កំ​ពតៈជាការ​រួម​ចំណែក​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​ការកសាង​​ព្រះពុទ្ធ​​បដិមា​ដ៏​ធំ​បំផុត​មួយ​ក្នុង​លោក​ក៏ដូច​ជា​ការ​ប្រកាស​ក​សាង​ព្រះ​ពុទ្ធបដិ​មា​តូចៗ ​៨៤​ ០០០ អ​ង្គ កម្មវិធី​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី​មួយនឹ​ងត្រូវ​​រៀបចំ​ឡើង​នៅ​ទី​ព្រះ​ពុទ្ធ​បដិមា​ឋាន​នៅ​ចំណុច​វាល​ស្រែ ៥​០​០ នៃ​ខ្នងភ្នំ​បូក​គោ ​នៅ​ថ្ងៃទី ​២៣ និ​ង​ទី ២៤ ខែ​កញ្ញា ​ខាង​មុខ​។

​កម្ម​វិធី​បុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី​នេះមា​នការ​​ផ្តួច​ផ្តើម​ពី​ព្រះ​វិមល​ សរណ​ញាណ ចាន់ ​វិសាល ​និង​ព្រះចៅ​អធិ​កា​រវត្ត​ពារា​ណសី​សិរី​មង្គល ​សហ​ការ​ជ្រះថ្លា​ជាមួយ​​លោក ​សុខ គង់ អគ្គ​នាយក​ក្រុមហ៊ុន​សុខ​គង់​គ្រុប ​ដើម្បី​ប្រមូល​បច្ច័យ ​ដោយ​មាន​ការចូ​លរួម​ពី​ព្រះ​សង្ឃ និង​ពុទ្ធបរិស័ទ​ប្រមាណ​៣​ពាន់​អង្គ​/​នាក់​មកពី​គ្រប់​ខេត្ដ​ក្រុង​ និង​រាជ​ធានី​។

​យោងតា​ម​ការគ្រោ​ងទុ​ក ​ព្រះពុ​ទ្ធ​បដិមា​កម្ពស់១​០៨ម៉ែ​ត្រ ដែល​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​កាលពី​ខែមក​រា ដើ​មឆ្នាំ ក្រោម​ទឹក​ប្រាក់​ប្រមាណ ​៣០​លាន​ដុល្លារ​ នឹង​ត្រូវ​ប្រើ​រយៈ​ពេល​ ៤ឆ្នាំ​។


​ក្រៅពី​ការ​កសាង​ព្រះពុទ្ធ​បដិ​មា​ដ៏​ធំ​សម្រាប់​ជាទី​សក្ការៈ​ដល់​ពុទ្ធ​សាស​និក​ជុំវិញ​ពិភព​លោក​ ព្រះស​ង្ឃ​ព្រះពុទ្ធ​សាស​នានិ​ង​ក្រុមហ៊ុន​សុខា​គ្រុប ​បាន​ផ្ដួច​ផ្ដើម​កសាង​ព្រះពុទ្ធ​បដិមា​តូចៗ​ចំនួន ​៨៤​ ០០០អង្គ ​ដោយ​យោង​ទៅ​តាម​ព្រះ​ធម៌​របស់​ព្រះ​សម្មា​សម្ពុទ្ធ​​ទាំង ​៨៤ ​០០០​ព្រះ​ធម្មក្ខ​ន្ធ​។

​លោកសាយ សុ​ភ័​ត្រា ប្រធាន​ផ្នែក​ទីផ្សារ​នៃ​សណ្ឋា​គារ​សុខា បាន​ឱ្យដឹង​ថា​៖ «​ព្រះពុ​ទ្ធ​បដិមា​ទាំង​៤​ទម្រង់​នេះ នឹងត្រូវ​តម្កល់​លើ​ខឿន​ប​ល្ល័​ង្ក​ផ្នែក​ខាង​ក្នុង​ព្រះ​អង្គ​ធំ ដែល​កំពុង​ត្រូវ​បាន​សាង​សង់ ​និង​បញ្ចប់​ទៅតា​ម​ផែន​ការ​»​។


​ព្រះពុ​ទ្ធ​បដិមា​​តូចៗ ​មាន​កម្ពស់​០,៣១​ម៉ែត្រ ​បណ្តោយ០​,២៥ម៉ែ​ត្រ និង​ទទឹង០,១៦៥​ម៉ែត្រ​ ដែល​មាន​៤ថ្នាក់​ និង​ ៩ ​ជាន់ ឆ្លាក់​ចេញ​ពី​ថ្ម​បូក​គោ ដែល​មាន​ភាព​រឹងមាំ​ និង​ជាប់​បាន​យូរ​។

​លោក ​សុ​ភ័​ត្រា បាន​បន្ដ​ថា​៖ «​អ្នក​ឧកញ៉ា​បណ្ឌិត ​សុខ​ គង់​ មាន​ចក្ខុវិ​ស័យ និង​សទ្ធា​ជ្រះថ្លា​មុតមាំ ​ក្នុង​ការ​កសាង​ព្រះពុ​ទ្ធ​បដិមា ​កម្ពស់១​០៨​ម៉ែត្រ​នេះ ​ដែលមា​ន​ព្រះពុទ្ធ​បដិមា​អង្គ​ធំ និង​ព្រះ​ពុទ្ធប​ដិមា​តូចៗ​ ដើម្បី​បាន​ឧទ្ទិស​កុសល​ផល​​បុណ្យ ​ដែល​យើង​បានធ្វើ​មិន​ថា ​ក្នុង​ជាតិ​នេះ​ ឬ​គ្រប់ៗ​ជាតិ​ណា​ឡើយ ​និង​ដើម្បី​ការរក្សា​នូវ​អត្ត​សញ្ញាណ​ជាតិ នៃ​វប្បធម៌​សា​សនា​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​រក្សា​ចាស់​ បង្កើត​ថ្មី នា​សម័យ​តេ​ជោ​សន្តិភា​ព និង​ការអ​ភិវឌ្ឍ​»​។

​ជា​ការ​ចូល​រួម​និស្ស័យ​ជាមួយ​ព្រះពុ​ទ្ធសាស​នា ពុទ្ធ​សាស​និក​ដែល​មាន​បំណង​ជាវ​ព្រះពុទ្ធ​ប​ដិមា​តូចៗ​ អាច​ឆ្លា​ក់ចា​រឹក​ឈ្មោះ​ផ្ទាល់​ខ្លួន​ ឈ្មោះ​អ្នក​មាន​គុណ​ លោក​តា លោក​យាយ​ និង​មនុស្ស​ជាទី​ស្រឡាញ់​លើ​បដិមា​សម្រាប់​ជា​កុសល​ផល​បុណ្យ និង​ប្រវត្ដិ​សាស្ដ្រ​យូរ​អង្វែ​ង​។

​ព្រះ​ភិក្ខុ​ប​ញ្ញោ​សិរី​ កែវ​ កក្កដា មាន​សង្ឃ​ដិ​កាថា យោ​ងតា​ម​ព្រះធម៌​ព្រះ​សម្មា​សម្ពុទ្ធ​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដ​ក ​១១០ ក្បាល​ ជា​ព្រះធម៌ ​ទាំង ​៨៤​ ០០០ព្រះ​ធម្ម​ក្ខន្ធ រួ​មមាន ព្រះ​សូត្រ វិ​ន័យ និង​អភិ​ធម្ម​។ ព្រះ​សូត្រ ​មាន​ ២១​ ០០០ ធម្ម​ក្ខន្ធ​ វិន័យ ២១​០០០​ធម្ម​ក្ខន្ធ និង​អភិ​ធម្ម ​មាន ​៤២ ​០០០​ធម្ម​ក្ខន្ធ​។

​យោង​តាម​សៀវ​ភៅ «​ទ្រឹស្ដី​កម្ម​ផល​» រៀប​រៀង​ដោយ ​ឈុន ​គឹម​អៀ​ត បាន​បង្ហាញ​ថា ព្រះ​វិន័យ​រៀបរាប់​អំពី​វិន័យ​សម្រាប់​ភិក្ខុ​ ដែល​មាន​២២៧​សិក្ខាប​ទ និង​៣១១សិ​ក្ខាប​ទ​សម្រាប់​ភិក្ខុនី​។ ព្រះ​សូត្រ ​រៀប​រាប់​អំពី​ព្រះធ​ម៌​ដែល​មាន​ជម្រៅ​ដោយ​អត្ថ ​ដូច​ជា បុ​ញ្ញកម្ម​ បាប​កម្ម ​សី​ល​ធម៌​ជាដើម​។ ព្រះ​អភិធ​ម្ម រៀ​បរាប់​អំពី​ការវិ​ភាគ​ចិត្ដ​សាស្ដ្រ​។

​លោក​សុ​ភ័​ត្រា បាន​លើក​ឡើងថា​៖ «​ព្រះពុទ្ធ​បដិមា​ទាំងនេះ​នឹង​គង់នៅ​ជា​សម្បត្ដិ​វប្បធម៌​ជាតិ ត​ជំនាន់​សម្រាប់​ជាទី​សក្ការៈ​ដ៏​ឧត្ដុង្គឧ​ត្ដម​របស់​ព្រះពុទ្ធ​សាសនិ​ក​ទាំងអ​ស់​គ្នា និង​ទុកជា​ស្នាដៃ​នៃ​កេរ​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​»​។

​ព្រះ​ពុទ្ធ​បដិមា​កម្ពស់​១០៨​ម៉ែត្រ មាន​ទម្រង់​ជា​ព្រះ​ពុទ្ធ​មារ​វិជ័យ ​ឬ​ផ្ចាញ់​មារ​ ទៅ​តាម​រច​នាប័ទ្ម​បាយ័ន​ ជា​រចនាប័​ទ្ម​កំពូល​នៃ​ព្រះពុ​ទ្ធសា​សនា ​ក្នុង​រជ្ជ​កាល​ព្រះបា​ទ ​ជ័យ​វ័រ្មន​ទី៧ នា​សត​វត្សរ៍​ទី១៣ និង​សាងស​ង់​ពី​បេតុង​អា​ម៉េ​ពណ៌​មាស​ បែរ​ព្រះ​ភក្ត្រ​នៅ​ទិស​ខា​ងកើ​ត​។​

​ចំពោះ​ខឿន​ផ្ទាល់​ដី​មាន​បណ្តោយ​២៤៨​ម៉ែត្រ ​ទទឹង១​៨៦ម៉ែ​ត្រ មាន​ជណ្តើរ​ធំ​ចំនួន​៤ ​អមដោយ​បង្កាន់​ដៃ​នាគ ដែល​តំណាង​ឱ្យ​ទិស​ធំៗ​ទាំង៤​ យ​ក​តាម​លំនាំ​រចនា​ប័ទ្ម​អង្គរ​វត្ដ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ សតវត្សរ៍​ទី​១២​។​

​ចំពោះ​ខឿន​ផ្ទាល់​ដី​មាន​បណ្តោយ ​២៤៨ម៉ែ​ត្រ ទ​ទឹង១៨៦ម៉ែ​ត្រ មាន​ជណ្តើរ​ធំ​ចំនួន ​៤ ​អម​ដោយ​បង្កាន់​ដៃ​នាគ តំណាង​ឱ្យ​ទិស​ធំៗ​ទាំង​៤ ​យក​តាម​លំនាំ ​រច​នាប័ទ្ម​អង្គ​រវត្ដ ក្នុង​រ​ជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ ​សតវត្សរ៍​ទី​១២​។​

​សម្រាប់​ព័ត៌​មាន​លម្អិត​និង​ការ​ជាវ ​ក៏ដូច​ជា​ការប​រិច្ចាគ​បច្ច័យ​កសាង​ព្រះ​ពុទ្ធ​បដិមា​ទាំង​ធំ និង​តូច ​សូម​ទាក់​ទង​ទៅ​តាម​លេខ​ទូរស័ព្ទ ​០១៤ ​៧៧​៧៧ ​០១៤៕​