បុរសជនជាតិចិន អាយុ ២៥ ឆ្នាំម្នាក់បានស្លាប់ក្នុងក្លិបហាត់ប្រាណដោយសារដុំដែក (barbell) ដែលមានទម្ងន់ធ្ងន់រហូត ១០០ គីឡូក្រាម សង្កត់កជាប់នៅចន្លោះកៅអី។ នេះបើយោងតាមការចុះផ្សាយរបស់ The Straits Times។
ដោយការដកស្រង់បន្តពីគេហទំព័រព័ត៌មានចិនជាច្រើនរួមទាំងសារព័ត៌មាន China Press ភា្នក់ងាររបស់សារព័ត៌មាន The Straits Times ប្រចាំប្រទេសចិន បានរាយការណ៍ថា វីដេអូខ្លីមួយដែលមានរយៈពេល ២៩ វិនាទីបានបង្ហាញថា បុរសដែលត្រូវបានគេស្គាល់ឈ្មោះ «Zhang» ដែលបានចូលទៅហាត់ប្រាណនិងកំពុងព្យាយាមអង្គុយលើកៅអីចុចទម្ងន់ជាង ១០០ គីឡូក្រាម នៅក្នុងកន្លែងហាត់ប្រាណនៅទីក្រុង Wuhan ក្នុងខេត្ត Hubei ប្រទេសចិន ដោយគ្មានអ្នកប្រទះឃើញនៅម៉ោងប្រហែល៣រសៀលថ្ងៃព្រហស្បតិ៍។
តាមសេចក្តីរាយការណ៍នោះ កំណាត់ដុំដែកដែលមានទម្ងន់ប្រហែល ៥០ គីឡូក្រាម នៅលើចុងម្ខាងៗ បានរមៀលពីលើដើមទ្រូងទៅរកករបស់គាត់ ដោយខ្ទាស់ក្បាលជាប់ទៅនឹងកៅអី ដែលគាត់អង្គុយនោះ។
អស់រយៈពេលប្រហែល ២៥ វិនាទី គាត់បានព្យាយាមយ៉ាងខ្លាំង ដើម្បីរុញខ្លួនគាត់ឱ្យរួចផុត ប៉ុន្តែមិនអាចទៅរួចនោះទេ។
សេចក្តីរាយការណ៍ដដែលបានលើកឡើងថា បុគ្គលិកក្លឹបហាត់ប្រាណពីរនាក់បានរត់មករកគាត់ដើម្បីលើកដុំដែកចេញពីគាត់។
លោក Zhang ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែមិនអាចជួយលោកបានឡើយ ។
អ្នកតំណាងក្លឹបហាត់ប្រាណ Wuhan Pafik ដែលហេតុការណ៍នេះបានកើតឡើង បាននិយាយថា លោក Zhang គឺជាមនុស្សធម្មតា ហើយថាគាត់ត្រូវបានគេឃើញនៅឯកន្លែងហាត់ប្រាណ មុនពេលលើកដុំដែកមានទំងន់ធ្ងន់ខ្លាំងបែបនេះ។
ប៉ុន្តែគេមិនដឹងថាហេតុអ្វីបានជាលោក Zhang ត្រូវអង្គុយចុចទម្ងន់លើស ១០០ គីឡូក្រាម ដោយគ្មានអ្នកប្រទះឃើញ។
សារព័ត៌មាន China Press បានរាយការណ៍ថា ប៉ូលីសកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ៕