​បាត់ដំបង​: អាជ្ញាធរ​ខេត្ដ ប៉ូលិស ប្រជាពលរដ្ឋ តំណាង​អង្គការ​មកពី​វិស័យ​ផ្សេងៗ សិស្ស និង​និស្សិត​មកជួប​ជុំគ្នា​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ដើម្បី​ទស្សនា​ការសម្ដែង​ល្ខោននិយាយ​បង្កប់​ទៅដោយ​អត្ថ​​ន័យ​អប់រំ​ក្រោម​ចំណងជើង​ថា «​សំឡេង​សហគមន៍​: នៅ​ពីក្រោយ​ទ្វារ​»​។

​ការសម្ដែង ដែល​បញ្ចូល​ទៅក្នុង​បទពិសោធន៍​ជីវិត​ពិត​របស់​ស្ត្រី​ប្រឈមមុខ​នឹង​អំពើហិង្សា ជនពិការ និង​បុគ្គល ក្រុម LGBTQ+ បានធ្វើឱ្យ​អ្នកទស្សនា​ក្ដុកក្ដួល​ទៅតាម​សាច់រឿង​។

​លោកស្រី Bonny Coombe សហ​ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​នៃ​អង្គការ ល្ខោន​គំនិត (LKO) បាន​និយាយថា​៖ «​វគ្គ​ទាំង​ ៣​ នៅក្នុង​រឿង នៅ​ពីក្រោយ​ទ្វារ ត្រូវ​បានមកពី​បទពិសោធ​ន៍​ជីវិត​ពិត​របស់​អ្នក​សម្ដែង​។ សាច់រឿង​នោះ​មិន​តំណាងឱ្យ​បទពិសោធន៍​របស់​បុគ្គ​ល​ណា​ម្នាក់​នោះទេ សបញ្ជាក់​ពី​ស្ថានភាព និង​បញ្ហា​ប្រឈម​ដែល​សមាជិក​ក្រុម​បាន​ជួបប្រទះ​»​។


​លោកស្រី​បាន​បន្ដថា​៖ «​តាមរយៈ​ការចែករំលែក​ការសម្ដែង ពួកគេ​ចង់ឱ្យ​ទស្សនិកជន​ឱ្យ​ពិចារណា​ថា តើ​យើងទាំងអស់គ្នា​អាច​ចាត់វិធានការ​បែបណា ដើម្បី​បញ្ចប់​អំពើហិង្សា និង​ការរើសអើង​នៅក្នុង​គ្រួសារ ស្ថាប័ន និង​សហគមន៍​របស់​យើង​»​។​

​ឈុត​ឆាក​នៃ​ការសម្តែង​បានបង្ហាញ​ភាពរស់រវើក​នៃ​បញ្ហា​ប្រឈម​ដែល​បុគ្គល​ម្នាក់ៗ​មកពី​សហគមន៍​ដែល​ខ្វះខាត​ទាំងនេះ​។ ក្នុង​ឈុត​ ១​ ទៀត វិច្ឆិកា ជា​អ្នកជិះ​រទេះរុញ យកឈ្នះ​លើ​ការ​ថប់​បារម្ភ​ជាច្រើន​ឆ្នាំ​ដោយ​ទទួលរង​នូវ​ការបំពាន​ពាក្យសម្ដី និង​ឧបសគ្គ​ផ្លូវកាយ​របស់​នាង​។ ការសម្ដែង​នេះ​បានធ្វើឱ្យ​អ្នកទស្សនា​រំជួលចិត្ត​ជាខ្លាំង​នៅពេល សូលី​ដា និង​ម្តាយ​របស់​នាង ដែល​ហែកហួរ​ដោយ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា មិនអាច​ផ្សះផ្សា​ទំនាក់​ទំនង​របស់​ពួកគេ​បាន​។​


​ទស្សនិកជន​វ័យ​ចំណាស់​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា​៖ «​ខ្ញុំ​រន្ធត់ចិត្ត​ជាខ្លាំង​ពេល​មើល​ការសម្ដែង​នេះ​។ អំពើហិង្សា​កំពុង​កើតឡើង​នៅ​ចំពោះមុខ​យើង​។ គាត់​បាន​អូស​នាង​ទៅខាង​ស្ដាំ យើងទាំងអស់គ្នា​អង្គុយ​នៅ​ទីនោះ ធ្វើ​ដូចជា​គ្មានអ្វី​កើតឡើង​។ បើ​នេះ​ជាការ​ពិត ស្ត្រី​នោះ​នឹងមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ព្រោះ​គ្មាន​អ្នកណាម្នាក់​មក​ធ្វើ​អន្តរាគមន៍​។ វា​ជា​រឿង​ដ៏​គួរឱ្យ​ភ័យខ្លាច​»​។​

​លោក ឈិ​ត ចា​ន់ភា​រ័ក្ស ហៅ ហួ បាន​ដឹកនាំ​ក្រុម​វេទិកា​របស់​អង្គការ ជា​ទម្រង់​ល្ខោន​បង្កើតឡើង​ដោយ​ជនជាតិ​ប្រេ​ស៊ី​ល Augusto Boal​។ ក្រោយ​ការសម្ដែង លោក ហួ នឹង​ស្នើឱ្យ​ទស្ស​និជ​ក​ស្រែកថា «​ឈប់​!» នៅពេលដែល​ពួកគេ​យល់ថា មានរឿង​អ្វី​កើតឡើង​ខុស​ប្រក្រតី ក៏ដូចជា ការលើក​ទឹក​ចិ​ត្ដ​ឱ្យ​ពួកគេ​ឡើងលើ​ឆាក និង​ដើរតួ​ជំនួស​ដើម្បី​វាស់​ស្ទង់​ពី​ទឹក​ចិ​ត្ដ​ក្នុងការ​ចូលរួម​របស់​ពួកគេ​។

​លោកស្រីបាន​និយាយ ដោយ​លើកឡើង​ពី​ឥទ្ធិពល​នៃ​ការចូលរួម​របស់​មហា​ជន​ក្នុង​ទេ​វិកា​នេះ​ថា​៖ «​រាល់​ការសម្ដែង​នីមួយៗ​មិន​ដូចគ្នា​នោះទេ​»​។ ល្ខោននិយាយ​ភាគ​ទាំងនេះ​បានផ្ដល់​ឱ្យ​ពួកគេ​នូវ​ចំណេះដឹង និង​បទពិសោធ​ជាក់ស្ដែង​កាន់តែ​ទូលំទូលាយ រួមទាំង ក្របខ័ណ្ឌ​ច្បាប់ និង​សេវាកម្ម​ផ្នែក​គាំពារ​នានា​។

​លោកស្រី Coombe បានឱ្យដឹងថា តាំងពី​ឆ្នាំ​ ២០១៧ អង្គការ​បានធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​ស្ដ្រី​ដែល​ប្រឈម​អំពើហិង្សា ហើយ​គម្រោង Breaking Barriers បានផ្ដល់​ឱកាស​បង្កើត​លទ្ធភាព​ការងារ​ទៅកាន់​អ្នកមាន​ពិការភាព និង​សហគម LGBTQ+ ជា​ក្រុម​ដែល​ប្រឈម​ការរើសអើង​។

​លោកស្រីថ្លែងថា ទម្រង់​សិល្បៈ​នេះ​អាចជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​ប្រែក្លាយ​សហគម​ដែល​ពួកគេ​រស់នៅ ហើយ​អត្ថន័យ​នឹង​បង្ហាញ​នៅក្នុង​ការសម្ដែង​ល្ខោននិយាយ​ទាំងនេះ​។

​សមាជិក​ក្រុម​សម្ដែង ដែល​ខ្លួន​បាន​ជម្នះ​ឧបសគ្គ​ដ៏​ច្រើន បាន​បង្កើត​ទំនាក់ទំនង​មិត្ត​ភាព​ដ៏​រឹងមាំ និង​បណ្តាញ​គាំទ្រ​ពេញ​មួយ​គម្រោង​។​

​អ្នកចូលរួម​សម្ដែង​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ម្នាក់​បាន​ចែករំលែក​ជាមួយ​ភាព​ស្ទាក់​​ស្ទើរ​ពីដំបូង ប៉ុន្តែ​បាន​សង្កត់ធ្ងន់​លើ​ការរីកចម្រើន​យ៉ាង​ជ្រាលជ្រៅ និង​ការរៀនសូត្រ​នូវ​អ្វីដែល​នាង​បាន​ជួបប្រទះ​ដោយ​ការបន្ត​ប្តេជ្ញាចិត្ត​ចំពោះ​គម្រោង​នេះ​។​

​នារី​រូបនេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹងថា​៖ «​ដំបូង​ឡើយ ខ្ញុំ​មិន​ចង់​ធ្វើ​គម្រោង​នេះ​ទេ​។ ខ្ញុំ​ទើបតែ​បែក​គ្នា​ជាមួយ​មិត្តស្រី ព្រោះ​គ្រួសារ​គាត់​មិន​ទទួលយក​រឿង​ស្រ​ឡាញ់​ផ្លូវភេទ​ដូចគ្នា​។ ខ្ញុំ​បាន​ចូលរួម ​២-៣ ​ថ្ងៃ​ដំបូង ហើយ​បន្ទាប់មក​ខ្ញុំ​គិតថា វា​ល្អ​ដែរ ក្រោយពេល​ខ្ញុំ​ទើប​ចែកផ្លូវ​គ្នា​ជាមួយ​សង្សារ​»​។

​ប្រភព​ដដែល​បាន​បន្ដថា​៖ «​មិត្ត​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ដើរ​ចេញពី​គម្រោង និង​រក​ការងារ​ធ្វើ ដើម្បី​រកលុយ​ផង និង​ប្រើប្រាស់​ពេលវេលា​របស់ខ្ញុំ​ប្រសើរ​ជាង​។ ខ្ញុំ​មានគំនិត​ទាំង​ ២​ នេះ​នៅក្នុង​ក្បាល​របស់ខ្ញុំ ប្រកួតប្រជែង​គ្រប់ពេល​​វេលា ប៉ុន្តែ​ខ្ញុំ​នៅ​រៀន ខ្ញុំ​បាន​រៀន​ច្រើន ហើយ​ខ្ញុំ​រីករាយ​ណាស់​ដែល​ខ្ញុំ​បានធ្វើ​»​។​

​សមាជិក​ទាំងនោះ​បាន​ពុះ​ពារ​ឧបសគ្គ​នានា​ក្នុង​ការចូល​​រួម​សម្ដែង​។ ម្នាក់​គឺជា​ម្តាយ​ទោល​ដែល​ត្រូវ​ក្រោក​ពី​ម៉ោង ៣ ទៀបភ្លឺ ដូច្នេះ​អ្នក​អាច​បញ្ចប់​ការងារ​ផ្ទះសំបែង មុនពេល​ការហាត់​សម​ចាប់ផ្តើម​នៅ​ម៉ោង ៩ ព្រឹក​។ អ្នកជិះ​រទេះរុញ​ម្នាក់​បានធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទាំង​លំបាក និង​ក្រោម​អាកាស​ធាតុ​ក្ដៅ និង​ភ្លៀង​ដើម្បី​ចូលរួម​។​

​លោកស្រី​ Coombe ថ្លែង​ដោយ សង្ឃឹមថា បន្ទាប់ពី​បាន​ទស្សនា​រឿង “Behind the Door” និង​ចូលរួម​ក្នុង​វគ្គ Forum Theatre មនុស្ស​កាន់តែ​យល់ដឹង​អំពី​ការពិត​ដែល​អ្នកដទៃ​ប្រឈមមុខ ហើយ​មាន​អារម្មណ៍​ថា មានអំណាច​ក្នុងការ​ធ្វើ​អន្ត​រាគ​មន៍​នៅពេល​ឃើញ​ស្ថាន​​ភាពស្រដៀងគ្នា​នៅក្នុង​ជីវិត​ពិត​។​

​លោកស្រី​ ​សុខ ច័ន្ទ​ឆវី​ ​ប្រធាន​កម្មវិធី​អង្គការ​អុក​ស្វា​ម ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងសរ​​សើរ​អ្នក​សម្ដែង​ថា​៖ «​ខ្ញុំ​គិតថា​ទស្សនិកជន​ទាំងមូល​ចាប់​អារម្មណ៍ និង​រំជួលចិត្ត​ខ្លាំងណាស់ ពេលខ្លះ​ខ្ញុំ​មិនដឹងថា ពួកគាត់​ជា​អ្នកស្ម័គ្រចិត្ត​ទេ ពួក​គាត់​ដើរតួ​យ៉ាង​ល្អឥតខ្ចោះ​។ ខ្ញុំ​ជំរុញ​ឱ្យ​អ្នក​សម្តែង​បន្ត​សកម្ម​ភាព និង​បង្ហាញ​ពី​បញ្ហា​ដែល​ពួកគេ​ប្រឈមមុខ​»​។

​លោកស្រី កែវ ដា​ណា អភិបាលរង​ខេត្តបាត់ដំបង​បាន​ថ្លែងថា សិទ្ធិមនុស្ស​អនុវត្ត​ចំពោះ​ទាំងអស់គ្នា​ដោយ​មិន​គិតពី​អត្ត​សញ្ញាណ​យេនឌ័រ ឬ​ភេទ ហើយ​លើកទឹកចិត្ត​សមាជិក​សហគមន៍​ឱ្យធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដូចជា​អំពើហិង្សា និង​ការរើសអើង​។​

​លោកស្រី ដា​ណា បានឱ្យដឹងថា​៖ «​រឿង​ទាំង​៣​វគ្គ​ដែល​យើង​ទើប​ទស្សនា បានបង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង ដែល​កើតឡើង​នៅ​កន្លែង​ដែល​យើង​រស់​នៅតាម​ភូមិ ឃុំ សង្កាត់ និង​ខេត្ត​។ ដោយ​ចំណាយពេល​គិត​អំពី​រឿង​ទាំងនោះ យើង​នឹង​ទទួលបាន​ទាំងស្រុង​នូវ​សារ​ដែល​អ្នក​សម្ដែង​បានផ្ដល់​ឱ្យ​យើង​»​។

លោកស្រី បាន​បន្ត​ដាស់តឿន​ទស្សនិកជន​ថា នៅពេលដែល​ករណី​ហិង្សា​កើតឡើង ហើយ​សមត្ថកិច្ច​មិនមាន​វត្តមាន​ទេ ពួកគេ​មិនអាច​ដឹងថា វា​បាន​កើតឡើង​ទេ​។ លោក​​ស្រី​ថ្លែង​ដោយ​លើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​អ្នក​រាល់គ្នា ជា​ពិសេស​អ្នកជិតខាង​ឱ្យជួយ​ដោយ​ការចែករំលែក​ព័ត៌មាន និង​រាយការណ៍​ពី​ការបំពាន​។ ពួកគេ​ទាំងអស់គ្នា​ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​៕