កំពង់ស្ពឺៈ ដបស្រាបៀរឬកាកសំណល់សំរាមខ្លះត្រូវបានគេបោះចោលដែលបង្កបញ្ហាដល់បរិស្ថានដោយសារមិនរលាយ ហើយជួនកាលបង្កគ្រោះថ្នាក់ដល់មនុស្សទៀតផង។ ប៉ុន្តែកន្លងមកមានកាកសំណល់មួយចំនួនក៏ត្រូវបានកែច្នៃឱ្យទៅជាវត្ថុមានប្រយោជន៍ និងអាចរកប្រាក់កម្រៃបានផងដែរ។
ជញ្ជាំងដែលមានរាងមូលប្រៀបដូចជាកូនទឹករលកអង្កាញ់ៗតូចៗហាក់កំពុងរត់ប្រដេញគ្នាទៅតាមពន្លឺភ្លើងនាពេលរាត្រីដូចអំពិលអំពែកដែលនោះគឺជាជញ្ជាំងរចនាចេញពីដបដែលគេបោះចោល។
លោក អ៊ុក វណ្ណដេ អាយុ ៤០ ឆ្នាំ ដែលជាទូទៅគេហៅគាត់ថា[មនុស្សសំរាមឬអ្នកចម្បាំងសំរាម]បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកជាស្ថាបនិកសាលា[ដូង]នៅលើភ្នំគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយតាមពិតទៅលោកបានសាងសង់រានលក់កាហ្វេ ១ ដែលជញ្ជាំងមានការច្នៃប្រឌិតរចនាពីដបដែលគេបោះចោល។ ប៉ុន្តែដោយសារទីតាំងចាស់តូចចង្អៀត ដូច្នេះលោកបានពង្រីកពីទំហំ ៦ ម៉ែត្របណ្តោយ៨ម៉ែត្រមក ជាទទឹង ២០ ម៉ែត្រ និងបណ្តោយ ១២ ម៉ែត្រវិញ។
លោកបានឱ្យដឹងថា មូលហេតុដែលលោកយកដបស្រាបៀរមករៀបធ្វើជាជញ្ជាំងនៅជុំវិញរានលក់កាហ្វេ ដោយសារលោកសម្លឹងឃើញថាភ្នំគិរីរម្យជាតំបន់ទេសចរណ៍ ហើយភ្ញៀវដែលផឹកស៊ីរួចមិនបានយកសំណល់សំរាមតាមខ្លួនទេ ពោលគឺទុកចោលនៅទីនោះតែម្តង។ ដោយមើលឃើញដូច្នោះទើបលោកបែកគំនិតគិតថា សំណល់ដបស្រាបៀរទាំងនោះវាមិនរលាយដូចកាកសំណល់មួយចំនួនទេ ហើយបើវាបែកនឹងនាំឱ្យមុតដៃជើងដល់ភ្ញៀវដែលដើរកម្សាន្តទៀតផង។
លោកបានពោលថា៖ «យើងឃើញថា នៅតំបន់ទេសចរណ៍ហ្នឹងសម្បូរដោយការផឹកស៊ីហើយអត់យកសំរាមទៅវិញទេ គេទុកចោលដូចជា សម្បកកំប៉ុង គម្របដបប្លាស្ទិកហ្នឹង។ អ៊ីចឹងយើងក៏មានគំនិតថា បើយើងយកកាកសំណល់ទាំងនោះមកកែច្នៃជាវត្ថុលម្អឬវត្ថុប្រើប្រាស់ឡើងវិញវាអាចកន្ដ្រាក់ស្មារតីអ្នកទេសចរឱ្យគាត់ចេះទុកដាក់សំរាមហើយចេះកែច្នៃវាដូចខ្ញុំដែរ»។
បើតាមលោក វណ្ណដេ ចំពោះការរចនាកែច្នៃជញ្ជាំងតូបកាហ្វេកើតចេញពីដបស្រាបៀរនេះលោកត្រូវប្រើដបជិត ២ លានដប ដែលប្រមូលនៅតាមតំបន់ទេសចរណ៍ខ្លះ និងខ្លះទៀតប្រមូលបានពីបងប្អូនដែលបានឃើញវីដេអូរបស់លោកផ្ញើមកឱ្យ។ ការរចនាលម្អដបនេះ ទី១ គឺកុំឱ្យវានៅរាយប៉ាយតាមផ្លូវ ហើយបើគេវាយបែកនឹងមុតជើងមុតដៃជើង។ ម្យ៉ាងបើវាបន្សល់ទុកនៅរាយប៉ាយក្នុងតំបន់ទេសចរណ៍វានឹងបង្ហាញពីបរិស្ថានអាក្រក់ដល់ភ្ញៀវដែលបានមកទស្សនានៅភ្នំគិរីរម្យ។ ជញ្ជាំងដបនេះនៅពេលត្រូវពន្លឺភ្លើងពេលយប់ពន្លឺចាំងរបស់វាព្រាកៗដូចសត្វអំពិលអំពែកបញ្ចេញពន្លឺភ្លើងដូច្នោះដែរ។
លោកថា៖ «យប់ឡើងវាមានពន្លឺស្អាតដោយសារតែពេលដែលយើងលេងពណ៌ភ្លើងទៅវាបញ្ចេញសម្រស់របស់វាដែលមានរលកជាមួយនឹងពន្លឺដបចាំងទៅគ្រប់ជ្រុងនៃបន្ទប់ស្អាត»។
លោកបញ្ជាក់ថា ការរចនាជញ្ជាំងពីដបនេះគឺលោកយកដែកមកផ្សារ និងបណ្តុះជាចម្រឹងដែកតូចៗដើម្បីស៊កដបបញ្ចូលក្នុងចម្រឹងដែកនីមួយៗដែលតម្រៀបជាជួរៗ។ ការរចនាតុបតែងលម្អជញ្ជាំងដបនេះលោកទើបចាប់ផ្តើមប្រហែលជា ១ ខែមកទេ ហើយលោកប្រកាសរក ១ លានដបទៀតដើម្បីបង្គ្រប់នៃការរចនាលម្អ។ ការងារនេះបានជួយដល់បរិស្ថាន ព្រោះថាប្រទេសកម្ពុជាគ្មានរោងចក្រកែច្នៃដបដែលជាសំណល់ទេ តែប្រជាជនមានគំនិតកែច្នៃហើយជាការផ្តល់គំរូពីការដែលគេមិនឱ្យតម្លៃសំរាម។ «គេតែងតែនិយាយថា សំរាមឥតប្រយោជន៍ តែយើងចេះប្រើគំនិតកែច្នៃសំរាមឱ្យមានប្រយោជន៍។តែបើមនុស្សឥតប្រយោជន៍ ទោះជាយើងកែយ៉ាងម៉េចក៏ពិបាកកែដែរ»។
លោកបន្ថែមថា សំរាមមិនមែនជាវត្ថុដែលគួរឱ្យស្អប់ខ្ពើម ហើយមិនដូចមនុស្សមួយចំនួនដែលចោលសំរាមគ្មានការពិចារណា គ្មានការទទួលខុសត្រូវដែលអាហ្នឹងបានគួរឱ្យស្អប់ខ្ពើមព្រោះលោកស្អប់ខ្ពើមបុគ្គលមួយចំនួនដែលចេះតែចោលសំរាមពាសវាលពាសកាលគ្មានការទទួលខុសត្រូវ គ្មានស្មារតីស្រឡាញ់ជាតិដែលនោះត្រូវបានគេហៅថា [ស្អប់ខ្ពើមជាងសំរាម]។ ការកែច្នៃដបដែលជាកាកសំណល់សំរាមនេះវាមិនសំខាន់ប៉ុន្មានទេ តែអ្វីដែលលោកធ្វើនេះគឺលោកចង់បណ្តុះគំនិតដល់អ្នកផ្សេងកុំឱ្យគាត់ប្រើសំរាមច្រើនពេក ហើយបើអាចកាត់បន្ថយបានក៏ជាការល្អដែរក្នុងឆាកជីវិតរបស់យើង។
បើតាមលោក វណ្ណដេ បច្ចុប្បន្ននេះមានភ្ញៀវជាជនជាតិខ្មែរច្រើនបានទៅលេងកម្សាន្តនៅលើភ្នំគិរីរម្យ ហើយបើលោកស្ទង់មើលទឹកចិត្តភ្ញៀវវិញគឺម្នាក់ៗត្រេកអរនៅពេលពួកគេបានឃើញជញ្ជាំងដបរបស់លោក។ ម្យ៉ាងវិញទៀត ដបប្លាស្ទិកទឹកសុទ្ធគេចោលលើដីគេដើរជាន់ តែលោកបានយកដបប្លាស្ទិកទឹកសុទ្ធចំនួន ៤ ពាន់ដបមកកែច្នៃជាទង់ជាតិ ស្រាប់តែភ្ញៀវម្នាក់ៗបែរជាឈរគោរពទៅវិញ។ ដូច្នេះពួកគាត់អាចនឹងលួចគំនិតរបស់លោកទៅកែច្នៃនៅតាមសហគមន៍ឬតំបន់ដែលពួកគាត់រស់នៅបាន។ រីឯលោកក៏សប្បាយចិត្តដែរនៅពេលដែលឃើញគាត់ចេះយកគំនិតនេះទៅកែច្នៃដូចលោក។
លោកបានប្រាប់ថា៖ «ចំពោះមន្ត្រីនៅមូលដ្ឋានវិញគាត់កាន់តែសហការជាមួយខ្ញុំនៅពេលគាត់ប្រមែប្រមូលសំរាមទូទៅអាណាគាត់ទុកឱ្យខ្ញុំ គាត់ឱ្យខ្ញុំ ព្រោះនៅទីនេះគេស្គាល់ខ្ញុំ។គេហៅខ្ញុំថាមនុស្សសំរាមឬអ្នកចម្បាំងសំរាម ព្រោះខ្ញុំផ្តល់ជាគំរូល្អតាមរយៈការកែច្នៃ»។
លោកឱ្យដឹងបន្តថា ម្យ៉ាងវិញទៀតនៅក្បែររានកាហ្វេនោះគឺលោកមានគំនិតចង់ឱ្យសិស្សៗរបស់លោកចេះយកគំរូតាម ដោយឱ្យពួកគេចេះប្រើសំរាម បង្កើតឱ្យមានសម្រស់ ពីព្រោះសំរាមឱ្យតែមនុស្សចេះប្រើចេះកែច្នៃ នោះវាក៏បង្កើតសម្រស់របស់វាដែរ។
លោកបានបង្កើតសាលាបង្រៀនកូនអ្នកស្រុករស់នៅក្នុងសហគមន៍ក្នុងតំបន់ក្បែរនោះហៅថា [សាលាដូង] ដែលលោកទើបតែបង្កើតបាន ៣ ឆ្នាំទេ។ សាលានេះមានសិស្សប្រុសស្រីចំនួន ១៦៣ នាក់ និងរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ តែបច្ចុប្បន្នលោកកំពុងបារម្ភដោយសារសិស្សត្រូវធ្វើដំណើរពីផ្ទះមកសាលាចម្ងាយ ១១ ទៅ ១២ គីឡូម៉ែត្រមករៀន តែពួកគេមករៀនមិនទៀងទាត់ទេ។ហេតុដូច្នេះហើយទើបលោកកំពុងស្វែងរកសប្បុរសជនដើម្បីជួយរថយន្ត ១ គ្រឿងមានចំណុះ ៣៥ កៅអី ដើម្បីដឹកពួកគាត់ ដែលរថយន្ដនោះអាចមានតម្លៃត្រឹម ១ ម៉ឺនដុល្លារ។
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដែលលោក អ៊ុក វណ្ណដេ មានគំនិតប្រមូលកាកសំណល់ដែលគេបោះចោលមកកែច្នៃបែបនេះជាការល្អហើយដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ព្រោះសូម្បីតែសំរាមក៏គេបែងចែកដែរដូចជា សំរាមណាជាជ័រប្លាស្ទិក សំរាមណាជាដបជ័រ ឬដបអំបែងជាដើម។
លោកបានថ្លែងថា៖ «គាត់ប្រមូលមកនេះដូចជាជួយដល់ការងារបរិស្ថានដែរ ព្រោះដបអំបែងវាចូលក្នុងដីមិនរលាយទេ។ វាធ្វើឱ្យប៉ះពាល់ដីទៀតយើងរាល់ថ្ងៃខិតខំផ្សព្វផ្សាយណាស់ដើម្បីឱ្យពលរដ្ឋយល់ដឹងអំពីបរិស្ថានហើយឥឡូវយើងបានកែច្នៃពីទុយោបឺតជ័រ មកជាទុយោបឺតអង្ករ ហើយយើងអាចហូបបានទៀត»៕