បាត់ដំបង: វិចិត្រករ​ខ្មែរលោក វ៉ាន់ ឆ​វ័ន្ដ​ ចាប់ផ្ដើម​ប្រែ​ក្លាយ​គំនិត​គិត​ទុក​កាល​ពី​ជាង ១០ ឆ្នាំ​ទៅជា​ការពិត​ តាម​រយៈ​ការ​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​គំនូរ​ដល់​កុមារ​ក្នុង​ភូមិ​។ លោក​​មិន​ត្រឹមតែ​ផ្តល់ការបើក​​បង្រៀន​គំនូរ​ដល់​សិស្ស​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​​ថែមទាំង​ប្រើប្រាស់​ប្រាក់ចំណូល​ពី​ការលក់ស្នាដៃ​​សិល្បៈ​របស់ខ្លួន​​ ដើម្បីទិញ​សម្ភារ​​សិក្សាទៀតផង​​​។​

លោក​បាន​ឱ្យ​ដឹងថា​៖ ​«​ខ្ញុំ​លក់ស្នាដៃ​​សិល្បៈ​របស់ខ្ញុំ​មួយ​ដើម្បី​ជួយ​យុវជននិង​កុមារ​តូចៗ​បាន​​រៀន​ជំនាញ​សិល្បៈនិង​ឱ្យ​តម្លៃ​លើ​វប្បធម៌​របស់​យើង​»។​

​ស្នាដៃ​គួរឱ្យកត់សម្គាល់​មួយ​របស់ ឆ​វ័ន្ដ​ មាន​ចំណងជើង​ថា «​សុភមង្គល​របស់​កសិក​រ​ភូមិ​ខ្ញុំ​» ​​ទំហំ ៥៧​ សង់ទីម៉ែត្រ គុណ​ ៧៨ ​សង់ទីម៉ែត្រ​​ បាន​បង្ហាញ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃវាល​ស្រែ​ក្នុង​ភូមិ​ឋាន​​។​


គំនូរ​ ១ ​ផ្ទាំង​នោះ​ រៀបរាប់​អំពី​សេចក្ដី​សុខ​របស់​អ្នក​ធ្វើ​ស្រែ​​​ ដែល​ទីពឹង​អាស្រ័យ​លើ​ភោគផល​ ជាពិសេសរដូវ​វស្សានៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​ ប្រជាជន​ខ្មែរ​គោរព​គ្នាមានភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា និង​ចេះ​ចែក​រំលែក​ឱ្យ​គ្នា​។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​ឆ្លៀត​ពេល​បង្រៀន​កុមារ​ក្នុង​ភូមិ​ដើម្បី​ឱ្យ​ពួកគាត់​ចេះ​ជំនាញ​ ជាជាង​ពួកគាត់​លេង​ទូរស័ព្ទឬ​ភ្លាត់​ស្នៀត​ដើរលេង​ជក់​ម៉ា​ជក់​ថ្នាំ​។ ដូច្នេះខ្ញុំ​ចង់​បណ្ដុះ​គំនិត​ពួក​គាត់​ឱ្យ​ចេះ​រៀន​គូរ​ ការងារ​ជា​សិល្បៈ​វិញ​»។


​​កើត​នៅ​ឆ្នាំ ១៩៨២ ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ដែល​​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហមលោក ឆ​វ័ន្ដ​ បាន​ជម្នះ​ទុក្ខលំបាកដើម្បី​ក្លាយជា​សិល្បករ​ដ៏​មាន​ទេព​កោសល្យ​ដែល​លោក​មាន​សព្វថ្ងៃ​នេះ​។​

​បន្ទាប់ពី​ជួបប្រទះ​នឹង​ភាព​ភ័យរន្ធត់​នៃ​ពលកម្ម​ដោយ​បង្ខំ​នៅលើ​កប៉ាល់​នេសាទក្នុង​នាម​ជា​ពលករ​ខុស​ច្បាប់​ ទីបំផុតលោក​​បាន​​រកឃើញ​សេរីភាពហើយ​បាន​បន្ត​ការសិក្សា​នៅ​សាលា​សិល្បៈ​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុងប្រទេស​កម្ពុជា​។​

​បច្ចុប្បន្នលោក​ ឆ​វ័ន្ដ​ រស់នៅ​ខេត្តបាត់ដំបង​ជាមួយ​គ្រួសារហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ Open Studio Cambodia នៅ​ខេត្ត​សៀម​រាប​។​

​​លោក​តាំង​ពិ​ព័រណ៍ទោល​ជាច្រើន​ រួមទាំង «​គំនូរ​ក្តីសង្ឃឹម» នៅ​វិចិត្រសាល​សិល្បៈរាជ​ធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០២២​ និង «​អូ​ឌី​ស្សី!» នៅ​វិចិត្រសាល 282 រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ ២០២១​។​

​លោក​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​តាំង​ពិ​ព័រណ៍​ជា​ក្រុមដូចជា​មហោស្រព​វប្បធម៌ ASEM ឆ្នាំ ២០២១​ នៅ​សារ​មន្ទី​រ​ជាតិ​កម្ពុជានិង «​ក្តីសង្ឃឹម​លើ​មេឃ» នៅ Open Studio Cambodia ឯ​ Factory Phnom Penh​។​

​ស្នាដៃ​សិល្បៈ​របស់លោកឆវ័ន្ដថែម​ទាំង​ទទួលបាន​ការគាំទ្រ​លើ​វេទិកា​អន្តរជាតិរួមទាំង​ការតាំង​ពិ​ព័រណ៍​ជា​ក្រុម​នៃ​សិល្បៈ​សហ​​សម័យ​កម្ពុជា​នៅGalerie Lee ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ២០២០​​។ ​

​ទើប​ចេញ​ដំណើរ​ក្នុង​ការ​បង្រៀន​កុមារ​ស្ម័គ្រ​ចិត្ដ​រយៈ​ពេល​ ១ ​ខែនេះវិចិត្រករ​ ឆវ័ន្ដ ទទួល​បាន​កុមារ​អាយុ​ចាប់​ពី​ ១៣ ដល់​ ១៦ ឆ្នាំ ចំនួន ១២ នាក់ និង​កុមារ​តូច​ៗ មាន​ចំនួន ១៥ នាក់​។

ដោយសារ​ជីវភាព​ខ្វះ​ខាតដែល​មិន​មាន​លទ្ធភាព​បើក​សាលា​ខ្លួន​ឯង​ វិចិត្រករ​ ឆវ័ន្ដ បាន​បង្រៀន​ជំនាញ​គំនូរ​នេះ​នៅ​អង្គការ​ក្នុង​ស្រុក​មួយ​ ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ច្រែងឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯកភ្នំខេត្ដ​បាត់ដំបង។

លោក​បាន​និយាយថា​៖ «បើសិន​ជា​ខ្ញុំ​រង់ចាំ ២-៣​ឆ្នាំ​ពេល​ខ្ញុំ​មាន​លុយ​បើក​សាលា​ខ្លួន​ឯងវា​ខាត​ពេលវេលា​ពួកគាត់​។ ដូច្នេះខ្ញុំ​សុំ​សាលា​អង្គការ​បង្រៀន​ពួក​គាត់​ដោយ​ស្ម័គ្រ​ចិត្ដ​»។

មន្ត្រី​ចុះ​ពិនិត្យ​រថយន្ត​ដែល​រឹបអូស​បាន​ពី​បទល្មើស​នៅ​ខេត្តមណ្ឌលគិរី​កន្លងមក​។ហេង ជីវ័ន

ជាមួយ​ថវិកា ៥០ ដុល្លារ​ពីការ​លក់​គំនូរ​ «​សុភមង្គល​របស់​កសិក​រ​ភូមិ​ខ្ញុំ​» លោក​អាច​ទិញ​សម្ភារ​សិក្សាដូចជាខ្មៅ​ដៃក្រដាសកុំប្លាកេ​ទ្រាប់​ សម្រាប់​ជួយ​កុមារ​ ដែល​ឪពុក​ម្ដាយ​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក​។

នៅពេល​មើល​ឃើញ​ពី​ទឹកចិត្ដ​ចង់​ផ្ដល់ចំណេះដឹង​ផ្នែកគំនូរ​ដល់​កុមារ​ក្រីក្រ​ក្នុង​ភូមិ សិល្បករ​ដទៃ​ទៀត​ក៏​បាន​ចូលរួម​ចំណែក​ជា​សម្ភារ​សិក្សា​បន្ថែម​។

យ៉ាង​ណាមិញ​ដោយ​នៅមាន​ការ​ខ្វះ​ខាត​សម្ភារជើង​ទម្រនិង​ជក់​គូរក៏ដូច​ជាថាស​ពណ៌ វិចិត្រករ​ខេត្ដ​បាត់ដំបង​រូបនេះនៅ​មាន​បំណង​លក់​រូប​គំនូរ​ចេញ​បន្ថែម​ទៀត។

ស្នាដៃ​គំនូរ​ក្រោម​ចំណងជើង​ថា «​តើ​ខ្ញុំ​ខុស​អ្វី​?» ​​មាន​ទំហំ ១០០ សង់ទីម៉ែត្រ គុណ ១៥០ សង់ទីម៉ែត្រ​រំលេច​​ដោយ​ថ្នាំលាបអាគ្រីលីក​​ នៅលើ​ក្រណាត់ គឺជា​សក្ខីភាព​នៃ​ស្មារតី​របស់​វិចិត្រករដែល​ត្រៀម​ដាក់​លក់​ក្នុង​​​តម្លៃ ១ ៩០០​ ដុល្លារ​។​

​វា​ឆ្លុះ​បញ្ចាំងពី​សាច់​រឿង​​​ដ៏​លំបាក​មួយ​នៅ​ឆ្នាំ ២០០០​ ​ពេល​​វិចិត្រករឆវ័ន្ដ​ និង​ឪពុកចុង​​បា​ន​ធ្វើជា​ពលករ​ចំណាក​ស្រុក​​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ដែលនាំឱ្យ​មានការ​បោក​ប្រាស់ និង​រង​ទុក្ខ​រយៈ​ពេល ២ ឆ្នាំ ៥ ​ខែ​។ ដោយ​អព្ភូតហេតុ ​លោក​​បាន​ត្រឡប់មកផ្ទះ​វិញ​។​

​នៅពេល​​​ត្រឡប់មកវិញ ​លោក​​បានដឹងថា​​ឪពុកចុងបាន​បោះ​បង់​គ្រួសារនិង​រៀបការ​ស្រី​ថ្មី​ដោយ​ទុកឱ្យ​ពួកគេ​ស្ថិតក្នុង​ភាព​ក្រីក្រ​។ ក្នុង​នាម​ជា​បង​ប្រុសលោកឆវ័ន្ដបាន​ស្វះ​ស្វែង​រក​ការងារ​ និង​ផ្ញើ​លុយ​កាក់​ជូន​ម្ដាយ​ចិញ្ចឹមបីបាច់​ប្អូន​ៗ​​។ ​

ប្អូនប្រុស​របស់​លោក​ធ្លាប់​សេពគប់​មិត្ដ​មិនល្អ​នៅពេល​គ្មាន​បង​ និងឪពុក​ម្ដាយ​​នៅក្បែរ​ ហើយ​រូប​គេ​បាន​​សេព​គ្រឿង​ញៀន​ត្រូវបាន​ប៉ូលិស​ចាប់​ដាក់ទោស​ ២ ឆ្នាំ​​ មុន​ពេល​មាន​ឱកាស​កែប្រែ​ជីវិត​ថ្មី​។ ​

​លោក​បាន​ឱ្យ​ដឹងថា រឿង​រ៉ាវ​​ពិត​​ជាក់​ស្តែង ​ក៏​ដូច​ក្នុងសង្គម​ទូ​ទៅ​ បើ​មាន​ឳ​ពុក​ម្តាយ​មិនបាន​មើលថែ​ទាំ​ផ្តល់​​ភាពកក់ក្តៅ​កូនៗ​ ដោយ​អត់​បាន​រៀនសូត្រ​ ភាពក្រីក្រ​កើតមាន​ក្នុង​គ្រួសារ និង​សង្គមជាតិ​។ លោក ឆវ័ន្ដ​​ សូម​ឳ​ពុក​ម្តាយ​គ្រប់រូបបំពេញ​កាតព្វ​កិច្ច​ និង​ព្រហ្មវិហា​ធម៌​ជា​មាតាបិតា​ដ៏​ល្អ​ផងទើបបានជា​ទំពាំង​​ល្អ​​សម្រាប់​​គ្រួសារ ​និង​សង្គមជាតិ​រីកចម្រើន។ ​

​លោក​បាន​រំឭក​ថា កាលពី​ឆ្នាំ​ ២០១០ ពេល​លោក​កំពុង​រៀន​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈលោក​មាន​គំនិត​ចង់​បង្រៀន​កុមារ​ជំនាញ​គូរ​រូប និង​កែច្នៃ​វត្ថុ​សិល្បៈ​ដោយ​ឥត​គិត​ថ្លៃ​។ ប៉ុន្ដែ​គំនិត​នេះ​មិន​អាច​ចេញ​ជា​រូប​រាង​ភ្លាម​ៗ​បានទេ ដោយសារ​វិចិត្រករ​ខ្លួន​ឯង​ក៏​ជួប​ជីវភាព​ខ្សត់​ខ្សោយ​ក្នុង​នាម​ជា​កូន​កំព្រា​ផង​ដែរ​។

រហូ​តដល់​ថ្ងៃនេះគំនិត​កាលពី​​ជាង ១០ ឆ្នាំ​មុន បាន​ក្លាយ​ជា​ការ​ពិត​នៅពេល​លោក​សម្រេច​ចិត្ដ​ធ្វើ​ការងារ​ជួយ​កុមារ​ឱ្យ​ចេះ​ជំនាញ​គូររូប​ក្រោម​ស្លាក​អង្គការ​ក្នុង​ស្រុក​មួយ​។

មុនពេល​ចាប់ផ្ដើម​បង្រៀន​កុមារ​ក្នុង​ភូមិប្រមាណ ៣០ ​នាក់​នេះ លោក ឆវ័ន្ដ បាន​បង្រៀន​កូន​ស្រី និង​កូន​ប្រុស​ខ្លួន​ឯង ដែល​ពួកគេ​អាច​មាន​សមត្ថភាព​បង្កើត​ស្នាដៃ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី White Canvas ឆ្នាំទី២។

លោក​បាន​និយាយថា​៖ «ខ្ញុំ​គិត​ថាសង្គមមួយបើ​សិនជា​យើង​ចេះ​ហើយយើង​លាក់​គំនិត និង​ចំណេះ​យើងថ្ងៃ​ណាមួយយើង​បាត់​បង់​ជីវិត​។ ដូច្នេះខ្ញុំ​បង្រៀន​ច្រើន​នាក់​ ជា​ជាង​បង្រៀន​ឱ្យ​ចេះ​តែ​កូន​ខ្ញុំ​។ ជួនកាលក្មេង​ខ្លះ​មាន​ដុង​ មាន​ការ​អភិវឌ្ឃ​ខ្លាំង​ជាង​»៕