សិស្សវ័យក្មេង ១ ក្រុម យកមេរៀនមកអនុវត្ដដោយច្នៃស្លឹកឈើលក់បានកម្រៃ និងទទួលបានការកោតសរសើរ
ភ្នំពេញៈ ជាទូទៅ ស្លឹកឈើហាក់គ្មាននរណាចាប់អារម្មណ៍ឡើយ មិនតែប៉ុណ្ណោះគេគិតថាវាបានបង្កជាសំរាមទៀតផង។ ប៉ុន្តែមានសិស្សវិទ្យាល័យ ១ ក្រុមក្នុងស្រុកមុខកំពូល ខេត្តកណ្តាលបានយកស្លឹកឈើមកកែច្នៃជារូបភាពសត្វផ្សេងៗយ៉ាងស្រស់ស្អាតនិងទទួលបានការចាប់អារម្មណ៍បញ្ជាទិញពីអតិថិជនពីបណ្តាខេត្តមួយចំនួនទៀតផង។
នៅក្នុងបន្ទប់នៃការិយាល័យមួយយូរៗម្តងគេឃើញស្លឹកឈើបានប៉ើងជ្រុះពីលើតុទៅលើកម្រាលឥដ្ឋដោយកម្លាំងខ្យល់បក់តាមបង្អួច។នេះជាសកម្មភាពក្រុមរបស់កញ្ញា ថុង ស្រីរ័ត្ន ដែលកំពុងនាំគ្នាកែច្នៃស្លឹកឈើជា រូបសត្វផ្សេងៗ។
កញ្ញា ថុង ស្រីរ័ត្ន ដែលមានវ័យ ១៧ ឆ្នាំបានរៀបរាប់ថា នាងរៀនថ្នាក់ទី ១១B1 នៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ហើយក៏កំពុងកែច្នៃស្លឹកឈើធ្វើរូបសត្វផ្សេងៗជាមួយសមាជិកប្រុសស្រីក្នុងក្រុមចំនួន ១០ នាក់ទៀត។
ស្រីរ័ត្ន បានបន្តថា តាមពិតបច្ចេកទេសកែច្នៃស្លឹកឈើនេះជាមុខវិជ្ជា១ក្នុងចំណោមមុខវិជ្ជាដទៃទៀតដែលកញ្ញាធ្លាប់បានសិក្សាតាំងពីថ្នាក់ទី ១០ មកម្ល៉េះ។ ចំពោះស្លឹកឈើដែលត្រូវយកមកកែច្នៃនេះ មិនរើសឡើយពោលគឺស្លឹកឈើធំឬតូចប្រភេទណាក៏អាចកែច្នៃបានដែរ ព្រោះរូបក៏មានច្រើនប្រភេទដែរ។
កញ្ញាបានប្រាប់ពីវិធីកែច្នៃថា ស្លឹកឈើ បើទោះជាប្រភេទណាក៏ដោយ ក៏អាចច្នៃជារូបភាពផ្សេងៗបានដែរ។ក៏ប៉ុន្តែមុននឹងច្នៃបាន លុះត្រាតែវាគ្មានសំណើមឬស្ងួតល្អ (គ្មានជាតិទឹក)។ដូច្នេះដំបូងឡើយ កញ្ញានិងសមាជិកក្នុងក្រុមត្រូវដើរបេះស្លឹកឈើស្រស់ៗក្នុងភូមិឬនៅតាមព្រៃរបោះក្បែរតំបន់រស់នៅយកមកដាក់ក្នុងក្រដាសកាសែតឬសៀវភៅទុករយៈពេលកន្លះខែ ដើម្បីឱ្យវាស្ងួតអស់សំណើមទៅតាមធម្មជាតិរបស់វា។ បន្ទាប់ពីស្លឹកឈើស្ងួតអស់ហើយទើបចាប់ផ្តើមកែច្នៃជារូបភាពផ្សេងៗទៅតាមតាមតម្រូវការ។
កញ្ញា ស្រីរ័ត្ន បានលើកជាឧទាហរណ៍មកបញ្ជាក់ប្រាប់ថា បើកែច្នៃជារូបសត្វឃ្មុំគឺកញ្ញាក៏ដូចជា សមាជិកក្នុងក្រុមត្រូវបែងចែកការងារគ្នាធ្វើ ពោលគឺបើនរណាម្នាក់ត្រូវកាត់ស្លឹកធ្វើជាស្លាបក៏កាត់ទៅ ហើយបើនរណាត្រូវយកស្លឹកពណ៌អ្វីធ្វើជាតួខ្លួនសត្វឃ្មុំក៏ធ្វើទៅ ព្រោះខ្លួនឃ្មុំមានពណ៌ខ្មៅកង់ៗ។ បន្ទាប់ពីកាត់ចៀរស្លឹកឈើចេញជាទម្រង់បានគ្រប់ផ្នែករួចទើបយកស្លឹកឈើមកផ្គុំគ្នាឱ្យកើតចេញជាសត្វឃ្មុំ។ ប៉ុន្តែភ្នែករបស់សត្វឃ្មុំពណ៌ខ្មៅ ដូច្នេះត្រូវយកឡេវអាវពណ៌ខ្មៅមកដាក់ដើម្បីមើលទៅទាក់ទាញ តែបើប្រើស្លឹកឈើដូចគ្នាគឺមើលទៅមិនទាក់ទាញទេ។
កញ្ញា ស្រីរ័ត្ន បានប្រាប់ថា៖ «បច្ចេកទេសកែច្នៃស្លឹកឈើនេះមិនមែននរណាៗក៏អាចធ្វើបានទេ ទាល់តែអ្នកនោះមានចំណង់ចំណូលចិត្តគួបផ្សំនឹងការអំណត់ផងដែរ។ជំនាញនេះបើយើងចូលចិត្តគូរគំនូរឬគូររូបតុក្កតាទៀតនោះ គឺយើងធ្វើបានកាន់តែស្រស់ស្អាតតែម្តង»។
កញ្ញាវ័យក្មេងរូបនេះ បានបន្តទៀតថា បើស្លឹកឈើណាធំ ដូចជា ស្លឹកខ្នុរ ស្លឹកព្រីងជាដើមគឺក្រុមកញ្ញាអាចយកមកកែច្នៃជាផ្នែកណាមួយនៃតួខ្លួនសត្វទៅតាមទម្រង់សត្វតូចឬធំ។ តែបើស្លឹកឈើតូចៗគឺអាចយកមកធ្វើជាជើងជាស្លាបអ៊ីចឹងទៅ និយាយឱ្យខ្លីគឺអាស្រ័យទៅតាមគំនិតរបស់អ្នកធ្វើ។ ជួនកាលក្រុមរបស់កញ្ញាបើកមើលតាមអ៊ីនធឺណិតឃើញរូបសត្វស្អាតក៏ធ្វើតាមរូបនោះអ៊ីចឹងទៅ។ ចំពោះរូបសត្វដែលកែច្នៃរួច គឺក្រុមកញ្ញាយកវាទៅបិទជាប់នឹងសន្លឹកក្រដាសហើយធ្វើស៊ុមកញ្ចក់ដាក់ទៅតាមទម្រង់រូបតូចធំដើម្បីទុកសម្រាប់តាំងបង្ហាញនៅក្នុងកម្មវិធីរបស់វិទ្យាល័យ។
បើតាមកញ្ញា ស្រីរ័ត្ន នៅពេលមានការប្រារព្ធពិធីក្នុងវិទ្យាល័យម្តងៗ លោកគ្រូ អ្នកគ្រូតែងតែថតផ្តិតយករូបភាពសត្វហើយបង្ហោះលើហ្វេសប៊ុក។
តាមរយៈនេះ បានធ្វើឱ្យស្នាដៃរបស់ក្រុមកញ្ញាមានការស្គាល់រហូតដល់មានអ្នកបញ្ជាទិញតាមអនឡាញច្រើនដូចជាមកពីខេត្តបាត់ដំបង និងខេត្ដសៀមរាបជាដើម។ នៅពេលមានអតិថិជនបញ្ជាទិញរូបសត្វអ្វីមួយតាមទូរស័ព្ទគឺក្រុមកញ្ញាតែងតែធ្វើជូន ហើយផ្ញើតាមរថយន្តដោយតម្លៃលក់ក្នុងរូប ១ គឺមានចាប់ពី ៥ ដុល្លាររហូតដល់ ២០ ដុល្លារ ទៅតាមប្រភេទសត្វតូចធំ។ ចំពោះការជាវនេះមិនមែនមានតែអ្នកនៅឆ្ងាយៗប៉ុណ្ណោះទេ សូម្បីតែគ្រូៗនៅក្នុងវិទ្យាល័យក៏ទិញទៅតាំងក្នុងផ្ទះផងដែរ។
កញ្ញាបានបញ្ជាក់ថា៖ «ឥឡូវលោកគ្រូអ្នកគ្រូនៅក្នុងវិទ្យាល័យពេលគាត់រៀបចំជាកាដូឱ្យរង្វាន់សិស្សពូកែគឺគាត់កុម្ម៉ង់ទិញក្រុមខ្ញុំតែម្តង។ ស្លឹកឈើយើងគិតថាជាសំរាមដែលយើងមិនត្រូវការវាទេ តែខ្ញុំអាចយកវាមកប្រើប្រាស់ហើយលក់បានលុយទៀតពិសេសវាអាចបណ្តុះគំនិតពួកខ្ញុំឱ្យចេះធ្វើអាជីវកម្មនាថ្ងៃអនាគត»។
កញ្ញា ស្រីរ័ត្ន បានបន្ថែមទៀតថា ចំពោះប្រាក់ដែលបានពីការលក់វត្ថុកែច្នៃនេះ គឺកញ្ញាដាក់សន្សំសម្រាប់ក្រុមហើយដល់ដំណាច់ឆ្នាំទើបចែកគ្នាម្តងដោយម្នាក់ៗមានចំណែកស្មើៗគ្នា ហើយជាមួយគ្នានោះ ក៏មានចំណែកជូនដល់គ្រូៗដែលកំពុងបង្ហាត់បង្រៀនក្នុងក្រុមផងដែរ។កាលពីឆ្នាំ ២០២២ ក្រុមកញ្ញាចែកគ្នាបានក្នុងម្នាក់ៗប្រហែល ៣០ ម៉ឺនរៀលដែរ តែក្នុងឆ្នាំ ២០២៣ នេះ មិនទាន់ដឹងទេ ព្រោះមិនទាន់ដាច់ឆ្នាំ។
អ្នកគ្រូ សាំង សុខៃ ជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យានៅថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ បានប្រាប់ថា បច្ចេកទេសកែច្នៃស្លឹកឈើនេះមានក្នុងមេរៀនមួយនៅថ្នាក់ទី១០ ដែលបានបង្ហាញអំពីការសម្ងួតស្លឹករុក្ខជាតិ។ ដូច្នេះអ្នកគ្រូក៏បានដកស្រង់មកបង្រៀនដាក់ជាការអនុវត្តជាក់ស្តែងដល់សិស្សហើយក្រុមកញ្ញា ស្រីរ័ត្ន គាត់បំបែកគំនិតចេញពីមេរៀនមកកែច្នៃរហូតអាចផលិតលក់បានថែមទៀត។ ក្រុមគាត់មានគំនិតស្រាប់ហើយ ដូច្នេះអ្នកគ្រូគ្រាន់តែជួយផ្តល់យោបល់ពីរបៀបរចនារូបឱ្យមានសោភណភាពបន្ថែមតែប៉ុណ្ណោះ។
អ្នកគ្រូបានបញ្ជាក់ប្រាប់ថា៖ «ឥឡូវអតិថិជនឃើញស្នាដៃសិស្សធ្វើស្អាត គាត់ក៏កុម្ម៉ង់ពីខេត្តមក។សម្រាប់ខ្ញុំទិញរូបសត្វគាត់ដែរ ហើយយកទៅដាក់តាំងក្នុងផ្ទះបាន៣ឆ្នាំហើយមិនឃើញខូចទៅណាទេ»។
ជុំវិញការកែច្នៃស្លឹកឈើនេះដែរ លោក សៅ ចន្ថា នាយកវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញបានថ្លែងថា តាមពិតទៅនៅក្នុងវិទ្យាល័យបានបង្កើតឱ្យមានជាក្លិបមួយដែលមានលោកគ្រូ អ្នកគ្រូផ្នែកមុខវិជ្ជាជីវវិទ្យាជាអ្នកបង្ហាត់បង្រៀនសិស្សលើបច្ចេកទេសកែច្នៃនេះ។ចំពោះលទ្ធផលដែលក្រុមគាត់ធ្វើបានតែងតែដាក់តាំងបង្ហាញនៅពេលមានកម្មវិធីក្នុងសាលាដែលមានទាំងអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធក្នុងស្រុក-ខេត្តចូលរួមដោយទទួលបានការកោតសសើរផងដែរ។
លោកបានបញ្ជាក់ថា៖ «បច្ចេកទេសកែច្នៃស្លឹកឈើនេះមិនមែនសំដៅតែសិស្ស ១ ក្រុមទេ ពោលគឺសិស្សថ្នាក់ផ្សេងក៏អាចចូលរួមរៀនសូត្របានដែរ។ សិស្សរបស់យើងមានគំនិតចេះច្នៃប្រឌិតយកអ្វីដែលយើងគិតថាគ្មានប្រយោជន៍ធ្វើឱ្យទៅជាវត្ថុមានប្រយោជន៍វិញ»។
លោក ផុន សុផាន ប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកមុខកំពូលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការកែច្នៃរបស់ក្រុមសិស្សនៃវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញនេះ ពួកគេមិនគ្រាន់តែរៀនមុខវិជ្ជាចំណេះដឹងទូទៅក្នុងសាលាទេ តែថែមទាំងចេះកែច្នៃស្លឹកឈើដែលជួយដល់បរិស្ថានទៀតផង។
លោកបានបន្តថា ការកែច្នៃនេះ ទី១ គឺចេះបណ្តុះគំនិតសម្អាតបរិស្ថាននៅពេលដែលមិនបានកែច្នៃ។ ទី២ គឺបានផ្តល់នូវចំណេះដឹង និងស្នាដៃដល់សិស្សជំនាន់ក្រោយបន្តទៀត និងទី៣ នៅពេលមានពិធីតាំងពិព័រណ៍ម្ដងៗគឺសិស្សានុសិស្សអាចយកស្នាដៃរបស់ខ្លួនទៅតាំងបង្ហាញជូនដល់អ្នកចូលទស្សនាបាន។
លោកបានថ្លែងថា៖ «លទ្ធផលកែច្នៃរបស់គាត់បានផ្តល់នូវគុណតម្លៃ និងបង្ហាញពីគំនិតវៃឆ្លាត និងបានផ្តល់តម្លៃដល់លោកគ្រូអ្នកគ្រូបន្ថែមទៀត។ សូម្បីតែអាណាព្យាបាល និងអាជ្ញាធរភូមិ-ឃុំ-ស្រុក ក៏ទទួលស្គាល់ស្នាដៃពួកគាត់ដែរ»៕