ពោធិ៍សាត់ៈ ​គម្រប​ដប​ទឹក​សុទ្ធ​ក៏ដូចជា ដប​សាប៊ូ ឬ​ដប​ឡេ​ធ្វើ​ពី​ជ័រ​ប្លា​ស្ទិ​ក​ត្រូវបាន​កិន​កែច្នៃ​ឡើងវិញ​ទៅជា​ឧបករណ៍ប្រើប្រាស់​ដូចជា បន្ទាត់​សិស្ស ឥដ្ឋការ៉ូ​ជ័រ សម្រាប់​ដេ​គ័​រ​នៅតាម​គេហ​​ដ្ឋា​ន និង​សម្ភារ​ផ្សេងៗ​ទៀត​។ ការកែច្នៃ​បែបនេះ​ធ្វើឡើង​ដោយ​ជនពិការ ​១ ​ក្រុម​នៃ​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ ​(DDSP)​ ក្នុង​ក្រុង​ខេត្តពោធិ៍សាត់​។​

​ដប​ជ័រ​ក្រឡាច់​រអិល​ចុះ​រអិល​ឡើង​នៅលើ​ជង្គង់​ដែល​ពឹង​តែ​លើ​ប្រអប់ដៃ​គ្មាន​ម្រាម និង​នៅសល់តែ​មេដៃ​ ១​ នោះ​ហើយ​គឺជា​សកម្មភាព​ដែល​កើតចេញពី​ភាពរស់រវើក​របស់​យុវជន ជៀម ផានិត ក្នុងពេល​លោក​កំពុង​យក​ក​ន្រៃ្ដ​កាត់​សាច់​ដប​ជ័រ​ជា​បំណែកៗ​នៅឯ​មណ្ឌល​របស់​អង្គការ​មួយ​ឈ្មោះ​ «​អង្គ​ការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ​»​ដែល​ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ដី​លើ ក្រុង​ ខេត្តពោធិ៍សាត់​។​

​លោក​ ជៀម ផានិត ប្រាប់ថា ឆ្នាំនេះ​គាត់​មាន​អាយុ​ ២៨ ​ឆ្នាំ និង​រស់នៅ​ភូមិ​ទួល​ចារ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ លោក​បាន​ធ្លាក់ខ្លួន​ពិការ​ដៃ​ឆ្វេង​ម្ខាង និង​នៅសល់​មេដៃ​តែ ១ ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​លោក​កំពុង​បម្រើ​ការងារ​ឱ្យ​អង្គការ​សេវាកម្ម​អភិ​​វឌ្ឍន៍​ជនពិការ​។​


​លោក​ ផានិត បាន​រំឭក​ពី​មូលហេតុ​ដែលនាំឱ្យ​លោក​ធ្លាក់ខ្លួន​ជា​ជនពិការ​ថា កាលពី​អំឡុង​ឆ្នាំ ​២០១៧ លោក​បាន​ចូល​បម្រើការ​ជា​ជាងឈើ​នៅក្នុង​សិប្បកម្ម​មួយ​ក្នុងភូមិ​ដែល​លោក​រស់នៅ​។ មុនពេល​ជួប​ឧបទ្ទវហេតុ លោក​បាន​យក​ឈើ​ដាក់ចូល​ម៉ាស៊ីន​អារឈើ តែ​ចៃដន្យ​ក៏​ប្លាត​ចូលទៅក្នុង​ម៉ាស៊ីន​។​ភ្លាមៗ​នោះ​ក្រុមការងារ​បាន​ដឹក​លោក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ហើយ​ត្រូវ​ក្រុមគ្រូពេទ្យ​កាត់​ម្រាមដៃ​របស់លោក​អស់ ​៤ ​នៅសល់តែ​មេដៃ​ ១ ​ប៉ុណ្ណោះ​។​

​លោក​ ផានិត បាន​បន្ដថា ក្រោយពី​លោក​ធ្លាក់ខ្លួន​ពិការ​ទាំង​មិនទាន់មាន​ប្រពន្ធ​ផង​នោះ​គឺ​លោក​មិនអាច​ស្វែងរក​ការងារ​ធ្វើ​បានទេ​។ រហូតដល់​ឆ្នាំ ២០២២ ​លោក​ក៏​រកបាន​ការងារ​ធ្វើ​ក្នុង​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ​ក្នុង​ក្រុង​​ពោធិ៍សាត់ ដោយ​លោក​មាន​នាទី​ជា​អ្នក​កែច្នៃ​កាកសំណល់​ជ័រ​ប្លា​ស្ទិ​ក​ឱ្យទៅជា​សម្ភារ​ប្រើប្រាស់​ឡើងវិញ រួម​ជាមួយនឹង​ជនពិការ​ ៥ ​នាក់​ទៀត​។​


​លោក​ ផានិត បាន​ប្រាប់ទៀតថា ដោយសារ​ភូមិ​របស់លោក​នៅ​ជិត​ទីតាំង​អង្គការ គឺ​លោក​អាច​បើកបរ​ម៉ូតូ​ទៅធ្វើ​ការ​ដោយ​ខ្លួនឯងបាន ហើយ​លោក​សប្បាយចិត្ត​ខ្លាំងណាស់​នៅពេលដែល​អង្គការ​ផ្តល់​ឱកាស​ឱ្យ​លោក​ដែលជា​ជនពិការ​មានការ​ងារ​ធ្វើ និយាយ​ជារួម គឺ​លោក​សប្បាយចិត្ត ព្រោះ​លោក​ធ្លាប់​ត្រូវបាន​គេ​មាក់ងាយ​មិន​ផ្តល់​តម្លៃ តែ​បែរមក​អង្គការ​វិញ​បាន​លើក​ទឹក​ចិត្ដ​និង​ផ្តល់​តម្លៃ​ដល់​លោក​ជា​ជនពិការ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ត្រេកអរ​ដោយសារ​ខាង​អង្គការ​ផ្តល់ឱកាស​ការ​ងារ​ដល់​ជនពិការ​ភាព​ដូចជា​រូបខ្ញុំ​ជាដើម​។ បើ​ខ្ញុំ​ទៅ​កន្លែង​ផ្សេង​គេ​រើសអើង​មិន​ទទួល​ខ្ញុំ​ឱ្យធ្វើ​ការ​ទេ ឥឡូវនេះ​ខ្ញុំ​អាច​រកបាន​ចំណូល​ខ្លះ​គ្រាន់​ចិញ្ចឹម​ខ្លួន​»​។​

​ពាក់ព័ន្ធ​ការងារ​កែច្នៃ​នេះ អ្នកស្រី កាក់ ស្រីមុំ ជា​គ្រូ​អប់រំ​ពិសេស​ដែល​កាន់​គម្រោង​កែច្នៃ​ប្លា​ស្ទិ​ក​នៃ​អង្គការ​សេវា​​កម្ម​អភិវឌ្ឍន៍​ជនពិការ​បានឱ្យដឹងថា ជន​មាន​ពិការភាព​ដូចជា គ​ថ្លង់ ជា​មនុស្ស​មាន​សតិបញ្ញា​ខ្សោយ ស្វិតជើង​ទាំងសងខាង អ្នក​ងងឹតភ្នែក​ម្ខាង ពិការ​ដៃ​ម្ខាង ពិការ​ជើង​ម្ខាង គឺជា​ក្រុម​កែច្នៃ​ជ័រ​ប្លា​ស្ទិ​កមាន​គ្នា​​ ៦​​ នាក់ ដែល​កំពុង​ធ្វើ​​ការ​នៅក្នុង​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ​។ ពួកគាត់​ទាំង​ ៦​ នាក់​នេះ​តែង​ផ្លាស់​វេន​គ្នា​ដើរ​ប្រមូល​ដប​ទឹក​សុទ្ធ​ពី​តាម​ហាង តាម​ទីសាធារណៈ និង​តាម​កន្លែង​កែ​សម្ផស្ស​នៅក្នុង​ក្រុង​ពោធិ៍សាត់​ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​ជ័រ​ប្លា​ស្ទិ​ក​ដែល​អាច​យកមក​កែច្នៃ​បានរួម​មាន ជា​គម្រប​ដប​ទឹក​សុទ្ធ និង​ដប​ដា​ក់ឡេ ឬក៏​ដប​​សាប៊ូ​ជាដើម​។​ល​។​

​អ្នកស្រី​បានឱ្យដឹង​ទៀតថា តាមពិតទៅ​ជ័រ​ប្លា​ស្ទិ​ក​ទាំងអស់​សុទ្ធតែ​អាច​កែច្នៃ​ឡើងវិញ​បាន​ដូចជា ថង់​ប្លា​ស្ទិ​ក​ជា​ដើម​។ ប៉ុន្ដែ​បច្ចុប្បន្ន​អង្គការ​មានតែ​កូន​ម៉ាស៊ីន​តូចៗ​សម្រាប់​រំលាយ​ជ័រ​កែច្នៃ​ចំនួន​ ២​ គ្រឿង និង​ម៉ាស៊ីន​សម្រាប់​កិនកម្ទេច​ជ័រ​ ១ គ្រឿង ហើយ​បើ​ពុម្ព​វិញ​មាន​សមត្ថភាព​ទទួលបាន​តែ​ប្រភេទ​គម្រប​ដប​ទឹក​សុទ្ធ និង​ដប​ឡេ​ប៉ុណ្ណោះ​។ រីឯ​ជ័រ​ប្លា​ស្ទិ​ក​ប្រភេទ​ផ្សេងទៀត​ត្រូវ​ប្រមូល​កិន​ស្តុក​ទុក​សិន ហើយ​នៅពេលណា​មាន​ពុម្ព​ត្រូវ​នឹង​ប្រភេទ​ជ័រ​ទើប​យកមក​កែច្នៃ​បន្ត​។​

​អ្នក​ស្រី មុំ បាន​បញ្ជាក់ថា​៖ «​នៅក្នុង​អង្គការ​សុទ្ធតែ​យុវជន​មាន​ពិការភាព​ទាំងអស់ គឺ​យើង​ផ្តល់ឱកាស​ឱ្យ​គាត់​មាន​ការងារ​ធ្វើ​អាចមាន​ប្រាក់ចំណូល​តិចតួច​សម្រាប់​ខ្លួន​គាត់​អ៊ីចឹងទៅ​។ កន្លែង​នេះ​សុទ្ធតែ​ប្រមូលផ្តុំ​ទៅដោយ​ជន​មាន​ពិការភាព​»​។​

​អ្នកស្រី​បានឱ្យដឹង​ទៀតថា ចំពោះ​ដប​ទឹក​សុទ្ធ និង​ដប​កំប៉ុង​ឡេ​ដែល​ប្រមូលបាន​ត្រូវ​យកមក​បាញ់​ទឹក​លាង​ឱ្យអស់​ដី​ជាមុនសិន មុននឹង​យកមក​កាត់​ជា​ចំណិតៗ​រួច​បញ្ចូល​ក្នុង​ម៉ាស៊ីន​កិនកម្ទេច​ឱ្យទៅជា​បំណែក​តូចៗ​។ បន្ទាប់មក​គេ​យក​វា​ចូលទៅក្នុង​ឡ​សម្រាប់​ដុត​រំលាយ​ចូលគ្នា​ទើប​យកទៅ​ចាក់​ក្នុង​ពុម្ព​ឧបករណ៍​ផ្សេងៗ​មានដូចជា រូប​ត្រី​ដូ​ហ្វី​ន រូប​អណ្តើក ជា​បន្ទាត់​សម្រាប់​សិស្ស កែច្នៃ​ជា​ក្តារ តុ​កៅអី ការ៉ូ​ទៅតាម​ប្រភេទ​ដែល​ខ្លះ​មាន​រាង​ ៦ ​ជ្រុង ខ្លះ ​៤​ ជ្រុង និង​ខ្លះទៀត​ ៣ ​ជ្រុង​សម្រាប់​យកទៅ​ដេ​គ័​រលើ​ជញ្ជាំង​ហើយក៏​មាន​ចាក់​ជា​សសរ​ទំហំ​ប៉ុន​កជើង​មនុស្ស​ចាស់​ប្រវែង​ ២ ម៉ែត្រ សម្រាប់ធ្វើ​របង​លម្អ​សួន​ផងដែរ​។​

​អ្នកស្រី​បាន​ប្រាប់ទៀតថា ដោយសារ​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ​បាន​សហការ​ជាមួយ​អង្គការ​ផ្សេងទៀត​ខាង​អង្គការ​ដៃគូ​ទាំង​នោះបាន​ជួយ​បញ្ជា​ទិញ​បន្ទាត់​យកទៅ​ចែកជូន​សិស្ស​បឋមសិក្សា​តាម​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​បាន​ជាង ​១​ ពាន់​នាក់​។ រីឯ​សសរ​ជ័រ​ក៏មាន​ខាង​ដៃគូ​អង្គ​ការបញ្ជាទិញ​ដែរ​តែ​មិនមែនជា​ទ្រង់ទ្រាយ​ធំ​ទេ​។​

​លោក​ ប៉ែន ស៊ីណា ប្រធាន​ម​ជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​បរិ​យា​ប័ន្ន​នៃ​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​ជនពិការ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា អង្គការ​នោះ​កកើតឡើង​តាំងពី​ឆ្នាំ​ ២០០៣​ មក​ដែល​ផ្តោតលើ​ជន​មាន​ពិការភាព និង​ទទួល​ជំនួយ​ពី​អង្គការ​ដៃគូ​ផ្សេងៗ ក៏ប៉ុន្តែ​នៅមុន​និង​ក្រោយ​មាន​វិបត្ដិ​កូ​វីដ​កើតឡើង អង្គ​ការដែល​ធ្លាប់ជួយ​ក៏បាន​ដកខ្លួន​។​

ទោះជា​យ៉ាងណា ស្របពេល​ជាមួយនឹង​ការដកខ្លួន​ចេញ​នេះ អង្គការ​សេវា​កម្ម​អភិវឌ្ឍន៍​ជនពិការ​ក៏​ខិតខំ​រស់​ដោយ​ខ្លួនឯង និង​ទទួល​ជំនួយ​ខ្លះ​ពី​អង្គការ​ដៃគូ តែ​ស្ថាប័ន​រាជរដ្ឋាភិបាល​បាន​ជួយ​ខ្លះ​ដែរ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ជួយផ្តល់​ជា​រទេះ ឧបត្ថម្ភ​ថវិកា​ដល់​ជនក្រីក្រ​មាន​ពិការ​ភាពជា​ដើម​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ទាំង​បុគ្គ​លិ​ក ទាំង​ដៃគូ​ក្រុម​តូចៗ​ជា​ជន​មាន​ពិការភាព​ដែល​សហការ​ជាមួយ​អង្គ​ការសរុប​ចំនួន​ ២០ ​នាក់ នៅក្នុង​ខេត្ត​ពោធិ៍សាត់​។ ការចាប់ផ្តើម​កែច្នៃ​ប្លា​ស្ទិ​ក​នេះ​ធ្វើឡើង​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៩ រហូតមក តែ​ការដើរ​ប្រមូល​នេះ​មាន​ម្ចាស់​ហាង​ខ្លះ​ក៏​ទុកឱ្យ និង​មាន​ម្ចាស់​ហាង​ខ្លះ​គេ​ទុក​លក់​ខ្លួនឯង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការកែច្នៃ​កាកសំណល់​ជ័រ​ប្លា​ស្ទិ​ក​ជួយ​បាន​ច្រើនណាស់​។ ទី​១​ កុំឱ្យ​ចោល​សំរាម​ជ័រ​ពាសវាល​ពាសកាល ទី​២ ជួយ​កាត់​បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​ទី​៣ ​ការកែច្នៃ​ឡើងវិញ​នេះ ជា​ប្រយោជន៍​ពី​ការកាត់បន្ថយ​ប្លា​ស្ទិ​ក​ផង និង​អាច​រក​ចំណូល​ជូន​បងប្អូន​ជា​ជនពិការ​ផង​»​។​

​លោក​ គង់ ពុ​ទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ពោធិ៍សាត់​បាន​សាទរ​ដោយ​លោក​ប្រាប់ថា សកម្មភាព​របស់គាត់​ធ្វើ​នៅពេលនេះ​ជា​ការល្អ​សម្រាប់​ជា​ដៃគូ​របស់​ក្រសួងបរិស្ថាន​ក៏ដូចជា​មន្ទីរ​បរិស្ថាន ព្រោះ​មន្ទីរ​បរិស្ថាន​មាន​ភារកិច្ច​ជួយ​សម្អាត​អនាម័យ​ក្រុង​ពោធិ៍សាត់​ឬ​កន្លែង​ទីប្រជុំជន​ហើយ​លោក​គាំទ្រ​សកម្មភាព​នេះ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គាំទ្រ​លើក​​ទឹកចិត្ត​ឱ្យធ្វើ​ការងារ​នេះ​បន្តទៀត​ចុះ ព្រោះ​សំណល់​ប្លា​ស្ទិ​ក​នេះ​វា​បាន​ប៉ះពាល់​ដល់​បរិស្ថាន​ច្រើនណាស់​។ បើ​យើង​ទុកចោល​វា​ធ្វើឱ្យ​ដី​ប៉ះពាល់ បើ​ដុត​វា​ផ្សែង​ចេញមក​ខូចសុខភាព និយាយ​ទៅ វា​បំពុល​ខ្យល់ បំផ្លាញ​ខ្ស​ល់​អុក​ស៊ី​ហ្ស៊ែ​ន​»៕