កំពង់​ចាមៈ​ ជាទូទៅ​គ្រឿង​សង្ហា​រិម​មាន​តុទូ​សា​ឡុង​កៅអីជា​ដើម​ភាគច្រើន​សុទ្ធ​សឹង​ធ្វើ​ពី​ឈើ​បេង ​នាង​នួន ឬ​ឈើ​ប្រណីត​ផ្សេងៗ​ទៀត​ដែល​កាប់​យក​ពីក្នុង​ព្រៃធម្ម​ជាតិ​។ ​ប៉ុន្តែ​មាន​ស្ត្រី​ម្នា​ក់នៅ​ខេត្ត​កំពង់​ចាម ​បែរជា​មក​ច្នៃ​ដើម​​ឫស្សី​ពីងពង់​ទ្រនំ​មាន់មក​កែច្នៃធ្វើ​ជា​គ្រឿង​លម្អ​នៅ​តាម​អាហា​រដ្ឋាន ​ឬ​ជា​គ្រឿង​សង្ហារិ​ម​ជា​ហាង​លក់​កាហ្វេ​ជំនួស​ឱ្យ​ការ​កាប់​បំផ្លាញ​ឈើ​ព្រៃ​ទៀត​ផង​។​

​គំនរ​មាន​ពណ៌​ខៀវ​លាយ​ប្រផេះ​ នោះ​ហើយ​ជា​គំនរ​ដើម​ឫស្សី​ពីង​ពង់​ទ្រនំ​មាន់​នៅ​ក្នុង​សិប្បក​ម្ម​មួយ​ឈ្មោះ​ [​សិប្ប​កម្ម ឫស្សី​ខ្មែរ​]​ របស់​អ្នក​ស្រី​អាន ​សុវណ្ណនី ដែល​ស្ថិត​នៅ​ភូមិ​បឹង​ស្នាយ​សង្កាត់​សំបួរ​មាស ​ក្រុង​-​ខេត្ត​កំពង់​ចាម​។​

​អ្នក​ស្រី​ អាន សុវណ្ណនី​ ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា ​តាម​ពិត​ទៅ​ដើម​ឫស្សី ​មាន​ដុះ​នៅ​តាម​ស្រុក​-​ភូមិ​ហើយ​វា​ក៏​មាន​អត្ថ​ប្រយោជន៍​ច្រើន​ដែរ​។​ដើម​ឫស្សី​ត្រូវបាន​ប្រជាព​លរដ្ឋ​ខ្មែរ​ ជា​ពិសេស​បងប្អូន​រស់នៅ​ស្រុក​ស្រែ​ចម្ការ​បាន​យក​វា​មក​កែច្នៃ​ជា​របស់​ប្រើ​ប្រាស់​ផ្សេងៗ​តាម​ទម្លាប់​ប្រពៃណី​បន្ត​តាំងពី​ដូន​តា​មក​។​ប៉ុន្តែ​ដើម​ឫស្សី​ដែល​អ្នក​ស្រី​ជ្រើស​រើស​យក​មក​កែច្នៃ​នេះ​ជា​ប្រភេទ​ដើម​ឫស្សី​ពីង​ពង់​ទ្រនំ​មាន់​ដែល​មាន​ដុះ​ច្រើន​នៅ​តាម​ភូមិ​-​ឃុំ​ក្នុង​ខេត្តកំពង់​ចាម​។​


​ដោ​យសា​រតែ​មិន​សូវ​មាន​អ្នក​ប្រើប្រា​ស់​វា​ទើប​អ្នក​ស្រី​និងស្វាមី​មើល​ឃើញថា​ ​ដើម​ឫស្សី​ក្រៅពី​ធ្វើ​ជា​របស់​ប្រើ​ប្រាស់​តាម​ទម្លាប់​ប្រពៃ​ណី​ហើយ​នោះ​វា​ក៏​អា​ចយក​មក​កែច្នៃ​ធ្វើ​របស់ផ្សេ​ងៗ​ទៀត​បានដែ​រ​។​ ដោយ​សារ​ឃើញ​គេ​កាប់​និង​ដុត​ចោល​ច្រើន​​ទើប​អ្នក​ស្រី​និង​ស្វាមី​ដើរ​កាប់​វា​មក​ធ្វើជា​ទោង​សម្រាប់​អង្គុយ​លេង​តុ​សម្រាប់​ហូប​បាយ​ធម្មតាៗ​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ​។

​អ្នកស្រី​បាន​បន្ត​ថា​ លុះ​ឃើញ​ពី​ការប្រើ​ប្រាស់​ទៅ​បាន​ល្អ​ក៏មាន​សាច់​ញាតិ​របស់​អ្នក​ស្រី​ពឹង​ឱ្យ​ស្វាមី​របស់​អ្នកស្រី​ធ្វើជូ​នហើយ​ពេល​នោះ​អ្នក​ស្រី​យក​តែ​ថ្លៃ​កម្លាំង​ពល​កម្ម​ប៉ុណ្ណោះ​។​ ដោយ​សារតែ​ប្រើ​ប្រាស់​ទៅ​មាន​ភាព​ជាប់​ល្អ​ថែម​ទាំង​មាន​ភាព​ត្រជាក់​ទៀត​នោះ ក៏​ចេះ​តែ​ល្បី​បន្ត​គ្នាៗ​ដែលជាហេតុ​​ជំរុញ​ទឹកចិត្ត​អ្នកស្រី​ឱ្យពង្រីក​ការកែច្នៃ​ឫស្សី​នេះ​ពី​ ១ ថ្ងៃ​ ទៅ ១ ថ្ងៃ ​រហូត​បើក​ជា​សិប្បកម្ម​កែច្នៃ​ឫស្សី​ជា​គ្រឿង​សង្ហា​រិម​លក់​តាំង​ពី​អំឡុង​ឆ្នាំ ​២០២០​ មក។​


​អ្នក​ស្រី​បានប​ន្តថា​៖ «​នៅ​តំបន់​ខ្ញុំ​រស់នៅ​នេះ​សម្បូរ​ដើម​ឫស្សី​ណាស់​ហើយ​ភាគច្រើន​គេ​យក​វា​ទៅ​ដុត​ចោល​​ខ្ញុំ​និង​ប្តី​ខ្ញុំឃើញ​អ៊ីចឹង​ស្តាយ​ហើយក៏​ប្រមូល​យក​មក​ធ្វើជា​របស់​ប្រើ​ប្រាស់​ធ្វើ​ដោយ​ដៃ​ផ្ទាល់​គ្មាន​គ្រឿង​ម៉ាស៊ីន​អី​ទេ​»​។​

​អ្នក​ស្រីបា​ន​ឱ្យដឹង​ថា​ សិប្បកម្ម​របស់​អ្នក​ស្រី​បច្ចុប្បន្ន​ប្រើប្រាស់​កម្លាំង​កម្មករ​ចំនួន ​៤​ នាក់ ​ដែល​ការកែ​ច្នៃ​ភាគច្រើ​ន​ធ្វើ​ដោយ​ដៃ​ផ្ទាល់​។​ចំពោះ​ដើម​ឫស្សី​វិញ​មុននឹង​​អ្នកស្រី​​ដំឡើង​ជា​តុ​ជា​ទូ​ដាក់​សម្លៀកបំ​ពាក់​ឬ​ជា​សម្ភារប្រើ​ប្រាស់​ផ្សេងៗ​គឺ​អ្នក​ស្រី​ត្រូវ​ចោះ​រន្ធ​នៅ​តាម​ថ្នាំង​ហើយ​យកទៅ​ស្ងោរ​លាយ​ថ្នាំ​គីមី​ដើម្បី​កុំឱ្យ​មេ​ស៊ី​។​ដូច្នេះ​ពេល​ដែល​ស្ងោរ​ទឹក​ថ្នាំ​នឹង​ជ្រាប​ចូល​ទៅ​សាច់​ឫស្សី​គ្មាន​មេ​ស៊ី​ដែល​ធ្វើ​ឱ្យ​ឫស្សី​ឆាប់​ខូច​ឡើយ​។​

​អ្នក​ស្រី​ អាន ​សុវណ្ណនី បាន​បញ្ជាក់​ថា ជា​បទ​ពិសោធន៍​បើ​អ្នកស្រី​មិន​ចោះ​រន្ធ​នៅ​តាម​ថ្នាំ​ហើយ​ស្ងោរ​គឺត្រូវ​ចំណាយ​ពេល​ពី​ ៣០​ ទៅ​ ៣៥​ ថ្ងៃ​ទើប​ថ្នាំ​អាច​ជ្រាប​ចូល​សាច់​ឫស្សី​តែបើ​ចោះ​រន្ធ​ហើយ​ស្ងោរ​ឬ​ត្រាំ​ក្នុង​ទឹក​ថ្នាំ​គីមី​ គឺប្រើ​ពេល​តែ ​១៥ ​ថ្ងៃ​ប៉ុណ្ណោះ​។ ​ការ​កែច្នៃ​ឫស្សី​ជា​គ្រឿង​សង្ហា​រិម​​នេះ​អ្នក​ស្រី​គិតថា​ក៏​ជាការ​ចូល​រួម​ចំណែក​មួយ​ជួយ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធម្ម​ជាតិ​ផង​ដែរ​។​

​បើ​តាម​អ្នកស្រី​​ សុវណ្ណនី ចំពោះ​គ្រឿង​សង្ហា​រិម​ដែល​អ្នក​ស្រី​កែច្នៃ​មាន​ដូចជា​សា​ឡុង ​តុ ទូ​សម្រាប់​ដាក់​សម្លៀក​​បំពាក់ ​កៅអី​ធ្នើរ។​ពាក់​ព័ន្ធ​នឹង​ការ​រចនា​ម៉ូដ​ទៅ​លើ​គ្រឿង​សង្ហារិមយ៉ា​ងណា​នោះ​ គឺ​អាស្រ័យ​តាម​អតិថិ​ជន​ដែល​ចូល​ចិត្ត​ហើយ​គាត់​អាច​កុម្ម៉ង់​បាន​។​ចំពោះ​ការកែច្នៃ​ក្នុង​សិប្ប​កម្ម​វិញ​ គឺ​អ្នកស្រី ​និង​ស្វាមី​ជា​អ្នក​រចនា​ម៉ូដ​ដោយ​ខ្លួន​ឯង​ដោយ​គិត​ពី​ភាព​លម្អ​និង​ភាព​ស្រស់​ស្អាត​។​ ក្រៅពីនេះ​អ្នក​ស្រី​ក៏ធ្លាប់​ត្រូវ​បាន​អតិថិ​ជន​ហៅ​ទៅ​ដេ​គ័​រ​នៅ​តាម​ផ្ទះ​ ឬ​តាម​ទីតាំង​នៃ​ពិធី​ផ្សេងៗ​និង​នៅ​តាម​ហាង​កាហ្វេ​ផង​ដែរ​។​

​អ្នក​ស្រី​បញ្ជាក់​ថា​ ដោយ​សារតែ​អាជីវកម្ម​របស់​អ្នកស្រី​កែច្នៃ​ពី​ឫស្សី​ធម្មជាតិ​ដែល​មិន​កាប់​បំផ្លាញ​ព្រៃឈើ​និង​លើក​គុណ​តម្លៃ​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​ហាក់​ដូច​ជា​រស់នៅ​ជា​មួយ​ធម្មជាតិ​ពិតៗ​នោះ​ទើប​មាន​អតិថិ​ជន​គាំទ្រ​ច្រើន​​ក្នុង​នោះ​មាន​ខេត្ត​កោះ​កុង ​កំពត ​មណ្ឌល​គិរី ព្រះវិ​ហារ​ ខេត្ត​ប៉ៃលិន និង​រាជ​ធានី​ភ្នំពេញ​ច្រើន​ជាង​គេ​។

ពលករ​ចំណាកស្រុក​ដែល​ត្រឡប់​ពី​បរទេស​មក​កម្ពុជា​វិញ​​នា​ពេល​កន្លង​មក។ IOM

​ចំណែក​តម្លៃ​វិញ​អ្នក​ស្រី​ប្រាប់​ថា ចំពោះ​តុ ​១ ​ឈុត​មាន​កៅអី ​៤​ មាន​តម្លៃ​ ៩៩ ​ដុល្លារ ​សា​ឡុង ​១​ ឈុត​តម្លៃ​ ២៣៥ ​ដុល្លារ​ រីឯ​ធ្នើរ​សម្រាប់​ដាក់​របស់​រប​រ​មាន​ ២​ ថ្នាក់​រហូត​ដល់​ ៥ ​ថ្នាក់​តម្លៃ​ពី​ ១៥ ​ដល់​ ៣៥​ ដុល្លារ​។​ គ្រឿង​សង្ហារិម​តុ ទូ សា​ឡុង​កៅអី​ដែល​កែច្នៃ​ពី​ដើម​ឫស្សី​នេះ​វា​មិន​ត្រឹម​តែ​ផ្តល់​គុណ​តម្លៃ​ក្នុងការ​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចល័ត​ផ្លាស់​ទី​ទៀត​ផង​ព្រោះ​វា​ស្រាល​។​ ដោយ​សារ​មាន​តម្រូ​វការច្រើន​បច្ចុប្បន្ន​អ្នក​ស្រី​បាន​ដាំ​ឫស្សី​ពីង​ពង់​ទ្រនំ​មាន់​ចំនួន​ ១៥ ​ហិ​កតា​ សម្រាប់​យក​មកកែ​ច្នៃ​ជា​គ្រឿង​សង្ហា​រិម​ផ្សេងៗ​។​

​ពាក់​ព័ន្ធ​នឹង​សិប្ប​កម្ម​កែច្នៃ​គ្រឿង​សង្ហា​រិម​ពី​ដើម​ឫស្សី​នេះ ​លោក ​ពូន ​រុន ប្រធាន​មន្ទីរ​ឧស្សា​ហ​កម្ម វិទ្យាសា​ស្ត្រ បច្ចេក​ទេស ​និង​នវានុ​វត្តន៍ ខេត្តកំ​ពង់​ចាម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា នៅ​ក្នុង​ខេត្ត​កំពង់ចា​ម​មាន​សិប្ប​កម្ម​កែច្នៃ​ដើម​ឫស្សី​តែ ​១ ​ទៅ​ ២​ ទីតាំង​ទេ​។​ ប៉ុន្តែ​ដើម​ឫស្សី​ដែល​គេ​យក​មក​កែច្នៃ​នេះ​ជា​ប្រភេទ​ដើម​ឫស្សីស្រុ​ក​ដែល​ដុះ​នៅតា​ម​ព្រៃ​ក្នុង​ភូមិ​។​ ប៉ុន្តែ​បើ​ឫស្សីព្រៃ​វិញ​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ខ្លះ​រំលើង​គល់​ដុតចោ​ល​អស់​ហើយ​​ហើយ​ទៅ​អ​នា​គត​ប្រហែល​ជា​ផុត​ពូជ​ផង​ក៏​មិន​ដឹង​។​

​លោក​បន្តថា​៖ «​គេ​ដុត​ឫស្សីព្រៃ​ចោល​ដោយ​សារ​គេ​យក​ដី​ដាំ​ស្វាយ​ព្រោះ​បើ​គេ​ទុក​គេ​ខ្លាច​ឆេះ​គុម្ព​ឫស្សី​ និង​ឆេះ​ដល់​ដំណាំ​ស្វាយ​គេ​​តែ​កា​រកែច្នៃ​ឫស្សី​ឥឡូវ​ដូច​ជា​ស្បើយ​អស់​ហើយ​»៕