ភ្នំពេញៈ​ស្ថាន​ទូត​ចិន​ ប្រចាំ​កម្ពុជា ​ប្រកាស​រៀបចំ​ការ​ប្រកួត​ផលិត​វីដេអូ​ខ្លី ​ដើម្បី​អប​អរសា​ទរ និង​រំឭក​ខួប​លើក​ទី​៦៥ ​នៃ​ទំនាក់​ទំនង​ការ​ទូត ​និង​ជា​ឆ្នាំ​មិត្ត​ភាព​កម្ពុជា​-​ចិន ​ក្នុង​ឆ្នាំ ​២០២៣ ​និង​ដើម្បី​បង្ហាញ​ការ​វិវឌ្ឍ​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំង​ ២ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជា​ជន ​និង​ប្រជា​ជន ​ពិសេស​គំនិត​បង្កើត​សហ​គមន៍​កម្ពុជា​-​ចិន ​ដែល​មាន​អនា​គត​រួម​គ្នា​។​

​តាម​រយៈ​ការ​ប្រកាស​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន ​បាន​បញ្ជាក់​ពី​ការ​ប្រកួត​ជ្រើស​រើស​ស្នាដៃ​ផលិត​វីដេ​អូ​ខ្លី​ពាក់​ព័ន្ធ​ប្រធាន​បទ​ជុំវិញ​ទំនាក់​ទំនង​កម្ពុជា ​និង​ចិន ​ដែល​ជា​ប្រកួត​មិត្ត​ភាព​ ក្នុង​ន័យ​បង្ហាញ​ពី​ទំនាក់​ទំនង​មាស​រវាង​ប្រទេស​ទាំង​២​។​

​ប្រភព​ដដែល​​បាន​បន្ត​ថា ​បេក្ខ​ជន​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ផ្ញើ​ស្នាដៃ​របស់​ខ្លួន​ដោយ​ភ្ជាប់​ជា​មួយ​ឈ្មោះ​ខ្លួន ឬ​ឈ្មោះ​ស្ថា​ប័ន ​តាម​រយៈ​បណ្តាញ​សង្គម​នានា​ដូច​ជា​៖ ​Kuaishou, Douyin, Bilibili, Face​book,​ Twitter, YouTube, Kwai ​និង​TikTok ដល់​ថ្ងៃទី​២៣​ ខែសីហា ​ហើយ​ការ​វាយ​តម្លៃ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ​និង​២៤​ សីហា​។ អ្នក​ឈ្នះ​នឹង​ត្រូវ​ប្រកាស​លទ្ធ​ផល​នៅ​តាម​ក្រោយ​។​


​ស្ថាន​ទូត​ចិន​ បាន​បញ្ជាក់​​​ថា​៖ «​វីដេអូ​ខ្លីៗ​ដែល​គ្រប​ដណ្តប់​លើ​ទំនាក់​ទំនង​ការទូត​ចិន​-​កម្ពុជា ​ការផ្លាស់​ប្តូរ​ប្រជា​ជន​និង​ប្រជា​ជន ​និង​សហ​គមន៍​នៃ​ជោគ​វាសនា​រួមគ្នា​កម្ពុជា​-​ចិន ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ (BRI)​ ត្រូវ​បាន​កំណត់​ជា​អាទិ​ភាព​បំផុត​»​។​

​លក្ខ​ខណ្ឌ​នៅ​ក្នុង​ការ​ចូល​រួមប្រកួត​គឺ​បេក្ខជន​អាច​បង្ហោះ​វីដេអូ​ខ្លី​របស់​ខ្លួន​ទៅតាម​បណ្តាញ​សង្គម​នានា ​ហើយ​ប្រើ​កំណត់​សម្គាល់ ​ឬ​hashtag ​ដើម្បី​បង្ហោះ​ស្នាដៃ​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម ​Kuaishou, Douyin​និង Bilibili ចំណែក​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ​Facebook,Twitter,YouTube, Kwai​ និង​TikTok វិញ​ ត្រូវ​ប្រើ has​htag ​#Golden​Illum​ina​tion​។​


​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ​បេក្ខ​ជន​ត្រូវ​ទាញ​យក​ទម្រង់​បែប​បទ​និង​ចុះ​ឈ្មោះ​តាម​រយៈ​តំណ​ភ្ជាប់ ​https:​//drive​.google​.com/​drive/​fold​ers/​1UQ​nvjI​qPWM​jVb5e​DUExK​xeywu​EY4​LboL?u​sp=s​hare_link ឱ្យ​បាន​នៅ​មុន​ថ្ងៃទី​២៣​ ខែសីហា រួច​ផ្ញើ​អ៊ី​មែល​ដោយ​ភ្ជាប់​ជា​មួយ​វីដេ​អូ​ទៅ​កាន់​អ៊ី​មែល​ sho​rtvid​eo​@​huan​qiu.​com​។​

​ជុំវិញ​បញ្ហា​នេះ ​លោក​ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​វប្ប​ធម៌ ​អប់រំ និង​ទេស​ចរណ៍​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បា​ន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ទំនាក់​ទំនង​ការ​ទូត​រួមមាន​ វិស័យ​នានា​ទាំងសង្គម​ នយោ​បាយ ​សេដ្ឋ​កិច្ច វប្ប​ធម៌ ​ជា​ដើម​។

​លោក​ថា ​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ប្រទេស​ មិន​ត្រឹម​តែ​ពង្រឹង​កម្រិត​ថ្នាក់​ដឹក​នាំ​នោះ​ទេ ​គឺ​ត្រូវ​ពង្រឹង​ទាំង​កម្រិត​ប្រជា​ជន​និង​ប្រជាជន​ ដែល​ត្រូវ​មាន​សកម្ម​ភាពឬ​វេទិកា​នានា​ ដើម្បី​បង្កើត​បរិ​យា​កាស​លើក​ស្ទួយ​ទំនាក់​ទំនង​ការទូត​បាន ​តួ​យ៉ាង​ដូចជា​ការ​ប្រកួត​វីដេអូ​​ខ្លី​នេះ​ផង​ដែរ​។​

​លោក ​ឈត​ ប៊ុន​ថង ​ថ្លែង​ថា​៖ «​ការ​ប្រកួត​ប្រជែង​ស្នាដៃ​សិល្បៈ​វប្បធម៌ ​បើតាម​ខ្ញុំ​ដឹង ​ខាង​ស្ថាន​ទូត​ចិន​នៅ​កម្ពុជា​ធ្លាប់​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​រួច​ហើយ ​ដែល​ឆ្នាំ​នេះ​យើង​បាន​ធ្វើ​ទៀត​។ ការ​ប្រកួត​ប្រជែង​ស្នាដៃ​​ជុំវិញ​ទំនាក់​ទំនង​កម្ពុជា​-​ចិន​ នេះ​ជា​ចំណែក​មួយ​ជួយ​ពូន​ជ្រំទំនាក់​ទំនង​ប្រទេស​ទាំង​២ ​ឱ្យនៅ​ស្ថិត​ស្ថេរ ​និង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​ជានិច្ច ​ជា​សកម្ម​ភាព​បង្ហាញ​ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​ល្អ​ប្រសើរ​»​។​

​ជាមួយគ្នានេះ​លោក​ក៏​បាន​ថ្លែង​កោត​សរសើរ​ដល់​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ដែល​រក​នឹក​បង្កើត​កម្ម​វិធី​បែប​នេះ ​សម្រាប់​ផ្តល់​លទ្ធ​ភាព​ឱ្យ​សា​ធារណ​ជន​បាន​ចូលរួ​ម ដែលជា​យុទ្ធ​វិធី​មួយ​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង​២​ ផង ​ហើយ​ដោយ​ឡែក​ស្ថាន​ទូត​កម្ពុជា​នៅ​ចិន​ក៏​អាច​បង្កើត​កម្ម​វិធី​សិល្បៈ ​វប្បធម៌​ ក្នុង​ន័យ​នេះ​ដូច​គ្នា​។​

​សូមជ​ម្រាប​ថា សម្រាប់​អ្នក​ធ្លាប់​បាន​ចូលរួម​ប្រកួត​ស្នាដៃ​វីដេអូ​នៅ​ក្នុង​កម្មវិធី​ប្រកួត​គម្រោង​ខ្សែ​ក្រវាត់​ និង​ផ្លូវ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួត​លើក​នេះ​ម្តង​ទៀត​បាន​ឡើយ​ ហើយ​ក្រោយ​ការ​ប្រកួត​ស្នាដៃ​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​៕