បាត់ដំបងៈ សិស្សានុសិស្ស​រៀន​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំនួន​ ៤​ ក្នុង​ក្រុង​បាត់ដំបង​កំពុង​ទទួល​​បានការ​អប់រំ​ផ្លូវចិត្ត​ផ្នែក​ព្រះពុទ្ធសាសនា​ពី​ព្រះសង្ឃ ខណៈ​គ្រូ​ ១ ​រូប​បាន​លើកឡើងថា ការអប់រំ​បន្ថែម​ពី​ព្រះសង្ឃ​នេះ​ធ្វើឱ្យ​សិស្ស​មានចំណេះដឹង​កើន​និង​ចេះ​សង្រួម​ផ្លូវចិត្ត​បានល្អ​។​

​បើ​គេ​បានធ្វើ​ដំណើរ​ឆ្លងកាត់​សា​លា​រៀន​មួយ​ហើយ​បើ​មិន​ចាប់អារម្មណ៍​នោះ​ប្រាកដជា​គិតថា ជាទី​ប្រជុំ​នៃ​សង្ឃ​ជាមិនខាន ព្រោះ​ទីនោះ​គេ​បានឮ​សំឡេង​សូត្រធម៌​នមស្ការ​រងំ​ហាក់​នៅក្នុង​វត្ត​ដូច្នោះ​ដែរ​។ ទីនោះ​ជា​សាលា​បឋម​សិក្សា​វត្ត​កំផែង​ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​ខេត្តបាត់ដំបង​។​

​លោកស្រី ណាប់ រំដួល នាយិកា​រង​នៃ​សាលាបឋមសិក្សា​វត្ត​កំផែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍៍​ថា សាលាបឋមសិក្សា​​វត្ត​កំផែង​មាន​សិស្ស​ចំនួន​ ៦២៨​ នាក់ ​(​ស្រី​ ២៨១​ នាក់​) ពី​ថ្នាក់​ទី​១​ ដល់ទី៦​។​ ក្រៅពី​បង្រៀន​តាម​កម្មវិធី​រប​ស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ហើយ​នោះ សិស្សានុសិស្ស​ក៏​ទទួលបាន​ចំណេះ​ដឹង​បន្ថែម​ផ្នែក​ព្រះពុទ្ធសាសនា​ពី​ព្រះសង្ឃ​ផងដែរ​។​


​លោកស្រី​បាន​បន្តថា ចំពោះ​កិច្ចការ​បង្រៀន​របស់​ព្រះសង្ឃ​ គឺ​ក្នុង ​១ ​ខែ​មាន​ម្តង​តាម​ថ្នាក់​នីមួយៗ​ដោយ​បង្រៀន​ម្ដងៗ​បានត្រឹមតែ​ ១ ​ម៉ោង​ប៉ុណ្ណោះ ចាប់ពី​ថ្នាក់​ទី​២ ​រហូតដល់​ថ្នាក់​ទី៦​។ រីឯ​ការ​​បង្រៀន​វិញ​មានដូចជា​អប់រំ​ពី​សីលធម៌​រស់នៅ ព្រមទាំង​បង្រៀន​ឱ្យ​ចេះ​សូត្រ​ធម៌​នានា ហើយ​ក្នុង​ខែ​នេះ​[​ខែសីហា​]​បង្រៀន​ដល់​ថ្នាក់​ទី​៦ ​ហើយ​។ កិច្ចការ​នេះ​ជា​គម្រោង​អប់រំ​យុវជន ១​ ឈ្មោះថា ​[​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​] ​ហើយ​ព្រះសង្ឃ​លោក​ស្ម័គ្រ​ព្រះទ័យ​និមន្ដ​ជិះ​ម៉ូតូឌុប​មក​បង្រៀន​ដោយ​មិន​យក​បច្ច័យ​អ្វី​ឡើយ​។​

​លោកស្រី​នាយិកា​បាន​បន្ដថា​៖ «​ការបង្រៀន​របស់​ព្រះ​អង្គជា​ការអប់រំ​ផ្លូវចិត្ត​មួយ​ដល់​សិស្ស​ជា​វិធី​សំខាន់​ណាស់​ព្រោះ​ដើម្បីឱ្យ​គាត់​ចេះ​សង្រួម​ឥរិយាបថ​ក្នុង​ការធ្វើ​អ្ វី​១ ពោលគឺ​ឱ្យ​គាត់​ចេះ​សង្រួម​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​»​។​


​បើតាម​លោកស្រី​នាយិកា បញ្ហា​ប្រតិ​ប​ត្តិ​ផ្នែក​ផ្លូវធម៌​នេះ​កុំថាឡើយ​ក្មេងៗ​សូម្បីតែ​មនុស្ស​ធំ​មួយចំនួន​ក៏​មិនចេះ​ប្រតិបត្តិ​ដែរ​។ ដូច្នេះ​បើ​សិស្សានុសិស្ស​បានទទួល​ការបង្រៀន​ពី​ព្រះសង្ឃ​តាំងពី​នៅ​តូច​នោះ នៅពេលដែល​ពួកគាត់​ធំ​ពេញវ័យ យ៉ាងហោចណាស់​ក៏មាន​សីលធម៌​ល្អ​ស្គាល់​ខុស​ស្គាល់​ត្រូវ​ស្គាល់​អំពើ​ល្អ​អំពើអាក្រក់​ដែរ​។ នៅពេលដែល​គាត់​ចេះដឹង​ខុសត្រូវ​ហើយ​នោះ​នឹង​អាច​កាត់បន្ថយ​បញ្ហា​ក្នុងសង្គម​បាន​ខ្លះ​ដែរ​។ ក្រៅពី​ជួយ​បង្រៀន​ដោយ​ស្ម័គ្រ​ព្រះទ័យ​ហើយ​នោះ​ព្រះសង្ឃ​ក៏​នៅបាន​រួមចំណែក​ជួយ​ជា​ប៊ិក សៀវ​ភៅ​ខ្លះៗ​ដល់​សិស្ស​ដែលមាន​ជីវភាព​ទីទ័លក្រ​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ​ព្រះសង្ឃ​ព្រះនាម ទួន ផល្លី ជា​អ្នក​កាន់​គម្រោង​នៃ​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​ដែលមាន​ព្រះតេជព្រះគុណ ហាក់ សៀង​ហៃ ជា​ប្រធាន​បាន​មាន​ថេរ​ដីកា​ថា បំណង​របស់​គម្រោង​ព្រះអង្គ​ដែល​បានដាក់​ព្រះសង្ឃ​ចុះទៅ​បង្រៀន​នៅតាម​សាលា​នៅ​តំបន់​ខ្លះ​ក្នុង​ក្រុង​បាត់​ដំបង​ដោយសារ​ព្រះអង្គ​ចង់​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​ឱ្យទៅដល់​ក្មេងៗ និង​យុវជន​។ ម្យ៉ាងវិញទៀត​ធ្វើយ៉ាងណា​ឱ្យ​ក្មេងៗ​ជា​យុវជន​រស់នៅ​ប្រកបដោយ​ក្រមសីលធម៌ និង​ដើម្បីឱ្យ​ក្លាយជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ​កម្ពុជា​ទាំងមូល​ដែល​នេះ​ជា​គោលបំណង​របស់​គម្រោង​។​

​ព្រះអង្គ​បន្តថា ដោយ​មើលឃើញថា យុវជន​សព្វថ្ងៃ​អ្នកខ្លះ​ក៏មាន​ការ​ភ្លើ​ត​ភ្លើន អ្នកខ្លះ​ក៏​គាត់​សង្រួមចិត្ត​ទៅតាម​ការអប់រំ​ចិត្ត​តាមរយៈ​ការយល់ដឹង និង​តាមរយៈ​ការអប់រំ​តាមផ្លូវ​ព្រះធម៌​។​ប៉ុន្តែ​ដោយសារ​ការរីកចម្រើន​ខាង​សង្គម​ផង ហើយ​ម្យ៉ាងទៀត​ការអប់រំ​របស់គាត់​នៅមានកម្រិត​ផង​នោះ​ទើប​ធ្វើឱ្យ​យុវជន​មួយចំនួន​បាត់បង់​តម្លៃ​សីលធម៌​ក្នុង​ខ្លួន​។ ដោយ​មើលឃើញ​ពី​សកម្មភាព​ទាំងអស់​នេះហើយ​ទើប​ធ្វើឱ្យ​អង្គការ​ព្រះអង្គ​បង្កើតជា​គម្រោង​អប់រំ​ដែល​ផ្តោត​សំខាន់​ផ្នែក​សីលធម៌​នេះ​តែម្តង​។​

​ព្រះអង្គ​បន្តទៀតថា ចំពោះ​សាលារៀន​ដែល​ព្រះសង្ឃ​ចុះទៅ​បង្រៀន​មាន​ដូច​ជា​សាលាបឋមសិក្សា​វត្ត​កំផែង សាលា​បឋមសិក្សា​វត្ត​គ អនុវិទ្យាល័យ​វត្ត​គ​និង​សាលាបឋមសិក្សា​កំពង់​សីមា​។​ ជាគោលការណ៍ សម្រាប់​គម្រោង​នៃ​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា គឺ​ផ្តោត​សំខាន់​លើ​សីលធម៌​បែប​ព្រះពុទ្ធសាសនា​។ សីលធម៌​នេះ​ធ្វើឱ្យ​សិស្សានុសិស្ស​ចេះ​គោរព​ឱន​លំទោន ចេះ​យល់ដឹង​ពី​តម្លៃ​នៃ​សីល​​ធម៌​បែប​ព្រះពុទ្ធសាសនា ចេះ​គោរព​ចាស់ទុំ គោរព​ព្រះសង្ឃ​ជាដើម​។ មួយវិញទៀត មិនមែន​មានន័យថា ទាល់តែ​សង្ឃ​ទៅ​បង្រៀន​ទើប​សិស្ស​មាន​វិន័យ​មាន​សីលធម៌​ល្អ​នោះទេ​។​

​ព្រះអង្គ​បញ្ជាក់ថា​៖ «​តាមពិតទៅ​ការបង្ហាត់បង្រៀន​របស់​លោកគ្រូ អ្នក​​គ្រូបង្រៀន​ក៏​សិស្ស​មាន​វិន័យ​សីលធម៌​ដែរ ប៉ុន្តែ​ការដែល​ព្រះសង្ឃ​ចុះជួយ​បង្រៀន​បន្ថែម​នោះ​គ្រាន់តែ​ចង់ឱ្យ​សិស្សានុសិស្ស​ចេះ​ស្គាល់ និង​ចេះ​សង្រួមចិត្ត​តាមផ្លូវ​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ​»​។

​បើតាម​ព្រះតេជព្រះគុណ ទួន ផល្លី លើសពី​ការផ្តោត​សំខាន់​ទៅលើ​សីល​ធម៌​នោះ​គឺ​ព្រះសង្ឃ​មាន​បង្រៀន​ធម៌​សូត្រ​ជាច្រើន​ទៀត ក្នុងនោះ​ក៏មាន​ធម៌​នមស្ការ​ដែរ​។ ធម៌​នមស្ការ​ជា​ធម៌​ដែល​សូត្រ​រំឭក​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែលមាន​ព្រះ​រតនត្រ័យ​ទាំង​ ៣​ មាន​ថ្វាយបង្គំ​គោរព​ចំពោះ​ព្រះពុទ្ធ ថ្វាយ​បង្គំ​គោរព​ចំពោះ​ព្រះធម៌ និង​ថ្វាយបង្គំ​គោរព​ចំពោះ​ព្រះសង្ឃ​។ គម្រោង​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០១២ ​មក​ម្ល៉ះដោយ​សាកល្បង​បានតែ​សាលា​បឋមសិក្សា​វត្ត​កំផែង​​ ១ ​​ទេ តែ​ក្រោយមក​ពង្រីក​បាន​ ៣​ សាលា​ទៀត​។ ប៉ុន្តែ​មិនបាន​បង្រៀន​ដល់​វិទ្យាល័យ​ទេ​ដោយសារ​ចំនួន​សង្ឃ​តិច ម្យ៉ាង​នៅ​កម្រិត​វិទ្យាល័យ គឺ​ក្មេងៗ​ទទួលបាន​ការអប់រំ​ពី​អនុវិទ្យាល័យ និង​ពីសា​លា​​បឋមសិក្សា​រួចហើយ​។​

​ព្រះអង្គ​មាន​ថេរ​ដីកា​បញ្ជាក់ថា សិស្សានុសិស្ស​នៅ​សាលា​ទាំង​ ៤ ដែល​ទទួលបាន​ការអប់រំ​បន្ថែម​ពី​ព្រះសង្ឃ​ឃើញថា បើ​ប្រៀបធៀប​ពី​មិនទាន់មាន​ព្រះសង្ឃ​ចុះ​បង្រៀន និង​ក្រោយពេល​មាន​ព្រះសង្ឃ​ចុះទៅ​បង្រៀន​ឃើញថា រវាង​ព្រះសង្ឃ និង​សិ​ស្សមានភាព​ស្និទ្ធស្នាល​គ្នា​ល្អ​ជាង​មុន​ហើយ​គាត់​ចេះ​យល់ដឹង​ពី​តម្លៃ​នៃ​ការគោរព​បែប​ប្រពៃណី​ខ្មែរ និង​ចេះ​គោរព​ដល់​ចាស់​ទុំ​ឪពុកម្តាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​អាណាព្យាបាល​សិស្ស​ខ្លះ​ក៏​ថ្លែង​អំណរ​​គុណ​ដល់​ព្រះសង្ឃ​ដែល​ចុះទៅ​បង្រៀន​ពិសេស​ដល់​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​។ សម្រាប់​គម្រោង​ចុះទៅ​បង្រៀន​នេះ​ក្នុង​ ១​ ខែ​ចុះ​តាម​សា​លា​បាន​ម្តង ដោយពេល​ចុះ​ម្ដងៗ​នៅតាម​ថ្នាក់​នីមួយៗ​បង្រៀន​បានតែ​ ១​ ម៉ោង​ទេ​។​

​បើតាម​ព្រះតេជព្រះគុណ ទួន ផល្លី ចំពោះ​សង្ឃ​មាន​ចំនួន ​១១​ អង្គ​ឆ្លាស់គ្នា​បង្រៀន​តាម​សាលា តែ​ព្រះសង្ឃ​ចុះទៅ​បង្រៀន​នោះ ចំណាយលុយ​ថ្លៃ​ធ្វើដំណើរ​ខ្លួនឯង​ទេ​។ អង្គការ​ពុទ្ធ​សាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា​ដំណើរ​ការ​រហូតដល់​បច្ចុប្បន្ន​នេះ អាស្រ័យ​លើ​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​គាត់​មើលឃើញ​ពីស​កម្ម​ភាព​របស់​គម្រោង​រប​ស់​អង្គការ​ហើយ​គាត់​ជួយឧបត្ថម្ភ រីឯ​ក្រៅពីនោះ​គឺ​គ្មាន​ប្រភព​ណា​ជួយ​ផ្សេង​ទេ​។​

​ពាក់ព័ន្ធ​បញ្ជា​នេះដែរ លោក ទ្រី ហាក់ ប្រធានការិយាល័យ​អប់រំ​យុវជន និង​កីឡា ក្រុង​បាត់ដំបង​លើកឡើងថា ការងារ​បង្រៀន​នេះ​តាមពិតទៅ​ព្រះសង្ឃ​លោក​ជួយ​ដោយ​ស្ម័គ្រចិត្ត ហើយក៏​យោងតាម​ការស្នើសុំ​របស់​សាលា​ផងដែរ​។ គោលបំណង​គឺ​ដើម្បី​ផ្តល់​ឱវាទ​ដល់​សិស្សានុសិស្ស​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​រឿងនេះ​ជាការ​ល្អ​មែនទែន​សម្រាប់​ការជួយ​លើកកម្ពស់​ពិសេស​គឺ​សីលធម៌​រស់នៅ​របស់​កុមារ​យើង​។ ការដែល​មានកម្ម​វិធី​នៅតាម​សាលា​មួយចំនួន​ទាក់​ទង​ការផ្តល់​ឱវាទ ផ្តល់​ដំបូន្មាន​ពី​ព្រះសង្ឃ ជាពិសេស​ពី​ព្រះ​តេជ​ព្រះ​គុណ ហាក់ សៀង​ហៃ នៅតាម​គ្រឹះ​ស្ថាន​សិក្សា គឺ​ល្អ​មែនទែន​»៕