ភ្នំពេញៈ​ ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ទូរស័ព្ទ «​ដើរ​លេង​ស្រុក​យើង​» ដើម្បី​គាំទ្រ​ដល់​ជីវ​ភាព​សហ​គមន៍ និង​ជំរុញ​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ​អេកូ​ទេស​ចរណ៍​កាន់តែ​ទូលំ​ទូលាយ​ទៅ​ដល់​អ្នកទេស​ចរ​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​ច្បាស់​លាស់​អំពី​គោល​ដៅ​អេកូ​ទេស​ចរណ៍​។​

​ការ​ដាក់ឱ្យ​ដំណើរ​ការ​កម្មវិធី​ទូរស័ព្ទ «​ដើរ​លេង​ស្រុក​យើង​» បាន​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន កាល​ពី​រសៀល​ថ្ងៃទី​ ១៥ ​ខែសីហា​ ដោយ​មាន​ការ​ចូល​រួម​ពីថ្នាក់​ដឹកនាំ មន្ត្រីរាជ​ការ​ក្រសួ​ងបរិស្ថាន ​តំណាង​ធនាគារ​ពិភពលោក​, អង្គ​ការ​ជាតិ​-​អន្តរ​ជាតិ ​និង​ដៃគូ​អភិ​វឌ្ឍន៍ ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

​យោ​ង​តាម​ក្រសួង​បរិស្ថានបាន​លើក​ឡើង​ថា កម្មវិធី​ទូរស័ព្ទ«​ដើរ​លេង​ស្រុក​យើង​»ជា​ផ្នែក​មួយ​នៃ​គម្រោង«​និរន្តរ​ភាព​តំបន់​ទេស​ភាព និង​ទេស​ចរណ៍​ធម្មជា​តិ​កម្ពុ​ជា​» បង្កើត​ឡើង​ដើម្បី​គាំទ្រនិង​ជំរុញ​ឱ្យ​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ​អេកូ​ទេស​ចរណ៍បាន​កាន់​តែ​ទូលំ​ទូលាយនិង​បង្កើន​ភាព​ងាយស្រួ​ល​ដល់​អ្នក​ទេស​ចរ​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​ច្បាស់​លាស់​ពី​គោល​ដៅ​អេកូ​ទេស​ចរណ៍ និង​សម្រួល​ដល់​ការធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​នឹង​មុខ​ងារ​សំខាន់ៗ​។​


​មុខ​ងារ​កម្ម​វិធី​នោះ មាន​ដូច​ជា​ ផែន​ទី​នាំ​ផ្លូវ ការ​រៀបចំ​ផែន​ការ​ធ្វើ​ដំណើរ និង​ការចែក​រំលែក​ព័ត៌មាន​អំពី​តំបន់​ទេស​ភាពតាម​រយៈ​រូប​ថត ​និង​សារ​ខ្លីៗ​។

​ក្រសួង​បាន​បន្តថា កម្មវិធី​ទូរស័ព្ទ​នេះ​ក៏​ជាការ​ឆ្លើយ​តប​មួយ​ទៅនឹ​ង​គោល​នយោ​បាយ​អភិវឌ្ឍន៍​អេកូ​ទេស​ចរណ៍ ក្រោម​ពាក្យ​ស្លោក«​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ទឹកដី​»ដែល​នឹង​ជំ​រុញ​ឱ្យ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​នៅតាម​តំបន់​ការពារធម្ម​ជាតិ​មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់តាម​រយៈ​ចំណូល​ពី​ភ្ញៀវ​ទេសចរដែល​មក​ទស្សនា​កម្សាន្ត រួម​ចំណែក​ពង្រឹង​ជីវ​ភាព​សហ​គមន៍ ដូចជា​ឱកាស​សម្រាប់​អភិ​វឌ្ឍ​ទេស​ចរណ៍​ធម្មជាតិ ហើយ​រួម​ចំណែក​កាត់​បន្ថយ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ធន​ធាន​ធម្ម​ជាតិ​។​


​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានបាន​ថ្លែង​ក្នុង​ពិធី​នោះ​ដោយ​លោក​បាន​កោត​សរ​សើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារនិង​បានថ្លែង​អំណរ​គុណ​ដល់​អង្គកា​រ​ដៃគូដែល​បាន​ចូលរួម​យ៉ាង​សកម្ម​បង្កើត​បាន​ជា​កម្មវិធី​ទូរ​ស័ព្ទ «​ដើរ​លេង​ស្រុក​យើង​»​។​

​លោក​បាន​បន្ត​ថា​មិន​ត្រឹម​តែ​ជា​សមិទ្ធ​ផល​មួយ​ទេ ប៉ុន្តែ​កម្មវិធី​នេះ​បង្ហាញ​ឱ្យឃើញ​ថា​ជីវភាព​របស់​ប្រជា​ជន​កម្ពុជា​បាន​ងាក​ទៅរក​ភាព​សុខដុម​រមនា និង​សុភ​មង្គល ព្រមទាំង​មាន​ឱកាស​ពេញ​លេញ​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ មិត្ត​ភក្តិ​នៅ​គ្រប់​ទី​កន្លែង​។​

​លោក​សាយ សំ​អាល់ បាន​បញ្ជាក់​​ថា​៖«​កម្មវិធី​ទូរស័ព្ទ​នេះ ​ជាការ​បញ្ជាក់​មួយ​ទៀត​ពីរ​បត់​ថ្មី​របស់​សង្គម​កម្ពុជា ​ងាក​រក​ទំនើប​កម្ម ​បច្ចេក​វិទ្យា ស៊ី​វិ​ល័យ ស្រឡាញ់​គ្រួ​សារ សង្គម ​ផ្សារ​ភ្ជាប់​នឹង​បរិ​ស្ថាន​ផង​ដែរ​»​។​

​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​បន្ត​ថា ​កម្ពុជា​ផ្លាស់​ប្តូរ​ពី​សង្គម​ជាតិ​មួយ​ដែល​ធ្លាប់​បែក​បាក់​ដោយ​សារ​សង្គ្រាម​មកជា​សង្គម​ជាតិ​មួយ​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ សង្គម​រស់​រវើក ប្រជាជ​នមាន​ចំណេះ​ដឹង​ទូលំ​ទូលាយ ​ចេះ​ចែករំ​លែក​ក្តី​សុខ និង​សុភ​មង្គល​តាម​រយៈ លម្ហែ​ជា​មួយ​នឹង​ធម្ម​ជាតិ​។

​លោក​សាយ សំ​អាល់ បាន​បន្ថែម​ថា ទាំង​នេះជា​ផ្លែ​ផ្កា​នៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​កំពុង​ទទួល​បាន ហើយ​វប្បធម៌​នៃ​សន្តិ​ភាព ក៏​បាន​ចាក់​ឫស​យ៉ាង​មាំ​ក្នុង​ក្រ​អៅបេះ​ដូង​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​ផង​ដែរ​។​

​ទាក់​ទង​នឹង​កម្មវិធី​នេះ​លោក ​ហូ វណ្ណឌី ទីប្រឹក្សា​សមា​គម​ទេស​ចរណ៍​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ​ខែសីហា​ថា វា​ជា​ការល្អ​មែន​ទែន​ ព្រោះ​កន្លង​មក​កម្មវិធី​នេះ​ក្រសួង​បា​នរៀបចំ​ត្រៀម​ជា​យូរ​មកហើយ ដូច្នេះ​កា​រប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នេះ​ វា​បាន​រួម​ចំណែក​យ៉ាង​ធំធេង​សម្រាប់​អ្នក​ទេសចរ​ និង​សហ​គមន៍​នៅ​ក្នុង​មូល​ដ្ឋាន​។

​លោក​បាន​ប្រាប់​ដែរ​ថា ក្រៅ​ពីនេះ​​ទៀត កម្មវិធី​ទូរស័ព្ទ​នេះក៏បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ និង​ពង្រីក​សក្ដានុ​ពល​ផ្នែក​ទេស​ចរណ៍​ធម្ម​ជាតិ​ទៅ​ដល់​អ្នក​វ័យ​ជំទង់ព្រោះ​ពួក​គាត់​មាន​ថវិកា​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​តំបន់​នានាៗ​។​

​លោកហូ វណ្ណឌី បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ប្រសិន​បើ​ក្រសួង​បានដាក់​ឱ្យប្រើ​ប្រាស់​កម្មវិធី​ហ្នឹង មិន​ត្រឹម​តែ​ជា​គោលដៅ​ក្នុង​តំបន់​មួយ​នោះ​ទេ ក៏ប៉ុន្តែ​ជា​គោល​ដៅ​ឆ្លើយ​តប​ទូទាំង​ប្រទេស​តែ​ម្ដង ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទេស​ចរ​ស្វែង​រក​ព័ត៌​មាន​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ពី​កន្លែង​១​ទៅ​កន្លែង១​»​។

​លោក​បន្ថែម​ថា កម្មវិធី​ទូរ​ស័ព្ទ​នេះក៏​ជំរុញ​ឱ្យមាន​កំណើន​ទេស​ចរ​ដោយ​ស្វ័យ​ប្រវត្តិ​ផងដែរទៅ​ដល់​ចង្វាក់​សេវាកម្ម​ផ្សេងៗ​ដែល​អ្នក​ផ្គត់​ផ្គង់​បាន​ត្រៀម​រៀប​ចំ​សម្រាប់​បម្រើ​ដល់​វិស័យ​ទេស​ចរណ៍​៕