សៀមរាប​: ស្ថិតនៅក្នុង​ទីក្រុង​បុរាណ​នៃ​ខេត្តសៀមរាប នៅ​ចន្លោះ​ប្រាសាទ​​បេង​មាលា​ប្រវត្តិសាស្ត្រ និង​ភ្នំ​គូលែន សហគ្រិន​ស្ត្រី​ឈ្មោះ អ៊ុន សុ​ផា​រី ហៅ ផា​រី បាន​ច្នៃ​ផលិតផល​កសិកម្ម​គ្មាន​ជាតិគីមី ដែល​ដាំ​ដុះ​នៅលើ​ដីចម្ការ​ក្បែរ​ជើងភ្នំ​គូលែន​បាន​ផលិត​ផលិតផល​ប្រេង​រឹត តែ​ស្លឹកគ្រៃ ប្រេង​ស្លឹកគ្រៃ និង​ស្រា​ជីន​រុក្ខជាតិ​។​

​ចំណង់​ចំណូលចិត្ត​របស់​អ្នកស្រី ផា​រី ក្នុងការ​បំប្លែង​រុក្ខជាតិ​ទៅជា​ភេសជ្ជៈ និង​ប្រេង​រឹត​កើតមាន​តាំងពី​កុមារភាព ជា​មរតក​ដ៏​មានតម្លៃ​ពី​ជីតា​អ្នកស្រី​។ ខណៈពេលដែល​មិនមាន​ឱកាស​រៀន​ដោយផ្ទាល់​ពី​ជីតា​ផ្ទាល់ អ្នកស្រី​បាន​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​។ អ្នកស្រី ផា​រី ដែលមាន​ដើមកំណើត​ពី​ខេត្តកំពត បានធ្វើ​កសិកម្ម​ប្រកបដោយ​និរន្តរភាព គឺជា​សហគ្រិន​ស្ដ្រី ដែល​បង្កើត​របរ​អា​ជីវ​កម្ម​ផង រក​ទីផ្សារ​ផង និង​លក់ខ្លួន​ឯង​ផង​បាន​និយាយថា​៖ «​ខ្ញុំ​ចាប់​ផ្ដើមធ្វើ​តែ​ជាច្រើន​ឆ្នាំ​មកហើយ បន្ទាប់មក ខ្ញុំ​ធ្វើ​ប្រេង​ស្លឹកគ្រៃ សម្រាប់​រឹត និង​ថ្មីៗ​នេះ​ខ្ញុំ​បាន​ផលិត​ស្រា​ជីន​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​នៅក្នុង​ចម្ការ​ខ្លួនឯង​ស្រាប់​»​។

​ចម្ការ​របស់​អ្នកស្រី ផា​រី មាន​ដំណាំ​ជាច្រើន ចាប់​តាំងពីដើម​ស្លឹកគ្រៃ រមៀត ខ្ញី ក្រូច និង​ម្រះព្រៅ​។ អ្នកស្រី​បានឱ្យដឹងថា តែ​ស្លឹកគ្រៃ ផលិតឡើង​ពី​ស្លឹកគ្រៃ ខ្ញី រមៀត ផ្កា ដោយ​អ្នកស្រី​បាន​បង្កើតជា ៣​ រសជាតិ សម្រាប់​ជា​ប្រយោជន៍​មួយចំនួន ដែល​អ្នកស្រី​អះអាងថា មួយ​ប្រភេទ​សម្រាប់​ជួយ​ប្រព័ន្ធ​រំលាយ​អា​ហារ និង​ប្រភេទ​ទី២​ សម្រាប់​ជួយ​ដល់​សរសៃប្រសាទ ​(​ជំនួយ​ដំណេក​)​ ក៏​ដូច​ជាមួយ​ប្រភេទ​ទៀត ដែល​លាយ​ផ្កា​ឡា​វេន​ឌ័​រ​ពី​បារាំង​សម្រាប់​ជួយ​ដល់​សរសៃ​​ឈាម​។ នៅពេល​ដើម​ស្លឹកគ្រៃ​សម្រាប់​ផលិត​ជា​តែ​កាន់តែ​ជោរជន់ និង​មិនមាន​ទីផ្សារ អ្នកស្រី ក៏មាន​គំនិត​កែច្នៃ​ស្លឹកគ្រៃ​ទាំងនោះ​ជា​ប្រេង​លាប​រឹត ប្រេង​ម៉ាស្សា និង​ថ្នាំ​បាញ់​មូស​ផ្សេងៗ​ទៀត​។​


​អ្នកស្រី​ ផា​រី ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្រៅពី​ការផលិត​ប្រេង​លាប​រឹត ប្រេង​ម៉ាស្សា និង​ថ្នាំ​បាញ់​មូស ពេលនេះ ខ្ញុំ​កំពុងតែ​ផលិត​ប្រេងកូឡា​ស្លឹកគ្រៃ សម្រាប់​លាប​កុំឱ្យ​មូស​ខាំ និង​សត្វ​ទិច​ជាដើម​»​។

​ដោយសារតែ​ទីផ្សារ​នៅ​តូច និង​ការ​ផលិត​នៅ​តិច សហគ្រិន​ស្ដ្រី​រូបនេះ ទើប​សម្រេច​ចិ​ត្ដ​ដាក់​ផលិតផល​ថ្មី​គឺ​ស្រា​ជីន លក់​នៅលើ​ទីផ្សារ ទោះបីជា​អ្នកស្រី​បាន​ផលិត​វា​ជាច្រើន​ឆ្នាំ​មកហើយ​យ៉ាងណាក៏ដោយ​។ អ្នកស្រី ផា​រី ឱ្យដឹងថា បច្ចុប្បន្ន ស្រា​ជីន ត្រូវបាន​ផលិតឡើង ៣០០​ ដប​ក្នុង ១​ ខែ ដែល ១​ដប​មាន​ចំណុះ​កន្លះ​លីត្រ​។ ស្រា​ជីន ត្រូវបាន​ផលិតឡើង​ពី​ផលិតផល​ក្នុងស្រុក ដូចជា ដំណាំ​ម្រះព្រៅ រមៀត ខ្ញី ខ្ញី​ព្រៃ ក្រវាញ ម្រេច ជាដើម និង​គ្រឿងផ្សំ​តិចតួច ដែល​ត្រូវបាន​នាំចូល​។


​ការផលិត​ស្រា​ជីន ត្រូវបាន​ធ្វើឡើង​ស្រដៀង​ទៅនឹង​ការ​បិតស្រា​អង្ករ ដោយ​អ្នកស្រី​ត្រូវ​ត្រាំ​គ្រឿងផ្សំ​ចំនួន ២​ សប្ដាហ៍ និង​បិត​ទៅតាម​មុខ​នីមួយៗ ទើប​លាយ​ចូលគ្នា និង​បិត​ម្ដងទៀត​។

នៅ ស្រីពៅ រំពឹង​ឈ្នះ​មេដាយ​មាស​​។ រូបថត សហ​ការី

​ម្ចាស់​ចម្ការ​ក្បែរ​ជើងភ្នំ​គូលែន​រូបនេះ បានឱ្យដឹងថា ដំណាំ​របស់​អ្នកស្រី ត្រូវបាន​ដាំ​ដោយ​មិន​ប្រើប្រាស់​ជីគីមី និង​មិន​ផ្ដួលរំលំ​ឈើ​ធំៗ​ណាមួយ​ដើមឡើយ ដែល​ការដាំ​ដំណាំ​រុក្ខជាតិ​គ្រឿងផ្សំ​ទាំង​នោះ​ត្រូវបាន​ធ្វើឡើង​នៅតាម​ចន្លោះ​ដី​ទំនេរ​។ ជីធម្មជាតិ ត្រូវបាន​ធ្វើឡើង​ពី​អាចម៍គោ​ដែល​អ្នកស្រី​ចិញ្ចឹម​ខ្លួនឯង ក៏ដូចជា​រុក្ខជាតិ ដែល​ត្រូវបាន​ចម្រាញ់​រួច​។​

​អ្នកស្រី ផា​រី បាន​និយាយថា ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ អ្នកស្រី ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យដាំ​ដំណាំ​ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​នៅ​លើដី​របស់​អ្នកស្រី​។ ប៉ុន្ដែ​អ្នកភូមិ​ហាក់​គ្មាន​ទំនុក​ចិ​ត្ដ​ទៅលើ​ការដាំដុះ​ដោយ​មិន​ប្រើ​សារធាតុ​គីមី​ទេ​។

​អ្នកស្រី​បញ្ជាក់ថា​៖ «​ភាគច្រើន ពួក​​គាត់​មិន​សហការ​ទេ ដោយ​សព្វ​ថ្ងៃនេះ មានតែ ​២​ គ្រួសារ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​យើង​ដោយ​ទទួល​ប្រាក់ខែ​។ អ្នក​ដទៃទៀត អះអាងថា បើ​អត់​ប្រើ​គីមី ទិន្នផល​នឹងមិន​បាន​ច្រើន​ឡើយ​។ ដូច្នេះ ពួកគេ​មិន​ព្រម​សហការ​ឡើយ​»​។

​អ្នកស្រី​បន្ដថា អ្នកស្រី​ចង់ឱ្យ​អ្នកភូមិ​ដាំ​ម្រះព្រៅ សម្រាប់​ការផលិត​ជា​ប្រេង​ម្រេះ​ព្រៅ​។ ប្រេង​ស្លឹកគ្រៃ​សម្រាប់​លាប​រឹត ដែលមាន​តម្លៃ ១ ​លីត្រ​ ជាង ១០០ ​ដុល្លារ​នេះ មានការ​ពេញនិយម​ចំពោះ​អតិថិ​ន​វ័យ​ចំណាស់​សម្រាប់​បំបាត់​អាការ​ឈឺដៃ​ឈឺ​ជើង​។ ចំពោះ​ស្រា​ជីន អ្នកស្រី​បោះ​ដុំ​ទៅ​ហាង​នៅ​ក្រុង​សៀម​រាប និង​រាជធានី​ភ្នំពេញ ដូចជា ម៉ា​ត ហាង​ស្រា និង​ផ្សារ​ទំនើប​អ៊ី​អន​។ ដូចគ្នា​ដែរ ផលិតផល​តែ ក៏ត្រូវ​បាន​អ្នក​​ស្រី​បោះ​ដុំ​ទៅតាម​ហាង ដែល​ពួកគេ​លក់រាយ​បន្ដ​សម្រាប់​អ្នក​និយម​ផលិត​ផល​ក្នុងស្រុក​។

​អ្នកនាង នេត្រ សុ​បញ្ញា អ្នកគ្រប់គ្រង​ហាង KHLA Spice ខេត្តសៀមរាប បានចាប់ផ្ដើម​លក់​ស្រា​ជីន Herbal Kulen Gin កាលពី ១ ​ឆ្នាំមុន​។ ថ្វីដ្បិតតែ​តម្លៃ​របស់​វា​ខ្ពស់ជាង​បន្តិច​បើ​ធៀប​នឹង​ផលិតផល​នាំចូល​ក៏ដោយ ក៏​អ្នកនាង​បានឃើញ​មានការ​កោតសរសើរ​កា​ន់​​តែ​ច្រើនឡើង ក្នុងចំណោម​អតិថិជន​សម្រាប់​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​។​

​អ្នកនាងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ស្រា​ជីន​នេះ​មានការ​គាំទ្រ​ដោយសារតែ​រស​​ជាតិ​ពិសេស​ដែល​កើតចេញពី​ការរួម​បញ្ចូល​គ្រឿងផ្សំ​ស្រស់ៗ និង​ប្រភព​ក្នុងស្រុក​ជាច្រើន​»​។ អ្នកស្រី​ផា​រី ទទួល​ស្គាល់​ថា ផលិតផល​ក្នុងស្រុក ដូចជា ស្រា​ជីន ដែល​សរសេរ​ភាសា​ខ្មែរ​ច្រើន​នៅលើ​ដប ហាក់​មិនទាន់មាន​ទីផ្សារ​ទូលំទូលាយ​នៅឡើយ​។

​អ្នកស្រី​និយាយថា​៖ «​មានតែ​អ្នក​ចង់​សាក​ចង់​ភ្លក្ស​រស​ជាតិ​ថ្មី ហើយ​ណាមួយ​ស្រា​ជីន​រាង​ខ្លាំង​ដែរ​រហូតដល់ ៤០​ ដឺ​ក្រេ​។ ភាគច្រើន នៅតាម​សណ្ឋាគារ​ធំៗ ពួកគាត់​ជួយ​លើកតម្កើង​ផលិតផល​ក្នុងស្រុក ដោយ​ប្រើប្រាស់​ស្រា​ជីន​នេះ​ជា​ភេសជ្ជៈ​ក្រឡុក​ទទួល​ស្វាគមន៍​ភ្ញៀវ​(Welcome Drink) និង​ភ្ញៀវ​បរទេស ដែល​ចង់​ស្គាល់​ផលិត​ផល​ក្នុងស្រុក​»​។

អ្នកស្រី រំពឹងថា នាពេល​ដ៏​ខ្លី​ខាងមុខ ផលិតផល​ស្រា​ជីន​អ្នកស្រុក​​គូលែន នឹង​អាច​ផលិត​ដល់​ប្រមាណ ១ ​ពាន់​ដប​ក្នុង ១​ ខែ ដោយ​ឆ្ពោះទៅ​គោលដៅ​ទីផ្សារ​ធំ​ជាង​នេះ​។

សកម្មភាព​ការដឹក​ទំនិញ​យក​ទៅ​ដាក់​ក្នុង​យន្តហោះ​។ហុង មិនា

​ជា​សិប្បកម្ម​ធ្វើ​ដោយ​ដៃ ចាប់តាំងពី​ការដាំដុះ ប្រមូល​ផល ហាន់ រហូតដល់​បិត អ្នកស្រី សុ​ផា​រី ទទួលស្គាល់ថា វា​ជួប​បញ្ហា​ច្រើន​ដែរ​។ វា​ត្រូវការ​ពេល​វេលា ដើមទុន និង​ទទួល​ទិន្នផល​បាន​តិច​ត្រឹមតែ ១៥ លីត្រ​ក្នុងការ​បិតស្រា​ម្ដង ខណៈ​ប្រេង​ស្លឹកគ្រៃ​ពិបាក​រក​ទីផ្សារ ដោយសារ​នៅ​កម្ពុជា​មិនសូវ​ពេញ​​និយម និង​មានតម្លៃ​ខ្ពស់​។

អ្នកស្រី ផា​រី លើកឡើងថា​៖ «​ដើម្បី​ទទួលបាន​ប្រេង​ស្លឹកគ្រៃ​សុទ្ធ ១​ លីត្រ យើង​ត្រូវ​ចម្រាញ់​ស្លឹកគ្រៃ​ប្រមាណ​ ១០ ​ឆ្នាំង​ឯណោះ ខណៈ​ ១​ ឆ្នាំង ៥០​គីឡូក្រាម ទទួលបាន​ប្រេង​តែ​ ១០០​ មី​ល្លី​លីត្រ​ប៉ុណ្ណោះ​។ នេះ​ជា​មូលហេតុ​ដែល​ប្រេង​ស្លឹកគ្រៃ​មានតម្លៃ​ខ្ពស់ជាង​ប្រេង​នាំចូល​ពី​ប្រទេសជិតខាង​»​។

​មួយវិញទៀត ទីផ្សារ​ក៏​ជា​កត្ដា​លំបាក​សម្រាប់​ផលិតផល​ក្នុងស្រុក​របស់​អ្នកស្រី សុ​ផា​រី ផងដែរ ដោយ​អ្នកស្រី​អះអាងថា អ្នកលក់​បន្ដ​ត្អូញត្អែរថា ភាគច្រើន​ផលិតផល​ក្នុងស្រុក​លក់​មិនសូវ​ដាច់ ខណៈ​អតិថិជន​មួយចំនួន​រអ៊ូ​ថា ផលិតផល​ទាំងនេះ​មានតម្លៃ​ថ្លៃ​។

​ម្ចាស់​ស្រា​ជីន Herbal Gin ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹម​​ត្រូវ​រូបនេះ បាន​ពន្យល់ថា​៖ «​ខ្ញុំ​ប្រាប់​ពួកគាត់​ថា ដោយសារ​ការផលិតរ​បស់​ពួកយើង​មាន​ចំនួន​តិច តែ​ទទួលបាន​គុណភាព​ខ្ពស់ជាង​ការផលិត​ដោយ​ម៉ាស៊ីន​ឧស្សាហកម្ម​»​។

អ្នកស្រី​ឱ្យដឹងថា ស្រា​ជីន ១ ​ដប​កន្លះ​លីត្រ មានតម្លៃ​លក់រាយ ២២,៥០ ​ដុល្លារ ខណៈ​តែ ៣ ​ប្រភេទ​មានតម្លៃ ២​ ម៉ឺន​រៀល ១​ កញ្ចប់​ទម្ងន់​ ៥០ ​ក្រាម​។ អ្នកស្រី​ក៏មាន​គម្រោង​ស្វាគមន៍​ភ្ញៀវ​មក​ទស្សនា​ក​សិ​ដ្ឋា​ន​សម្រាប់​ដំណើរ​ទេសចរណ៍ ភ្លក្ស​ភេសជ្ជៈ ក៏ដូចជា​ការ​ស្នាក់នៅ​កសិដ្ឋាន​រួមជាមួយ​នឹង​សកម្មភាព​ដើរលេង​នៅ​ភ្នំ​គូលែន​ផងដែរ​៕