​ជី​របស់លោក​ក៏​លោក​បង្រៀន​គាត់​ឱ្យ​ចេះ​ផលិត​ជីកំប៉ុស​ដែរ​។​

​ពាក់ព័ន្ធ​ការផលិត​ជីកំប៉ុស​នេះដែរ ត្រូវបាន​លោក ចាន់ រិទ្ធី ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ជី​មាន​ ២ ​ប្រភេទ ដែល​គេ​ច្រើនតែ​និយាយ មាន​ជីសរីរាង្គ​និង​ជីកំប៉ុស​ដែល​កើត​ពី​កម្ទេច​​ក​ម្ទី​ស្លឹកឈើ ឬ​បន្លែ​រលួយ​។ ជី​ប្រភេទ​នេះ វា​មាន​សារៈសំខាន់​ត្រង់​ថា វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​។ រីឯ​ការប្រើ​ជី​នេះ ក៏​មិនបាច់​ចំណាយ​ច្រើន​ដែរ ព្រោះ​គាត់​អាច​ប្រមូល​វត្ថុធាតុដើម នៅ​ជុំវិញ​ផ្ទះ​រៀបចំ​ជា​រណ្តៅ​ធ្វើ​ជី​ដែល​អាច​ល្អ​សម្រាប់​ដំណាំ​។

​លោក​ថ្លែងថា​៖ «​ចំពោះ​ជីគីមី​វិញ អាចមកពី​យើង​ឮ​ពាក្យ​គីមី​យើង​ខ្លាច តែ​រោងចក្រ​គេ​ផលិត​មក​មានកំណត់​ណាស់​។ អ្នក​បច្ចេក​ទេស ក្រសួងកសិកម្ម បានកំណត់​ប្រាប់​យើង​ដែរ​ថា បើសិនជា​ស្រែ​អ៊ីចេះ ឱ្យ​ដាក់​ជី​ប៉ុណ្ណេះ​ដំណាំ​នេះ​ឱ្យ​ដាក់​ប៉ុណ្ណេះ​។ ដូច្នេះ​បើ​យើង​ដាក់​តាម​ការកំណត់​រប​ស់​អ្នក បច្ចេកទេស​អត់​មាន​ខូច​អី​ទេ បើ​អ៊ីចឹង​គេ​មិនមែន​ផលិត​មក​ទេ​»៕