ស្ទឹង​ត្រែងៈ​​លោក​ ម៉ែន គង់ អ្នក​នាំពា​ក្យ​រដ្ឋ​បាល​ខេត្ត​ស្ទឹង​ត្រែងបាន​ឱ្យ​ដឹង​ថា​ ដើម្បី​អប​អរ​សាទរ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប ​សំពះ​ខែ និង​អក​អំបុក ​ក្នុង​ឆ្នាំ​ ២០២៣ ​នេះ ​អាជ្ញាធ​រខេត្ត​បាន​សម្រេច​ធ្វើ​ពិធី​ប្រណាំង​ទូក​ក្នុង​ខេត្ត​ស្ទឹងត្រែ​ងដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី ​១៨ ​ដល់​ថ្ងៃទី ​១៩ ​ខែវិច្ឆិកា ​ខាង​មុខ​ពោល​ គឺ​មុន​ពិធី​អុំទូក​ថ្នាក់​ជាតិ​ចូល​មក​ដល់ ​១​ សប្តាហ៍​។​

​លោក​បាន​ប្រាប់នៅ​​ថ្ងៃទី​២៥ ​ខែកញ្ញា​ថា គណៈកម្ម​ការ​រៀបចំ​ពិធី​ប្រណាំង​ទូក​ក្នុង​ខេត្តស្ទឹ​ងត្រែង​បា​ន​ត្រៀម​ផែន​ការ​រួចរាល់​ហើយ ដោ​យ​ពីដំ​បូង​បាន​រៀប​ចំ​កែលម្អ​សោភណ​ភាព​ អ​នាម័យ បរិស្ថាន​នៅក្នុង​ក្រុង​និង​ការរៀប​ចំ​ពិនិត្យ​មើល​ទៅ​លើ​កា​រចុះ​បញ្ជី​ទូកង​នៅ​ទូទាំង​ខេត្ត​ដែល​នឹង​ចូល​រួម​ប្រកួត​។

​ក្រៅ​ពីនេះ​ទៀតនៅ​ក្នុង​ពិធី​ប្រណាំង​ទូក​ខាង​មុខ​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ក៏មាន​រៀបចំ​កម្មវិធី​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​វប្បធម៌ ​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគ​តិច​និង​កា​រសម្តែ​ង​សិល្បៈ​ផងដែរ​ហើយ​នឹង​មាន​កម្ម​វិធី​តាំង​ពិព័រណ៍​ផលិត​ផល​របស់​ប្រជា​ពលរដ្ឋ​ ការ​បាញ់​កាំជ្រួច និ​ង​ការប្រគំ​តន្ត្រីសម័​យ​កម្សាន្ត​នៅក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ​។​


​លោក ​ម៉ែន គង់ បាន​បញ្ជាក់​ថា​៖«​ឆ្នាំនេះ​យើង​រំពឹ​ងទុក​ថា​នឹងមាន​ការចូ​លរួម​​ច្រើន​ពី​បង​ប្អូន​ប្រជាព​លរ​ដ្ឋ ​រួមទាំង​ភ្ញៀវទេស​ចរ​ក្នុងស្រុ​ក និង​ភ្ញៀវ​ទេសចរ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ ក៏ដូច​ជា​ភ្ញៀវទេ​សចរ​អន្តរ​ជាតិ​មួយចំ​នួន​ដែរ​»​។​

​លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​២០២៣​នេះ ខេ​ត្តស្ទឹងត្រែង​ក៏បាន​ត្រៀមល​ក្ខណៈ​រួចរាល់​ក្នុង​ការយក​ទូកង​ដែល​មាន​ឈ្មោះ «​សេកុង​សែន​ជ័យ បា​រមី​ព្រះអង្គ​ធំ​» ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​នៅ​ថ្នាក់ជាតិ​​ខាង​មុខផ​ង​ដែរ​។​


​ជា​មួយគ្នា​នេះ លោក នូវ​ប៉េង ច័ន្ទ​តារា អភិ​បាលរង​ខេត្តកណ្ដាល​ បានឱ្យ​ដឹង​ដែរ​ថា ម​កទល់ពេល​នេះ ​សម្រាប់​ខេត្ត​កណ្ដា​លបាន​រៀបចំ​ចាត់​ចែង​គណៈកម្មកា​រ​ដែល​​ត្រៀម​រៀបចំ​ពិធី​ប្រណាំង​ទូក​នេះ​រួចរាល់​ហើយ ប៉ុ​ន្តែ​នៅ​មិនទា​ន់​មាន​ការ​ប្រជុំគ្នា​ទាក់​ទង​នឹង​ការ​រៀបចំ​ព្រឹ​ត្តិការណ៍​កម្សាន្តនិ​ង​ការប្រព្រឹត្ត​ទៅ​នៃ​ពិធី​ប្រណាំង​ទូក​នេះ​នៅឡើយ​ទេ​។

​លោក​ថា​ ចំពោះ​ការប្រព្រឹត្ត​ទៅ​នៃ​ពិធី​ប្រណាំងទូ​ក​នេះ​យ៉ាង​ណា​នោះគឺ​ត្រូវ​រង់ចាំ​ការប្រជុំ​គ្នា​សិន ​ដោយ​លោក​សុំ​មិនទា​ន់​ឆ្លើយ​តប​ទេ ​ដោយសា​រតែ​មិនទា​ន់មា​ន​ល​ទ្ធផល​ស​ម្រ​ច​ជា​ផ្លូវការ​ពី​ខាង​គណៈ​កម្មការ​នៅឡើ​យ​។​

​លោក នូវ​ប៉េង ច័ន្ទ​តារា បាន​បញ្ជាក់​ថា​៖«​យើង​នឹង​មាន​ត្រៀម​កម្មវិធី​ទាំងអ​ស់នោះ​​ដូច​រាល់​ឆ្នាំ​ដែរ ​ប៉ុន្តែ​ប្រហែល​ជា​យើង​កំណត់​យក​ថ្ងៃ​ចេញ​វស្សា ជា​ថ្ងៃ​ចាប់​ផ្ដើម​ពិធី​ប្រណាំងទូ​ក​នៅ​ក្នុងខេត្ដ​កណ្ដាល​យើង​ហ្នឹង​»​។​​

​ដោយឡែ​ក ​បើតាម​សេចក្ដី​ប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ពោធិ៍​សាត់​កាល​ពី​ថ្មីៗ​នេះ​ក៏បាន​ឱ្យដឹងដែរ​ថា​ ដើម្បី​អបអ​រ​សាទរ​ព្រះរាជ​ពិធីបុ​ណ្យ​អុំទូក បណ្តែ​តប្រ​ទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ រដ្ឋបាលខេ​ត្ត​នឹងមាន​​ការរៀ​បចំ​​ពិធី​ប្រណាំង​ទូកង​ក្នុង​ខេត្តពោ​ធិ៍​សាត់ដែ​ល​នឹង​ចាប់ផ្ដើ​ម​រយៈ​ពេល​៣​ថ្ងៃគឺ​ពី​ថ្ងៃទី​៤ដល់​ថ្ងៃទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ខាង​មុខ ​នៅ​ដង​ស្ទឹង​ពោធិ៍សាត់​។​

​​រដ្ឋបា​លខេត្ត​ពោធិ៍សា​ត់បាន​ឱ្យដឹ​ង​ទៀតថា​៖«​ការរៀ​បចំ​ពិធី​ប្រណាំងទូ​កង​​ខេត្តពោ​ធិ៍សាត់​នេះជា​ការ​រួម​ចំណែក​បង្កើ​ត កម្ម​វិធី​កម្សាន្ដ​សប្បាយរី​ករាយ​ តាម​ទំនៀម​ទម្លាប់ ​ប្រពៃណីជាតិ​​ដ៏​ល្អ​ផូរផ​ង់​របស់​ខ្មែរ​យើង​»​។​

​ប្រភ​ព​ដដែ​ល​បាន​បន្ថែ​មថា ទន្ទឹម​នឹងនេះ ​រដ្ឋបាល​ខេត្ត​ក៏​សូម​ស្នើ​ដល់ មន្ទី​រ​-​អង្គភា​ព រដ្ឋ​បាល​ក្រុង ស្រុ​ក ​និង​វត្ត​អារាម​នានាដែ​លមា​ន​ទូក​ងសូម​ត្រៀមល​ក្ខណៈ​ចុះបញ្ជី​​ឈ្មោះ​ទូក​ជាមួយ​អនុ​គណៈកម្ម​ការ​​រៀបចំ​ទូក​និង​បច្ចេកទេស ដើម្បី​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​។​

​សូម​រំឭក​ដែរ​ថា អតីត​នាយក​រដ្ឋមន្ត្រី​ ហ៊ុ​ន សែន ​កាលពី​ខែមិ​ថុនា ឆ្នាំ២០២៣​កន្ល​ងទៅបាន​ប្រកាសថា​ នៅ​ក្នុង​​ឆ្នាំនេះ​ រា​ជរ​ដ្ឋា​ភិបាល​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​​អុំទូក​ អកអំបុក ​និង​សំពះ​ព្រះ​ខែ​ដ៏​ធំ នៅ​រាជធានី​ភ្នំពេញ​ រួម​នឹង​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ​ផង​ដែរ​ដើម្បី​អប​អរ​ខួប​លើក​ទី៧០ឆ្នាំ​ នៃ​បុណ្យ​ឯក​រាជ្យ​ជាតិ​នេះ​។​

​លោកហ៊ុន ​សែន បាន​ប្រកាស​ជាសា​ធា​រណៈ​ថា ៖«​ខ្ញុំ​សូ​មបញ្ជាក់​ទុកជា​មុន​ថា ​បុណ្យ​ធំៗ​នៅ​ចុង​ឆ្នាំនេះ ​នឹងមាន ២ ទី​១គឺ​បុណ្យ​ឯករា​ជ្យ​ជាតិ​ខួប​លើក​ទី​៧០ឆ្នាំ​ត្រូវធ្វើ​ធំ ទី​២ បុណ្យអុំ​ទូកត្រូ​វតែ​ធ្វើ​ធំ​ ព្រោះ​យើង​ខាន​ធ្វើ​ឆ្នាំមុន ដោយ​សារ​ជាប់​ប្រជុំ​អា​ស៊ាន​រហូត​ដល់​មនុស្ស​មួយចំ​នួន​​គេ​ថា រដ្ឋាភិ​បាល​​ខ្វះ​លុយ​»​។​

​ជា​មួយ​គ្នានេះ​ ​លោក ហ៊ុន សែន ក៏បាន​ណែនាំ​ទៅ​អាជ្ញា​ធរ​ក៏ដូច​ជា​ពលរដ្ឋ​ទូទាំង​ប្រទេសត្រៀ​ម​មក​លេង​កម្សាន្ត​នៅ​រាជធា​នី​ភ្នំពេញ​ដើម្បី​មើលកា​រ​ប្រណាំងទូ​ក​ ការ​ប្រគំ​តន្ត្រី ក៏ដូចជា​ការតាំ​ងពិ​ព័រណ៍​នានា​ដែល​តែង​តែ​រៀបចំ​នៅពេ​ល​មាន​ពិធី​នេះ​ម្តងៗ​។​

​សូមជ​ម្រាបថា​​ បើ​យោង​តាម​ប្រតិ​ទិន​ ឆ្នាំ​២០២៣ ​ព្រះរាជ​ពិធីបុ​ណ្យ​អុំទូក​ បណ្តែត​ប្រទីប ​និង​សំពះ​ព្រះ​ខែ អក​អំបុក​ នឹង​រៀបចំ​នៅ​ថ្ងៃទី​២៦ ​ដល់​ថ្ងៃទី​២៨ ​ខែ​វិច្ឆិកា​ ៕