សៀមរាបៈ ​លោក​ យន់ សំណាង​ ជនពិការភាព​ ១​ រូប​នៅ​ភូមិ​អារញ្ញ សង្កាត់​សៀម​រាប ក្រុង​ខេត្តសៀមរាប ​លោក​បាន​ប្រឹង​ប្រែង​ជម្នះ​ការលំបាក​ចាប់តាំងពី​ការ​លក់ដូរ​ដោយ​កញ្ច្រែង​រកចំណូលបាន​ពី​ ២ ​ទៅ​ ៣ ​ម៉ឺន​រៀល រហូតដល់​បើក​សិប្ប​កម្ម​កែច្នៃ​ត្រីងៀត ដែលមាន​ការបញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ CQS និង​រកប្រាក់​ចំណេញ​បាន​ពី​ ៤ ​ទៅ​ ៥ ​ពាន់​ដុល្លារ​ក្នុង​ ១​ ខែ​។

​លោក​ យន់ សំណាង ម្ចាស់​សហគ្រាស​កែច្នៃ​ត្រី​ «​សំណាង​សុធា​» បានទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​ពី​សហគ្រាស​ជលផល​ដែល​ទទួលផល​ពី​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល CAPFish-Capture ដែល​រៀបចំ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ UNIDO កាលពី​ថ្ងៃទី ​១៩ ខែកញ្ញា​។

​លោក​ យន់​ សំណាង បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅពេលនោះ​ថា លោក​បានចាប់ផ្តើម​អាជីវកម្ម​នៅ​ឆ្នាំ ​២០០៣ ដោយ​ធ្វើការ​កែច្នៃ​ត្រី​ងៀត​លក្ខណៈ​គ្រួសារ​លក់​តាម​កញ្ច្រែង​ពី​ ៤ ​ទៅ​ ១០ គីឡូក្រាម ចំណេញ​បាន​ ២ ​ទៅ​ ៣ ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង ​១ ​ថ្ងៃ​។ មុន​ចាប់ផ្តើម​ប្រកប​របរ​អាជីវកម្ម​កែច្នៃ​ផលិត​ត្រីងៀត​នេះ លោក​សំណាង​ប្រាប់ថា បាន​ចំណាយពេល ១​ ឆ្នាំ​ទៅធ្វើ​ការងារ​ជា​កម្មករ​កែច្នៃ​ត្រី​ឱ្យគេ​ដើម្បី​សន្សំ​ប្រា​ក់បាន​ ៤១ ​ម៉ឺន​រៀល​ ទើប​លោក​យកប្រាក់​ដែល​សន្សំ​បាន​នោះ ទៅ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ឈប់​ធ្វើការ​ឱ្យគេ​។


​លោក​សំណាង ពិការ​ជើង​ខាងស្តាំ​នៅក្នុង​អំឡុង​ឆ្នាំ​ ១៩៨៦ ខណៈ​លោក​អាយុ​៥​ឆ្នាំ​ដោយសារ​ជំងឺ​គ្រុន​ស្វិតជើង​។ ទោះបីជា​លោក​ពិការ ប៉ុន្តែ​លោក​បាន​ជម្នះ​ការលំបាក និង​ចង់​ធ្វើ​អ្វីដែល​គេ​ធ្វើ​មិនបាន​។ ក្រោយពី​បាន​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ រហូតមកដល់​ឆ្នាំ​ ២០២១ ពេល​បានដឹង​ពី​គម្រោង CAPFish-CAPture លោក​បានដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុវត្ថិភាព​ម្ហូប​អា​ហារ ដោយ​ទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ​។

លោក​ថ្លែងថា​៖ «CAPFish-CAPture បានផ្តល់​ជា​សម្ភារ​បច្ចេកទេស ឧបករណ៍ និង​ជំនាញ​បច្ចេក​ទេស​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ មាន​ប្រព័ន្ធ​អង្កេត​តាមដាន​ត្រឹមត្រូវ និង​មាន​វគ្គ​បង្ហាត់​បុគ្គលិក​ជាច្រើន​ដើម្បី​ធ្វើ​ម៉េច​គ្រប់គ្រង​សុវត្ថិភាព​បាន​»​។


​លោក​បញ្ជាក់ថា បច្ចុប្បន្ន​សហគ្រាស​អាច​ផលិត​ត្រីងៀត​បាន​ ២ ​តោន​ ក្នុង ​១ ​ខែ ​ដែល​អាច​រកប្រាក់​ចំណេញ​ពី ៤ ​ពាន់​ទៅ ៥​ ពាន់​ដុល្លារ ធ្វើឱ្យ​ជីវភាព​គ្រួសារ​ប្រសើរ​ជាង​មុន​។ លោក​បញ្ជាក់​បន្ថែមថា ទៅ​ថ្ងៃ​អនាគត​លោក​ចង់​ពង្រីក​អាជីវ​កម្ម​កែច្នៃ​ត្រីងៀត​ឱ្យបាន​ធំ​បន្ថែមទៀត ដែល​អាចជួយ​ផ្តល់​ការងារ​ដល់​អ្នកភូមិ​បាន​កាន់តែច្រើន និង​អាចធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​បន្ថែមទៀត​។

​លោក​ថ្លែងថា​៖ «​ក្តី​ស្រមៃ​របស់ខ្ញុំ​ចង់​ក្លាយជា​អ្នកផ្គត់ផ្គង់​ផលិតផល​ត្រី​ដែលមាន​គុណភាព មាន​រសជាតិ​ឆ្ងាញ់ និង​សុវត្ថិភាព​បោះ​ទៅលើ​ទីផ្សារ​ទាំងអស់​»​។

​ប្រធាន​ទីប្រឹក្សាបច្ចេកទេស​អង្គការ​យូ​នី​ដូ UNIDO លោក សេត​ធី​ស៊ី ថា​រ៉ា​ម៉ា ថម​បា​ធូ ថ្លែងថា គម្រោង CAPFish-CAPture បានធ្វើការ​ជាមួយ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ក្នុង​ការជួយ​ពង្រឹង​សមត្ថ​ភាពជា​ពិសេស គឺ​មន្ត្រី​អធិការកិច្ច និង​សវន​ករ ដោយ​បង្វឹក​បង្ហាត់​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​។

​លោក​ថា បន្ទាប់មក​មន្ត្រី​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ទាំងនោះ ទៅ​ជួយ​ដល់​សហគ្រាស​កែច្នៃ​ផល ផលិតផល​ជល​ផល​ក្នុងប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន សហគ្រាស​ចំនួន​ ២៨ ដើម្បី​អនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ CQS​។

​លោក​ថ្លែងថា​៖ «​យើង​មិន​ត្រឹមតែ​ជួយ​ផ្នែក​ឯកជន និង​រាជរដ្ឋាភិបាល​នោះទេ មួយទៀត​គឺ​ជួយ Build branding ផលិតផល​ជលផល​កម្ពុជា ផង​ដែរ​។ ព្រោះ​កម្ពុ​ជាមាន​បឹង​ទន្លេសាប មាន​ប្រាសាទអង្គរវត្ត មាន​ទន្លេមេគង្គ អ៊ីចឹង​ទាំងអស់​ហ្នឹង​វា​ជួយ​បន្ថែម​តម្លៃ​លើ​ផលិតផល​កម្ពុជា​ព្រោះ​វា​ផ្សារភ្ជាប់​ជាមួយ​ប្រពៃណី និង​ប្រវត្តិសាស្ត្រ​យូរ​លង់​មកហើយ​»​។

​កញ្ញា អ៊ឹម រចនា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម បានឱ្យដឹងថា ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ពី​សហគមន៍​អឺរ៉ុប ដោយមាន​ការគាំទ្រ​ពី​អង្គការ UNIDO និង​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម បានធ្វើការ​រួមគ្នា​ក្នុងការ​ពង្រឹងសមត្ថភាព ជំរុញ​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល​ក្រោយ​ប្រមូល​ផល ឱ្យមាន​លទ្ធភាព​ពង្រីក និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្លាយជា​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល មាន​គុណភាព​សុវត្ថិភាព អាចធ្វើ​ការអភិវឌ្ឍ​ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស ទាំង​នៅក្នុង​ដំណើរការ​ផលិតកម្ម ទាំង​ក្នុង​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ និង​រសជាតិ​។

​បន្ថែម​លើ​នេះ ផលិតផល​ដែលមាន​គុណភាព​ល្អ មាន​សុវត្ថិភាព បាន​ជួយ​ដល់​ម្ចាស់​សហគ្រាស​លក់បាន​ថ្លៃ​ជាង​មុន​ថែមទាំង​មាន​ទីផ្សារ​ទៀតផង​។ កញ្ញា​លើកឡើងថា​៖ «​សហ​គ្រាស​ខ្លះ​មួយចំនួន​ដែល​យើង​បាន​ទៅ​ទស្សនកិច្ច​កន្លងមក គឺ​សឹងតែ​ផលិត​មិនទាន់​ការផ្គត់ផ្គង់​ផង​។ អ៊ីចឹង​នេះ​ជា​រឿង​ ១ ​ដែល​យើង​សប្បាយចិត្ត ហើយ​យើង​នឹង​ជំរុញ​បន្ថែមទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រឹងសមត្ថភាព​ស​ហ​គ្រាស​ផ្សេងៗ ទៀត​ដែល​លោក​ចាប់អារម្មណ៍ ហើយ​និង​មានការ​ប្តេជ្ញាចិត្ត​»​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បញ្ជាក់ថា ពេល​សហគ្រាស​កែច្នៃ ផលិតផល​ជលផល ក្រោយ​ប្រមូល​ផល ដែលមាន​ការកែប្រែ​ពី​ការធ្វើ​សិប្បកម្ម​កែច្នៃ​បែប​ប្រពៃណី មកជា​សហគ្រាស​ដែលមាន​ស្តង់ដា គឺ​ជះឥទ្ធិពល​ដល់​អ្នក​ដែល​ធ្វើ​ការ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​មុនគេ ពោលគឺ​ធ្វើឱ្យ​អ្នកធ្វើការងារ​នេះ​បានធ្វើការ​ក្នុង​បរិយាកាស​មួយ​ដែលមាន​អនាម័យ​ល្អ មិន​ប្រឈម​ហានិភ័យ​សុខភាព​។ មួយវិញទៀត ការវិវឌ្ឍ​នេះ​ក៏បានផ្តល់​សុវត្ថិភាព​ចំណីអាហារ​ដល់​អ្នកទទួល​​ទាន​ទូទៅ និង​ជួយ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ផងដែរ​៕