​តាកែវៈ វត្ត​ប្រាសាទនាងខ្មៅ មិន​ត្រឹមតែ​ជាទី​កន្លែង​ស្នាក់​អា​​ស្រ័យ​សម្រាប់​ព្រះសង្ឃ និង​ជាទី​កន្លែង​សម្រាប់ធ្វើ​បុណ្យ​របស់​ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជាទី​កន្លែង​ផ្តល់​ការរៀនសូត្រ ដល់​ព្រះសង្ឃ​ដែល​ក្មេងៗ​គ្មាន​ទីពឹង កូន​ប្រជាពលរដ្ឋ​ក្រខ្សត់​រាប់រយ​អង្គ​ផងដែរ​។​

​បច្ចុប្បន្ន វត្ត​ប្រាសាទនាងខ្មៅ មាន​ព្រះសង្ឃ​គង់នៅ​ចំនួន ​៣៤៥​ អង្គ ដែល​ភាគច្រើន​ គឺជា​ក្មេង​គ្មាន​ទីពឹង​។ ដោយសារ​តែមាន​ព្រះសង្ឃ​ច្រើន​បែបនេះ ទើប​វត្ត​ត្រូវ​ចំណាយ​អង្ករ​ដល់​ ១៥០​ គីឡូ​ក្រាម សម្រាប់​ចង្ហាន់​ពេលព្រឹក និង​ថ្ងៃត្រង់​និង​ត្រូវ​ចំណាយលុយ​ធ្វើ​ម្ហូប​ចន្លោះ​ពី​ ២​ លាន ៥០​ ម៉ឺន ទៅ​ ២ ​លាន ​៦០ ​ម៉ឺន​រៀល​ក្នុង​ ១ ​ថ្ងៃ​។ ព្រះសង្ឃ​ចំនួន​ ៣៤៥ ​អង្គ​ដែលមាន​ព្រះជន្ម​ចន្លោះ​ពី​ ៥ ​វស្សា ទៅ​ ២០ ​វស្សា កំពុងស្នាក់នៅ​សិក្សា​រៀនសូត្រ​នៅក្នុង​វត្ត​ប្រាសាទនាងខ្មៅ ស្ថិតនៅ​ភូមិ​ចារ​ឃុំ រវៀង ស្រុក​សំរោង ខេត្តតាកែវ​។​

​ព្រះសង្ឃ​ជួន កក្កដា ជា​ព្រះ​វិន័យ​ធម៌​គណ​ខេត្តតាកែវ និង​ជានា​យក​វិទ្យុ​ត្រៃរ័ត្ន​នៅក្នុង​វត្ត​ប្រា​សាទ​នាង​ខ្មៅ មាន ថេរ​ដីកា​រថា បច្ចុប្បន្ន​វត្ត​ប្រាសាទនាងខ្មៅ​មាន​ភិក្ខុ​និង​លោក​នេន​ចំនួន​៣៤៥​អង្គ​គង់នៅ​ក្នុង​វត្ត​ដើម្បី​សិក្សា​រៀនសូត្រ​ដែលមាន ព្រះ​សង្ឃា​ភិ​រ័​ត ភិន វុទ្ធី ជា​ព្រះចៅអធិការ​វត្ត​។ ភិក្ខុ​និង​លោក​នេន​ទាំងនោះ​សុទ្ធតែជា​ក្មេង​មកពី​គ្រួសារ​ទីទាល់ក្រ ក្មេង​ដែល​ត្រូវ​ឪពុកម្តាយ​លែង​លះ​គ្នា ហើយ​មកពី​ទីជិត​ឆ្ងាយ​ទាំង​ ២៥​ ខេត្ត​-​រាជធានី​។​


​ព្រះអង្គ​បន្តថា មូលហេតុ​ដែលមាន​ក្មេងៗ​មក​បួស​ច្រើន​នេះ ដោយសារ​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ​ដឹងថា ព្រះអង្គ​គង់នៅ​វត្ត​ប្រាសាទនាងខ្មៅ​និង​ដឹង​តៗ​គ្នា​តាមរយៈ​ការ​ទេសនា​របស់​ព្រះអង្គ និង​ការ​ទេសនា​របស់​ព្រះ​សង្ឃា​ភិ​រ័​ត ភិន វុទ្ធី​ជា​ព្រះចៅអធិការ​វត្ត​។ ចំពោះ​ការសិក្សា​រៀនសូត្រ​វិញ ព្រះអង្គ​បាន​បើក​សាលា​ថ្នាក់​បឋម ដើម្បីឱ្យ​លោកៗ​រៀនអក្សរ​សាស្ត្រ​ខ្មែរ ភាសា​អង់គ្លេស ភាសាបាលី​និង​រៀន​ជំនាញ​កុំព្យូទ័រ​ផង​។

ព្រះអង្គ​មាន​ថេរ​ដីកា​ថា​៖ «​នៅទីនេះ​លោក​អាច​រៀន​បាន​ទាំង​មតេយ្យ​ទាំង​ភាសា​អង់គ្លេស​ទាំង​ថ្នាក់​កុំព្យូទ័រ​ហើយ​មិនឱ្យ​លោក​ចេញ​បច្ច័យ​ទេ​។ លោក​មិនបាច់​ចេញ​អ្វី​ទាំងអស់ គឺ​ចាំតែ​រៀន​តែមួយ​មុខ​ទេ អ្វីៗ​វត្ត​ចេញ​ទាំងអស់​»​។​


​បើតាម​ព្រះ​វិន័យ​ធម៌​គណ​ខេត្តតាកែវ​សង្ឃៗ ដែល​គង់នៅ​ក្នុង​វត្ត​ទាំងអស់​ពេល​ព្យាបាល​ជំងឺ​ក៏​ខាង​វត្ត​ជា​អ្នករ៉ាប់រង​ចេញថ្លៃ​ព្យាបាល​ថ្លៃ​ទឹក​ភ្លើង​ និង​ប្រាក់ខែ​ជួល​គ្រូៗ​មក​បង្រៀន​ក៏​វត្ត​ចេញ​ដែរ​។ ចំពោះ​ចង្ហាន់​សម្រាប់​ឆាន់​រាល់ថ្ងៃ​វិញ​ គឺមាន​រថយន្ត​ចាំ​ដឹក​លោក​ទៅ​បិណ្ឌបាត​តែ​ត្រូវដាក់​វេន​គ្នា​បិណ្ឌបាត​ឆ្លាស់​ថ្ងៃ​គ្នា​តាម​ភូមិ​។ ប៉ុន្តែ​បើទោះជា​មានការ​បិណ្ឌ​បាត​យ៉ាងណាក្តី​ក៏​វត្ត​ត្រូវ​ផ្គត់ផ្គង់​បន្ថែម​ដែរ​ព្រោះ​ការ​បិណ្ឌបាត​មិនអាច​គ្រប់គ្រាន់​ទេ​។

​ព្រះអង្គ ជួន កក្កដា បញ្ជាក់ថា អង្ករ​ដែល​ត្រូវ​ដាំ​ទាំង​ពេលព្រឹក​និង​ពេល​ថ្ងៃត្រង់​អស់​ ១៥០ ​គីឡូ​ក្រាម ​ហើយ​សម្រាប់​បច្ច័យ​ទិញ​ម្ហូប​វិញ ត្រូវ​ចំណាយ​អស់ពី ​២​ លាន ​៥០ ​ម៉ឺន​ទៅ​ ២​ លាន​ ៦០ ​ម៉ឺន​រៀល ក្នុង​ ១ ​ពេល​ទៅតាម​មុខ​ម្ហូប​។ ចំពោះ​បច្ច័យ​វិញ​បាន​ពី​ការបរិច្ចាគ​របស់​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​និង​រួមទាំង​ពុទ្ធបរិស័ទ​រស់នៅ​ក្រៅប្រទេស​ផងដែរ​។ ទាំង​ភិក្ខុ​និង​លោក​នេន មាន​អាយុ​ចន្លោះ​ពី​ ៥ ​ឆ្នាំ ដល់​អាយុ​ជាង​ ២០ ​ឆ្នាំហើយ​ បន្ទាប់ពី​ពួកគេ​រៀន​ចប់​សាលា​បឋម​ក៏ត្រូវ​រៀន​បន្តទៀត​នៅតាម​វត្ត​ក្នុង​រាជធានី​ភ្នំពេញ​ដែល​លោក​ត្រូវ​រក​អ្នកផ្គត់ផ្គង់​បន្តទៀត​។​

​ព្រះអង្គ​បន្តទៀតថា​៖ «​មាន​ថ្ងៃ​ខ្លះ​ញាតិ​ញោម​គាត់​កាន់កាប់​យក​ចង្ហាន់​ ១ ​ពេល​ហ្នឹង​ដាច់​ទៅ​យើង​រួចខ្លួន​ដោយសារ​អត់​ចាយ​ខែ​ខ្លះ​ក៏​ពិបាក​ដែរ​តែ​ក៏​នៅមាន​ញាតិ​ញោម​គាត់​ចូលរួម​ខ្លះ​។ ចំពោះ​សង្ឃ​នៅ​អាយុ​តិច​ដំបូងៗ​ពិបាក​ដែរ​ព្រោះ​អត់​ឆាន់​ពេល​ល្ងាច តែមាន​ការអប់រំ​ញឹកញយ​ទៅ លោក​ក៏​សប្បាយ​ជាមួយ​គេ​ជាមួយ​ឯង​វិញ​ទៅ​»​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​បន្តទៀតថា នៅក្នុង​វត្ត​ប្រាសាទនាងខ្មៅ ក៏មាន​ប្រាសាទបុរាណ​មួយ​ដែរ គឺ​ប្រាសាទនាងខ្មៅ​ដែល​កសាង​ក្នុង​ឆ្នាំ​ ៩២១ សាងសង់ឡើង​អំពី​ថ្មភក់​និង​ឥដ្ឋ​ក្នុង​រាជ​ព្រះបាទ​ជ័យ​​វរ្ម័នទី​ ៤​។ មាន​ពុទ្ធបរិស័ទ​មក​បែរបន់ និង​លា​មាត់​លា​ពាក្យ​ជា​ហូរហែរ​នៅ​ប្រាសាទ​នេះ​។ តែបើ​ថា ឱ្យ​ល្បីល្បាញ​ខ្លាំង​ក៏​អត់​ដែរ តែមាន​អ្នកខ្លះ​គាត់​បែរ​បន់សម​ប្រកប​គាត់​ក៏​ជឿ​ទៅ​។ ចំពោះ​ចំណុច​ដែល​ទាក់ទាញ​របស់​វត្ត​ប្រាសាទនាងខ្មៅ​សំខាន់​គឺ​ព្រះអង្គ​ទេសនា​ហើយ​មាន​អ្នក​ស្គាល់​ច្រើន ហើយ​ម្យ៉ាងទៀត​ញាតិ​ញោម​ដឹងថា វត្ត​នេះ​ជាទី​កន្លែង​សិក្សា​រៀនសូត្រ​។ ព្រោះ​ញាតិ​​ញោម​ឱ្យ​តម្លៃ​ថា ជា​កន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រោះ​វា​មិន​ត្រឹមតែ​បាន​ប្រយោជន៍​តែ​សាសនា​មួយ​ទេ​ព្រោះ​កុលបុត្រ​ខ្មែរ​ទាំងអស់​ដែល​គ្មាន​ទីពឹង​នឹងត្រូវ​មក​វត្ត​ប្រាសាទនាងខ្មៅ​។​

​ក្នុងចំណោម​ព្រះសង្ឃ​ទាំង​ ៣៤៥ ​អង្គ បើ​និយាយ​ពី​កំព្រា​ស្មើនឹង​ ៩៥ ​ភាគរយ ពោលគឺ​ក្នុង ១០០​ អង្គ​មាន​ម្តាយ​ឪពុក​តែ​៥​ភាគរយ​ទេ​ហើយ​មាន​ឪពុកម្តាយ​លែងលះគ្នា​ទៀត​។ នៅក្នុង​វត្ត​ប្រាសាទនាងខ្មៅ មាន​សាលាបង្រៀន​ថ្នាក់​ភាសាបាលី​ដំបូង និង​មាន​សាលាឆាន់​ ១​ ខ្នង​។ ​ពាក់ព័ន្ធ​នឹង​វត្ត​ប្រាសាទនាងខ្មៅ​នេះដែរ ត្រូវបាន​លោក កឹម​ពន្លក មេឃុំ រវៀង ប្រាប់​ ភ្នំពេញ ​​ប៉ុស្តិ៍​ថា នៅក្នុង​វត្ត​ប្រាសាទនាងខ្មៅ មាន​ភិក្ខុ​ខ្លះ​និង​មាន​លោក​នេន​ខ្លះ​ដែល​ភាគច្រើនបំផុត​ជា​ក្មេង​គ្មាន​ទីពឹង​ដូចជា​ម្តាយ​ឪពុក​បែកបាក់​គ្នា​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​មកសុំ​លោក​បួស​។ ម្យ៉ាងទៀត​វត្ត​ប្រាសាទនាងខ្មៅ​ប្រកាន់​វិន័យ​ម៉ឺងម៉ាត់​ណាស់​ក្នុងការ​គ្រប់គ្រង​សង្ឃ​។

​លោក​បន្តថា វត្ត​ប្រាសាទនាងខ្មៅ លោក​បាន​ធានា​ផ្គត់ផ្គង់​ទាំង​ការហូបចុក​ការរៀនសូត្រ​រាប់ទាំង​ថ្លៃ​ព្យាបាល​ជំងឺ​ផ្សេងៗ​ផង​។ ព្រះសង្ឃ​នៅទីនេះ​បាន​រៀន​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ​បន្ថែម​ទៅលើ​ភាសាបាលី​ទៅលើ​អក្សរសាស្ត្រ​ខ្មែរ​ទៀត​។ ​«​អ៊ីចឹង​សង្ឃ​បាន​រៀនចំណេះ​ទូទៅ​ផង​បាន​រៀន​ពុទ្ធចក្រ​ផង​និង​បាន​ចេះ​អង់គ្លេស​ទៀត​»៕​